ភ្នំពេញៈ ក្រសួង​មហា​ផ្ទៃ​បាន​ប្រកាស​ថា​ ពិធី​ចូល​កាន់​តំណែង​របស់​សមា​ជិក​ក្រុម ប្រឹក្សា​អាណត្តិ​ទី៣​ របស់​ខេត្ត​-​ក្រុង​ទាំង ​២៥ នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី​ ១២ ​ខែ​ មិថុនា រហូត​ដល់​ថ្ងៃទី​ ១៧​ មិថុនា​ ក្រោយ​ពី​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(គជប) បាន​ប្រកាស​លទ្ធ​ផល​ឆ្នោត​ជា​ផ្លូវ​ការ​ដោយថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​អាសនៈ​ច្រើន​បំផុត​ក្នុង​អាណត្តិ​ថ្មី​នេះ។

ការប្រ​កាស​ចូល​កាន់​តំណែង​របស់​ក្រុមប្រឹក្សា​អាណត្តិ​ទី៣ នៅ​រាជធានី​ភ្នំពេញ ​ខេត្ត​បន្ទាយ​មាន​ជ័យ ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កណ្ដាល នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១២ មិថុនា ហើយ​នៅ​ថ្ងៃទី ១៣ មិថុនា​ ធ្វើ​ឡើង​នៅខេ​ត្ត​តា​​កែវ កំពត ខេត្ត​កំពង់​ស្ពឺ ឧ​ត្ត​រ​មាន​ជ័យ កំពង់​ឆ្នាំង ប៉ៃលិន បាត់ដំបង និង​ខេត្ត​សៀមរាប។

ចំណែក ​ខេត្តព្រះ​វិហារ កែប ​រតន​គិរី ស្ទឹង​ត្រែង និង​ខេត្ត​ព្រះសី​ហនុ ធ្វើឡើ​ង​នៅ​ថ្ងៃទី ១៤ មិថុនា ប​ន្ទា​ប់ម​ក​​នៅ​ថ្ងៃទី ១៥ ធ្វើ​ឡើង​​នៅ​ខេ​ត្តកោះ​កុង ពោធិ៍​សាត់ ហើយ​ខេត្ត​ស្វាយ​រៀង​ និង​ព្រៃវែង​ធ្វើឡើ​ង​នៅ​ថ្ងៃអា​ទិត្យ​ ទី ១៦​ មិថុនា រីឯ​ខេត្ត​កំពង់​ធំ​ ក្រ​ចេះ មណ្ឌល​គិរី​ និង​ខេ​ត្តកំ​ព​ង់​ចាម​ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​ ១៧ ​ខែ​មិថុនា។

លោក ហង្ស ពុទ្ធា មន្ត្រី​នាំពាក្យ ​គ.ជ.ប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃ ៩ ​មិថុនា​ថា ថ្វី​ដ្បិត​តា​មច្បាប់​ការប្រកាស​ចូល​កាន់​តំណែង​របស់​សមា​ជិក​ប្រឹក្សា​ត្រូវធ្វើ​ឡើង​នៅ​រយៈ​ពេល ១៤ ថ្ងៃ បន្ទាប់​ពី​ការប្រកាស​លទ្ធ​ផល​ឆ្នោត​ជា​ផ្លូវ​ការក្ដី ប៉ុន្តែ​ ការ​ប្រកាស​នោះ អាច​ធ្វើ​មុន​ឬ​ក្រោយ​បាន អា​ស្រ័យ​ទៅ​តាម​ពេល​វេលា​ដែល​កំណត់​ដោយ​ក្រសួង​មហាផ្ទៃ។

ការ​ប្រកាស​ចូល​កាន់​តំណែង​នេះ បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ គ.ជ.ប ​បាន​ប្រកាស​លទ្ធ​ផល​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​-ខេត្ត និង​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ កាល​ពី​ថ្ងៃទី​ ៨ ​មិថុនា ​ដោយ​បង្ហាញ​ថា ក្នុង​ចំណោម​អា​សនៈ​សរុប​ទាំង ​៤​ ១១៤ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ ៤ ០៣៤ ​អាស​នៈ គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​ទទួល​បាន​ ៤៤​ អាស​​នៈ និង​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ទទួល​បា​ន ៣៦ ​អាសនៈ ក្នុង​ចំណោម​គណ​បក្ស​ចំនួ​ន ៧​ ដែល​បាន​ចូលរួម​បោះឆ្នោត។

លោក សុខ​ ឥសាន មន្ត្រី​នាំពាក្យ​គណ​បក្ស​កាន់​អំណាច​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា លោក​មិនមាន​តួលេខ​ដែល​បង្ហាញ​ថា ​គណបក្ស​បាន​សម្រេច​ផ្លាស់ប្ដូរ​សមាជិក​ខ្លះ​របស់​ក្រុម​ប្រឹក្សា​នៅតាម​ខេត្ត-ក្រុង​ឡើយ​ ប៉ុន្តែ​លោក​អះ​អាង​ថា ក្រុម​ប្រឹក្សា​ដែល​ជាប់​ឆ្នោត​នេះ នឹងត្រូវ​បំពេញ​ការងា​រ​តាម​ច្បាប់​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ។

លោក​ថា៖ «អា​ហ្នឹង​វា​ជាការទទួល​ខុស​ត្រូវក្នុង​ការ​អនុវត្ត​តួនាទី​ និង​ភារកិច្ច​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដែល​ក្រសួង​មហាផ្ទៃ​មាន​ការ​ណែនាំ​ហើយ ហើយ​សា​មីជន​ម្នាក់ៗ​ដែល​ជាប់ឆ្នោត​ហ្នឹង ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រជា​ពលរដ្ឋ និង​ចំពោះមុខ​ច្បាប់​ដែល​មាន​ចែង»។

ទោះ​ជា​យ៉ាង​ណា លោក កន សា​វា​ង្ស អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត Comfrel ធ្លាប់​បាន​អះ​អាង​ថា ការ​បោះឆ្នោ​ត​អស​កល​នេះ មិន​មែ​នជា​ការ​បោះឆ្នោ​ត​មួយ​ស្ថិត​ក្នុង​ប្រ​ព័ន្ធ​នៃ​របប​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើយ៕