
វត្តអារាមមានសភាពស្ងប់ស្ងាត់ក្នុងថ្ងៃវិសាធបូជានៅស្រុកមុខកំពូលកាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២១។ ហេង ជីវ័ន
ភ្នំពេញ៖ បើទោះបីបញ្ហាជំងឺកូវីដ១៩ កំពុងរាតត្បាតនៅប្រទេសកម្ពុជា ក៏ដោយ ក៏ការប្រារព្ធពិធីបុណ្យវិសាខបូជានៅតែបន្តធ្វើដដែល ប៉ុន្តែធ្វើនៅតាមទីអារាមនានានៅទូទាំងប្រទេសក្នុងស្ថានភាពមនុស្សតិច ដោយមិនមានការប្រារព្ធពិធីធំនោះទេ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២១ នេះបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា មិនថាតែនៅកម្ពុជាទេ គឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោកក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនាដ៏សំខាន់ខាងលើនេះផងដែរ។
លោកនាយករដ្ឋន្ត្រីបន្តថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរព រំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូតបានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។
លោកនាយករដ្ឋមន្ត្រីសរសេរបន្ថែមថា ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥ កើត ខែពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។
លោក ហ៊ុន សែន លើកឡើងថា នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៦ ខែមេសា នេះថា សម្រាប់ការប្រារព្ធពិធីបុណ្យវិសាខបូជា សម្រាប់ឆ្នាំនេះធ្វើឡើងដូចកាលពីចូលឆ្នាំខ្មែរកន្លងមកនេះ ជាមួយវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដោយពុទ្ធបរិស័ទអញ្ជើញទៅវត្តប្រគេនចង្ហាន់ដល់ព្រះសង់រួចហើយត្រឡប់មកផ្ទះវិញ។
ទោះជាយ៉ាងណាលោក សេង សុមុនី បញ្ជាក់ថា សម្រាប់ឆ្នាំនេះគឺមិនមានការប្រារព្ធពិធីបុណ្យវិសាខាបូជាដែលមានលក្ខណៈទ្រង់ទ្រាយធំដែលមានការចូលរួមពីថ្នាក់ដឹកនាំ និង ការចូលរួមពីប្រជាពលរដ្ឋច្រើនកុះករនោះទេ ដោយសារបារម្ភពីការឆ្លងនូវជំងឺកូវីដ១៩។
លោក សេង សុមុនី ថ្លែងថា៖ «វត្តអារាមនៅទូទាំងប្រទេសគឺមានការណែនាំឱ្យមានការប្រារព្ធធ្វើ និងរៀបចំសក្ការបូជានៅតាមវត្ត ដូចនៅពេលចូលឆ្នាំអ៊ីចឹងដែរ គឺទៅរាប់បាត្រហើយត្រឡប់មកវិញ ដោយគោរតាមការណែនាំរបស់ក្រសួងសុខាភិបាល»។
ព្រះកេសមុនី ប៉ូ សុខវុន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះអនុគណ គណៈធម្មយុត្តខណ្ឌច្បារអំពៅ និងជាព្រះចៅអធិការវត្តវិចិត្តារាម បានឲ្យដឹងថា សម្រាប់ទីអារាមរបស់ព្រះអង្គ នៅតែប្រារព្ធពិធីបុណ្យវិសាខបូជាជាធម្មតា។
ប៉ុន្តែ ព្រះអង្គបានអំពាវនាវដល់ប្រជាពុទ្ធបរិស័ទទាំងអស់មិនឱ្យមកកាន់ទីអារាមនោះទេ ដោយប្រារព្ធពិធីធ្វើបុណ្យវិសាខាបូជានៅតាមគេហដ្ឋានរៀងៗខ្លួន ដើម្បីសុវត្ថិភាព សុខភាព និងអាយុជីវិតរបស់ពួកគាត់ និងសមស្របជាមួយនឹងកាលៈទេសៈពេលនេះ (ជំងឺកូវីដ១៩)។
ព្រះកេសមុនី ប៉ូ សុខវុន ពន្យល់ថា សម្រាប់ការប្រារព្ធពិធីបុណ្យវិសាខបូជានៅគេហដ្ឋានក៏ទទួលបានបុណ្យដែរ ឱ្យតែពុទ្ធបរិស័ទ មានចិត្តជ្រះថ្លា និងរីករាយក្នុងបុណ្យកុសល ព្រោះពិធីបុណ្យនេះត្រូវបានរៀបចំធ្វើរៀងរាល់ឆ្នាំមកហើយ អាក់ខានមួយឆ្នាំទៀតក៏មិនជាបញ្ហាអ្វីដែរ។
ព្រះតេជគុណ កេសមុនី ប៉ូ សុខវុន បន្ថែមថា សម្រាប់ការមកកាន់ទីអារាមរបស់ពុទ្ធបរិស័ទ គឺមានការជួបជុំញាតិមិត្តគ្នាច្រើន។ ប៉ុន្តែកាលៈទេសៈនេះ គឺមិនអាចជួបជុំគ្នាច្រើនបានទេ។ សម្រាប់នៅទីអារាម គឺទុកឱ្យព្រះគ្រូចៅអធិការដឹកនាំព្រះសង្ឃប្រារព្ធពិធីបុណ្យវិសាខបូជានេះ ចំណែកប្រជាពលរដ្ឋ និងពុទ្ធបរិស័ទអាចប្រារព្ធនៅតាមគេហដ្ឋានដោយមិនបាច់មកចូលរួមទេ។
ព្រះអង្គបញ្ជាក់ថា៖ «សម្រាប់វត្តនៅតែធ្វើទេ មិនបោះបង់ចោលទេ នៅតែធ្វើដើម្បីនឹករឭកដល់ថ្ងៃវិសាខបូជាហ្នឹង។ អ៊ីចឹងធ្វើរៀងៗខ្លួនទៅ ហើយឧបាសក ឧបាសិកាធ្វើនៅផ្ទះ»។
បើតាម លោក សេង សុមុនី ពិធីបុណ្យវិសាខបូជាត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃ ១៥ កើត ខែពិសាខនេះ ដើម្បីនឹករំឭកដល់ថ្ងៃព្រះពុទ្ធទ្រង់ប្រសូត្រ ព្រះពុទ្ធទ្រង់ត្រាស់ដឹង និង ព្រះពុទ្ធទ្រង់ចូលបរិនិព្វាន៕