ដោយមានបទពិសោធធ្លាប់ទទួលបានការអប់រំយ៉ាងលំបាកលំបិនកាលពីនៅវ័យកុមារសិក្សា បញ្ញជនវ័យក្មេងកម្ពុជារូបនេះបានខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីបង្កើតបានជាគ្រឹះស្ថានអប់រំប្រកបដោយគុណភាព និងទំនុកចិត្តហើយតម្លៃសមរម្យ Golden Bridge International School of Phnom Penh ដើម្បីផ្តល់ការអប់រំចំណេះទូទៅ ៣ ភាសា (អង់គ្លេស ខ្មែរ និងចិន) ដល់កុមារកម្ពុជា និងកុមារជនជាតិបរទេសប្រកបដោយគុណភាព និងទំនុកចិត្ត។
ខណៈពេលកំពុងធ្វើកិច្ចសម្ភាសន៍សម្រែករបស់កុមារតូចៗបានបញ្ចេញសំឡេងខ្ញៀវខ្ញាពេលដល់ម៉ោងចេញលេងរបស់ពួកគេ។ ក្នុងបរិវេណដីឡូត៍ធំមួយស្ថិតក្នុងខណ្ឌទួលគោកជំនួសឲ្យលំនៅឋានធម្មតា សំណង់ភូមិគ្រឹះនោះត្រូវបានកែច្នៃទៅជាសាលារៀន និងមជ្ឈមណ្ឌលថែទាំកុមារតូចៗចាប់ពីអាយុ ១៨ ខែរហូតដល់ ៥ ឆ្នាំ។
ស្ថាបនិកសាលា Golden Bridge International School of Phnom Penh លោក សេង រិទ្ធី បានថ្លែងថានៅសាខាមួយនេះមានកុមារទាំងអស់ជាង ២០០ នាក់ «ក្រៅពីទទួលបានការអប់រំចំណេះទូទៅ ពួកគាត់ត្រូវបានបុគ្គលិក និងលោកគ្រូអ្នកគ្រូរបស់យើងយកចិត្តទុកដាក់ថែទាំ និងបង្ហាត់បង្រៀនបានយ៉ាងល្អអំពីរបៀបរស់នៅ និងសុជីវធម៌»។
ភាពក្លាហានរបស់ពួកគាត់ (កុមារតូចៗ) គឺពុំមែនមាននៅតែក្នុងសាលារបស់ខ្លួននៅទីនេះទេ ប៉ុន្តែនៅឯផ្ទះជាមួយក្រុមគ្រួសារ ឬជាមួយអ្នកដទៃកុមាររបស់ Golden Bridge តែងតែបង្ហាញភាពស្វាហាប់ក្លាហាន ពេលខ្លះពួកគាត់ក្លាហានហ៊ានជជែកសួរដេញដោលជាមួយមនុស្សវ័យច្រើនជាងខ្លួនហើយថែមទាំងលើកយកអំណះអំណាងដែលពួកគាត់បានរៀនពីសាលាទៅពន្យល់ប្រាប់គេឯងទៀតផង។ «ទាំងនេះគឺជាអ្វីដែលខ្ញុំបានឮពីអាណាព្យាបាលសិស្ស។ ខ្ញុំផ្ទាល់មានមោទនភាពណាស់ព្រោះយើងចង់ឃើញអនាគតរបស់កុមារជាទីស្រឡាញ់មានចំណេះដឹងល្អនឹងអនាគតភ្លឺថ្លាជាងអ្នកជំនាន់មុន» នេះបើតាមការបញ្ជាក់របស់លោក រិទ្ធី។
សាលា GBISPP បានបង្កើតឡើងកាលពីឆ្នាំ ២០១៤ ហើយក្នុងរយៈពេល ៣ ឆ្នាំនេះក៏បន្តបង្កើតបាន ២ សាខាថ្មីថែមទៀតសរុបទៅទាំង ៣ សាខាមានសិស្សជិត ៥០០ នាក់ដោយមានលោកគ្រូអ្នកគ្រូចម្រុះជាតិសាសន៍មកពីចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិករួមទាំងបុគ្គលិកជំនួយការខ្មែរជាង ៥០ នាក់ទៀត។ ទន្ទឹមពេលដែលតួលេខកុមារមានកំណើនជាលំដាប់ និងមានសំណូមពរពីអាណាព្យាបាលសិស្សឲ្យសាលាបន្តបង្កើតថ្នាក់ដល់កម្រិតបឋមសិក្សា និងកម្រិតខ្ពស់បន្តតទៅទៀតព្រោះពួកគាត់បានឃើញលទ្ធផលជាចំណេះដឹងកូនៗរបស់គាត់មានលក្ខណៈល្អប្រសើរ បើធៀបនឹងកូនអ្នកផ្សេងដែលមានអាយុស្របាលៗគ្នា GBISPP បានពង្រីកដល់ថ្នាក់បឋមសិក្សាដោយជោគជ័យដែលបច្ចុប្បន្នមានសិស្សជិត ១០០ នាក់។ លោកពន្យល់ថា «ទស្សនវិស័យរបស់ GBISPP គឺផ្តល់ការថែទាំល្អ និងផ្តល់ការអប់រំចំណេះដឹងត្រឹមត្រូវជាពិសេសផ្នែកភាសាអង់គ្លេសដោយយកតាមកម្មវិធីសិក្សារបស់ប្រទេស អង់គ្លេស និងសិង្ហបុរី ប៉ុន្តែតម្លៃសិក្សាសមរម្យអាចទទួលយកបានសម្រាប់មាតាបិតាដែលមានជីវភាពកម្រិតចាប់ពីមធ្យមឡើងទៅ។ នេះជាជម្រើសដ៏ល្អបំផុតក្នុងចំណោមសាលាកម្រិតស្តង់ដាអន្តរជាតិទាំងឡាយនៅកម្ពុជា»។
«កូនៗរបស់ពួកគាត់ទទួលបានចំណេះដឹងជាមូលដ្ឋានគ្រឹះដ៏រឹងមាំល្អសម្រាប់អនាគតទំពាំងស្នងប្ញស្សីរបស់យើងទាំងអស់គ្នា» នេះបើតាមការបញ្ជាក់របស់លោក រិទ្ធី។ «កាលពីជំនាន់មុនយើងពុំសូវទទួលបានការអប់រំល្អពីវ័យកុមារភាពនោះទេ ដូច្នេះបំណងប្រាថ្នារបស់ខ្ញុំចង់ឲ្យកុមារទាំងអស់រួមទាំងកូនៗរបស់ខ្ញុំផងដែរទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់ និងមានអនាគតល្អប្រសើរគ្រប់ៗគ្នា »។
ដោយធ្លាប់ឆ្លងកាត់ការលំបាកច្រើនទាំងការរស់នៅ និងស្វែងរកការសិក្សាកាលពីវ័យកុមារភាពដែលស្ថាបនិកវ័យ ៣៤ ឆ្នាំរូបនេះបានកើត និងធំដឹងក្តីនៅជំរំជាយដែនខ្មែរ-ថៃ កាលពីទសវត្សរ៍ឆ្នាំ ១៩៨០ ប្លាយ។ និយាយដោយអត់លាក់លៀមលោក រិទ្ធី បានរំឭករឿងអស់សំណើចអំពីយុវវ័យរបស់ខ្លួនថាគាត់បានចំណាយពេលសិក្សានៅថ្នាក់មហាវិទ្យាល័យរហូតដល់ ៦ ឆ្នាំ និងចំណាយពេល ៤ ឆ្នាំនៅកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ដែលជាទូទៅនិស្សិតភាគច្រើនចំណាយពេលតែ ៦ ឆ្នាំប៉ុណ្ណោះពីកម្រិតមហាវិទ្យាល័យដល់ចប់អនុបណ្ឌិត។
និយាយរឿងអវិជ្ជមានផ្ទាល់ខ្លួនទាំងនេះមិនត្រឹមតែអត់អៀនទេ តែលោក រិទ្ធី បែរជាសើចតិចៗហើយពោលថា៖ «នេះគឺជាបទពិសោធជោគជ័យទៅវិញទេ ព្រោះខ្ញុំពុំប្រញាប់ប្រញាល់ពេក ឬ បង្ខំឲ្យតែឆាប់ទទួលបានតែសញ្ញាបត្រនោះទេបន្ថែមលើនោះខ្ញុំបានចំណាយពេលក្រេបយកចំណេះដឹងបានច្រើនពីថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិតយ៉ាងពេញលេញហើយថែមទាំងអាចយកចំណេះនោះទៅបង្រៀននិស្សិតនៅសាកលវិទ្យាល័យល្បីៗមួយចំនួនក្នុងទីក្រុងភ្នំពេញទៀតផង»។
«ខ្ញុំចង់ផ្តល់មតិផ្ទាល់ខ្លួនរបស់ខ្ញុំថាសិស្ស ឬនិស្សិត (ចាប់ពីថ្នាក់ទី ១២ ឡើងទៅ) គឺពួកគាត់ត្រូវតែស្រវាក្រេបយកចំណេះវិជ្ជាពិតប្រាកដណាមួយមកដាក់ក្នុងខ្លួនឲ្យបានត្រឹមត្រូវគឺពុំត្រូវគិតខ្លីត្រឹមតែ ៤ ឆ្នាំក្រោយពីជាប់ Bac II ឈានទៅបញ្ចប់បរិញ្ញាបត្រនោះទេគឺយើងត្រូវគិតឲ្យវែងបន្តិចគឺពី ១០ ឆ្នាំក្រោយពីជាប់ Bac II ទើបយើងមានមូលដ្ឋានចំណេះដឹងច្បាស់លាស់ទូលំទូលាយ ងាយនឹងសម្រេចគោលដៅអនាគតបានល្អជាង។ ប៉ុន្តែចំណេះដឹងខាងភាសាអង់គ្លេសគឺត្រូវតែយកជាភាសាទី ២ ឲ្យបានជាប្រាកដព្រោះវាផ្តល់ទាំងភាពងាយស្រួលក្នុងការសិក្សា ការស្រាវជ្រាវ ការស្វែងរកការងារ និងការប្រកបរបអាជីវកម្មនៅក្នុងសម័យទំនើបនេះ»៕