ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ បានកំណត់យកថ្ងៃទី ២១, ២២ និងថ្ងៃទី ២៣ ខែវិច្ឆិកាខាងមុខ ជាថ្ងៃរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។ នេះបើយោងតាម លោក ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និង អន្តរជាតិ។
លោកបានថ្លែងនៅថ្ងៃទី៤ខែកញ្ញាថា ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ ក៏បានប្រកាសឲ្យក្រសួង មន្ទីរ និងស្ថាប័នពាក់ព័ន្ធ ពិសេស អាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវធ្វើការណែនាំ ដល់កីឡាករ កីឡាការិនី ទូកង ទូកមួង ទូកអុំ និង ទូកចែវ គ្រប់រូបត្រៀមលក្ខណៈជាមុន ដោយចាប់ផ្ដើមធ្វើការហ្វឹកហាត់ឲ្យបានល្អ ទាំងកាយសម្បទា និង បច្ចេកទេសនៃការអុំនិងចែវទូក ដើម្បីត្រៀមខ្លួនចូលរួមនៅក្នុងការក្រកួតប្រជែង និង អបអរសាទរ នៅក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែខាងមុខនេះ។
លោកបានបញ្ជាក់ថា៖«បើតាមគោលការណែនាំរបស់គណៈកម្មាធិការយើង កីឡាករ កីឡាការិនី ទូកទាំងអស់ត្រូវមានកាយសម្បទា និងសុខភាពល្អមាំមួន និង ត្រូវចេះហែលទឹកឲ្យស្ទាត់ជំនាញ ហើយទូកដែលត្រូវមកដាក់ពាក្យចូលរួមក្រកួតនៅក្នុងពិធីនេះ ត្រូវធ្វើការតុបតែងឲ្យបានល្អ តាមរចនាប័ទ្មខ្មែរ និងមានចំណុះ ១៨ ខ្ទង់ឡើងទៅ និងជាទូកដែលមានល្បឿនលឿន មានប្រវត្តិច្បាស់លាស់»។
លោកបានឲ្យដឹងផងដែរថា ប៉ុន្តែរហូតមកទល់ពេលនេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ នៅមិនទាន់ប្រជុំលើកគម្រោងថវិកា សម្រាប់រៀបចំពិធីនេះនៅឡើយទេ និងនៅមិនទាន់ប្រកាសអំពីកាលបរិច្ចេទ នៃការទទួលពាក្យស្នើសុំចូលរួមប្រកួតពីក្រុមកីឡាករ កីឡាការិនី ទូកនោះដែរ៕