ឧត្តរមានជ័យៈ ព្រៃ​សហគមន៍​ចំនួន​ ២ ត្រូវបាន​បង្កើត​ទៅជា​ដែន​​ជម្រក​សត្វព្រៃ​ទំហំ​ជាង​ ៣ ​ម៉ឺន​ហិកតា ខណៈ​តំបន់​ទាំង​នោះ​កំពុង​ខ្វះ​មន្ត្រី​ឧទ្យានុរក្ស​ និង​មាន​បទល្មើស​ច្រើន​រហូត​មន្ត្រី​បរិស្ថាន​​ចាត់​ទុក​ថា​ «​ជា​តំបន់​ក្តៅ​ទាំង​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​»​។

ព្រៃ​សហគមន៍​សង្ឃរុក្ខាវ័ន​ទំហំ​ ១៨២៦១ ​ហិកតា​,​រតន​រុក្ខា​ជាង​ ១ ​ម៉ឺន​ហិកតា​ និង​តំបន់​លិច​ទឹក​ពី​ទំនប់​វារីអគ្គិសនី​ស្ទឹងត្រែង​ ២ ​ជាង​ ៦០០​ ​ហិកតា​សរុប​ទំហំ​ ៣០ ២៥៤ ហិកតា ក្នុង​ស្រុក​អន្លង់វែង​,​ចុងកាល់ និង​ក្រុង​សំរោង ត្រូវ​បាន​រដ្ឋាភិបាល​បង្កើត​ជា​ដែនជម្រក​សត្វព្រៃ​ឈ្មោះ​ «​សង្ឃរុក្ខាវ័ន​» ​ទៅ​តាម​​សំណើ​របស់​ក្រសួង​បរិស្ថាន​។

អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ និង​ត្រូវ​បាន​ក្រសួង​បរិស្ថាន​បង្ហោះ​លើ​ហ្វេសប៊ុក​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​ការបង្កើត​ដែនជម្រក​នេះ​គឺ​ដើម្បី​ធានា​ឲ្យ​មាន​ការ​ថែទាំ​ទីជម្រក​សត្វព្រៃ​ និង​ប្រព័ន្ធ​អេកូឡូស៊ី សារ​ព័ន្ធ​មជ្ឈដ្ឋាន​ធម្មជាតិ​ព្រម​ទាំង​ធានា​ឲ្យ​មាន​ការ​បំពេញ​លក្ខខណ្ឌ​ចាំបាច់​​សម្រាប់​ប្រភេទ​ណាមួយ​នៃ​សត្វព្រៃ រុក្ខជាតិ និង​ជីវចម្រុះ ដើម្បី​រក្សា​លំនឹង​បរិស្ថាន ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ និង​រួម​​ចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះ​​មហន្តរាយ​ធម្មជាតិ​ដើម្បី​ផ្តល់​ផលិតផល​ និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់​ដោយ​​និរន្តរភាព និង​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូលរួម​ពី​សហគមន៍ ក៏ដូចជា​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ថែរក្សា ការពារ​អភិរក្ស និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ដោយ​និរន្តរភាព​។

អនុក្រឹត្យ​បាន​បញ្ជាក់​ថា ផ្ទៃដី​នេះ​មិន​រួម​បញ្ចូល​ដី​កសិកម្ម​ឯកជន​ និង​ដី​ប្រើប្រាស់​ប្រយោជន៍​​សាធារណៈ​ទេ​។

ព្រះតេជគុណ ប៊ុន សាលួត ប្រធាន​សហគមន៍​សង្ឃរុក្ខាវ័ន​បាន​សម្ដែង​ទឹក​ព្រះទ័យ​ត្រេកអរ​ចំពោះ​ការបង្កើត​ដែនជម្រក​សត្វព្រៃ​នេះ ព្រោះ​វា​ស្រប​តាម​គោលបំណង​សហគមន៍​ដែល​ចង់​ការពារ​ធនធាន​ធម្មជាតិ​ពិសេស​ព្រៃឈើ​ និង​សត្វព្រៃ​ឲ្យ​នៅ​គង់វង្ស​​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

ព្រះអង្គ​មាន​សង្ឃដីកា​ថា​៖ «​វា​ល្អ​ដោយ​ការបង្កើន​ជា​ដែន​ជម្រក​នេះ​ជួយ​ការពារ​ព្រៃឈើ​ឲ្យ​បាន​កាន់តែ​យូរ​រហូត​ដល់​មួយរយ​មួយ​ពាន់​ឆ្នាំ​តាម​គោលបំណង​អាត្មា​...​​ បើ​មាន​ដែនជម្រក​ច្រើន​វា​ធ្វើឲ្យ​ជម្រក​ព្រៃឈើ​ក៏​កាន់តែ​កើនឡើង​ដែរ​»​។

ព្រះតេជគុណ សាលួត ធ្លាប់​បាន​ទទួល​រង្វាន់​ Equator Prize ​ប្រចាំ​ឆ្នាំ​ ២០១០ ​នៅ​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​ពី​គម្រោង​​អភិរក្ស​ជីវចម្រុះ​ដែល​ជា​គម្រោង​ពហុ​ដៃគូ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​​សហប្រជាជាតិ​ (UNDP) ​ដោយ​​សារ​ស្នាដៃ​ការពារ​ព្រៃ​សហគមន៍​នេះ​។

ព្រះអង្គ​បាន​ប៉ាន់​ប្រមាណ​ថា ក្នុង​ដែន​ជម្រក​សត្វព្រៃ​ថ្មី​នេះ​នៅ​សេសសល់​ព្រៃឈើ​ជិត​ ៣ ​ម៉ឺន​​ហិកតា​ដែរ ពិសេស​គឺ​ក្នុង​ព្រៃ​សហគមន៍​ព្រះអង្គ​ដែល​មាន​សត្វព្រៃ និង​សត្វ​ស្លាប​ប្រមាណ​ ៦០ ​ប្រភេទ​កំពុង​រស់នៅ​។

លោក ភួង លីណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា សហគមន៍​ដែល​បង្កើត​ជា​ដែនជម្រក​នេះ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​សហគមន៍​តំបន់​ការពារ​វិញ តែ​សហគមន៍​នៅតែ​មាន​តួនាទី​គ្រប់គ្រង​ដដែល​។

លោក​បាន​ឲ្យ​ដឹង​ថា​តំបន់​ទាំង​នោះ​ពី​មុន​គ្រាន់តែ​ជា​ «​របៀង​​អភិរក្ស​ជីវចម្រុះ​ឧត្តរ​» ហើយ​ដោយសារ​តំបន់​នោះ​សម្បូរ​ដោយ​សក្កានុពល​សត្វ​ និង​ធនធាន​ធម្មជាតិ​ព្រៃឈើ​ «​ប្រភេទ​កម្រ​ និង​ប្រណីត​» ​ទើប​ក្រសួង​បរិស្ថាន​ និង​អាជ្ញាធរ​ខេត្ត​រៀបចំ​ឯកសារ​បង្កើត​ជា​ដែន​ជម្រក​នេះ​ឡើង​។ ​ប៉ុន្តែ​ធនធាន​សម្បូរ​ទាំងនោះ​ក៏​កំពុង​បង្ក​ជា​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ដ៏​ក្តៅ​កើតឡើង​ផងដែរ ពិសេស​គឺ​ប្រព្រឹត្ត​ដោយ​ពលរដ្ឋ​រស់នៅ​ភូមិ​ចារថ្មី ឃុំ​លំទង ស្រុក​អន្លង់វែង ដែល​តែង​ឆ្លៀត​ឱកាស​លួច​កាប់​ឈើ និង​បរបាញ់​សត្វព្រៃ​។

លោក លីណា បាន​បញ្ជាក់​ថា​៖ «​តំបន់​ហ្នឹង​បទល្មើស​នៅ​​មាន ហើយ​បទល្មើស​ក្តៅ​ទៀត​ទាំង​បទល្មើស​ព្រៃឈើ ទាំង​សត្វព្រៃ​។ អ្វីដែល​ក្តៅ​បំផុត​គឺ​ស្ថានភាព​បទល្មើស​ភាគច្រើន​មាន​ប្រភព​មកពី​ពលរដ្ឋ​នៅ​ភូមិ​ចារ​ថ្មី​។ យើង​ពិបាក ដោយសារ​ការ​លបលួច​របស់​ពួកគាត់​ធ្វើ​នៅពេល​យប់​»​។

លោក លីណា បាន​បន្ត​ថា បច្ចុប្បន្ន​គឺ​គ្មាន​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​នៅ​ប្រចាំការ​ល្បាត​នៅ​ដែន​ជម្រក​ថ្មី​នេះ​ទេ ដោយសារ​ខ្វះ​កម្លាំង​។ ​ប៉ុន្តែ​ប្រមាណ​ជា​ ១ ​ឆ្នាំ​មក​ហើយ​កម្លាំង​ឧទ្យានុរក្ស​បរិស្ថាន​ ២ ​ក្រុម​មាន​គ្នា​ ៨ ​នាក់​មកពី​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព​ និង​ពី​តំបន់​ការពារ​ទេសភាព​បន្ទាយឆ្មារ​បាន​ប្តូរ​វេន​គ្នា​ចុះ​ល្បាត​នៅ​ទីនោះ​។ ក្នុងនោះ​ ១ ​ក្រុម​ត្រូវ​ចុះ​ ១០ ​ថ្ងៃ​ក្នុង​១​ខែ ដោយ​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ ២ ​នាក់ ទាហាន​អចិន្រៃ្តយ៍​ ៥ ​នាក់​ និង​កម្លាំង​សហគមន៍​ជាច្រើន​ទៀត​។

លើស​ពី​នោះ​ទៀត​ក្នុង​ករណី​ត្រូវ​បង្ក្រាប​បទល្មើស​បន្ទាន់ មន្ទីរ​បរិស្ថាន​អាច​ស្នើសុំ​កម្លាំង​ចម្រុះ​បន្ថែម​។

លោក​បាន​បញ្ជាក់​ថា​៖ «​កម្លាំង​​បរិស្ថាន​យើង​មាន​ប្រហែល​ ១០ ​នាក់​ទេ​។ ​អ៊ីចឹង​បើ​ប្រៀបធៀប​នឹង​ទំហំ​ផ្ទៃដី​នេះ​គឺ​ចំនួន​ [​ឧទ្យានុរក្ស​] ​តិច​មែនទែន​។ បទល្មើស​ផ្សេង​ទៀត​មាន​ទ្រង់ទ្រាយ​តូចៗ តែ​យើង​បង្ក្រាប​ជា​បន្តបន្ទាប់​»​។

ក្រៅពី​ពលរដ្ឋ អតីត​ព្រៃ​សហគមន៍​សង្ឃរុក្ខាវ័ន​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​កសិកម្ម​ក៏​ធ្លាប់​មាន​បញ្ហា​ជាមួយ​ក្រុម​ទាហាន​ខ្លះ​ដែល​លួច​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ផង​ដែរ​។ ករណី​ចុងក្រោយ​គឺ​កើត​មាន​កាលពី​ថ្ងៃទី​ ២៨ ខែ​មករា ដែល​ទាហាន​ឈ្មោះ ដូង នៅ​វរៈ ៤២៤ នៃ​កងពល​ ៤២ ​បាន​វាយ​ដណ្តើម​យក​ឈើ​ល្មើសច្បាប់ និង​គំរាម​យក​សាំង​ដុត​សម្លាប់​សមាជិក​សហគមន៍​លោក លឿត ឡោះ ដោយសារ​ខឹង​លោក​ និង​មន្ត្រី​​រដ្ឋបាល​ព្រៃឈើ​ចាប់​ដក​ហូត​ឈើ​ធ្នង់​ចំនួន​ ៨ ​សន្លឹក​នៅក្នុង​​ក្រុង​សំរោង​។

លោក អ៊ឹម សាវរិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។

ទោះ​យ៉ាង​ណា​លោក លីណា ក៏​បាន​អះអាង​ផង​ដែរ​ថា កន្លង​​មក​ក្រុម​ល្បាត​បាន​បង្ក្រាប​បទល្មើស​ជាច្រើន​ករណី​។ ក្នុង​នោះ​​ចាប់​តាំងពី​ចុង​ឆ្នាំ​ ២០១៧ មក​​បាន​បញ្ជូន​ទាំង​ជនល្មើស​វត្ថុតាង​​ និង​សំណុំ​រឿង​ទៅ​តុលាការ​ប្រមាណ​ជា​ ១០ ​ករណី​ដែរ ហើយ​ពេល​នេះ​តុលាការ​កំពុង​ចាត់ការ​ជា​បន្តបន្ទាប់​ក្នុង​នោះ​មាន​ទាំង​ករណី​បាញ់​ពន្លិច​ទូក​ពី​សំណាក់​ជន​ប្រដាប់​អាវុធ​ផង​ដែរ​៕