ភ្នំពេញៈ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងថា​នឹង​មាន​មហាជន​ប្រមាណ​ពី ៥ ម៉ឺន ទៅ​ ១០ ​ម៉ឺន​នាក់​នឹង​ចូលរួម​ការប្រារព្ធ​ពិធី​អបអរ​ខួប​លើក​ទី​ ៤១ ​ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ​ ៧ មករា នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ ដោយសារ​នយោបាយ​សំខាន់​សម្រាប់​ឆ្នាំនេះ​គឺ​បញ្ហា​សន្តិភាព និង​ការអភិវឌ្ឍ​។

លោក​ សុខ ឥសាន បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា​នឹង​មាន​មហាជន​ប្រមាណ​ពី ៥​ ម៉ឺន​ទៅ​ ១០ ​ម៉ឺន​នាក់​ដែល​មកពី​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​ចូលរួម​ប្រារព្ធ​ខួប​លើក​ទី​ ៤១ ​នៃ​ទិវា​ជ័យជម្នះ ៧ មករា​ដែល​នឹង​ធ្វើឡើង​នៅ​កោះពេជ្រ​ និង​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស ដើម្បី​អបអរសាទរ សន្តិភាព និង​ការរីកចម្រើន​ដែល​ប្រទេស​កម្ពុជា​សម្រេចបាន​នាពេល​កន្លងមក​។

លោក​បញ្ជាក់ថា​៖ «​សារ​នយោបាយ​សំខាន់​ហ្នឹង​គឺ​អបអរសាទរ អរគុណ​សន្តិភាព ដោយសារ​យើង​មាន​រហូត​មកដល់​សព្វ​ថ្ងៃនេះ ដោយសារ​តែ​ការរីកចម្រើន​ទូទាំង​ប្រទេស​ដោយសារ​តែ​សន្តិភាព និង​ស្ថិរភាព​នយោបាយ បើ​គ្មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ទេ​ប្រជាពលរដ្ឋ​ក៏​មិនអាច​រស់នៅ​ដោយ​សន្តិភាព និង​សប្បាយរីករាយ និង​មាន​ការរីកចម្រើន​ក្នុង​ជីវភាព​រស់នៅ​នោះដែរ​»​។

លោក​បន្ថែមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រធាន​គណបក្ស​ប្រជាជន​នឹង​ថ្លែង​សារនយោបាយ​អំពី​ផែនការ​ និង​គោលដៅ​ក្នុង​ការអភិវឌ្ឍ​ប្រទេស សេដ្ឋកិច្ច និង​ការពារ​ប្រទេសជាតិ​ទៅកាន់​មហាជន​មន្ត្រី​ជាន់ខ្ពស់​មន្ត្រី​ទូត អង្គការ​ និង​សមាគម​ដែល​នឹងចូលរួម​ក្នុង​ខួប​លើក​ទី​ ៤១ ​ឆ្នាំនេះ​។

នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋានអង្គរក្ស​ថ្លែង​ពី​ម្សិលមិញ​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួមមាន​នគរបាលជាតិ កងរាជអាវុធហត្ថ និង​កម្លាំង​កងអង្គរក្ស​នឹង​ត្រូវ​ដាក់ពង្រាយ នៅតាម​ទីតាំង​ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី​ដើម្បី​ជួយ​សម្រួល​ធ្វើយ៉ាងណា​ឲ្យ​ពិធី​មីទ្ទីង​ប្រារព្ធ​ខួប​ថ្ងៃ​រំដោះ​ ៧ ​មករា​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន ដែល​ក្នុង​នោះ​មាន​ការចាត់ចែង​ពី​ទីតាំង​ចំណតរថយន្ត ច្រក​សុវត្ថិភាព ចេញចូល ជាពិសេស​ពាក់ព័ន្ធ​ពី​ការបង្ហោះដ្រូន​ដែល​គ្មាន​ការអនុញ្ញាត និង​ត្រូវ​ឃាត់​ដកហូត​រក្សាទុក​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​ត្រៀមកម្លាំង​ការពារ​អស់ហើយ ជុំវិញ​ខួប​លើក​ទី​ ៤១ នៃ​ទិវា​ជ័យជម្នះ ៧ មករា​។ កម្លាំង​យើង​មាន​គ្រប់គ្រាន់ ដើម្បី​ការពារ​។ បច្ចុប្បន្ននេះ​យើង​មាន​ ៣២០០ ​នាក់​»​។

នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​រៀបចំ​បុណ្យខួប​លើក​ទី​ ៤១ ​ឆ្នាំ​ថ្ងៃ ៧ មករា នៅ​សាលា​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​ ៣ ខែ​មករា លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​អភិបាលខណ្ឌ​ និង​អាជ្ញាធរ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើយ៉ាងណា​រៀបចំ អនាម័យ​បរិស្ថាន និង​សណ្តាប់ធ្នាប់​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​ក្នុង​នោះ​ក៏បាន​ណែនាំ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ យកចិត្ត​ទុកដាក់​ខ្ពស់​សំដៅ​ការពារ​សុខ​សុវត្ថិភាព​មហាជន​ឲ្យ​បាន​ ១០០ ​ភាគរយ​។

លោក​បញ្ជាក់ថា​៖ «​ក្នុងនាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវតែមាន​ការចូល​រួមសហការ​ពី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ទើប​ធ្វើឲ្យ​ពិធី​ទទួលបាន​ជោគជ័យ បើ​ទោះបី​ជា​ពិធីបុណ្យ​នេះ យើង​ធ្លាប់បាន​ប្រារព្ធ​ធ្វើជា​ច្រើនដង​កន្លងមក​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ក៏ដោយ​...»​។

លោក​ អ៊ូ ច័ន្ទរ័ត្ន ​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែងថា មាន​ទស្សនៈ​មួយ​បាន​គាំទ្រ​ថ្ងៃ​ ៧ ​មករា​ថា​ជា​ថ្ងៃ​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម ខណៈ​មាន​ទស្សនៈ​ផ្សេងទៀត​បាន​រិះគន់​ថ្ងៃ​ ៧ មករា​ថា ជា​ថ្ងៃ​ដែល​វៀតណាម​បាន​ឈ្លានពាន​ប្រទេស​កម្ពុជា​។

លោក​បាន​លើកឡើងថា​៖ «​ទស្សនៈ​ខ្ញុំ​ផ្ទាល់​វៀតណាម​ជួយសង្គ្រោះ​កម្ពុជា​គ្រាន់តែ​ជា​លេស​។ យើង​ត្រូវមាន​សំណួរ​ឡើងវិញ តើ​ខ្មែរក្រហម​កើតឡើង​ចេញពី​ណា ហើយ​នរណា​ខ្លះ​ អ្នក​ជ្រោមជ្រែង​ (​ខ្មែរក្រហម​) ​ហើយ​មូលហេតុ​អ្វីដែល​មាន​ការកាប់សម្លាប់​។ ខ្ញុំ​មិន​បដិសេធ​ទេ​ថា វៀតណាម​បាន​រំដោះ​នោះ​ជា​ភាពជាក់ស្តែង តែ​អ្វី​ដែល​នៅ​ពីក្រោយ​គួរតែ​លាតត្រដាង​ឲ្យ​មហាជន​ដឹងផង​»​។

យ៉ាងណាក្តី​លោក សុខ ឥសាន បាន​ថ្លែងថា ថ្ងៃ​ ៧ ​មករា​គឺជា​ថ្ងៃជ័យ​ជម្នះ​លើ​របប​ប្រល័យពូជសាសន៍​ ប៉ុល ពត ​ដែល​កម្លាំង​មហា​សាមគ្គី​ជាតិ​ដែល​រៀបចំ​ដោយ​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ថ្ងៃទី​ ២ ធ្នូ​ឆ្នាំ​ ១៩៧៨ ដោយមាន​ការគាំទ្រ​ពី​វៀតណាម​ដែល​ធ្វើ​ឲ្យ​កម្ពុជា​បាន​យកជ័យ​ជម្នះ​ទាន់ពេលវេលា និង​រំដោះជាតិ និង​អាយុជីវិត​ប្រជាជន​ពីរ​បប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត ​ដែល​នេះ​គឺជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​មិន​អាច​លុបបំបាត់ និង​បំភ្លៃ បំផ្លើស និង​បំផ្លាញ​បានឡើយ​។

លោក​បញ្ជាក់ថា​៖ «​នេះ​គឺជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​មិនអាច​លុបបំបាត់​បាន​ទេ បើទោះបី​ជា​មជ្ឈដ្ឋាន​ប្រឆាំង​ថា ជា​ការឈ្លានពាន​របស់​វៀតណាម​ចូល​កម្ពុជា ក៏ប៉ុន្តែ​សច្ចធម៌​នេះ​ត្រូវបាន​រក្សា និង​លើកកម្ពស់​រហូត​ដល់​បច្ចុប្បន្ន​នេះ​»​។

លោក​លើកឡើង​ទៀតថា កាលពី​មុន​មាន​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​លោកខាងលិច គេ​បាន​ថ្កោលទោស​ថា វៀតណាម​ឈ្លានពាន​កម្ពុជា​។ ប៉ុន្តែ​បន្ទាប់ពី​មានការ​រៀបចំ បង្កើត​សាលាក្តី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម «​ឥឡូវ​ការដែល​ចោទ​លើ​បញ្ហា​ហ្នឹង​ត្រូវបាន​លុបបំបាត់ចោល​ពីព្រោះ​វា​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​មិន​អាច​នរណា​លុបបំបាត់​បានទេ​។ មាស​ទោះបី​ធ្លាក់ចូល​ទៅក្នុង​ភក់​ជ្រៅ​យ៉ាងណា ក៏​វា​នៅតែ​ជា​មាស​ដដែល​»៕