ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានរកឃើញថា មានករណីរថយន្តដឹកលើសទម្ងន់ជាង ៥៨ ម៉ឺនគឿង ក្នុងឆ្នាំ ២០២០ ដែលមានការថយចុះបន្តិចបន្តួច បើប្រៀបធៀបឆ្នាំមុនហើយបានឃាត់ទុករយៈពេល ១ ឆ្នាំនូវរថយន្តចំនួន ១៧ គ្រឿង ដែលបានដឹកលើសទម្ងន់ច្បាប់កំណត់ផងដែរ។
នៅក្នុងឆ្នាំ ២០២០ មានរថយន្តត្រួតពិនិត្យសរុបចំនួន ២ ១០៩ ៣៣០ គ្រឿង ក្នុងនោះរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៥៨៦ ១០៣ គ្រឿង ស្មើនឹង ២៧,៧៩ ភាគរយ ដែលថយចុះ ០,៩៧ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩ ដែលមាន ២៨,៧៦ ភាគរយ។
នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលអចិន្រៃ្តយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវបានផ្សព្វផ្សាយក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២០ និងលើកទិសដៅឆ្នាំ ២០២១ កាលពីសប្តាហ៍មុន។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាល់ ចន្ទតារា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ថែមថា ការថយចុះចំនួនរថយន្តដឹកលើសទម្ងន់នេះ ដោយសារមានការអនុវត្តច្បាប់តឹងរ៉ឹងពីមន្ត្រីមានសមត្ថកិច្ចដោយមិនលើកលែង។
លោកថា៖ «យើងអនុវត្តវិធានការតាមផ្លូវច្បាប់ មិនគិតអ្នកតូចអ្នកធំទេ តែចាប់បានត្រូវពិន័យហើយនិងឃាត់ទុករថយន្ត ១ ឆ្នាំហ្មង ដូច្នេះហើយធ្វើឱ្យអ្នកដឹកលើសទម្ងន់គាត់ខ្លាចរអា ទើបថយសកម្មភាពដឹកលើសទម្ងន់របស់គាត់...រថយន្តដែលឃាត់ទុក ១ ឆ្នាំដោយសារយើងមិនអាចអត់ឱនឱ្យបាន ព្រោះតាមផ្លូវច្បាប់ ដឹកលើសទម្ងន់ត្រឹម ៥ តោន យើងណែនាំជូនគាត់ តែបើលើសពី ៥ តោន យើងអត់យោគយល់ទេ ត្រូវពិន័យពេញហើយឃាត់ទុករថយន្តទៀត»។
លោកបានបញ្ជាក់ថា៖ «មិនថា រថយន្តដឹកទំនិញ ឬដឹកខ្សាច់ទេ ឱ្យតែគាត់មានឱកាស ដឹកលើសរហូត ហើយផ្លូវយើងធ្វើតាមស្តង់ដា ឧទាហរណ៍ដាក់បាន ៣០ តោន តែគាត់ដឹកដល់ ៨០ តោន វាធ្វើឱ្យខូចផ្លូវខ្ទេចខ្ទីអស់ហើយ ដូច្នេះបានឯកឧត្តមទេសរដ្ឋមន្ត្រីតែងតែអំពាវនាវដល់អ្នកដឹកទំនិញ គិតគូរពីផ្លូវថ្នល់ គោរពច្បាប់ទាំងអស់គ្នា ដើម្បីប្រើប្រាស់ផ្លូវបានយូរយើងធ្វើផ្លូវតម្រូវស្តង់ដា អត់ធ្វើតាមទម្ងន់ដឹកនោះទេ»។
អ្នកជំនាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក គង់ រតនៈ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ថ្វីដ្បិតតែរថយន្តដឹកលើសទម្ងន់ថយចុះតិចតួចក្ដី ប៉ុន្តែបង្ហាញពីការខិតខំប្រឹងប្រែង អនុវត្តច្បាប់របស់មន្ត្រីបានប្រសើរជាងមុន។
លោកថា៖ «នេះបង្ហាញថាក្រសួងអត់នៅស្ងៀម គឺគាត់បានធ្វើកិច្ចការងារនេះ ប៉ុន្តែយើងមិនអាចវាស់ត្រឹមកម្រិតរបាយការណ៍នេះទេ ដោយសារចំនួនយានយន្តបានកើនឡើងជាប្រចាំក្នុង ១ ឆ្នាំៗ សម្រាប់ខ្ញុំការដឹកលើសចំណុះជាប្រការមួយដែលយើងត្រូវតែទប់ស្កាត់ដើម្បីបង្ការការខូចខាតផ្លូវថ្នល់ បង្ការកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។
យ៉ាងណាក្ដី លោកបានបន្តជំរុញដល់សមត្ថកិច្ចខិតខំអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត និងលុបបំបាត់ការកិបកេងពីមន្ត្រីមួយចំនួនដែលធ្វើឱ្យខូចប្រយោជន៍សាធារណៈ។ លោកថា៖ «ខ្ញុំនៅតែបន្តលើកទឹកចិត្តឱ្យក្រសួងសាធារណការខិតខំបន្ថែមទៀតដើម្បីការពារផ្លូវយើងឱ្យបានល្អ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍កើតឡើងដែលបណ្តាលមកពីការបើកបរលើសទម្ងន់»។
លោក គង់ រតនៈ បានបន្ថែមថា តាមលទ្ធផលជាក់ស្តែងឃើញថា នៅឆ្នាំកន្លងទៅចំនួនអ្នកស្លាប់មានការថយចុះ ឯគ្រោះថ្នាក់ចរាចរណ៍ក៏ថយចុះ ដែលនេះបង្ហាញពីប្រសិទ្ធភាព ទោះបីមិនដូចការរំពឹងទុក ១០០ ភាគរយក៏បង្ហាញពីផលវិជ្ជមានដែរ។ ក្រសួងមិនបានប្រាប់ឱ្យដាក់ទំនិញលើសទេ ប៉ុន្តែអាជីវករឆ្លៀតឱកាស ដោយសារមន្ត្រីមួយចំនួនទទួលសំណូក និងការរឹតបន្តឹងគោលការណ៍ច្បាប់នៅមានកម្រិតដែលធ្វើឱ្យពួកគាត់អត់រាងចាលជាដើម។
បើតាមរបាយការណ៍ដដែលរថយន្តផ្ទុកលើសទម្ងន់ក្រោម ៥ ភាគរយ មាន ៥៨២ ៨១៤ គ្រឿង រថយន្តផ្ទុកលើសទម្ងន់ពី ៥ ទៅ ១០ ភាគរយ មាន ៧៩ គ្រឿង រថយន្តផ្ទុកលើសទម្ងន់ពី ១០ ទៅ ២០ ភាគរយមាន ២ ១៦៦ គ្រឿង និងរថយន្តផ្ទុកលើសទម្ងន់លើសពី ២០ ភាគរយមានចំនួន ១ ០៤៤ គ្រឿង។
ទន្ទឹមនឹងនេះគណៈកម្មាធិការសម្របសម្រួលអចិន្រៃ្តយ៍នឹងដាក់ឱ្យប្រើស្ថានីយជញ្ជីងថ្មី ២ បន្ថែមទៀតនៅផ្លូវក្រវាត់ក្រុងទី២ និងនៅខេត្តក្រចេះ ព្រមទាំងគ្រោងសាងសង់ស្ថានីយជញ្ជីង ២ បន្ថែមទៀតនៅតាមខេត្តដែលមានតម្រូវការចាំបាច់៕
វីដេអូ៖