ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ស្ថានភាពជំងឺគ្រេចស្មារបស់លោក ត្រូវបានគ្រូពេទ្យសិង្ហបុរី «ដោះស្រាយដោយជោគជ័យ» ហើយលោកបានឆ្លៀតផ្ញើសារចំអក ទៅកាន់អ្នកប្រមាថអាយុជីវិតរបស់លោកថា លោកមិនងាយស្លាប់ទេ ព្រោះយមរាជមិនត្រូវការជីវិតរបស់លោកឡើយគឺទុកឲ្យលោកនៅបម្រើប្រជាជន។
ការសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី កាលពីម្សិលមិញ គឺធ្វើឡើងខណៈពេលដែលលោក កំពុងសម្រាកព្យាបាលជំងឺនៅប្រទេសសិង្ហបុរីបន្ទាប់ពីលោកបានប្រកាសលុបចោលគម្រោងការងារមួយចំនួន នៅសប្តាហ៍នេះ។
លោកហ៊ុន សែន បានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា៖ «បន្ទាប់ពីការព្យាបាលដោយយកចិត្តដាក់ ពីសំណាក់គ្រូពេទ្យក្នុងចន្លោះម៉ោង ២ ទៅម៉ោង ៣ ទៀបភ្លឺ ម៉ោងសិង្ហបុរី គ្រូពេទ្យបានដោះស្រាយដោយជោគជ័យនូវកន្លែងគ្រេចស្មាស្តាំ។ អ្វីដែលបាត់បង់ គឺគ្រូពេទ្យ តម្រូវឱ្យខ្ញុំផ្អាកវាយកូនគោលមួយរយ: ដែលខ្ញុំគោរពតាមបានយ៉ាងស្រួល»។
លោកបានបន្តថា ទន្ទឹមនឹងប្រជាជនច្រើនលើសលប់បន់ស្រន់ឱ្យរូបលោកឆាប់ជាសះស្បើយ ក៏មានជនមួយក្តាប់តូច លួចចូលមកបង្ហោះតាម Facebook បន់ឲ្យលោកឆាប់ស្លាប់ ឬបង្កើតព័ត៌មានក្លែងក្លាយអំពីស្ថានភាពជំងឺរបស់លោកទៅវិញ។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមជូនយោបល់ទៅអ្នកទាំងនោះវិញថា (ឈប់បានឈប់ទៅ) ព្រោះការធ្វើនយោបាយ រង់ចាំឱ្យខ្ញុំស្លាប់ ដើម្បីដណ្តើមអំណាច សូមរង់ចាំជាតិក្រោយទៅចុះ ព្រោះយមរាជមិនត្រូវការជីវិតខ្ញុំទេក្នុងរយ:ពេលមិនតិចជាង ៤០ ឆ្នាំពេលខាងមុខ ព្រោះយមរាជត្រូវការឱ្យខ្ញុំនៅបន្តបម្រើប្រជាជន និងកម្ចាត់ពួកក្បត់ជាតិ ដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍបន្តទៅទៀត»។
កាលពីថ្ងៃទី ៦ ខែកក្កដា លោក ហ៊ុន សែន បានបង្ហោះលើហ្វេសប៊ុករបស់លោកថា លោកសុំលុបចោលរាល់ជំនួប នៅសប្តាហ៍នេះ ដោយសារតែលោកត្រូវទៅពិនិត្យសុខភាព នៅសិង្ហបុរីពាក់ព័ន្ធបញ្ហាគ្រេចស្មាខាង ស្តាំ។
លោកហ៊ុន សែនថា៖ «ដោយសារមានបញ្ហាគ្រេចស្មាខាងស្តាំ និងដោយគ្រូពេទ្យតម្រូវឱ្យខ្ញុំ ទៅឱ្យគ្រូពេទ្យសិង្ហបុរីពិនិត្យ និងព្យាបាល។ ខ្ញុំសូមអធ្យាស្រ័យ ពីសំណាក់មិត្តភក្តិទាំងបរទេសទាំងខ្មែរដែលត្រូវជួបខ្ញុំនៅសប្តាហ៍ក្រោយនេះ ដែលខ្ញុំត្រូវលុបចោលនូវជំនួបនោះ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យម្សិលមិញថា ទាក់ទងនឹងបញ្ហា សុខភាពរបស់លោកនាយករដ្ឋមន្ត្រី គឺជារឿងឯកជនផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហើយលោកបានបង្វែរសំណួរទៅកាន់ខុទ្ទកាល័យ លោក ហ៊ុន សែន។
លោក ថ្លែងថា៖ «ខ្ញុំអត់ដឹង រឿងនេះពាក់ព័ន្ធជាមួយសម្តេច និងលោកវេជ្ជបណ្ឌិតរបស់លោក ទេ ហើយ ព័ត៌មាននេះ គឺជាព័ត៌មានឯកជន»។
លោក ទិត សុធា អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីបានបដិសេធធ្វើអត្ថាធិប្បាយពីបញ្ហានេះ។
ការទៅពិនិត្យព្យាបាលជំងឺនៅប្រទេសសិង្ហបុរីរបស់លោកនាយករដ្ឋមន្ត្រីធ្វើឡើងបន្ទាប់ពីលោកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៩ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ច និងការចូលរួមកិច្ចប្រជុំផ្សេងៗនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស៕