ភ្នំពេញៈ បន្ទាប់ពីមនុស្សចំនួន ៣៥៣ នាក់បានស្លាប់ក្នុងពិធីបុណ្យអុំទូកនៅលើស្ពានកោះពេជ្រ នៅឆ្នាំនេះ ពិធីបុណ្យអុំទូក នឹងប្រារព្ធធ្វើឡើងដូចធម្មតាវិញបន្ទាប់ពីខកខានអស់រយៈពេល ៣ឆ្នាំ។
មន្រ្តីបានប្រកាសកាលពីម្សិលមិញថា ពិធីបុណ្យអុំទូកឆ្នាំនេះ នឹងរៀបចំរយៈពេល ៣ ថ្ងៃជាធម្មតានៅដើម ខែវិច្ឆិកា។
លោក ពាន ចំរឿន មន្រ្តីនៅគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ បានឲ្យដឹងថា៖ «ប្រទេសយើងនឹងប្រារព្ធពិធីបុណ្យអុំទូកដូចធម្មតាដែលយើងតែងតែធ្វើនៅមុខព្រះបរមរាជវាំងរយៈពេល ៣ ថ្ងៃពីថ្ងៃ ទី៥ ទី ៦ និង ទី៧ ខែវិច្ឆិកា»។
ពិធីបុណ្យអុំទូក តែងតែទាក់ទាញមនុស្សជាច្រើនរហូតដល់ប្រមាណមួយលាននាក់មកកាន់រាជធានីភ្នំពេញ។ គ្រោះថ្នាក់នៃចំនួនមនុស្សច្រើនប្រជ្រៀតគ្នានេះ បានធ្វើឲ្យមានការជាន់គ្នាស្លាប់រហូតដល់ ៣៥៣ នាក់នៅលើស្ពានកោះពេជ្រ នៅថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូក កាលពី ឆ្នាំ២០១០។
ក្រោយមក ស្ពាននេះត្រូវបានបំផ្លាញចោល។ នៅ ឆ្នាំ២០១១ មួយឆ្នាំក្រោយគ្រោះថ្នាក់រដ្ឋាភិបាលបានលុបចោលពិធីបុណ្យអុំទូកនេះ ដោយសារទឹកជំនន់ធំ។ នៅ ឆ្នាំ២០១២ មូលហេតុនៃការផ្អាកគឺសម្តេចឪ នរោត្តម សីហនុ សោយទិវង្គត នៅ ខែតុលា គឺប៉ុន្មានសប្តាហ៍មុនពេលរៀបចំពិធីបុណ្យអុំទូកនេះ។ កាលពី ឆ្នាំ២០១៣ ក៏ត្រូវបានផ្អាកមួយឆ្នាំទៀត ដោយគេលើកហេតុផលថា ដោយសារតែមានគ្រោះទឹកជំនន់។ ស្តូបមួយត្រូវបានសាងសង់នៅកន្លែងអតីតក្បែរគល់ស្ពាន ដែលមនុស្សបានជាន់គ្នាស្លាប់ដើម្បីរំឭកវិញ្ញាណក្ខន្ធ ខណៈដែលពុំមានអ្នកណាម្នាក់ទទួលខុសត្រូវចំពោះការស្លាប់យ៉ាងច្រើននេះ។
គ្រោះថ្នាក់ជាន់គ្នាស្លាប់នៅស្ពានកោះពេជ្រ ដែលគ្មានអ្នកទទួលខុសត្រូវនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនរិះគន់ថា បានបង្ហាញពីនិទ្ទណ្ឌភាព និងអសមត្ថភាពរបស់រដ្ឋាភិបាល។
លោក អ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានថ្លែងថា៖ «រដ្ឋាភិបាលតែងតែគ្មានមូលហេតុល្អទេ។ គ្មានការពិតទេ»។ លោក វីរៈ បន្តថា កាលពីឆ្នាំមុន រដ្ឋាភិបាលអាចមានការព្រួយបារម្ភថា ពិធីនេះ នឹងប្រមូលមនុស្សច្រើននាក់មកកាន់រាជធានីភ្នំពេញ ដែលអាចចូលរួមកម្លាំងជាមួយនឹងគណបក្សប្រឆាំងដែលកំពុងធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតកាលពី ខែកក្កដា។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី បានថ្លែងថា លោកមិនអាចធ្វើការអត្ថាធិប្បាយពីពេលវេលានៃការប្រារព្ធពិធីបុណ្យអុំទូកឆ្នាំនេះទេ ព្រោះលោកមិនបានដឹងអំពីសេចក្តីប្រកាស។
លោក លន់ លីមថៃ អភិបាល ខេត្តកំពង់ចាម បានថ្លែងកាលពីម្សិលមិញថា លោកមិនទាន់ទទួលបានសេចក្តីប្រកាសទេ ប៉ុន្តែ វាគ្មានអ្វីប្លែកទេ។
លោកបានបន្តថា៖ «ខេត្តខ្ញុំបានរៀបចំពិធីបុណ្យអុំទូករៀងរាល់ឆ្នាំ ទោះបីជាពិធីនេះបានលុបចោលនៅភ្នំពេញក៏ដោយ»។ ប៉ុន្តែលោកបញ្ជាក់ថា នៅពេលនេះ លោក មិនមានពេលគិតពីពិធីនេះទេ ព្រោះលោកកំពុងជាប់រវល់ជួយជនរងគ្រោះដោយទឹកជំនន់ «ប៉ុន្តែ យើងនៅតែប្រារព្ធពិធីនេះ បើទោះបីជាមានទឹកជំនន់ក្តី»។
លោក អ៊ុង ង៉ែត អាយុ ៣០ ឆ្នាំ ដែលរស់រានមានជីវិតពីគ្រោះថ្នាក់ជាន់គ្នានៅស្ពានកោះពេជ្រ កាលពី ឆ្នាំ២០១០ បានថ្លែងកាលពីម្សិលមិញថា ការចងចាំពីពិធីបុណ្យអុំទូក តែងតែធ្វើឲ្យខ្ញុំភ័យព្រួយ។
លោកបន្តថា៖ «ខ្ញុំមិនអាចបំភ្លេចបានទេ ក្នុងមួយជីវិតរបស់ខ្ញុំ។ នៅពេលគេនិយាយពីពិធីបុណ្យអុំទូក វាធ្វើឲ្យខ្ញុំនឹកឃើញមនុស្សច្រើននាក់ស្លាប់ ហើយខ្ញុំក៏រងរបួសក្នុងចំណោមអ្នកទាំងនោះដែរ»។ ប៉ុន្តែ លោក ង៉ែត បានថ្លែងថា លោកនឹងចូលរួមក្នុងពិធីនៅឆ្នាំនេះទៀត ប៉ុន្តែ លោកនឹងព្យាយាមចៀសវាងកន្លែងដែលមានមនុស្សកកកុញច្រើន។
រាយការណ៍បន្ថែមដោយ Joe Freeman