ពោធិ៍សាត់/រតនគិរីៈ ជនសង្ស័យ​ចំនួន​ ២ ​នាក់​ ក្នុងចំណោម​ ៣ ​នាក់ ​ត្រូវបាន​សមត្ថកិច្ច​ផាកពិន័យ​ជា​ទឹកប្រាក់​ចន្លោះ​ពី ៣ ទៅ ៦ ​លាន​រៀល​ ពាក់ព័ន្ធ​នឹង​ការ​លួចលាក់​ឈើ​ប្រភេទ​លេខ​ ១ ​ចំនួន​ជាង​ ២ ​ម៉ែត្រគុប​នៅ​ឃុំ​ក្រពើ​២ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​កាលពី​ចុង​សប្តាហ៍​មុន​។ រីឯ​សមត្ថកិច្ច​ខេត្តរតនគិរី ឯណោះ​វិញ​ក៏​កំពុង​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​លួចលាក់​ឈើ​ចំនួន​ ២១ ​ដុំ​ដែល​បម្រុង​ដឹក​ទៅ​លក់​នៅ​វៀតណាម​។

លោក​ ផាន់ សុភារីន នាយក​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស ស្រុក​វាលវែង​ថ្លែង​ពី​ម្សិលមិញ​ថា បុរស​ជា​ជនសង្ស័យ​ចំនួន​ ២ ​នាក់​ ក្នុងចំណោម​ ៣ ​នាក់​ ត្រូវបាន​ផាកពិន័យ​ជា​ទឹកប្រាក់​ពី​ ៣ ​ទៅ​ ៦ ​លាន​រៀល​។ ពួកគេ​ពាក់ព័ន្ធ​នឹង​ការលួចលាក់​ឈើ​ប្រភេទ​លេខ​ ១ ​ចំនួន​ ៣៥ ​ដុំ​ស្មើនឹង​ជាង​ ២ ​ម៉ែត្រគុប​នៅក្បែរ​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំកុស​ក្នុង​ភូមិ​សំឡាញ់ ឃុំ​ក្រពើ​ ២ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។ ប៉ុន្តែ​លោក​មិន​ប្រាប់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​នោះទេ​។

បើ​តាម​លោក​ ផាន់ សុភារីន គឺ​សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​ចំនួន​ ៣ ​នាក់ កាលពី​ថ្ងៃទី​ ២៨ ខែតុលា ប៉ុន្ដែ​មន្ត្រី​ជំនាញ​បាន​ដោះលែង​ម្នាក់ ដោយសារ​មិនជាប់​ពាក់ព័ន្ធ​ករណីនេះ​។

រីឯ​ជនសង្ស័យ​ ២ ​នាក់​ ជា​ម្ចាស់​ឈើ​ទាំង​ ៣៥ ​ដុំ​នេះ​ទើប​សមត្ថកិច្ច​ផាកពិន័យ​តាមច្បាប់​ជា​ទឹកប្រាក់​ទៅ​តាម​ទំហំ​ឈើ និង​ប្រភេទ​ឈើ​ជាក់ស្ដែង ដោយ​ទុកពេល​ឱ្យ​ពួកគេ​ ១៥ ​ថ្ងៃ ​ដើម្បី​រកលុយ​មក​បង់​ពិន័យ​ប៉ុន្ដែ​មិនបាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ទេ​។

លោក​បញ្ជាក់ថា​៖ «​ឈើ​ទាំង​ ៣៥ ​ដុំ​នេះ​គាត់​លាក់ទុក​ក្នុងព្រៃ​ក្រោយ​ផ្ទះ​គាត់ ហើយ​ពួកខ្ញុំ​ចុះល្បាត​ក៏​ប្រទះឃើញ ក្រោយ​មក​ក៏​ស្រាវជ្រាវ​រកឃើញ​ម្ចាស់ ហើយ​ហៅ​ទៅ​សាកសួរ​។ ប៉ុន្ដែ​យើង​មិនបាន​ឃាត់ខ្លួន​គាត់​ទេ គឺ​គ្រាន់តែ​ផាកពិន័យ និង​ធ្វើ​កិច្ចសន្យា​តាមច្បាប់​។ ក្រៅពី​ឈើ​នេះ​យើង​បាន​រឹបអូស​ឡាន​ ១ ​គ្រឿង​ដែរ ព្រោះ​នៅលើ​ឡាន​មាន​ឈើ​មួយចំនួន អ៊ីចឹង​យើង​ក៏​រឹបអូស​ទាំង​ឈើ និង​ឡាន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​បណ្ដោះអាសន្ន​»​។

ដោយឡែក​សមត្ថកិច្ច​ខេត្តរតនគិរី​កាលពី​ថ្ងៃទី​ ៣១ តុលា បាន​រឹបអូស​ឈើ​ចំនួន​ ២១ ​ដុំ​ស្មើ នឹង​ជិត​ ៧ ​ម៉ែត្រគុប​ដែល​ឈ្មួញ​លួចលាក់​ទុក​ ២ ​ទីតាំង​ផ្សេងគ្នា​នៅ​ឃុំ​ញ៉ាង ស្រុក​អណ្តូងមាស ខេត្តរតនគិរី​។ ឈើ​ទាំងនេះ​ឈ្មួញ​បម្រុង​ដឹកជញ្ជូន​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ប៉ុន្ដែ​ភ្លាមៗ​នោះ​ជនសង្ស័យ​បាន​រត់គេចខ្លួន​។

លោក​ សយ សូណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តរតនគិរី ថ្លែង​ពី​ម្សិលមិញ​ថា ឈើ​ចម្រុះ​ ២១ ​ដុំ​ស្មើនឹង​ ៦.៧២០ ម៉ែត្រគុប ត្រូវបាន​គេ​លាក់ទុក​ក្នុងព្រៃ​។ គំនរ​ឈើ​ទីតាំង ទី​ ១ រឹបអូស​បាន​ចំនួន​ ១១ ​ដុំ ស្ថិត​ក្នុង​ភូមិ​ម៉ុយ និង​ទីតាំងទី​ ២ រឹបអូស​ឈើ​បាន​ ១០ ​ដុំ​ស្ថិត​ក្នុង​ភូមិ​កេត ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស​។

លោក​ថា​៖ «​យើង​បាន​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ ដោយ​ពួកគាត់​បាន​ឃើញ​ឈ្មួញ​យក​ឈើ​ទៅ​លាក់ទុក​នៅ​ទីតាំង​នោះ ហើយ​យើង​បាន​ចុះទៅ​បង្ក្រាប​តែម្ដង ប៉ុន្ដែ​ម្ចាស់​ឈើ​បាន​រត់គេចខ្លួន ហើយ​យើង​កំពុង​ស្រាវជ្រាវ​រក​ជនល្មើស​ហ្នឹង​ដែរ​។ ឈើ​ទាំងនេះ​ប្រហែល​ជា​ឈ្មួញ​បម្រុង​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ប៉ុន្ដែ​យើង​បង្ក្រាប​ទាន់ពេលវេលា​»​។

លោក​ សូណា ​បន្ថែម​ថា ប្រតិបត្តិការ​នេះ​មាន​ការចូលរួម​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដូចជា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត មន្ត្រីរដ្ឋបាល​ព្រៃឈើ នគរបាល​ស្រុក​អណ្តូងមាស និង​កងរាជអាវុធហត្ថ​ស្រុក​អណ្តូងមាស​ដឹកនាំ​ដោយ​លោក​ រ៉ា បូរ៉ាន់ឌី ព្រះរាជ​អាជ្ញារង​សាលាដំបូង​ខេត្តរតនគិរី​។

លោក​ ឃេន សានិត អភិបាលស្រុក​អណ្ដូងមាស និង​លោក​ សោម ចាន់ដារ៉ា អធិការនគរបាល​ស្រុក​អណ្ដូង​មាស​ពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បានទេ​៕