ភ្នំពេញៈ ក្រសួង​ការងារ​បាន​កំណត់​ថា​នឹង​បើក​ប្រាក់​ឈ្នួល​ជូន​កម្មករ ​និង​និយោជិត​​ ២ ​ដង​ក្នុង​ ១ ​ខែ​ចាប់​ពី​ខែ​មករា​ ២០១៩ ​តទៅ ខណៈ​ប្រាក់​បំណាច់​អតីតភាព​ត្រូវ​ផ្ដល់​ឱ្យ​ ១៥ ​ថ្ងៃ​ក្នុង​ ១ ​ឆ្នាំ​ដោយ​បើក​ ៦ ​ខែ​ម្ដង​សម្រាប់​​ម្ចាស់​សហគ្រាស​គ្រឹះស្ថាន​ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​ការងារ​។ ​​នេះ​បើ​តាម​សេចក្តី​ប្រកាស​ ២ ​ច្បាប់​របស់​ក្រសួង​ការងារ​កាលពី​ថ្ងៃ​ទី ២១ ខែ​កញ្ញា​។

តាម​សេចក្តី​ប្រកាស​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក អ៊ិតសំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បាន​ឱ្យ​ដឹង​ថា​ការ​បើក​ប្រាក់​ឈ្នួល​ត្រូវ​ធ្វើ​លើក​ទី ១ ​​នៅ​ក្នុង​សប្តាហ៍​ទី​ ២ និង​លើក​ទី ២ ​​នៅ​​សប្តាហ៍​ទី​ ៤ ​​នៃ​ខែ​នីមួយៗ​។

ចំពោះ​ការងារ​បើក​ប្រាក់​លើក​ទី​ ១ ​​គឺ​ប្រាក់​ឈ្នួល​ ៥០ ​ភាគរយ​នៃ​ប្រាក់​ឈ្នួល​សុទ្ធសាធ​ក្នុង ១ ខែ​ការ​បើក​លើក​ទី ២ ​គឺ​ចំនួន​ប្រាក់​ឈ្នួល​សុទ្ធសាធ​ដែល​នៅ​សល់​ប្រាក់ឈ្នួល​បន្ទាប់បន្សំ និង​អត្ថប្រយោជន៍​ដែល​កម្មករ​ទទួល​បាន​ខែ​មួយៗ​។

ដោយ​ឡែក​ចំពោះ​ប្រាក់​បំណាច់​អតីតភាព​ការងារ​ត្រូវ​បើក​ ២ ​ដង​ក្នុង ១ ​ឆ្នាំ​ចាប់​ពី​ឆ្នាំ ២០១៩​ តទៅ​ដោយ​ផ្អែក​តាម​មាត្រា​ ៨៩ ​នៃ​ច្បាប់​ស្តីពី​ការងារ​តែ​ត្រូវ​អនុវត្ត​ទៅ​លើ​តែ​កម្មករ​និយោជិត​មាន​កិច្ចសន្យា​ការងារ​មាន​ថិរវេលា​មិន​កំណត់​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ប្រកាស​លេខ ៤៤៣ ក.ប​/ប្រ.ក.ខ.ល​។

តាម​សេចក្ដី​ប្រកាស​នេះ​សរសេរ​ថា កម្មករ​និយោជិត​ដែល​មាន​កិច្ចសន្យា​ការងារ​មាន​កំណត់​ថិរវេលា​ និយោជក​ត្រូវ​ផ្តល់​ឱ្យ​នូវ​ប្រាក់​បំណាច់​កិច្ចសន្យា​នោះ​ដែល​សមាមាត្រ​នឹង​ប្រាក់​ឈ្នួល​ផង​ សមាមាត្រ​នឹង​ថិរវេលា​នៃ​កិច្ចសន្យា​ផង​ ហើយ​ដែល​ចំនួន​ប្រាក់​បំណាច់​នេះ​មាន​កំណត់​ក្នុង​អនុសញ្ញា​រួម។ ​​បើ​គ្មាន​កំណត់​ក្នុង​អនុសញ្ញា​រួម​ទេ​ប្រាក់​បំណាច់​នេះ​យ៉ាង​តិច​ត្រូវ​ស្មើ​ ៥ ​ភាគរយ​នៃ​ប្រាក់ឈ្នួល​ដែល​កម្មករ​និយោជិត​បាន​បើក​នៅក្នុង​រយៈពេល​នៃ​កិច្ចសន្យា​។

ចំពោះ​ប្រាក់​អតីតភាព និយោជក​ត្រូវ​ផ្តល់​ឱ្យ​កម្មករនិ​យោជិត​ដែល​កំពុង​បម្រើ​ការងារ​នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​ស្មើនឹង​ប្រាក់ឈ្នួល​ និង​ប្រាក់​បន្ទាប់បន្សំ​ចំនួន​ ១៥ ​ថ្ងៃ​ក្នុង​ ១ ឆ្នាំ​។ ​ប្រាក់​បំណាច់​នេះ​ត្រូវ​បើក​ជូន​កម្មករ​និយោជិត​ចំនួន​ ៧​ ថ្ងៃ​កន្លះ​នៅក្នុង​ខែ​មិថុនា និង​ចំនួន​ ៧ ​ថ្ងៃ​កន្លះ​នៅក្នុង​ខែ​ធ្នូ​នៃ​ឆ្នាំ​នីមួយៗ​។

រីឯ​កម្មករ​និយោជិត​ដែល​ចូល​ធ្វើការ​នៅ​ក្នុង​ឆ្នាំ​ដំបូង​ ហើយ​ដែល​បាន​បំពេញ​ការងារ​ជាប់​ជានិច្ច​ចាប់ពី​ ១ ខែ​ទៅ​ដល់ ៦ ​ខែ​សេចក្ដី​ប្រកាស​បាន​តម្រូវ​និយោជក​ត្រូវ​ផ្តល់​ឱ្យ​នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារ​ចំនួន​ ៧ ​ថ្ងៃ​កន្លះ។

ដោយ​ឡែក​ចំពោះ​ការ​បើក​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ​មុន​ឆ្នាំ ២០១៩ របស់​កម្មករ​និយោជិត​ដែល​បាន​និង​កំពុង​បម្រើ​ការងារ​នៅ​តាម​សហគ្រាស​គ្រឹះស្ថាន​ត្រូវ​អនុវត្ត​តាម​បែប​ដូច​ជា៖ ចំពោះ​សហគ្រាស​គ្រឹះស្ថាន​ផ្នែក​វាយនភណ្ឌ​កាត់​ដែរ​ និង​ផលិត​ស្បែក​ជើង​ និយោជក​ត្រូវ​បើក​រំឭក​ចំនួន​ ៣០ ​ថ្ងៃ​នៃ​ប្រាក់​បំណាច់​អតីតភាព​ការងារ​សរុប​រៀងរាល់ ១ ឆ្នាំ​ម្តង​ចំនួន​ ១៥ ថ្ងៃ​នៅ​ក្នុង​ខែ​មិថុនា និង​ចំនួន​ ១៥ ​ថ្ងៃ​នៅក្នុង​ខែ​ធ្នូ​នៃ​ឆ្នាំ​នីមួយៗ​។

រីឯសហគ្រាស​គ្រឹះស្ថាន​ផ្នែក​ផ្សេង​ក្រៅពី​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​ និង​ផលិត​ស្បែក​ជើង​និយោជក​ត្រូវ​បើក​រំឭក​ចំនួន​ ១៥ ​ថ្ងៃ​នៃ​ប្រាក់​បំណាច់​អតីតភាព​ការងារ​សរុប​រៀងរាល់​ឆ្នាំ​ម្តង​ដោយ​ប្រាក់​បំណាច់​នេះ​ត្រូវ​បើក​ជូន​កម្មករ​និយោជិត​ចំនួន​ប្រាំពីរ​ថ្ងៃ​កន្លះ​នៅ​ក្នុង​ខែ​មិថុនា​ និង​ចំនួន​ប្រាំពីរ​ថ្ងៃ​កន្លះ​នៅក្នុង​ខែ​ធ្នូ​នៃ​ឆ្នាំ​នីមួយៗ។ ប្រាក់​បំណាច់​អតីតភាព​ការងារ​អតិបរមា​ដែល​ត្រូវ​បើក​រំឭក​មិន​អាច​លើស​ពី​ ៦ ខែ​នៃ​ប្រាក់​ឈ្នួល​សុទ្ធសាធ​គិត​ជា​មធ្យម​តាម​ឆ្នាំ​នីមួយៗ​ដែល​ត្រូវ​រំឭក​នោះ។

សេចក្ដី​ប្រកាស​ដែល​សរសេរ​ដែរ​ថា​ចំពោះ​ការងារ​ដំបូង​ដែល​ជា​មូលដ្ឋាន​ត្រូវ​រំឭក​អតីតភាព​ការងារ​កម្មករ​និយោជិត​ដែល​បាន​បំពេញ​ការងារ​ជាប់​ជានិច្ច​ចាប់​ពី​ ១ ​ខែ​ទៅ​ដល់ ៦ ខែ​ និង​និយោជក​ត្រូវ​បើក​រំឭក​ឱ្យ​កម្មករ​និយោជិត​នោះ​នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារ​ប្រាំពីរ​ថ្ងៃ​កន្លះ​។ បើ​ថិរវេលា​ធ្វើការ​លើស​ពី​ ៦ ខែ​ត្រូវ​គិត​ស្មើ​នឹង​ ១ ឆ្នាំ​ពេញ​ ហើយ​និយោជក​ត្រូវ​បើក​រំឭក​ឱ្យ​កម្មករ​និយោជិត​នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារ​ចំនួន ១៥ ​ថ្ងៃ។

កម្មករ​និយោជិត​ដែល​មាន​អតីតភាព​ការងារ​មុន​ឆ្នាំ ២០១៩ ចាប់​ពី​ ១ ​​ខែ​ឡើង​នឹង​ទទួល​បាន​នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារ​ ២ ប្រភេទ​ផ្សេង​គ្នា​គឺ​ប្រាក់​រំឭក​អតីតភាព​ការងារ​មុន​ឆ្នាំ​ ២០១៩ ​និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ក្នុង​ឆ្នាំ​នីមួយៗ។ ​ចំពោះ​អ្នក​លាឈប់​ការងារ​នឹង​មិន​ត្រូវ​ទទួល​បាន​ប្រាក់​រំឭក​អតីតភាព​ការងារ​នៅ​សល់​ទេ។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​មិន​អាច​ទាក់ទង​ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​បាន​ថ្លែង​ថា ការបើ​ប្រាក់​ឈ្នួល ១ ខែ​ ២ ដង​ជា​ការល្អ​សម្រាប់​កម្មករ ក៏​ប៉ុន្តែ​នេះ​គឺជា​អ្វី​ដែល​មាន​ចែង​ក្នុង​ច្បាប់​ការងារ​។

លោកស្រី​ថា៖ «វា​មាន​ចំណុច​វិជ្ជមាន​នៅពេល​ដែល​កម្មករ​មិន​ចាំបាច់​ខ្ចី​លុយ​អ្នក​ដទៃ​ព្រោះ​កន្លងមក​គាត់​ខ្ចីលុយ​អ្នកដទៃ​ដល់​បើក​ប្រាក់ខែ​សង​គេ.. »។

យ៉ាងណា​ក្ដី​ចំពោះ​ការទូទាត់​ប្រាក់​អតីតភាព​លោកស្រី​ សុភ័ណ្ឌ ថា​ប្រហែល​ជា​ចង់​បាន​ការ​គាំទ្រ​ពី​កម្មករ​ច្រើន​ជាង។

លោកស្រី​ថា៖ «​អ្វី​ដែល​ជា​ការពិត​..គួរ​តែ​ពិនិត្យ​មើល​ក្រុមហ៊ុន​ដែល​ប្រើ​កិច្ចសន្យា​រយៈពេល​ខ្លី​ដោយសារ​ការ​ប្រើប្រាស់​កិច្ចសន្យា​ខ្លី​វា​រួម​ចំណែក​រំលោភ​សិទ្ធិ​បងប្អូន​កម្មករ​ច្រើន...» ៕