ស្ទឹងត្រែងៈ មាន​ពលរដ្ឋ​ ៨០ ​គ្រួសារ​ហើយ ដែល​ស្ម័គ្រចិត្ត​យល់ព្រម​រុះរើ​សំណង់ ឬ​ផ្ទះ​ចេញពី​ដង​ទន្លេសេកុង សម្រាប់​ធ្វើការ​អភិវឌ្ឍ​រហូតមកដល់​ថ្ងៃទី​ ១០ មករា ខណៈ​អ្នកផ្សេងៗ​ទៀត​ដែល​ត្រូវ​រុះរើ​ដែរនោះ កំពុង​ដាក់ពាក្យ​ស្នើសុំ​ទីតាំង​ដី​ថ្មី​ជា​បន្តបន្ទាប់ ក្រោយពី​អាជ្ញាធរ​ចុះ​ធ្វើការ​ណែនាំ​ឱ្យ​រុះរើ​ចាប់តាំងពី​ចុងខែ​ធ្នូ​មក​។ នេះ​បើតាម​អភិបាលស្រុក​សៀមប៉ាង លោក​ ផាន់ យុត្ត កាលពី​ថ្ងៃទី​ ១០ មករា​។

លោក​ ផាន់ យុត្ត បានឱ្យដឹងថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងទន្លេ​សេកុង ដែល​ត្រូវ​រុះរើ​ចេញ​មាន​ជាង​ ២០០ ​គ្រួសារ​។ អាជ្ញាធរ​មិន​បង្ខំ​ពួកគេ​ឱ្យ​ធ្វើការ​រុះរើ​ចេញ​នោះទេ ប៉ុន្តែ​អាជ្ញាធរ​គ្រាន់តែ​ស្នើសុំ​ឱ្យ​មាន​ការរុះរើ​សម្រាប់​ធ្វើ​ការអភិវឌ្ឍ​។ លោក​ថា​អាជ្ញាធរ​ចង់ឱ្យ​ពលរដ្ឋ​រុះ​រើចេញ​ឱ្យបាន​រួចរាល់​នៅមុន​ដាច់​ឆ្នាំ​​ ២០២១ ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ទីនោះ​ឱ្យមាន​សោភណភាព ស្រស់ស្អាត ស្របតាម​ការរីកចម្រើន​របស់​ប្រទេស​។

លោក​អភិបាលស្រុក​ប្រាប់​ថា ការឱ្យ​ប្រជាពលរដ្ឋ​រុះរើ​ចេញ​នេះ គឺ​គិតពី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​កុំ​ឱ្យ​មាន​ការរងគ្រោះ​ដោយ​ប្រការ​ណាមួយ ជាពិសេស​គ្រោះ​បាក់ដី និង​ទឹកជំនន់​។

លោក​ ផាន់ យុត្ត ថ្លែងថា​៖ «​ឥឡូវនេះ​មាន​បាក់​ដី​ជា​បន្តបន្ទាប់ ស្រុត​ផ្ទះ​ស្រុត​អី​។ យើង​ឃើញថា​ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ​អាច​នឹង​ប្រឈម​នឹង​គ្រោះថ្នាក់​។ បើសិន​ជា​ទឹក​ហូរ​ខ្លាំង​វា​អាច​បាក់​ដាច់​ផ្ទះ​ទៅ​ទន្លេ​ទៅ​អ៊ីចឹង​។ យើង​ខ្លាច​មាន​គ្រោះថ្នាក់​ហ្នឹង​»​។

បើតាម​លោក​អភិបាលស្រុក​មាន​មូលហេតុ​មួយចំនួន​ទៀត​ដែល​អាជ្ញាធរ​ស្នើសុំ​ឱ្យ​ប្រជាពលរដ្ឋ​រុះរើ​ចេញពី​ដងទន្លេ​សេកុង​នេះ ទី​១ ​គឺ​បញ្ហា​សណ្តាប់ធ្នាប់​បរិស្ថាន និង​ទី​២ ​គឺ​ដី​ចំណី​ទន្លេ​។ តាម​ការបញ្ជាក់​របស់​លោក​ផាន់ យុត្ត អាជ្ញាធរ​មាន​រៀបចំ​ដី​បម្រុង​ទុក​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រុះរើ​ចេញ ក្នុង​ ១ ​គ្រួសារ​ទទួលបាន​ដី​ទំហំ​ ២៥ ​ម៉ែត្រ គុណ​ ៤៥ ​ម៉ែត្រ​សម្រាប់​សាងសង់​លំនៅឋាន​។ ទីតាំង​ថ្មី​នោះ​នឹង​មាន​រៀបចំ​ផ្សារ​សម្រាប់​ពលរដ្ឋ​អាចធ្វើ​ការលក់ដូរ​បាន​ត្រឹមត្រូវ​ផងដែរ​។

លោក​ ផាន់ យុត្ត ថ្លែងថា​៖ «​ទីតាំង​ថ្មី​នោះ​យើង​មាននៅ​ក្នុងភូមិ​សៀមប៉ាង ឃុំ​សេកុង និង​ភូមិ​ផាបាំង ឃុំ​ថ្មកែវ យើង​មាន​ធ្វើ​ផ្លូវ ធ្វើ​ប្រឡាយ​អី​រួចរាល់​អស់ហើយ ប្រជាពលរដ្ឋ​គ្រាន់តែ​ទៅធ្វើ​ផ្ទះ​នៅ គឺ​បាន​ហើយ​»​។

ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​សេកុង អ្នកស្រី​ ភិន គន្ធា និយាយថា កាលពី​ប៉ុន្មាន​ឆ្នាំមុន​ក៏មាន​ការឱ្យ​រុះរើ​ដែរ ប៉ុន្តែ​ដោយសារ​មិនមាន​សំណង​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការរុះរើ​ចេញ ហេតុនេះ​ក៏​គ្មាន​អ្នកណា​បាន​រុះ​រើចេញ​នោះដែរ​។ លើក​នេះ អាជ្ញាធរ​មាន​ទីតាំង​សម្រាប់​ផ្តល់​ជា​សំណង​ត្រឹមត្រូវ ប្រជាពលរដ្ឋ​សប្បាយរីករាយ​ក្នុង​ការរុះរើ​ចេញ​ទៅ​នៅ​ទីតាំង​ថ្មី​។

អ្នកស្រី​ ភិន គន្ធា ថ្លែងថា​៖ «​ខ្ញុំ​គិតថា មុន​ក្រោយ​គង់តែ​រុះរើ​ដដែល អ៊ីចឹង​រុះរើ​ឱ្យ​ហើយ​តែម្តងទៅ​។ ព្រោះ​ការរុះរើ យើង​អាច​យក​ឈើ​ធ្វើ​អី​ផ្សេង​បាន​ទៀត ហើយ​បើ​រុះរើ​មុន​ចាប់​បាន​ដី​ទីតាំង​ល្អ​មុនគេ​»​។

ពលរដ្ឋ​ម្នាក់​ដែល​ត្រូវ​រុះរើ​លំនៅឋាន​ដែរនោះ លោក​ ស្តើង ភឿង ទទួលស្គាល់ថា ពេល​រស់នៅ​តាម​ដង​ទន្លេ​សេកុង​មាន​ការប្រឈម​ច្រើន​ពាក់ព័ន្ធ​នឹង​ទឹកជំនន់ គ្រោះ​បាក់ដី​ច្រាំងទន្លេ ហេតុនេះ​លោក​លើកឡើង​ថា ការសម្រេច​ដោះដូរ​របស់​អាជ្ញាធរ​គឺជា​រឿង​ល្អ​។

លោក​ ភឿង ​ថ្លែង​ថា​៖ «​បើ​ខ្ញុំ​វិញ ខ្ញុំ​ថា​ល្អ ព្រោះថា​អាជ្ញាធរ​រៀបចំ​ដោះដូរ​ដី​ឱ្យ​យើង​នេះ ព្រោះ​យើង ពេល​ដែល​នៅ​មាត់ទន្លេ​យើង​មាន​បញ្ហា​ប្រឈម​ច្រើនណាស់​។ ព្រោះ​ពេល​ទឹកជំនន់​ម្តងៗ​ផ្ទះ​យើង​នៅ​មាត់ទន្លេ​ហ្នឹង​វា​អាច​បាក់​ច្រាំង វា​អាច​ហូរ​ផ្ទះ​យើង​ទៅ​នាំឱ្យ​មាន​គ្រោះថ្នាក់​ច្រើន​កន្លែង​ហ្នឹង​»​។

ដោយឡែក​ពលរដ្ឋ​ម្នាក់ទៀត អ្នកស្រី​ ខាត់ ភិន ហាក់​សម្តែង​ការមិន​សប្បាយចិត្ត​ចំពោះ​ការរុះរើ​នេះ ដោយ​អ្នកស្រី​អះអាង​ថា ប្រជាពលរដ្ឋ​មិន​បដិសេធ​ក្នុង​ការរុះរើ​ចេញពី​ដង​ទន្លេ​សេកុង​ឡើយ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន មិន​អំណោយផល​សម្រាប់​ការរុះរើ​ទេ ដោយសារ​តែ​ប្រជាពលរដ្ឋ​ភាគច្រើន​មាន​បញ្ហា​ហិរញ្ញវត្ថុ​។

អ្នកស្រី​ ខាត់ ភិន និយាយថា​៖ «​ឥឡូវ​កំពុងមាន​បញ្ហា​ដោយសារ​ជំងឺ​រាតត្បាត រកលុយ​ក៏​មិនសូវ​បាន​ដល់​ពេល​គេ​ឱ្យ​រុះរើ​ទៅ​អត់​សូវ​មាន​លុយ​មាន​កាក់​អ៊ីចឹង​ទៅ វា​រាង​យ៉ាប់​ដែរ​។ ប្រជាពលរដ្ឋ​អត់ប្រកែក​ទេ ប៉ុន្តែ​បើ​អាចជួយ​ពន្យារពេល បាន​វែង​បន្តិច​ [៣ ​ឆ្នាំ​] ​គឺជា​រឿង​ល្អ​»​។

លោក​ ប៊ី វ៉ាន់នី អ្នកសម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ខេត្តស្ទឹងត្រែង ថ្លែងថា អាជ្ញាធរ​អាចជួយ​ផ្តល់​ជា​ថវិកា​ដល់​ប្រជាពលរដ្ឋ​ខ្លះ បើសិន​ជា​មាន​អ្នកមួយ​ចំនួន ខ្វះ​លទ្ធភាព​ក្នុង​ការរុះ​រើចេញ​។

លោក​ថ្លែងថា​៖ «​បើសិនជា​ប្រជាពលរដ្ឋ​មួយ​ចំនួន​អត់​មានលទ្ធភាព​ក្នុង​ការរុះរើ​ចេញ អាជ្ញាធរ​អាច​ ៥០ ​ភាគរយ​បូក​ ៥០ ​ភាគរយ​។ យើង​ចង់​និយាយថា​អាចជួយ​ជា​សោហ៊ុយ ឬ​ជា​ស្អី​មួយ​ជួយ​គាត់​ ៥០ ​ភាគរយ ឬក៏​អាច​ទុកពេល​ឱ្យ​គាត់​រយៈពេល​វែង​បន្តិច​ទៅ ដើម្បីឱ្យ​គាត់​ធ្វើការ​រុះរើ​ដោយមាន​កិច្ចសន្យា​»​។

ទោះយ៉ាងណា​លោក​ ផាន់ យុត្ត ក៏បាន​បញ្ជាក់ដែរថា ជុំវិញ​រឿង​ដែល​ប្រជាពលរដ្ឋ​ស្នើសុំ​ការពន្យារពេល​ដោយសារ​តែមាន​បញ្ហា​ហិរញ្ញវត្ថុ​នោះ អាជ្ញាធរ​ស្រុក​នឹង​លើក​ពី​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់​ខេត្ត​។ លទ្ធផល​យ៉ាងណា លោក​មិនទាន់​ហ៊ាន​បញ្ជាក់​នៅឡើយ​ទេ​។ ចំណែក​ការរុះរើ​របស់​ប្រជាពលរដ្ឋ​នោះ​គឺជា​ការស្ម័គ្រចិត្ត អាជ្ញាធរ​មិនទាន់​មាន​វិធានការ​តឹងរ៉ឹង ដែល​តម្រូវឱ្យ​ប្រជាពលរដ្ឋ​ត្រូវតែ​រុះរើ​ចេញ​ភ្លាមៗ​នោះទេ​៕