
ពិព័រណ៍ការងារដែលរៀបចំឡើងកាលពីឆ្នាំមុន។ រូបថត ក្រសួងការងារ
ភ្នំពេញៈ ពិព័រណ៍ការងារ និងផលិតភាពជាតិលើកទី ១០ នៅឆ្នាំ ២០២០ នេះ នឹងត្រូវរៀបចំឡើងរយៈពេល ២ ថ្ងៃ មានទាំងតាមអនឡាញ និងជួបផ្ទាល់ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅចុងសប្តាហ៍នេះ ដើម្បីចូលរួមគាំទ្រដល់ភាគីពាក់ព័ន្ធក្នុងទីផ្សារការងារ ពិសេសខណៈសម្ទុះតម្រូវការកម្លាំងពលកម្មរបស់និយោជកកំពុងងើបឡើងវិញទោះបីជួបកូវីដ ១៩ ក្តី។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃក្រសួងការងារសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នឹងរៀបចំពិព័រណ៍នៅថ្ងៃទី ១៤-១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០។
ក្រសួងបានបន្តថា ការតាំងពិព័រណ៍នេះរួមបញ្ចូលគ្នាតាមរយៈយន្តការសំខាន់ ២ គឺការរើសបុគ្គលិកនិងរកការងារតាមអនឡាញ និងការរៀបចំតាំងបង្ហាញដោយក្រុមហ៊ុនធំៗផ្ទាល់នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈដើម្បី ឆ្លើយតបទៅនឹងវិធានការរក្សាគម្លាតសង្គម និងបង្ការសុវត្ថិភាពពីការរីករាលដាលនៃកូវីដ ១៩។
ក្រសួងការងាបញ្ជាក់ថា៖ «គោលបំណងនៃការរៀបចំពិព័រណ៍នេះគឺការរួមចំណែកគាំទ្រដល់ភាគីពាក់ព័ន្ធក្នុងទីផ្សារការងារពិសេសនិយោជកដែលកំពុងមានសម្ទុះតម្រូវការកម្លាំងពលកម្មងើបឡើងវិញ ទោះបីរងការគំរាមកំហែងដោយកូវីដ ១៩ក្តី។ NEA បង្កើនការយកចិត្តទុកដាក់ខ្ពស់លើវិធានការអនាម័យ និងសុខភាពស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល»។
បើតាមប្រភពដដែលពិព័រណ៍ការងារតាមអនឡាននឹងដើរតួនាទីជាអន្តរការីយ៉ាងសកម្មក្នុងរក្សាតុល្យភាពការងារនៅក្នុងទីផ្សារការងារកម្ពុជាបច្ចុប្បន្នដោយផ្តល់នូវជម្រើសងាយស្រួល ២ ដែលទី១ និយោជកនិងអ្នកស្វែងរកការងារអាចដាក់ពាក្យតាមប្រព័ន្ធអនឡានដោយចូលទៅកាន់គេហទំព័រពិព័រណ៍ការងារឈ្មោះ www.careerfair.nea.gov.kh ដើម្បីមើលព័ត៌មានជ្រើសរើសបុគ្គលិក ស្វែងយល់អំពីក្រុមហ៊ុនធំៗដែលតាំងបង្ហាញ និងដាក់ពាក្យផ្ទាល់នៅលើវេបសាយនោះតែម្តង។ ទី២ សាធារណជន និងភាគីពាក់ព័ន្ធអាចមកទស្សនា និងជួបក្រុមហ៊ុនផ្ទាល់ និងដាក់ពាក្យស្វែងរកការងារនៅក្នុងបរិវេណ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាមួយគ្នានេះ ក្រសួងការងារបានអំពាវនាវដល់សិស្ស-និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើសូមចូលរួមឲ្យបានច្រើនកុះករក្នុងពិព័រណ៍នេះ និងកុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) មកដាក់ពាក្យ សម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនធំៗ តាមអនឡាញ និងនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមថា និយោជក និងអ្នកស្វែងរកការងារ បន្តគាំទ្រ និងទទួលបានអត្ថប្រយោជន៍ពីពិព័រណ៍ការងារនេះស្របពេលទាំងអស់គ្នាត្រូវចូលរួមយ៉ាងសកម្មជំរុញដំណើរការទីផ្សារការងារឲ្យប្រព្រឹត្តទៅដោយរលូន រក្សាសុខភាព អនាម័យ និងបង្ការកូវីដ ១៩។
និស្សិតឆ្នាំទី៤ នៃដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញលោក សុខ ណាលិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ វិច្ឆិកា នេះថា លោកចាប់អារម្មណ៍ចំពោះការតាំងពិព័រណ៍ការងារនេះដោយសារលោកជានិស្សិតនៃឆ្នាំបញ្ចប់ការសិក្សា ដែលត្រូវដល់ពេលប្រឡូកចូលក្នុងការងារម្តង។
លោកបានថ្លែងថា៖ «ខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះខ្ញុំជានិស្សិតឆ្នាំទី៤ ហើយ ដូច្នេះខ្ញុំចង់ស្វែងយល់ពីការងារក្នុងសង្គមខ្លះមុនរៀនចប់។ ខ្ញុំអាចនឹងដាក់ពាក្យធ្វើការនៅស្ថាប័នណាមួយនៅពេលដែលខ្ញុំចូលរួមក្នុងការតាំងពិព័រណ៍ការងារនេះ ព្រោះថាចង់សាកពីសមត្ថភាពខ្លួនឯងដែរ»។
លោក ណាលិ បានបន្ថែមថា ការតាំងពិព័រណ៍ការងារពិតជាល្អ និងផ្តល់នូវប្រយោជន៍ច្រើនសម្រាប់ប្រជាពលរដ្ឋ ពិសេសនិស្សិត ដែលទើបបញ្ចប់ការសិក្សា អ្នកស្វែងរកការងារ និងអ្នកមិនដឹងថាខ្លួនឯងនឹងត្រូវធ្វើអី្វពេលរៀនចប់ដែលអាចស្វែងរកព័ត៌មានផ្សេងៗបានតាមរយៈការពិព័រណ៍នេះ។
គួរបញ្ជាក់ផងដែរថា ការពិព័រណ៍ការងារនិងផលិតភាពជាតិលើកទី៩ នាឆ្នាំ ២០១៩ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ក្រុមហ៊ុន សហគ្រាស នាំមុខគេសំខាន់ៗ រួមទាំង ក្រសួង-ស្ថាប័នរដ្ឋ និងអង្គការជាតិ-អន្តរជាតិចំនួន ១៥០ នៅតាមបញ្ជរចំនួន ៣០០ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដោយមានអ្នកចូលរួមទស្សនាប្រមាណជា ៣ ម៉ឺននាក់៕