ក្រចេះ: ពុទ្ធបរិស័ទ និង​គណៈកម្មការ​អាចារ្យវត្ត​វិហារ​ធំ​សសរ​ ១០០​ មួយចំនួន​សម្ដែង​ការភ្ញាក់ផ្អើល និង​បញ្ចេញ​ប្រតិកម្ម​ជំទាស់​ចំពោះ​វត្តមាន​ព្រះតេជគុណ​ អេង ផល្លា ដែល​បាន​និមន្ត​មក​គង់នៅ និង​គ្រប់គ្រង​ក្នុង ឋានៈ​ជា​ព្រះចៅអធិការ​វត្ត​វិហារ​ធំ​សសរ​១០០ សាជាថ្មី ក្រោយពី​លោក​ត្រូវបាន​សម្តេច​សង្ឃនាយក​បញ្ចប់​មុខ​តំណែង​ពី​ព្រះចៅអធិការ​វត្ត​នោះ​។

កាលពី​ខែសីហា ឆ្នាំ​ ២០២០ ព្រះតេជគុណ​ អេង ផល្លា ត្រូវបាន​សម្ដេច​ព្រះសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា នន្ទ ង៉ែត បញ្ចប់ មុខតំណែង​ជា​ព្រះចៅអធិការ​វត្ត​វិហារ​ធំ​សសរ​ ១០០ និង​ព្យួរ​តួនាទី ជា​ព្រះអនុគណ​ស្រុក​សំបូរ ខេត្ត​ក្រចេះ បន្ទាប់ពី​ផ្ទុះ​អធិករណ៍​ជាមួយ ពុទ្ធបរិស័ទ​ និង​គណៈកម្មការ​អាចារ្យ វត្ត​មួយ ចំនួន​ពាក់ព័ន្ធ​ការប្រើប្រាស់​ថវិកា​ជា​បច្ច័យ​វត្ត​គ្មាន​តម្លាភាព​។

ទោះ ជា​បែបណា​នា​ព្រឹក​ថ្ងៃទី​ ១៨ ខែមករា ព្រះតេជគុណ​ អេង ផល្លា បាន​និមន្ត​មក​បរិវេណ​វត្ត​នេះ​ជាថ្មី​ម្ដងទៀត​ជាមួយ​សង្ឃប្រកាស​របស់​សម្តេចព្រះ​សង្ឃនាយក នន្ទ ង៉ែត ចុះ​ថ្ងៃទី​ ៨ មករា ឆ្នាំ​ ២០២១ ​តែងតាំង​ព្រះអង្គ ជា​ព្រះចៅអធិការ​វត្ត​វិហារ​ធំ​សសរ​ ១០០​ ឡើងវិញ​។

លោក​ សោ ម៉ុន ដែលជា​ប្រធាន​គណៈកម្មការ​អាចារ្យវត្ត​វិហារ​ធំ​សសរ ​១០០ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ពីថ្ងៃ​ទី​ ១៨ មករា ថា​វត្តមាន​របស់​ព្រះតេជគុណ​ អេង ផល្លា នៅពេល​នេះ​មិនមែន​ជា​រឿង​ល្អ​សម្រាប់​ប្រជាពុទ្ធ​បរិស័ទ​ចំណុះជើងវត្ត​ក៏ដូចជា​គណៈកម្មការ​អាចារ្យ​វត្ត​វិហារ​ធំ​សសរ​ ១០០​ នោះទេ ព្រោះ​គរុភណ្ឌ​ក្នុង​វត្ត​ជាច្រើន​ត្រូវបាន​បំផ្លាញ ក្រោម​ការគ្រប់គ្រង​របស់​ព្រះតេជគុណ​ អេង ផល្លា ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (២០១៦-២០២០)​។ ក្នុងនោះ​ស្រះបុរាណ​ដែល​មាន​អាយុកាល​ជិត​ ៥០០ ​ឆ្នាំ សាលា​បដិសណ្ឋារកិច្ច និង​កុដិ​មួយចំនួន​ត្រូវ​បាន​កប់​លុប និង​រុះរើ​ចោល​ដោយ​គ្មាន​ការពិគ្រោះ​យោបល់​ជាមួយ​គណៈកម្មការ​អាចារ្យវត្ត និង​អាជ្ញាធរ​មូលដ្ឋាន​នោះឡើយ​។

លោក​ ម៉ុន ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំងណាស់ នៅពេល​ឃើញ​វត្តមាន​បុគ្គល​សង្ឃ​រូបនេះ​ត្រឡប់​មក​គ្រប់គ្រង​ក្នុងឋានៈ​ជា​ព្រះចៅអធិការ​វត្ត​វិហារ​ធំ​សសរ​ ១០០​ ជាថ្មី​ម្ដងទៀត​»​។

សមាជិក​គណៈកម្មការ​វត្ត​នេះ​ម្នាក់ទៀត អ្នកស្រី​ ហែប សារ៉ន ​បន្ទរ​ថា​៖ «​យើង​បារម្ភ​ខ្លាំងណាស់​ និង​គ្មាន​ទំនុកចិត្ត​ចំពោះ​ការគ្រប់គ្រង​របស់​ព្រះតេជគុណ ​អេង ផល្លា ទៀត​នោះ​ទេ​ព្រោះ​ព្រះអង្គ​មាន​បំណុល​ជាប់​ព្រះកាយ​រាប់សិប​ម៉ឺន​ដុល្លារ​»​។

បើ​តាម​អ្នកស្រី​ សារ៉ន ក្ដីបារម្ភ​របស់​ប្រជា​ពុទ្ធបរិស័ទ​ និង​គណៈកម្មការ​អាចារ្យវត្ត​ចំពោះ​វត្តមាន​របស់​ព្រះតេជគុណ​ អេង ផល្លា នាពេលនេះ​គឺ​ខ្លាច​ព្រះអង្គ​មក​បង្ក​ខូចខាត​ទ្រព្យសម្បត្តិ​នៅក្នុង​វត្ត​កាន់តែ​ច្រើន​ថែមទៀត ខណៈ​ព្រះអង្គ​កំពុង​មាន​បំណុល​ជាប់​ព្រះកាយ​ដ៏សន្ធឹកសន្ធាប់​រហូត​ជាង​ ៣០ ​ម៉ឺន​ដុល្លារ​អាមេរិក​។

ប៉ុន្តែ​ព្រះតេជគុណ​ អេង ផល្លា ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ថា បំណុល​ដែល​ព្រះអង្គ​ជំពាក់​នោះ​គឺ​ដោយសារ​ព្រះអង្គ​សាងសង់​សាលាឆាន់ និង​សាលា​ធម្មសភា សម្រាប់​ជា​ប្រយោជន៍​រួម​ក្នុង​វត្ត​។ ដើម្បី​អភិវឌ្ឍ សាងសង់​សាលាឆាន់​ និង​សាលា​ធម្មសភា​នេះ ព្រះអង្គ​ចាំបាច់​ត្រូវ​រុះរើ​កុដិ ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម កាប់​ដើមឈើ និង​លុប​ស្រះ​ទឹក​មួយចំនួន​ក្នុង​វត្ត​នេះ​។

ព្រះអង្គ​បញ្ជាក់ថា​៖ «​បើសិន​ជា​អាត្មា​បំផ្លិចបំផ្លាញ និង បុល​ប្រាក់​គេ​មក​ចាយវាយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​មែន​នោះ ប្រហែល​ជា​អាត្មា​ត្រូវបាន​អាជ្ញាធរ​ចាប់​ផ្សឹក និង​បញ្ជូន​ទៅ​ដាក់គុក​បាត់​ទៅហើយ​។ ប៉ុន្តែ​សម្ដេច​ព្រះសង្ឃនាយក​បាន​ផ្ដល់​យុត្តិធម៌​សម្រាប់​អាត្មា និង​ផ្ដល់​ទំនុកចិត្ត​ដល់​អាត្មា​ឱ្យ​ត្រឡប់មក​គ្រប់គ្រង​ និង​អភិវឌ្ឍ​វត្ត​នេះ​ជាថ្មី​ម្ដងទៀត​»​។

ទោះយ៉ាងណា​ប្រជាពុទ្ធបរិស័ទ​ចំណុះជើងវត្ត​វិហារ​ធំ​សសរ​ ១០០ ដែលមាន​ទីតាំង​ក្នុង​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​សំបូរ អ្នកស្រី​ ប៊ុត សឿន ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា អ្នកភូមិ​ភាគច្រើន​មិន​សប្បាយចិត្ត​ចំពោះ​វត្តមាន​របស់​ព្រះតេជគុណ​ អេង ផល្លា នៅក្នុង​វត្ត​នោះ​ទៀត​ទេ​។ ប៉ុន្តែ​មិន​ហ៊ាន​ប្រឆាំង​ព្រោះ​ព្រះអង្គ​បាន​ឡប់មក​ជាមួយ​សង្ឃ​ប្រកាស​របស់​សម្តេចព្រះ​សង្ឃនាយក​។ អ្នកស្រី​ថា​៖ «​ខ្ញុំ​ក៏​មិន​សប្បាយចិត្ត​ដែរ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​សង្ឃ​ប្រកាស​បាន​សម្រេច​តែងតាំង​ឱ្យ​ព្រះតេជគុណ​ អេង ផល្លា ត្រឡប់មក​គ្រប់គ្រង​វត្ត​យើង​ជាថ្មី​ម្ដងទៀត​»​។

អ្នកស្រី​បន្តថា ខ្លឹមសារ​នៃ​សង្ឃប្រកាស​បាន​ដាក់​វត្ត​វិហារ​ធំ​សសរ ១០០ ​ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​ផ្ទាល់​ពី​សម្ដេច​សង្ឃនាយក មិនមែន​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​មេគណ​ខេត្តក្រចេះ​ទៀត​ទេ និង​តម្រូវ​ឱ្យ​ព្រះតេជគុណ អេង ផល្លា ធ្វើ​របាយការណ៍​ស្ដីពី​វឌ្ឍនភាព​ក្នុង​វត្ត​រៀងរាល់​ខែ​ និង​បញ្ចប់​ឱ្យអស់ អធិករណ៍​ដែល​កើតឡើង​កន្លងមក​ក្នុង​វត្ត​រួមទាំង​បំណុល​ផងដែរ​៕