ភ្នំពេញៈ ចាប់ពី​ថ្ងៃទី​ ២ ដល់​ថ្ងៃទី​ ៦ ខែមេសា​ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​ខ្សោយ​ទៅ​បង្គួរ​នៅ​តំបន់​មួយចំនួន ខណៈ​ដែល​អំឡុង​ពេលនោះ សីតុណ្ហភាព​អប្បបរមា​ទូទាំង​ប្រទេស​មាន​ចន្លោះ​ពី​ ២៤-២៧ ​អង្សាសេ និង​អតិបរមា​មាន​ចន្លោះ​ពី​ ៣២-៣៧ ​អង្សាសេ​។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។

ក្រសួង​ធនធានទឹក​បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្តីពី​ស្ថានភាព​ធាតុអាកាស​ចុះ​ថ្ងៃទី​ ៣១ ខែ មីនា ឆ្នាំ​ ២០២០ ឲ្យ​ដឹងថា​ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ៧ ខែ​ មេសា ឆ្នាំ​ ២០២០ កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​លើ​ផ្ទៃ​ប្រទេស​ជាមួយ​នឹង​ខ្យល់​បក់​មកពី​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​ហេតុ​នាំ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល តំបន់​ខ្ពង់រាប​ឦសាន និង​តំបន់​មាត់សមុទ្រ នឹង​មាន​ភ្លៀង​ធ្លាក់​។

ក្រសួង​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ជូនដំណឹង​ដដែល​ថា​ចាប់ពី​ថ្ងៃទី​ ២ ដល់​ថ្ងៃទី​ ៦ ខែ​មេសា ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​ភាគ​កណ្តាល និង​ភាគ​ពាយព្យ​នឹងមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គូរ​។ ចំណែក​បណ្តា​ខេត្ត​ដទៃទៀត​នឹង​អាចមាន​ភ្លៀង​តិច​ហើយ​ចាប់ពី​ថ្ងៃទី​ ៤ ​ដល់​ថ្ងៃទី​ ៧ ​ផ្នែក​មួយចំនួន​នៅ​តំបន់​ខ្ពង់រាប​ឦសាន​អាច​នឹងមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។ សម្រាប់​តំបន់​ជាប់​មាត់សមុទ្រ​ចាប់ពី​ថ្ងៃទី​ ២ ដល់​ថ្ងៃទី​ ៧ ខែមេសា ​នឹង​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​ដែល​ក្នុង​ផ្នែក​មួយចំនួន​នៃ​ខេត្តកោះកុង​នឹង​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​ផងដែរ​។

ក្រសួង​បន្តថា​៖ «​អាស្រ័យ​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន​។ សូម​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​នឹង​អាច​កើតមាន​ចាប់ពី​ថ្ងៃទី​ ២ ​ដល់​ថ្ងៃទី​ ៦ ​ខែ​មេសា​»​។

លោក ស៊ុន សុផាត តំណាង​សហគមន៍ និង​ជា​ប្រធាន​សម្ព័ន្ធ​កសិករ​នៅ​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ប្រជាសហគមន៍​នៅក្នុង​ខេត្ត​របស់​លោក​រង់ចាំ​តែ​ទឹកភ្លៀង ដើម្បី​ចាប់ផ្តើម​បង្កបង្កើនផល​ដាំ​ដំណាំ​ធ្វើស្រែ​ធ្វើ​ចម្ការ​របស់​ខ្លួន​តែប៉ុណ្ណោះ ព្រោះថា​មួយរយៈ​ចុងក្រោយ​នេះ​មិនមាន​ភ្លៀង​ធ្លាក់​សោះ​។ «​បើសិនជា​នៅក្នុង​ដើមខែ​មេសា​ពិតជា​មាន​ធ្លាក់ភ្លៀង​មែន​នឹងធ្វើ​ឲ្យ​ប្រជាកសិករ​យើង​មាន​ភាពសប្បាយ​ចិត្ត​ព្រោះ​តំបន់​របស់​យើង​សុទ្ធតែ​ប្រជាកសិករ​ដែល​ចាំបាច់​ត្រូវ​ប្រើប្រាស់​ទឹក​ក្នុង​ការដាំដំណាំ​ជា​លក្ខណៈ​គ្រួសារ​។ បើសិនជា​ភ្លៀង​ធ្លាក់​ច្រើន​ទៅ​បាន​ចាប់ផ្តើម​ធ្វើស្រែ ព្រោះ​មិនមាន​ប្រព័ន្ធធារាសាស្ត្រ​អី​ទៅដល់​ពួកយើង​ទេ ទាល់តែ​រដូវវស្សា​មក​បាន​ទឹក​ប្រើប្រាស់​គ្រប់​។ បើ​តំបន់​មួយ​ចំនួន​មាន​ប្រព័ន្ធធារាសាស្ត្រ​ក៏ត្រូវ​រាំងស្ងួត​អស់​ដែរ​»​។

ទោះយ៉ាងណា​លោក សុផាត បារម្ភ​ថា ​ក្នុង​ករណី​ដែល​ភ្លៀង​ក្នុងអំឡុង​ពេលនេះ គ្រាន់តែ​ជា​ភ្លៀង​កក់ខែ ដែល​មាន​ចំនួន​តិចតួច​ហើយ​បន្ត​ក្តៅ​ហួតហែង​ទៅវិញ​នោះ​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់ និង​ប្រកបរបរ​កសិកម្ម នៅតែ​ជួបប្រទះ​នូវការលំបាក​ដដែល​៕