សៀមរាបៈ អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ក្នុងឆ្នាំ ២០២០ មានអ្នកបន្តវេនថែរក្សាអង្គរជាង ៧០០ នាក់ ត្រូវបានបណ្ដុះបណ្ដាល ដើម្បីផ្ទេរចំណេះដឹងពីអ្នកចេះច្រើនដល់អ្នកចេះតិចក្នុងការបន្តនិរន្តរភាពនៃកិច្ចការអភិរក្ស ការអភិវឌ្ឍ ទំនៀមទម្លាប់ ប្រពៃណី និងរបកគំហើញថ្មីៗនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
ការប្រកាសយ៉ាងដូច្នេះបានធ្វើឡើងនៅលើទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី ៣ មីនា ស្របពេលដែលកម្ពុជាកំពុងអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៣ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។
ទំព័រហ្វេសប៊ុកដដែលបានឲ្យដឹងថា អង្គរជាដួងព្រលឹង និងអត្តសញ្ញាណជាតិ និងបានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីឆ្នាំ ១៩៩២ ដែលតាំងពីពេលនោះមករហូតមកទល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
អាជ្ញាធរនេះបានបញ្ជាក់ថា៖ «ជាក់ស្តែងក្នុងឆ្នាំ ២០២០ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ១៨ វគ្គក្នុងន័យចែករំលែកបទពិសោធ ក៏ដូចជា ផ្ទេរចំណេះដឹងពីអ្នកចេះច្រើន ដល់អ្នកចេះតិច ដើម្បីនិរន្តរភាពអ្នកបន្ដវេន»។
អាជ្ញាធរជាតិអប្សរាបានបន្តទៀតថា៖ «វគ្គបណ្ដុះបណ្ដាលទាំងនោះ រួមមានប្រធានបទទាក់ទងនឹងវិស័យបេតិកភណ្ឌ ការអភិរក្ស ប្រវត្តិសាស្ដ្រ ទំនៀមទម្លាប់ សាសនា ក៏ដូចជា ការរកឃើញរបកគំហើញថ្មីៗដែលមានក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងសាធារណជនជាសិក្ខាកាមសរុបប្រមាណ ៧១៥ នាក់»។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៣ មីនាថា ក្នុងនាមអាជ្ញាធរជាតិអប្សរា ការបណ្តុះបណ្តាលអ្នកបន្តវេនគឺជាភារកិច្ចចម្បងមួយរបស់ខ្លួនទៅថ្ងៃអនាគត ព្រោះតែកន្លងមក កម្ពុជាតែងតែពឹងផ្អែកទៅលើបរទេស ដោយសារតែការខ្វះខាតអ្នកមានចំណេះដឹងក្នុងវិស័យនេះជាពលរដ្ឋខ្មែរ។
ប៉ុន្តែលោកថា បច្ចុប្បន្នក្នុងកិច្ចការងារទាក់ទងនឹងកិច្ចការអភិរក្ស ការអភិវឌ្ឍ ទំនៀមទម្លាប់ ប្រពៃណី សាសនា របកគំហើញថ្មីៗ ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ គឺកម្ពុជាអាចធ្វើខ្លួនឯង ដោយមិនពឹងលើបរទេសទៀតទេ។
លោក ឡុង កុសល សង្ឃឹមថា៖ «តាមការអប់រំដែលយុវជនជំនាន់ក្រោយទទួលបានគឺធ្វើឲ្យកិច្ចការងារអភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរមានអ្នកបន្តវេនទៅថ្ងៃអនាគត។ ជាពិសេសនោះគឺលើកទឹកចិត្តដល់យុវជន និស្សិតដែលរៀនខាងផ្នែកបុរាណវិទ្យា នរវិទ្យា ផ្នែកស្រាវជ្រាវប្រវត្ថិសាស្ត្រអាចស្វែងយល់បន្ថែម និងកាន់តែមានមោទនភាពទៅលើកិច្ចការងាររបស់គាត់។ ពួកគាត់នឹងគិតថា នេះគឺជាការចូលរួមចំណែកក្នុងការធ្វើយ៉ាងណា បង្ហាញនូវវប្បធម៌ខ្មែរ ដែលមានភាពរុងរឿងនៅពេលអតីតនោះរហូតដល់ពេលបច្ចុប្បន្ន»។
សូមជម្រាបថា តាមការអះអាងរបស់អាជ្ញាធរជាតិអប្សរាក្នុងរយៈពេលពេញ ១ ឆ្នាំនៅឆ្នាំ ២០២០ ដែរនោះ មជ្ឈមណ្ឌលនេះបានរៀបចំបាឋកថាដែលមានវាគ្មិនជាច្រើនរូបចូលរួម និងបានចែករំលែកចំណេះដឹង បទពិសោធដល់មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា មគ្គុទ្ទេសក៍ សាធារណជន និងអ្នកស្រាវជ្រាវដែលកំពុងបំពេញភារកិច្ចក្នុងតំបន់អង្គរបានចំនួន ៤ បាឋកថា សរុបមានសិក្ខាកាមចំនួន ២០០ នាក់ផងដែរ៕