ភ្នំពេញៈ តាំងពីព្រលឹមស្រាងៗ នៅតាមដងវិថីព្រះនរោត្តម និងសហព័ន្ធរុស្ស៊ី គេសង្កេតឃើញមានប្រជាពលរដ្ឋ តាជីយាយជី មន្ត្រីអ្នកមុខអ្នកការក្នុងសម្លៀកបំពាក់សខ្មៅ និងពាក់បូពណ៌ខ្មៅមានកាន់ផ្កាឈូកពណ៌សជាច្រើននាក់រួមទាំងព្រះសង្ឃជាច្រើនអង្គផង បានគង់និងឈរអមតាមដងផ្លូវដោយអន្លើៗយ៉ាងស្ងៀមស្ងាត់ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធនិងសម្តែងគារវៈកិច្ចចំពោះសពអ្នកឧកញ៉ាមហាភក្ដី សប្បុរិសភោគា ហ៊ុន នាង ជាឪពុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលក្បួនដង្ហែយកទៅបញ្ចុះនៅ វត្តវង្កដ្ឋបុរីកបិលភ័ស្ផហៅវត្តទួលក្រសាំង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តដឹកសពលោកឧកញ៉ា មហាឧបាសក ហ៊ុន នាង មានក្បូរក្បាច់រចនាល្អប្រណីតរំលេចដោយរូបហង្សពណ៌មាសមួយគូ និងអមដោយរថយន្តប្រណីតៗនិងរថយន្តក្រុងជាច្រើនគ្រឿង ផ្ទុកពេញដោយថ្នាក់ដឹកនាំរាជការជាន់ខ្ពស់និងអ្នកមុខអ្នកការសំខាន់ៗ ជាពិសេសក្រុមគ្រួសារនៃសព បានធ្វើដំណើរចេញពីភូមិគ្រឹះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្បែរស្តូបវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់វត្តវង្កដ្ឋបុរី ជាទីដែលសពភរិយារបស់លោក គឺមហាឧបាសិកា ឌី ប៉ុក បញ្ចុះក្នុងចេតិយនៃអារ៉ាមនេះ។
នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ផ្លូវម៉ៃដា ផ្លូវណតប្រ៊ីដ ចាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដល់ផ្លូវបំបែកមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ)គេ សង្កេតឃើញចរាចរណ៍ មានការកកស្ទះជាខ្លាំង ក្នុងអំឡុងពេលក្បួនដង្ហែសពលោកឧកញ៉ាមហាភក្ដី ស្ថិតនៅលើមហាវិថីដ៏មមាញឹកមួយនេះ។ ប៉ុន្តែក្រុមអ្នកដំណើរភាគច្រើនបានចាត់ទុកពេលវេលានៃការស្ទះដំណើរនេះថា ជាការចូលរួមគោរពចំពោះសព ដែលលោកជាបរិស័ទមួយរូបសកម្មក្នុងការកសាងនិងអភិវឌ្ឍជាតិមាតុភូមិកម្ពុជា ទាំងផ្នែកអាណាចក្រនិងពុទ្ធចក្រ កាលពីលោកនៅមានជន្មាយុ។

លោក តេង សុវណ្ណារ័ត្ន អាយុ៤២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនសាងសង់មួយនៅភ្នំពេញ ដែលបានធ្វើដំណើរឆ្លងកាត់មហាវិថីសហព័ន្ធរុស្ស៊ី និយាយថា៖«ពិតមែនការកកស្ទះចរាចរណ៍ ក្នុងការដង្ហែសពលោកឧកញ៉ាមហាភក្ដី មានការរំខានតិចតួចដល់កិច្ចការងាររបស់ខ្ញុំ និងពលរដ្ឋដទៃទៀត ប៉ុន្តែខ្ញុំគិតថា វាក៏ជាឱកាសមួយសម្រាប់ខ្ញុំ និងអ្នកដំណើរទាំងឡាយ ក្នុងការចូលរួមសម្ដែងភាពសោកស្ដាយចំពោះការបាត់បង់ មហាឧបាសកដ៏មានសទ្ធាជ្រះថ្លាលើវិស័យសាសនានិងសង្គមជាតិយើង»។
អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានទទួលមរណភាព នៅវេលាម៉ោង ៤:១០ នាទី ព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។ លោកមហាឧបាសក ហ៊ុន នាង បានធ្លាក់ខ្លួនឈឺធ្ងន់ជិត១ឆ្នាំមកហើយខណៈដែលកន្លងមកនេះ លោកនាយករដ្ឋមន្ត្រី ធ្លាប់ប្រកាសជាសាធារណៈអំពីស្ថានភាពដុនដាបនៃសុខភាពរបស់ឪពុកលោក ដែលត្រូវការជំនួយអុកស៊ីហ្សែនជាប្រចាំរហូតពេលខ្លះ លោកត្រូវបង្ខំចិត្តលុបចោលកម្មវិធីការងារគ្រោងទុកមួយចំនួនផងដែរ។
ក្នុងពិធីបុណ្យសពអ្នកឧកញ៉ាប៉ុន្មានថ្ងៃកន្លងទៅនេះ ទាំងទូរទស្សន៍រដ្ឋនិងឯកជន បានបង្ហាញវត្តមានមន្ត្រីជាន់ខ្ពស់សំខាន់ៗ មកពីគ្រប់ក្រសួង មន្ទីរនិងស្ថាប័នជាតិ រួមទាំងមេដឹកនាំនៃបណ្ដាប្រទេសនៅអាស៊ាន និងអង្គទូតប្រទេសជាមិត្តមួយចំនួនបានផ្ញើសារ និងអញ្ជើញចូលរួមរំលែកទុក្ខដោយផ្ទាល់ដល់គេហដ្ឋានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរាជធានីភ្នំពេញ ក្នុងនោះរួមមានលោក ង្វៀន តិនយ៉ុង នាយករដ្ឋមន្ត្រីវៀតណាម លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃក្នុងតំណែង និងនាយករដ្ឋមន្ត្រីឡាវ ជាដើម។ ជាពិសេសកាលពីថ្ងៃទី១៣ ខែកក្កដាកន្លងនេះ ព្រះករុណាព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី និងសម្តេចម៉ែព្រះអង្គបានយាងចូលរួមរំលែកទុក្ខគ្រួសារសពដល់ទីតម្កល់សពក្នុងភូមិគ្រឹះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ផងដែរ។
អ្នក ឧកញ៉ាមហាភក្តី ហ៊ុន នាង កើតនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩២៣ នៅភូមិ-ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមលោកបានរៀបការជាមួយអ្នកស្រី ឌី ប៉ុក នៅក្នុងឆ្នាំ១៩៤០។ មហាឧបាសិកា ឌី ប៉ុក បានទទួលមរណភាពនៅឆ្នាំ១៩៩៨ ក្នុងជន្មាយុ៧៩ឆ្នាំ។
អ្នក ឧកញ៉ាមហាភក្តី និងមហាឧបាសិកា ឌី ប៉ុក មានកូនប្រុសស្រីចំនួន៦ នាក់ និង ចៅប្រុសស្រីចំនួន៣០នាក់និងចៅទួតសរុបចំនួន៦០នាក់ថែមទៀត។
ដោយបានចូលរួមកសាងនិងអភិវឌ្ឍនូវសមិទ្ធផលជាប្រយោជន៍រួមជាច្រើន មានសាលារៀន វត្តអារាមនិងសហគមន៍ក្រីក្រ នៅខែកញ្ញា ឆ្នាំ២០១១ មហាឧបាសក ហ៊ុន នាង ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទានគោរមងារ ជាអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង៕