ភ្នំពេញៈ ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា មន្ត្រីរាជការបានរៀបចំពិធីហូបនំបញ្ចុកនៅទូទាំងប្រទេសតាមការគ្រោងទុកនៅថ្ងៃទី ០៩ មិថុនា ម្សិលមិញ ដោយក្រុមអ្នកគាំទ្របក្សកាន់អំណាច ចាត់ទុកការហូបនំបញ្ចុកនេះថា គឺជាថ្ងៃហូបនំបញ្ចុក «សាមគ្ដី តេជោសន្ដិភាព» ខណៈដែលសកម្មជនអតីតគណបក្សសង្គ្រោះជាតិ នៅតាមតំបន់មួយចំនួនក៏បានរៀបចំពិធីហូបនំបញ្ចុកផងដែរជាមួយនឹងក្តីសង្ឃឹមថាស្ថានការណ៍នយោបាយអាចនឹងវិលមករកភាពប្រក្រតីវិញ។
មន្ត្រីរាជការ នៅតាមក្រសួងស្ថាប័ន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស បាននាំគ្នារៀបចំពិធីហូបនំបញ្ចុក ដើម្បីបង្ហាញអំពីសាមគ្គីភាព និងឯកភាពជាតិ និងដើម្បីលើកកម្ពស់មុខម្ហូបខ្មែរ នៅថ្ងៃទី ៩ មិថុនា ម្សិលមិញ ទៅតាមការអំពាវនាវរបស់លោក ហ៊ុន សែន ស្របពេលសកម្មជនអតីតគណបក្សប្រឆាំងក៏បាននាំគ្នាហូបនំបញ្ចុកជុំគ្នានេះដែរទៅតាមការអំពាវនាវរបស់លោក សម រង្ស៊ី។
លោក អឿ ស៊ីផុន ចៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាររបស់គណបក្សប្រជាជនបានថ្លែងពីម្សិលមិញថា លោកបានប្រកូកប្រកាស អំពាវនាវដល់ពលរដ្ឋគ្រប់និន្នាការនយោបាយ ក្នុងសង្កាត់ឱ្យមកជួបជុំគ្នាដើម្បីហូបនំបញ្ចុក ដែលបានរៀបចំនៅ ៣ ទីតាំង ទីតាំងទី១ ធ្វើឡើងក្នុងវត្ត និង ២ ទីតាំងទៀត ស្ថិតនៅក្នុងភូមិ។ «មូលហេតុដោយសារអានេះតាមគោលការណ៍របស់សម្ដេចហ្នឹង គាត់ថាឱ្យយើងហ្នឹងរៀបចំហូបធម្មតាៗ ដើម្បីជួបជុំគ្នាសប្បាយៗហើយទី២ ទៀត ខ្ញុំមើលតាមគោលការណ៍របស់គាត់ ខាងគណបក្សសង្គ្រោះជាតិ គេជួបជុំគ្នាហូបនំបញ្ចុកពាក់ព័ន្ធនឹងបញ្ហានយោបាយ អ៊ីចឹងគណបក្សប្រជាជនយើងនៅនឹងមូលដ្ឋាននេះ យើងធ្វើនេះដើម្បីជួបជុំគ្នាសប្បាយៗប៉ុណ្ណោះ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនថ្លែងថា ក្រុមការងាររបស់គណបក្ស គឺបានធ្វើតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ក្នុងការរៀបចំពិធីហូបនំបញ្ចុកនៅតាមសាលារៀន វត្តអារាម រោងចក្រ សហគ្រាស និងតាមរោងប្រជុំធម្មតានានា នៅទូទាំងប្រទេស ដើម្បីបង្ហាញអំពីសាមគ្ដីភាពក្នុងចំណោមប្រជាជនខ្មែរ ជាពិសេសដើម្បីបង្ហាញសាមគ្ដីរបស់គណបក្ស។ «គណបក្សប្រជាជនជាគណបក្សធំ មានសមាជិកបក្សច្រើនរហូតជាង ៧០% នៃអ្នកដែលមានឈ្មោះបោះឆ្នោត អ៊ីចឹងបើទោះថាក្នុងរង្វង់តែគណបក្សប្រជាជនក៏វាជាតំណាងឱ្យសាមគ្ដីភាពក្នុងជាតិទាំងមូលដែរ»។
កាលពីម្សិលមិញលោក ហ៊ុន សែន បានបង្ហោះតាមហ្វេសប៊ុក បង្ហាញនូវរូបភាពពីការជួបជុំហូបនំបញ្ចុក នៅតាមវត្តអារាម វិហារអ៊ិស្លាម និងទីស្នាក់ការគណបក្សប្រជាជនជាច្រើនកន្លែង ដោយលោកបានសរសេរថា នំបញ្ចុកគឺមានអត្ថប្រយោជន៍សម្រាប់សុខភាពដែលមានក្នុងសម្លសាច់ត្រី និងគ្រឿងផ្សំដែលសុទ្ធតែមានសារធាតុជំនួយដល់សុខភាព។
លោកអំពាវនាវឱ្យពលរដ្ឋចូលរួមលើកតម្កើងម្ហូបអាហារ និងចំណីរបស់ខ្មែរផ្សេងៗទៀត ដើម្បីជាការកាត់បន្ថយការនាំចូលផលិតផលដែលមានគីមី។
លោកសរសេរថា៖ «ទាំងបងប្អូនជនរួមជាតិអ្នកកាន់ពុទ្ធសាសនា និងបងប្អូនខ្មែរអ៊ិស្លាម ព្រមទាំងសាសនាដទៃទៀត យើងហូបនំបញ្ចុកជាមួយគ្នាដើម្បីរឹតចំណងមិត្តភាពសាមគ្ដីភាព និងការស្រឡាញ់រាប់អានគ្នាឱ្យកាន់តែល្អរឹងមាំ។ ទោះបីក្រោយពីហូបនំបញ្ចុកហើយក្ដី ក៏យើងនៅតែស្រឡាញ់រាប់អានគ្នាជាមហាគ្រួសារខ្មែរ ដោយមិនប្រកាន់រើសអើងទៅលើជំនឿសាសនា និងនិន្នាការនយោបាយឡើយ»។
លោក ម៉ៅ ផល្លី អតីតមេឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៃអតីតគណបក្សសង្គ្រោះជាតិថ្លែងថា សកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិប្រហែល ១០០ នាក់ ក្នុងឃុំរបស់លោកបានជួបជុំគ្នាហូបនំបញ្ចុកដោយមានការនិមន្តព្រះសង្ឃឆាន់មួយព្រឹកថ្ងៃត្រង់។
លោក ផល្លី សង្ឃឹមថា ការហូបនំបញ្ចុកនេះ នឹងអាចក្លាយជាសញ្ញាល្អមួយដើម្បីបន្ធូរស្ថានការណ៍នយោបាយឲ្យវិលមករកភាពប្រក្រតីវិញ ព្រោះលោកចង់ឱ្យមានការដោះលែង លោក កឹម សុខា ហើយឱ្យគណបក្សសង្គ្រោះជាតិមានជីវិតរស់ឡើងវិញ។ «ទាក់ទងនឹងការហូបនំបញ្ចុកហ្នឹងបង្ហាញពីសញ្ញាល្អមួយហើយចង់ឱ្យអ្វីៗផ្សេងទៀត រវាងគណបក្សទាំង ២ ហ្នឹង សុំឱ្យមានវប្បធម៌ដូចការហូបនំបញ្ចុកអ៊ីចឹង ដូចមានការអំពាវនាវឱ្យហូបនំបញ្ចុកឱ្យមានការឯកភាពជាតិអ៊ីចឹងណា៎»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយ បានថ្លែងថា ការហូបនំបញ្ចុកគឺជារឿងល្អដែលអាចកាត់បន្ថយអំពើហិង្សា និងការស្អប់ខ្ពើមគ្នាក្នុងចំណោមប្រជាជននៃគណបក្សទាំង ២ ប៉ុន្តែលោកយល់ថា បើបក្សកាន់អំណាចបន្តដេញតាមព្រឹត្ដិការណ៍ដែលអតីតគណបក្សប្រឆាំងរៀបចំឡើងនាពេលខាងមុខទៀតមានន័យថា គណបក្សកាន់អំណាចបានជួយឱ្យអតីតបក្សប្រឆាំងដែលស្លាប់បាត់ទៅហើយ អាចមានសកម្មភាពរស់ឡើងវិញ។
លោកបន្តថា៖ «សកម្មភាពពេលហ្នឹង វាហាក់គណបក្សកាន់អំណាច រៀបចំដើម្បីប្រជែងជាមួយសកម្មភាពរបស់អតីត CNRP ហ្នឹង ធ្វើឱ្យអតីត CNRP មានសកម្មភាពឡើងវិញខ្លះ»៕