ភ្នំពេញ: លោក ថ្លាង ភិនរ៉ា ប្រធានការិយាល័យ​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួងមហាផ្ទៃ និង​ជា​មេធាវី​ ត្រូវ​បាន​អគ្គស្នងការ​នគរបាល​ជាតិ​បានសម្រេច​អនុវត្ត​វិន័យ​កងកម្លាំង និង​ព្យួរការងារ​កាលពី​ចុង​សប្ដាហ៍​មុន ដើម្បី​ទុក​លទ្ធភាព​ឱ្យ​តុលាការ​ចាត់​វិធានការ​ច្បាប់ ករណី​មន្ត្រី​រូបនេះ​បាន​ដក​កាំភ្លើង​ភ្ជង់​គំរាម​សម្លាប់​ម្ចាស់​ហាង​គុយទាវ​ ២ ​នាក់​ប្ដី​ប្រពន្ធ​ក្នុង​វង់​ស៊ីផឹក​។

កាលពី​ថ្ងៃទី​ ២០ ខែ​កញ្ញា លោក​ ថ្លាង ភិនរ៉ា រងការចោទប្រកាន់​ថា បាន​ដក​កាំភ្លើង​ពី​ចង្កេះ​យក​ទៅ​ភ្ជង់ និង​គំរាម​សម្លាប់​ម្ចាស់​ហាង​គុយទាវ​ ២ ​នាក់​ប្ដី​ប្រពន្ធ​ (​ជុយ សុខហេង (​ប្ដី​) និង​ ពៅ ឌីណា​ (​ប្រពន្ធ​)) ​ក្នុង​វង់​ស៊ីផឹក​ ១ ​កន្លែង នៅ​សង្កាត់​បឹងកក់​ ២ ខណ្ឌទួលគោក រាជាធានី​ភ្នំពេញ​។ បន្ទាប់មក ជនរងគ្រោះ​បាន​ប្តឹង​ទៅ​តុលាការ​ និង​ក្រសួងមហាផ្ទៃ​ព្រមទាំង​គណៈមេធាវី​។

លោក អ៊ី សុខឃី អគ្គស្នងការរង​នគរបាលជាតិ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ដោយ​អនុវត្តតាម​បទបញ្ជា​របស់​នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ អង្គភាព​ជំនាញ​បាន​អនុវត្ត​វិន័យ​កងកម្លាំង និង​ព្យួរការងារ​លោក ថ្លាង ភិនរ៉ា រួចរាល់​ហើយ​។ ​ការសម្រេច​នេះ បន្ទាប់ពី​ជនរងគ្រោះ​មិន​ព្រម​បញ្ចប់រឿង​ក្រៅ​ប្រព័ន្ធ​តុលាការ​ជាមួយ​ភាគី​ជនបង្ក​។ ​លើស​ពី​នេះ​លោក​បាន​ណែនាំ​ឱ្យ​មន្ត្រី​ចុះសួរ​សុខទុក្ខ​ជនរងគ្រោះ ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​បន្ថែមទៀត​។

លោក​ សុខឃី បញ្ជាក់ថា​៖ «​សំណុំ​រឿងនេះ គឺ​ហួស​ពី​ដែន​សមត្ថកិច្ច​យើង​ហើយ ដោយ​យើង​បាន​ព្យួរការងារ​គាត់​ហើយ អ៊ីចឹង​ការងារ​បន្ទាប់ គឺ​តុលាការ​គាត់​ចាត់វិធាន​បែប​ណា​ទៀត វា​ជា​ការសម្រេច​របស់​តុលាការ ។ កន្លងមក យើង​បាន​សម្របសម្រួល ប៉ុន្ដែ​ជនរងគ្រោះ​គាត់​មិន​ព្រម​ទេ អ៊ីចឹង​រឿង​ហ្នឹង​ឱ្យ​តុលាការ​ចាត់ចែង​»​។

លោក ជុយ សុខហេង ជា​ម្ចាស់​ហាង​គុយទាវ​អង្គរជុំ​សាខា​ទួលគោក​ដែល​ជា​ដើមបណ្ដឹង​កាលពី​ម្សិលមិញ​បាន​បង្ហាញ​ការអរគុណ​ថ្នាក់ដឹកនាំ​​ក្រសួង​មហាផ្ទៃ ចំពោះ​ការដាក់វិន័យ និង​ការព្យួរ​ការងារ​លោក ថ្លាង ភិនរ៉ា នេះ​។

លោក​បន្តថា គ្រួសារ​លោក​ប្រកាន់​ជំហរ​មិន​ចរចា​បញ្ចប់រឿង​ក្រៅ​ប្រព័ន្ធតុលាការ ឬ​ប្រព័ន្ធ​ច្បាប់​ទេ​ពោល​គឺ​ទុក​លទ្ធភាព​ឱ្យ​ច្បាប់​ជា​អ្នកចាត់ចែង​តាម​នីតិវិធី​»​។

លោក គុជ គឹមឡុង អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ពី​សំណុំ​រឿងនេះ​បាន​ទេ​កាលពី​ម្សិលមិញ​។

តាម​ពាក្យបណ្ដឹង​របស់​ជនរងគ្រោះ​ទៅ​ស្ថាប័ន​ទាំង​៣ ខាងលើ​ពី​ថ្ងៃ​ទី​ ២២ ខែកញ្ញា ​ថា លោក ថ្លាង ភិនរ៉ា បាន​ជេរប្រមាថ និង​គំរាម​បាញ់សម្លាប់​លោក និង​ភរិយា​ដោយ​ដក​កាំភ្លើង​ពី​ចង្កេះ​អាម៉េ​បញ្ចូល​គ្រាប់​តម្រង់​ទៅលើ​លោក និង​ភរិយា ខណៈ​កំពុង​ហូប​អាហារ​ថ្ងៃត្រង់​ជុំគ្នា​ជាមួយ​មិត្តភក្តិ​ ៨ ​នាក់​ ក្នុង​ហាង​លោក​ផ្ទាល់​។

តាម​បណ្ដឹង​នោះ​ថា​៖ «​យើង​​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​សម្ដេច​ក្រឡាហោម ស ខេង និង​តុលាការ​ជួយ​រក​យុត្តិធម៌​ឱ្យ​គ្រួសារ​យើងខ្ញុំ​ផង ព្រោះ​យើងខ្ញុំ​នៅ​បារម្ភ​សុវត្ថិភាព​នៅ​ឡើយ​។​...​យើងខ្ញុំ​សូម​ទាមទារ​សំណង​ជំងឺ​ចិត្ត​ ១០ ​ម៉ឺន​ដុល្លារ និង​ស្នើ​​សុំ​ឱ្យ​ច្បាប់​ផ្តន្ទាទោស​ធ្ងន់ធ្ងរ​មិន​អាច​លើកលែង​បាន​ទេ​»​។

លោក ថ្លាង ភិនរ៉ា មិនអាច​​សុំ​ការបញ្ជាក់​ពី​ករណីនេះ​បាន​​ទេ​កាលពី​ម្សិលមិញ​ ដោយ​អ្នក​​លើក​ទូរស័ព្ទ​លោក​ប្រាប់ថា លោក ថ្លាង ភិនរ៉ា កំពុង​បំពេញ​​ការងារ​នៅ​ក្រសួង​មហាផ្ទៃ​៕

វីដេអូ៖