ភ្នំពេញៈ ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ ២០១៩ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) បាន​រកឃើញ និង​កម្ទេចចោល​គ្រាប់មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាង ៣៦ ០០០ ​គ្រាប់​នៅលើ​ផ្ទៃដី​ជិត ៦ ៧០០ ​ហិកតា​ នៃ​តំបន់​ចម្ការមីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន ៤៨៧ ទីតាំង​នៅ​ទូទាំងប្រទេស ខណៈ​ដែល​រដ្ឋាភិបាល​បាន​ប្តេជ្ញា​ដោះមីន​ឲ្យ​អស់​នៅ​ត្រឹម​ឆ្នាំ ២០២៥​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ស៊ីម៉ាក់​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ពុធ​។

ក្នុង​របាយការណ៍​ផ្សព្វផ្សាយ​នោះ​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​បាន​រៀបរាប់​អំពី​សកម្មភាព​ការងារ​របស់​អង្គភាព​ស៊ីម៉ាក់​ដោយ​សង្ខេប​ថា​នៅ​រយៈពេល ១២ ​ខែ​នៃ​ឆ្នាំ​ ២០១៩ ស៊ីម៉ាក់​បាន​រកឃើញ​ និង​កម្ទេចចោល​គ្រាប់មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សរុប ៣៦ ១៦៥ គ្រាប់ ​ក្នុង​នោះ​មាន​មីន​ប្រឆាំង​មនុស្ស​ចំនួន​ ៥ ៤១៥​​ គ្រាប់​, មីន​ប្រឆាំង​រថក្រោះ​ចំនួន ៧៥ ​គ្រាប់​, មីន​ច្នៃ​ចំនួន ១៥ ​គ្រាប់ និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ៣០ ៦៦០ គ្រាប់​ លើ​ផ្ទៃដី​ទំហំ ៦៦ ៩៦៦,៥៤៤ ម៉ែត្រការ៉េ ឬ​ជិត ​៦៧ ​គីឡូម៉ែត្រ​ការ៉េ ​នៃ​តំបន់​ចម្ការមីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ៤៨៧ ទីតាំង​។

លើសពីនេះ ស៊ីម៉ាក់​បាន​បោះ​ស្លាក​សញ្ញា​ព្រំ​ចម្ការមីន​បាន​ប្រវែង ៣៧១ ២០០ ​ម៉ែត្រ​ ព្រមទាំង​ឆ្លើយតប​តាម​សំណើសុំ​អន្តរាគមន៍​របស់​ប្រជាពលរដ្ឋ (EOD Calls) ចំនួន ៣ ១៤៤ សំណើ​។

លោក​គូសបញ្ជាក់​ថា​៖ «​លទ្ធផល​នៃ​ប្រតិបត្តិការ​បោសសំអាត​មីន​ពេញ​ ១ ​ឆ្នាំនេះ​បាន​ផ្តល់​ផលប្រយោជន៍​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន ៤០ ៨៥០ ​គ្រួសារ និង​ដោយ​ប្រយោល​ជាង ៥០ ០០០ ​គ្រួសារ​ គិត​ជា​មនុស្ស​ជិត ១ ​លាន​នាក់​»​។

យ៉ាងណាក្តី​លោក​ រតនា បាន​កត់សម្គាល់​ថា លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​បោសសម្អាត​មីន​ឆ្នាំនេះ​មាន​ការធ្លាក់ចុះ​ប្រមាណ​ជាង​ ៨ ​ភាគរយ​ បើ​ធៀប​ទៅនឹង​ឆ្នាំមុន​ដែល​សម្រេចបាន​លទ្ធផល​ការងារ​រហូតដល់​ជាង​ ៨២ ​ភាគរយ ​នៃ​ផែនការ​ដែល​ត្រូវ​បោសសម្អាត​មីន​ក្នុង​ទំហំ​ផ្ទៃដី​ ១១០ ​គីឡូម៉ែត្រ​ការ៉េ​ ក្នុង​ ១ ​ឆ្នាំ​។

ឆ្នាំ​ ២០១៨ រំដោះ​ផ្ទៃដី​ចម្ការមីន​បាន​រហូតដល់​ជាង ៧៥ ​គីឡូម៉ែត្រ​ការ៉េ​។ ការធ្លាក់ចុះ​នេះ​គឺ​ដោយសារ​ការផ្លាស់ប្តូរ​ផែនការ និង​កម្លាំង​បោសសម្អាត​មីន​មក​បង្កើន​កម្លាំង​លើ​ភារកិច្ច​ស្រាវជ្រាវ​ចម្ការមីន និង​ចម្ការ​គ្រាប់​វិញ​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​បង្កើន​ការងារ​ស្រាវជ្រាវ​ និង​ដាក់​ស្លាក​សញ្ញា​កំណត់​ព្រំប្រទល់​ចម្ការមីន ចម្ការ​គ្រាប់បែក​ចង្កោម តាម​លក្ខណៈ​បច្ចេកទេស និង​មិន​បច្ចេកទេស​បាន​ប្រមាណ​ជិត ៩០០ ​ហិកតា​។ តាមរយៈ​គម្រោង UNDP-CFR យើង​បាន​បង្កើន​ការងារ​ស្រាវជ្រាវ តំបន់​ចម្ការមីន​លើ​ភូមិ​ចំនួន ៣៨៦ ​បន្ថែមទៀត​ដែល​ស្ថិត​ក្នុង​ខេត្ត​ប៉ៃលិន បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​ហើយ​បាន​រកឃើញ​ចម្ការមីន និង​ចម្ការ​គ្រាប់​ថ្មី​ចំនួន​ ៦២២ ទីតាំង​ស្មើនឹង​ផ្ទៃដី ៩៦ ២៨៦-៥៨៦ ​ម៉ែត្រការ៉េ​»​។

ក្រៅពី​សកម្មភាព​បោសសម្អាត​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ស៊ីម៉ាក់​ក៏បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រោះថ្នាក់​នៃ​គ្រាប់មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដល់​ក្រុម​គោលដៅ​បាន​ចំនួន ១១២៣០ ​លើក និង​ជួយ​កៀរគរ​ជំនួយ​សម្រាប់​ការឧបត្ថម្ភ​គាំទ្រ​ដល់​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​ផងដែរ​។

លោក​ រតនា ក៏បាន​បង្ហាញ​អំពី​ការចូលរួម​ចំណែក​របស់​ស៊ីម៉ាក់​ក្នុង​ការអនុវត្ត​គោលនយោបាយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ ដោយសារ​គ្រាប់មីន និង​ការគាំទ្រ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ដ​នៅ​តំបន់​រង​ការគំរាមកំហែង​ដោយសារ​មីន​របស់​រាជរដ្ឋាភិបាល​ផងដែរ​តាមរយៈ​ផ្ដល់​ការហ្វឹកហ្វឺន​ដើម្បី​ពង្រឹងសមត្ថភាព​ជំនាញ​ក្នុងការ​ឆ្លើយតប​ព័ត៌មាន​ស្ដីពី​គ្រាប់មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដល់​កងកម្លាំង​នគរបាលជាតិ និង​កងយោធពល​ខេមរភូមិន្ទ ជាពិសេស​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​ប្រមាណ​ជាង​ ៤០០ ​នាក់​។

លោក​បញ្ជាក់ថា​៖ «​នៅ​ឆ្នាំនេះ​យើង​បាន​ផ្ដល់​ការបណ្ដុះបណ្ដាល​ការអប់រំ​យល់ដឹង​ពី​មីន​ដល់​មន្ត្រី​នគរបាល​ស្ម័គ្រចិត្ត​ចំនួន​ជាង​ ១០០ ​នាក់ និង​ការហ្វឹកហ្វឺន​ជំនាញ​កម្ទេច​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដល់​កងយោធពល​ខេមរភូមិន្ទ​ជាង​ ៣០០ ​នាក់​។ ជាមួយ​គ្នា​នេះ​អង្គភាព​របស់​យើង​ក៏​បាន​ផ្ដល់​ការហ្វឹកហ្វឺន​ជំនាញ​ក្នុង​វិស័យ​សកម្មភាព​កំចាត់មីន​ដល់​មន្ត្រី​ជំនាញ​សកម្មភាព​មីន​មកពី​ប្រទេស​ អ៊ីរ៉ាក់ ឃើដ កូឡុំប៊ី និង​ប្រទេស​ ឡាវ​។ ការហ្វឹកហ្វឺន​ទាំងនេះ ទទួល​បាន​ការគាំទ្រ​ពី JICA និង JICS ដែលមាន​សិក្ខាកាម​​ចូលរួម​សរុប​ ១១៥ ​នាក់​»​។

បើតាម​របាយការណ៍​ស៊ីម៉ាក់​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ កម្ពុជា​នៅមាន​ផ្ទៃដី​លាយឡំ​ជាមួយ​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ប្រមាណ ២ ១០០ ​គីឡូម៉ែត្រ​ការ៉េ​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​គោលដៅ​ច្បាស់លាស់​ក្នុងការ​កម្ចាត់​គ្រាប់មីន​ប្រឆាំង​មនុស្ស​ឲ្យ​អស់​ត្រឹម​ឆ្នាំ ​២០២៥​។ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​នេះ​មិន​ត្រឹមតែ​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល គឺ​សំខាន់​ជាង​អ្វី​ទាំងអស់​។

គួរ​បញ្ជាក់ថា​ចាប់តាំងពី​ឆ្នាំ ១៩៩២ ​មក​ទល់​បច្ចុប្បន្ន ប្រទេស​ ជប៉ុន​ នៅតែ​ឈានមុខ​គេ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​បាន​ផ្ដល់​ជំនួយ​គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​​ដែល​ក្នុងនោះ​មាន​ទាំង​អាមេរិក កូរ៉េ និង​ចិន​ផងដែរ​។

កាលពីពេល​ថ្មីៗ​នេះ​ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយ ២,៥ លាន​ដុល្លារ​ដល់​ស៊ីម៉ាក់​សម្រាប់​គាំទ្រ​សកម្មភាព​បោសសម្អាត​មីន​រយៈពេល​ ៣ ​ឆ្នាំ​ (២០២០-២០២២) នៅ​ខេត្តព្រះវិហារ​, ឧត្តរមានជ័យ​, ស្ទឹងត្រែង និង​គាំទ្រ​ដល់​កម្លាំង​អន្តរាគមន៍​ដោះមីន​នៅ​ខេត្ត​សៀមរាប កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​ជាដើម​ដែល​មាន​ផែនការ​រំដោះ​​ផ្ទៃដី​ចម្ការមីន និង​ចម្ការ​គ្រាប់​ជាង​ ១៧ ​គីឡូម៉ែត្រ​ការ៉េ​៕