ភ្នំពេញៈ ព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញនៅឆ្នាំនេះពុំមានទូកអុំ និងពុំមានការបណ្តែតប្រទីបដូចកាលពីឆ្នាំមុនទេធ្វើឲ្យមានភាពសោះកក្រោះ និងស្ងប់ស្ងាត់បើទោះបីជាព្រះរាជពិធី អកអំបុក សំពះព្រះខែ និងការប្រគំតន្ត្រីផ្សេងៗរួមទាំងការបាញ់កាំជ្រួចនៅតែបន្តធ្វើដូចឆ្នាំមុនក្តី។
ទោះបីជាយ៉ាងណាព្រះរាជពិធីដែលពុំមានទូកអុំដូចឆ្នាំមុនប៉ុន្តែមន្ត្រីរាជការ កម្មករ និយោជិត នៅតែត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក ៣ ថ្ងៃទៅតាមប្រតិទិនបុណ្យជាតិដដែលនេះព្រះមហាក្សត្រក៏នៅតែបន្តព្រះរាជទានការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតរាប់រយនាក់ដូចកាលពីឆ្នាំមុនផងដែរ។
តាមដងវិថីនានាជាពិសេសនៅម្តុំវិមានឯករាជ្យនៅក្បែរព្រះបរមរាជវាំង និងនៅកោះពេជ្រដែលធ្លាប់តែមានភាពអ៊ូអរ និងកកស្ទះចរាចរណ៍បែរជាមានភាពស្ងប់ស្ងាត់កាលពីម្សិលមិញ។
នៅក្នុងថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូកកាលពីឆ្នាំ ២០១០ មានឧបទ្ទវហេតុរត់ជាន់គ្នានៅលើស្ពានពេជ្រដែលបណ្តាលឲ្យមនុស្សស្លាប់ជាង ៣៥០ នាក់ និងរងរបួសជិត ៤០០ នាក់។ ចាប់តាំងពីហេតុការណ៍អាក្រក់នេះមករាជរដ្ឋាភិបាលបានប្រកាសលុបចោលព្រះរាជពិធីបុណ្យអុំទូក ៣ ឆ្នាំជាប់ៗគ្នាក្រោមហេតុផលផ្សេងៗ។
ទើបតែនៅឆ្នាំ ២០១៤ រដ្ឋាភិបាលបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូកដូចធម្មតាវិញហើយនៅឆ្នាំ ២០១៥ នេះរាជរដ្ឋាភិបាលបានប្រកាសលុបចោលការប្រណាំងទូក និងបណ្ដែតប្រទីបជាថ្មីទៀតក្រោមហេតុផលថាទឹកទន្លេរាក់ពេកមិនអាចអុំទូកបាន។
ការអាក់ខាននៃការរៀបចំព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនេះបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានក្ដីបារម្ភចំពោះការបាត់បង់នូវប្រពៃណីជាតិដែលដូនតាបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ។ ព្រះរាជពិធីបុណ្យអុំទូកត្រូវបានធ្វើឡើងដើម្បីរំឭកដល់វីរកងទ័ពជើងទឹកខ្មែរដ៏អង់អាចក្លាហានដែលបានប្រយុទ្ធយកឈ្នះកងទ័ពខ្មាំងសត្រូវដែលឈ្លានពានចូលដណ្ដើមកាន់កាប់ទឹកដីខ្មែរ។
លោក ម៉ា ឈាន អាយុ ២៥ ឆ្នាំមកពីខេត្តស្វាយរៀងបាននិយាយថា៖ «ខ្ញុំពិតជាបារម្ភខ្លាចពិធីបុណ្យអុំទូក បណ្ដែតប្រទីបត្រូវបានគេលុបបំបាត់ចោលជារៀងរហូតក្រោមហេតុផលទឹកទន្លេរាក់គ្មានទឹកអុំ»។
លោក ចែម សំណាង អាយុ ៣២ ឆ្នាំក៏បាននិយាយខណៈកំពុងអង្គុយញ៉ាំអាហារជាមួយមិត្តភក្តិ ៤ នាក់នៅសួនច្បារខាងមុខព្រះបរមរាជវាំងកាលពីរសៀលថ្ងៃម្សិលមិញដែរថា៖ «សម្រាប់ខ្ញុំពិធីបុណ្យអុំទូកគ្មានទូកអុំនៅពេលនេះវាដូចជាសោះកក្រោះខ្លាំងណាស់»។
លោក សំណាង ដែលរស់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារដែលធ្លាប់ជាកីឡាករចំណុះទូកវត្តខ្ទរពោធិព្រឹក្សកាលពីឆ្នាំមុនបាននិយាយទៀតថា៖ «ខ្ញុំយល់ថាការអះអាងរបស់ប្រមុខរដ្ឋាភិបាលដែលថាទឹកទន្លេរាក់អុំទូកមិនកើតនេះហាក់ដូចជាមិនត្រឹមត្រូវទាល់តែសោះព្រោះត្បិតនៅពេលនេះកាណូតទេសចរណ៍ និងកប៉ាល់ដឹកប្រេង សាឡង់ដឹកខ្សាច់កំពុងធ្វើចរាចរណ៍ទៅមកឥតដាច់ដែលនាវាទាំងនេះធំ និងផ្ទុកធ្ងន់ជាងទូកងរាប់រយដងទៅទៀត»។
ក្នុងព្រះរាជពិធីបុណ្យជាតិរយៈពេល ៣ ថ្ងៃដែលចាប់ផ្តើមកាលពីម្សិលមិញនេះព្រះមហាក្សត្របានសម្រេចព្រះរាជទានការលើកលែងទោសទណ្ឌិតចំនួន ១០៦ នាក់ឲ្យមានសេរីភាពវិញ និងបន្ធូរបន្ថយទោសទណ្ឌិត ៥៧៦ នាក់តាមការស្នើសុំរបស់រដ្ឋាភិបាលសម្រាប់ពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែឆ្នាំនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានឲ្យដឹងពីម្សិលមិញថាទណ្ឌិតសរុបចំនួន ៦៨២ នាក់ដែលទទួលបានការលើកលែងទោស និងបន្ធូរបន្ថយទោសទាំងនេះស្ថិតក្នុងចំណោមបញ្ជីឈ្មោះជាង ៧០០ នាក់មកពីអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃត្រូវបានគណៈកម្មការថ្នាក់ជាតិដឹកនាំដោយក្រសួងយុត្តិធម៌ចាប់ផ្តើមពិនិត្យ និងវាយតម្លៃតាំងពីដើមខែវិច្ឆិកាមកតាមការស្នើសុំរបស់ប្រធានពន្ធនាគារទាំង ២១ ខេត្ត ក្រុង និងមណ្ឌលកែប្រែ ម ទាំង ៤។
ប្រធាននាយកដ្ឋានប្រតិបត្តិនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃលោក បេ ទាឡេង បានឲ្យដឹងថាទណ្ឌិតសរុប ៦៨២ នាក់នោះមានស្រី ៥៩ នាក់ហើយក្នុងចំណោម ១០៦ នាក់ដែលត្រូវដោះលែងមានស្រី ១៨ នាក់។ ទណ្ឌិតដែលត្រូវបានលើកលែងទោសត្រូវបានដោះលែងឲ្យមានសេរីភាពកាលពីល្ងាចថ្ងៃចន្ទ។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូនៅតែបារម្ភចំពោះភាពមិនប្រក្រតីនៃការលើកលែងទោសដោយអ្នកទោសមួយចំនួនបានប្រាប់លោកថាមន្ត្រីពន្ធនាគារបានប្រព្រឹត្តអំពើពុករលួយចំពោះការលើកលែងទោស និងបន្ធូរបន្ថយទោស។ «ទណ្ឌិតណាមានលុយទើបមានឈ្មោះបើគ្មានលុយគឺមិនមានឈ្មោះក្នុងបញ្ជីនោះទេនេះគឺជារឿងអយុត្តិធម៌មួយ...»៕