ក្រចេះ: អាជ្ញាធរ​ខេត្ត​ក្រចេះ និង​អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បដិសេធ​ថា ពុំ​មាន​មនុស្ស​ស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​នៅ​ក្នុង​ការតវ៉ា​បិទ​ផ្លូវ រឿង​វិវាទ​ដីធ្លី​របស់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​នៅ​ស្រុក​ស្នួល​កាលពី​ម្សិលមិញ​ដូច​ការអះអាង​ពី​ប្រភព​មួយ​ចំនួន​នោះ​ទេ គឺ​មានតែ​អ្នក​រងរបួស​តែ​ប៉ុណ្ណោះ​។

លោក គង់ គឹមនី អភិបាលស្រុក​ស្នួល​បាន​ថ្លែង​ថា មុនពេល​ប៉ះទង្គិច​នេះ​អាជ្ញាធរ​បាន​ចុះ​ចរចា និង​សម្របសម្រួល​ចំនួន ២ លើក​មក​ហើយ ប៉ុន្ដែ​ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​មិន​យល់​ព្រម​តាម​យោបល់​របស់​អាជ្ញាធរ​ទេ​។

លោក​បន្ត​ថា​៖ «​យើង​ជួបប្រជុំ​ជាមួយ​ពួកគាត់ ប៉ុន្ដែ​ពួកគាត់​មិន​បាន​យល់​ព្រម ហើយ​ក៏​មាន​ការ​បិទផ្លូវ​ដែល​ធ្វើឲ្យ​ប៉ះទង្គិច​គ្នា​នេះ​បណ្ដាល​ឲ្យ​សមត្ថកិច្ច​រងរបួស​ស្រាល ៧ នាក់​ហើយ​ពលរដ្ឋ​របួសស្រាល​ ២ ​នាក់​ដែរ តែ​អត់​មាន​ស្លាប់​ទេ ហើយ​ក៏​ត្រូវ​បាន​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ក្រចេះ​អស់​ហើយ​ដែរ​»​។

ចំណែក​លោក​ គៀត ច័ន្ទថារិទ្ធ អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​ថា ពុំ​មាន​មនុស្ស​ស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​រវាង​ប្រជាពលដ្ឋ និង​អាជ្ញាធរ​នៅ​ខេត្ត​ក្រចេះ​នោះ​ទេ គឺ​មាន​តែ​រងរបួស​ប៉ុណ្ណោះ​។

លោក​បញ្ជាក់​ថា​៖ «​តាម​របាយការណ៍​ដែល​ខ្ញុំ​ទទួល​បាន​ពី​ស្នងការ​ខេត្ត​ក្រចេះ​ព្រឹក​មិញ​ (៨​ មីនា​) គឺ​មាន​ប្រតិបត្តិការ​មួយ​ដឹកនាំ​ដោយ​អភិបាលរង និង​ព្រះរាជអាជ្ញារង​ខេត្ត ចុះ​ទៅ​ជួយ​ការពារ​ការ​កាយ​ដី​ធ្វើ​ព្រំ​របស់​ក្រុមហ៊ុន​មេមត់​។ នៅពេល​ដែល​ពួកគាត់​ចុះ​ទៅ​ក៏​មាន​ប្រជាពលរដ្ឋ ២០០ ទៅ ៣០០ នាក់​តវ៉ា​សុំ​ឲ្យ​ផ្អាក ហើយ​ក៏​មាន​ការសម្របសម្រួល​រវាង​ព្រះរាជអាជ្ញា អភិបាលរង​ខេត្ត និង​ប្រជាពលរដ្ឋ តែ​ខាង​ប្រជាពលរដ្ឋ​លោក​មិន​ព្រម​»​។

លោក​បន្ត​ថា​​ ក្រោយ​មក​ប្រហែល​ម៉ោង ១១ ថ្ងៃ​ត្រង់​ប្រជាពលរដ្ឋ​បាន​បិទផ្លូវ​ប្រហែល ២ ម៉ោង​ជាង​។ នៅពេល​នោះ​ក្រុម​ប្រតិបត្តិ​ការព្យាយាម​សម្របសម្រួល​ពលរដ្ឋ​ ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ព្រម​។ «​ហើយ​ចុង​ក្រោយ​ពួកគាត់​ហាក់​ដូច​មាន​សកម្មភាព​ដូចជា​មាន​កាំបិត ពូថៅ គ្រោង​នឹង​ធ្វើ​អំពើ​ហិង្សា និង​ដុត​គ្រឿងចក្រ​ហើយ​ដើម្បី​ទប់ស្កាត់​អំពើ​អស់ហ្នឹង ក៏​មាន​ការផ្ទុះ​អាវុធ​ឡើង​លើ​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​អំពើ​ហិង្សា​»​។ «​បន្ទាប់ពី​ផ្ទុះ​អាវុធ​ប៉ុន្មាន​គ្រាប់ យើង​មិន​បាន​ដឹង​ថា ប៉ុន្មាន​គ្រាប់​ដែរ​។ ការផ្ទុះអាវុធ​មួយ​ចំនួន​ប្រជាពលរដ្ឋ​ក៏​បាន​រំសាយ​ទៅ ប៉ុន្តែ​មិន​ដឹង​ថា​អាវុធ​វា​យ៉ាង​ម៉េច វា​ប្លាត​ត្រូវ​របួស​ប្រជាពលរដ្ឋ​ ២ ​នាក់​ប្រុស​ម្នាក់​ស្រី​ម្នាក់ ហើយ​តាម​របាយការណ៍​គឺ​ថា​របួស​ស្រាល​ហើយ​ប្រហែល​ជា​ត្រូវ​ដៃ​ ឬ​ជើង​»​។

បើ​តាម​លោក ច័ន្ទថារិទ្ធ នៅ​ក្នុង​ហេតុការណ៍​នេះ​ព្រះរាជអាជ្ញា​បាន​បញ្ជា​ឲ្យ​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ ១០ ​នាក់​ដែល​បាន​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ដើម្បី​សួរនាំ ហើយ​ក្នុង​ចំណោម ១០ នាក់​នោះ​មាន​ ២ ​នាក់​រងរបួស​ស្រាល​។

លោក​ក៏​ឲ្យ​ដឹង​ដែរ​ថា កម្លាំង​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​មាន​ «​នគរបាល ៥០ នាក់​កងរាជ​អាវុធហត្ថ​ ៥០ នាក់​ហើយ​កម្លាំង​ប្រតិបត្តិការ​សឹក​រង​ខេត្ត ៥០ នាក់​»​។

លោក​គូស​បញ្ជាក់​ទៀត​ថា​៖ «​ក្នុង​នាម​នគរបាល​ជាតិ​ដោយសារ​មាន​ការ​របួសស្នាម​គឺ​យើង​មាន​ការ​សោកស្តាយ មិន​គួរ​ឲ្យ​មាន​រឿង​នេះ​កើតឡើង តែ​យើង​ក៏​មិន​ដឹង​ថា​ស្ថានភាព​ជាក់ស្តែង​ដែល​នាំ​ឲ្យ​កើត​រឿង​នេះ​វា​យ៉ាង​ម៉េច​បាន​ជា​ឈាន​ទៅ​ដូច្នេះ​»​។

ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ប៉ះ​ទង្គិច​គ្នា​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​កាលពី​ម្សិលមិញ​។ រូបថត សហការី

ប៉ុន្តែ​មេឃុំ ២ ​ធ្នូ និង​បុគ្គលិក​អង្គការ​អាដហុក​ព្រម​ទាំង​ពលរដ្ឋ​មួយ​ចំនួន​បាន​អះអាង​ផ្ទុយ​ពី​នេះ​ដោយ​ថា មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​ការប៉ះទង្គិច​គ្នា​នេះ​។

លោក ប៉ឹង វិន មេឃុំ ២ ធ្នូ ខេត្ត​ក្រចេះ​អះអាង​ថា​លោក​ក៏​បាន​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ​ដោយ​លោក​ថា​៖ «​ខ្ញុំ​បាន​ទៅ​កន្លែង​កើត​ហេតុ ប្រជាពលរដ្ឋ​បាន​បិទ​ផ្លូវ​ដោយសារ​គាត់​ខឹង​អាជ្ញាធរ​បាន​មក​ដុត​ផ្ទះ ដំណាំ​ក្នុង​ចម្ការ ខ្ញុំ​ឃើញ​សព​មនុស្ស​សែង​នឹង​អង្រឹង​។ ខ្ញុំ​បាន​នៅ​នឹង​កន្លែង​កើត​នោះ​ដែរ ដោយ​មាន​ក្រុម​ប៉ូលិស​ទាហាន​ ខណៈ​ដែល​ពួកគាត់​បាន​ទាមទារ​សុំ​បែងចែក​ដី​ពី​ក្រុមហ៊ុន​។ ពេល​ថ្ងៃ​ហ្នឹង​ខ្ញុំ​បាន​ឃើញ​មនុស្ស​ស្លាប់​ ២ ​នាក់​ផ្ទាល់​នឹង​ភ្នែក​ខ្ញុំ​ ប៉ុន្ដែ​ល្ងាច​នេះ​ខ្ញុំ​ក៏​បាន​ឃើញ​គេ​សែង​អង្រឹង​ដាក់​សាកសព​ ២ ​ឬ ​៣ ​នាក់​បន្ថែម​ទៀត​»​។

លោក ប៊ី វណ្ណី បុគ្គលិក អង្គការ​អាដហុក​ក៏​បាន​អះអាង​ដែរ​ថា ក្រុម​អាជ្ញាធរ​បាន​ចុះ​រុះរើ​ខ្ទម​ដែល​ពលរដ្ឋ​សង់​លើ​ដី​ជម្លោះ ហើយ​ពលរដ្ឋ​បាន​ធ្វើការ​តវ៉ា ដែល​បណ្តាល​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា និង​ការបាញ់​កាំភ្លើង​កើតឡើង​។

លោក​បញ្ជាក់​ថា ​ហេតុការណ៍​នេះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ចំនួន ២ នាក់​បាន​ស្លាប់ នៅ​នឹង​កន្លែង និង ៤ នាក់​ទៀត​បាន​ស្លាប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​នៅក្នុង​ហេតុការណ៍​នេះ ទូរស័ព្ទ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ ២០០ គ្រឿង​ត្រូវ​បាន​អាជ្ញាធរ​ដកហូត​។ នៅពេល​ទាក់ទង​សុំ​ការ​បញ្ជាក់​ក្រោយ​មក​ទៀត លោក​ ប៊ី វណ្ណី ថ្លែង​ថា​ព័ត៌មាន​ដែល​ថា ស្លាប់ ៦ នាក់​នោះ​គឺ​លោក​ទទួល​បាន​ពី​ពលរដ្ឋ ហើយ​ក្រោយ​មក​ទៀត​ទើប​មាន​សេចក្តី​រាយការណ៍​ថា មាន​ទាំង​ពលរដ្ឋ និង​កម្លាំង​អាជ្ញាធរ​រងរបួស​។

ពលរដ្ឋ​ម្នាក់​អាយុ​ ៥៣ ​ឆ្នាំ​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​អះអាង​ថា លោក​កំពុង​តែ​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​កន្លែង​កើតហេតុ​ស្រាប់​តែ​អ្នក​តវ៉ា​នៅ​ខាង​ក្នុង​ម្នាក់ បាន​ទូរស័ព្ទ​ប្រាប់​លោក​កុំ​ឲ្យ​ចូល​ទៅ​ដោយ​ថា មាន​ពលរដ្ឋ​ពួកគាត់ ២ នាក់​ប្រុស​ម្នាក់​ស្រី​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់ ហើយ​ម្នាក់​ទៀត​របួស​។ បុរស​រូប​នេះ​អះអាង​បន្ត​ថា​លោក​ជឿជាក់​ថា​ពលរដ្ឋ​ពួកលោក​ពិតជា​ត្រូវ​បាញ់​ស្លាប់​មែន ហើយ​អ្វី​ដែល​អាជ្ញាធរ​បាន​បដិសេធ​នោះ​គឺ​ដើម្បី​បិទបាំង​ព័ត៌មាន​ប៉ុណ្ណោះ​។ ​«​រឿង​សាកសព​ហ្នឹង គេ​យក​ទៅ​ណា ខ្ញុំ​មិនដឹង​ដែរ​...​ធម្មតា​រាស្ត្រ​ស្លាប់ អាជ្ញាធរ​គេ​ថា មិន​ស្លាប់​។ ស្លាប់​ដូច​ខ្មោច​ឆ្កែ​»​។

បុរស​រូប​នេះ​បាន​អះអាង​ថា​លោក​មាន​ដី​ចំនួន ១ ហិកតា​កន្លះ​នៅ​កន្លែង​ដី​ទំនាស់​នោះ តែ​ក្រុមហ៊ុន​បាន​ទៅ​ឈូសឆាយ​ជីក​ប្រឡាយ​ដើម្បី​ធ្វើ​ក្រវាត់​ព្រំដី​។ លោក​ថា លោក​នៅ​តែ​​តវ៉ា​យក​ដី ដោយ​នឹង​នាំ​គ្នា​ផ្តិត​មេដៃ​ដើម្បី​ដាក់​ជូន​សុំ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន​។

លោក​ សឺន សែនករុណា អ្នក​នាំពាក្យ​អង្គការ​អាដហុក​បាន​ឲ្យ​ដឹង​ថា មន្ត្រី​តុលាការ​ខេត្ត​ម្នាក់​បាន​ទូរស័ព្ទ​ទៅ​បុគ្គលិក​អាដហុក​នៅ​ខេត្ត​ក្រចេះ​ដោយ​បង្គាប់​ឲ្យ​ធ្វើការ​កែតម្រូវ​ព័ត៌មាន​ដែល​ថា មាន​អ្នក​ស្លាប់​នោះ​។

លោក​ពន្យល់​ថា​ អាដហុក ​បាន​ទទួល​សេចក្តី​រាយការណ៍​ពី​ពលរដ្ឋ​ពី​ករណី​ស្លាប់​នោះ ហើយ​បាន​ប្រាប់​ទៅ​សារព័ត៌មាន​ដោយ​យោង​ទៅ​តាម​សម្តី​របស់​ប្រជាពលរដ្ឋ​នោះ ដោយ​មិន​ទាន់​បាន​ចុះ​អង្កេត​ខ្លួនឯង​នោះ​ទេ​។ ​«​អ្នកខ្លះ​ប្រាប់​ថា មាន​ស្លាប់ ២ នាក់​នៅ​កន្លែង​កើតហេតុ​។ ខាង​សមត្ថកិច្ច​មិន​ឲ្យ​ចូល​យក​ [​សព​] ​អ៊ីចឹង​ហើយ​មាន​ការ​ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្ត​។ ដឹក​មិន​ដល់​ក៏​ស្លាប់​តាម​ផ្លូវ តែ​ពេល​ឲ្យ​គាត់​ប្រាប់​ឈ្មោះ​អ្នក​ស្លាប់​គាត់​ថា​មិន​ទាន់​ច្បាស់​ដែរ​»​។

លោក​បន្ត​ថា ក្រោយ​មក​ខាង​អាជ្ញាធរ​ក៏​បាន​ប្រាប់​មក​វិញ​ថា គ្មាន​អ្នក​ស្លាប់​ទេ មាន​តែ​របួស​ ២ រូប និង​ចាប់​ខ្លួន ៧ រូប​ហើយ​នឹង​ម៉ូតូ ៣៦ គ្រឿង​។ លើស​ពី​នោះ​សមត្ថកិច្ច​ក៏​មាន​របួស​ ៧ ​រូប​ដែរ​។

ទាក់ទង​ទៅ​នឹង​រឿង​ឲ្យ​កែតម្រូវ​វិញ​លោក​ថា​៖ «​យើង​អត់​កែតម្រូវ​អី​ទេ​។ យើង​គ្រាន់​តែ​ជា​អ្នក​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​មក​...​យើង​មិន​អាច​ទៅ​កែ​ទេ ព្រោះ​យើង​ម៉េច​នឹង​ដឹង​?​។ បើ​សមត្ថកិច្ច​ចង់​បិទ​ព័ត៌មាន យើង​ធ្វើ​ម៉េច​?»​។

លោក​បន្ត​ថា​ ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល​លោក​មាន​ការ​សោកស្តាយ​ចំពោះ​អ្វី​ដែល​បាន​កើតឡើង ហើយ​សុំ​ឲ្យ​ភាគី​ពលរដ្ឋ និង​អាជ្ញាធរ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដោយ​ចៀសវាង​ការប្រើ​ហិង្សា​ដាក់​គ្នា​។

លោក​បន្ត​ថា លើស​ពី​នោះ​អាជ្ញាធរ​ថ្នាក់​លើ​ក៏​គួរ​មាន​ការ​ត្រួត​ពិនិត្យ​មើល​ថ្នាក់​ក្រោម​ពី​ការប្រើប្រាស់​អាវុធ​ក្នុង​ការ​បាញ់បោះ​បែប​នោះ​ដែរ​។

លោក ទីវ វុធធេន អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ក្រចេះ​បាន​អះអាង​ថា មន្ត្រី​តុលាការ​អត់​បាន​ទាក់ទង​ទៅ​បុគ្គលិក​អង្គការ​អាដហុក​នោះ​ទេ​៕

រាយការណ៍​បន្ថែមៈ ​ម៉ិច ដារ៉ា