ភរិយារបស់លោក កែម ឡី សម្លឹងមើលសាកសពប្ដីដែលត្រូវបានបាញ់ស្លាប់នៅក្នុងហាងស្ដារម៉ាតនៃស្ថានីយប្រេងឥន្ធនៈកាល់តិច ស្ដុបបូកគោស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញកាលពីម្សិលមិញ។ ជីវ័ន
ភ្នំពេញៈ អ្នកវិភាគសង្គម និងនយោបាយឯករាជ្យដ៏ល្បីល្បាញរបស់កម្ពុជាលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់បណ្តាលឲ្យស្លាប់ភ្លាមៗកាលពីម្សិលមិញនៅវេលាម៉ោង ៨ និង ៥០ នាទីព្រឹកនៅក្នុងហាងស្ដារម៉ាតនៃស្ថានីយប្រេងឥន្ធនៈកាល់តិចស្តុបបូកគោក្នុងខណ្ឌចំការមនដែលមានមនុស្សអ៊ូអរហើយខ្មាន់កាំភ្លើងម្នាក់ក៏ត្រូវបានចាប់ខ្លួនភ្លាមៗផងដែរ។
ការបាញ់ប្រហារទៅលើអ្នកវិភាគល្បីឈ្មោះរូបនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានការតក់ស្លុតយ៉ាងខ្លាំងដោយប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទៅប្រមូលផ្តុំចោមរោមនៅកន្លែងកើតហេតុហើយមានប្រជាពលរដ្ឋខ្លះបានស្រែកយំរហូតដល់មានទំនាស់ពាក្យសម្តីជាមួយសមត្ថកិច្ចដែលហាមភរិយា និងកូនមិនឲ្យចូលមើលសពលោក កែម ឡី ទៀតផង។

ព្រះសង្ឃ និងសាធារណជនចោមរោមឡានដឹកសពលោក កែម ឡី បន្ទាប់ពីសមត្ថកិច្ចអនុញ្ញាតឲ្យយកសពចេញពីកន្លែងកើតហេតុ។ហេង ជីវ័ន
ប៉ូលិសម្នាក់នៅកន្លែងកើតហេតុបាននិយាយថាលោក កែម ឡី ត្រូវឃាតករបាញ់ចំស្មា ២ គ្រាប់ និងចំក្បាល ១ គ្រាប់ហើយបានស្លាប់នៅនឹងកន្លែង។ ប៉ុន្តែលោក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញបាននិយាយថាឃាតករបានបាញ់ ២ គ្រាប់ត្រូវក្បាល ១ គ្រាប់ និងដើមដោះ ១ គ្រាប់។
តើ លោក កែម ឡី ជានរណា?

កូនប្រុសច្បងលោក កែម ឡី (អាវក្រហម) អង្គុយមើលសពឪពុកដេកក្នុងថ្លុកឈាម។ផា លីណា
លោក កែម ឡី កើតនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ១៩៧០ ក្នុងគ្រួសារក្រីក្រមួយនៅភូមិអង្គតាកុក ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុករបស់លោកដែលជាសាស្ត្រាចារ្យបានស្លាប់នៅជំនាន់ ប៉ុល ពត ធ្វើឲ្យលោក និងបងប្អូនប្រុសស្រីពីរនាក់ទៀតក្លាយជាកូនកំព្រារស់នៅជាមួយម្តាយមេម៉ាយចាប់តាំងពី ឆ្នាំ ១៩៧៩ មក។
ដោយសារតែម្តាយជួបការលំបាកខាងជីវភាពនៅពេលរៀនបានត្រឹមថ្នាក់ ទី ៥ កុមារា កែម ឡី បានទៅសុំរស់នៅជាមួយស្ត្រីអ្នកលក់គុយទាវម្នាក់នៅទីរួមខេត្តតាកែវដើម្បីអាចបន្តការសិក្សាទៅមុខទៀត។
នៅពេលប្រឡងជាប់បាក់ឌុបលោក កែម ឡី បានចាកចេញពីខេត្តតាកែវមកសុំស្នាក់អាស្រ័យនៅវត្ត បទុម ក្នុងរាជធានីភ្នំពេញដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ។
លោកបានស្នាក់នៅវត្តរហូតដល់រៀនចប់មហាវិទ្យាល័យហើយបានចូលធ្វើការនៅក្រសួងសុខាភិបាលកាន់ខាងផ្នែកជំងឺឆ្លង។
ដោយសារតែធ្វើការងាររដ្ឋទទួលបានប្រាក់ខែទាបបុរសដែលមានមាឌធំសម្បុរសណ្តែកបាយនិយមកាត់សក់ខ្លីរូបនេះបានឈប់ធ្វើការងាររដ្ឋនៅក្នុងអំឡុងឆ្នាំ ២០០០ ហើយបានទៅធ្វើការនៅកាកបាទក្រហមកម្ពុជា។ បន្ទាប់មកលោកបានចេញទៅធ្វើការនៅអង្គការក្រៅរដ្ឋាភិបាល និងទៅធ្វើជាអ្នកប្រឹក្សាឲ្យអង្គការ UNDP អស់រយៈពេល ៤ ឆ្នាំ។ ក្រោយពីបញ្ចប់ការងារនៅ UNDP លោកបានទៅធ្វើការឲ្យក្រុមហ៊ុនមួយនៅថៃ។
លោក កែម ឡី បានបង្កើតក្រុមសិក្សាស្រាវជ្រាវផ្ទាល់ខ្លួនមួយដែលគេហៅថា Freeland consultant នៅឆ្នាំ ២០០៨ បន្ទាប់ពីលោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ជូឡាឡុងកន ប្រទេសថៃផ្នែកជំនាញសិក្សាស្រាវជ្រាវលើផ្នែកសុខភាពសាធារណៈ និងបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ម៉ាឡៃយ៉ាប្រទេសម៉ាឡេស៊ីលើផ្នែកវិទ្យាសាស្ត្រសង្គម។
ដំបូងឡើយលោក កែម ឡី បានធ្វើការសិក្សាស្រាវជ្រាវភាគច្រើនខាងផ្នែកសង្គមកិច្ចបន្ទាប់មកខាងផ្នែកដីធ្លីសិទ្ធិលំនៅឋានសិទ្ធិមនុស្សធនធានរ៉ែហើយចាប់ពីឆ្នាំ ២០១៤ លោកបានធ្វើការសិក្សាស្រាវជ្រាវភាគច្រើនទៅលើរឿងនយោបាយសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
ក្រៅពីនេះលោកក៏ជាអ្នករៀបចំគម្រោងសរសេរសំណើ ( Proposal) ឲ្យអង្គការក្រៅរដ្ឋាភិបាលជាតិអន្តរជាតិ និងជាអ្នកបង្កើតប្រព័ន្ធតាមដាន និងត្រួតពិនិត្យឲ្យក្រសួងសង្គមកិច្ច ក្រសួងការងារ និងទីស្តីការគណៈរដ្ឋមន្ត្រីទាក់ទងទៅនឹងកំណែទម្រង់រដ្ឋបាលសាធារណៈហើយលោកក៏ធ្លាប់ធ្វើការសិក្សាស្រាវជ្រាវឲ្យអុកស្វាមលើបញ្ហាវិភាគនយោបាយ និងសេដ្ឋកិច្ចធ្វើការសិក្សាស្រាវជ្រាវឲ្យអង្គការយូអេសអេអាយឌីលើការវាយតម្លៃលើគម្រោងបោះឆ្នោត។
លោក កែម ឡី ដែលតែងតែបង្ហាញពីការខ្វាយខ្វល់យ៉ាងខ្លាំងតែទៅលើបញ្ហារបស់ប្រទេសជាតិនោះមិនចង់លាតត្រដាងច្រើនពីបញ្ហាផ្ទាល់ខ្លួននោះទេដោយគ្រាន់តែបង្ហើបយ៉ាងខ្លីថាលោកបានរៀបការនៅឆ្នាំ ២០០១ ហើយបច្ចុប្បន្ន មានកូនសុទ្ធតែប្រុសចំនួន ៤ រូបកូនបងអាយុ ១៤ ឆ្នាំ និងកូនតូចអាយុ ៦ ឆ្នាំ។ បច្ចុប្បន្នភរិយារបស់លោកកំពុងមានផ្ទៃពោះ ៦ ខែ។
លោកបានធ្វើការសិក្សាយកជំនាញខាងពេទ្យក៏ប៉ុន្តែលោកមិនដែលបានធ្វើការខាងពេទ្យនេះទេ។
លោក កែម ឡី មិនមានការងារ ឬមុខរបរអ្វីផ្សេងក្រៅពីការសិក្សាស្រាវជ្រាវនោះទេប៉ុន្តែភរិយារបស់លោកគឺជាអាជីវករលក់ខោជជុះនៅផ្ទះល្វែងមួយនៅផ្សារបឹងកេងកងក្នុងរាជធានីភ្នំពេញ។
តាមមើលទៅលោក កែម ឡី ហាក់បីដូចជាបានដឹងខ្លួនមុនរួចជាស្រេចទៅហើយពីជោគវាសនារបស់លោកដែលតែងតែធ្វើការរិះគន់ឥតសំចៃដោយលោកបាននិយាយកាលពីពេលកន្លងមកហើយត្រូវបានគេចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុកថា៖ «ពេលខ្ញុំវិភាគម្តងៗខ្ញុំមិនដែលគិតថាខ្ញុំនឹងមានជីវិតទេព្រោះយើងដឹងហើយថាយើងរស់នៅក្នុងហ្វូងឆ្កែចចក ហ្វូងខ្លា ហ្វូងពស់វែក ហ្វូងក្រពើតែខ្ញុំចង់ឲ្យពលរដ្ឋខ្មែរមានភាពក្លាហានឡើងបើយើងនៅតែខ្លាចគេនៅតែជិះជាន់យើង»។
លោក កែម ឡី ធ្លាប់បាននិយាយប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីពេលកន្លងមកថាលោកគ្មានបំណងទៅបង្កើតគណបក្សនយោបាយទៅចូលរួមជាមួយគណបក្សនយោបាយណាមួយ ឬទៅចូលរួមជាមួយរដ្ឋាភិបាលដើម្បីទទួលបានតំណែងណាមួយនោះទេគឺលោកចង់បន្តធ្វើជាអ្នកឃ្លាំមើលសង្គមឯករាជ្យពីព្រោះលោកចង់រក្សាកេរ្តិ៍ឈ្មោះរបស់លោកឲ្យបានល្អផូរផង់រហូតដល់ថ្ងៃស្លាប់៕
បុគ្គលិកបម្រើការនៅហាងកាល់តិចកន្លែងកើតហេតុនិយាយថា៖ «ពេលនោះអត់មានមនុស្សច្រើនទេភ្ញៀវទាំងអស់បានរត់ចេញក្រៅ។ ខ្ញុំស្មានតែមានអីផ្ទុះ។ មានមនុស្សនៅខាងក្នុងស្រែកថា «ចោរប្លន់ៗ!»។ ប៉ុន្ដែស្ត្រីម្នាក់បានចេញមកក្រៅហើយនិយាយថាមិនមែនចោរប្លន់ទេគឺបាញ់សម្លាប់»។
ភរិយារបស់លោក កែម ឡី គឺអ្នកស្រី ប៊ូ រចនា ដែលមានផ្ទៃពោះ ៦ ខែបានឈរយំមើលសពប្តីតាមកញ្ចក់ពីខាងក្រៅផ្សារស្តារម៉ាតដោយសមត្ថកិច្ចបានរារាំងមិនឲ្យអ្នកស្រី និងកូនចូលទៅមើលសពប្តី សពឪពុកឡើយខណៈសមត្ថកិច្ចជំនាញមិនទាន់ធ្វើការត្រួតពិនិត្យទៅលើសាកសព។
អ្នកស្រី រចនា បាននិយាយទាំងទឹកភ្នែកថា៖ «វាមិនមែនជារឿងបុគ្គលទេវាពិបាកសម្រាប់ខ្ញុំនិយាយប៉ុន្តែវាជារឿងនយោបាយ។ វាអយុត្តិធម៌ណាស់សម្រាប់ប្តីរបស់ខ្ញុំពីព្រោះគាត់ជាមនុស្សល្អ។ ខ្ញុំបាត់បង់មនុស្សល្អវាអយុត្តិធម៌ណាស់។ មុនដំបូងគាត់ជូនខ្ញុំទៅផ្សាររួចហើយគាត់ក៏ចូលទៅផឹកកាហ្វេមិនទាន់បានផឹកផងកាហ្វេនៅលើតុនៅឡើយ»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក គៀត ច័ន្ទថារិទ្ធិ បានឲ្យដឹងថាជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនភ្លាមៗប៉ុន្តែមិនទាន់ដឹងថាជនសង្ស័យមានគ្នាប៉ុន្មាននាក់នៅឡើយទេ។
លោកថ្លែងថា តាមអ្វីដែលជនសង្ស័យបានសារភាពដំបូងការបាញ់សម្លាប់នេះដោយសាររឿងជំពាក់លុយប៉ុន្តែលោកថាលោកមិនជឿលើការអះអាងនេះទេ។
កាលពីរសៀលម្សិលមិញលោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញបានធ្វើសន្និសីទកាសែតមួយដោយនិយាយថាជនសង្ស័យដែលចាប់បានគឺជាឃាតករយ៉ាងពិតប្រាកដ។
លោកថា សមត្ថកិច្ចនឹងបន្តស្រាវជ្រាវរកអ្នកដែលនៅពីក្រោយ ឬអ្នករួមគំនិត និងបក្ខពួកក្នុងឃាតកម្មនេះ។ លោកថាសមត្ថកិច្ចមានពន្លឺជាច្រើនរួចហើយ។ លោក ជួន សុវណ្ណ បន្តថាលោកមិនជឿថា ជួប សម្លាប់ គឺជាឈ្មោះពិតប្រាកដទេ។
ជាមួយគ្នានេះក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានថាជនសង្ស័យមានឈ្មោះ ជួប សម្លាប់ អាយុ ៣៨ ឆ្នាំត្រូវបានចាប់ខ្លួនភ្លាមៗនៅលើផ្លូវសុធារសក្បែរវត្តស្វាយពពែក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។ ជនសង្ស័យបានប្រើកាំភ្លើងម៉ាក Glock។
ជនសង្ស័យគឺជាកម្មករចម្ការដំណាំនៅខេត្តស្រះកែវប្រទេសថៃ និងមានស្រុកកំណើតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ក្រៅពីថ្កោលទោស និងអះអាងថានឹងចាត់វិធានការតាមផ្លូវច្បាប់ក្រសួងមហាផ្ទៃក៏បានអំពាវនាវឲ្យសាធារណជន និងសារព័ត៌មានទុកពេលឲ្យសមត្ថកិច្ចធ្វើការតាមជំនាញចៀសវាងការផ្សាយព័ត៌មានដែលនាំឲ្យមតិសាធារណៈមានការយល់ច្រឡំ។
នៅវេលាម៉ោង ២ និង ៣០ នាទីសាកសពរបស់លោក បណ្ឌិត កែម ឡី ត្រូវបានសាច់ញាតិ និងប្រជាពលរដ្ឋរាប់រយនាក់ដែលគោរពស្រឡាញ់គាត់មានអ្នកខ្លះទ្រហ៊ោយំ និងអ្នកខ្លះកោរសក់បានហែដោយថ្មើរជើងទៅកាន់វត្តចាស់នៅជ្រោយចង្វារដើម្បីធ្វើបុណ្យតាមប្រពៃណីសាសនាដោយដឹកសាកសពក្នុងឡានរបស់គាត់ផ្ទាល់។ អ្នកចូលរួមទាំងនេះបានហៅលោក កែម ឡី ថាជា «វីរជន»។
ភ្លាមៗបន្ទាប់ពីការបាញ់ប្រហារដែលធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានការរំជួលចិត្តយ៉ាងខ្លាំងពីមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរជាច្រើននេះគណបក្សនយោបាយមួយចំនួន និងអ្នកនយោបាយបានថ្កោលទោសចំពោះការបាញ់ប្រហារនេះ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួនឯងនៅក្រៅប្រទេសបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ «ដោយសារតែលោក (កែម ឡី) ជាគ្រោះថ្នាក់នយោបាយសម្រាប់ពួកគេម្ខាងទៀតបានជាពួកគេម្ខាងទៀតនោះបានជួលឃាតករឲ្យសម្លាប់លោក កែម ឡី ដូចគេបានជួលឃាតករកាលពីអតីតកាលថ្មីៗនេះឲ្យសម្លាប់លោក ជា វិជ្ជា និងលោក ឈុត វុទ្ធី ដែលជាកូនខ្មែរដ៏ឆ្នើមពីររូបទៀតដែលបានចេញមុខការពារផលប្រយោជន៍ប្រជារាស្ត្រខ្មែរដូចលោក កែម ឡី អ៊ីចឹងដែរ»។
លោក សម រង្ស៊ី បន្តថាលោក កែម ឡី មានចំណេះវិជ្ជាខ្ពង់ខ្ពស់ហើយមានទេពកោសល្យ និងសក្តានុពលនយោបាយគួរឲ្យកត់សម្គាល់។
មេបក្សប្រឆាំងរូបនេះបានចោទប្រកាន់ថា៖ «ដូចចំពោះការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃ ៣០ មីនា ១៩៩៧ នៅទីក្រុងភ្នំពេញហើយដូចចំពោះការបាញ់សម្លាប់កណ្តាលថ្ងៃក្រោយមកជាបន្តបន្ទាប់នូវអ្នកប្រឆាំងដទៃទៀតដែលហ៊ានទិតៀនរដ្ឋាភិបាលអ៊ីចឹងដែរការបាញ់សម្លាប់លោក កែម ឡី ថ្ងៃនេះជាអំពើភេរវកម្មមួយទៀតរៀបចំដោយរដ្ឋអំណាច»។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចូលរួមរំលែកទុក្ខផងដែរហើយបានស្នើឲ្យសមត្ថកិច្ច «ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះករណីនេះ និងខិតខំត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចាត់វិធានការពង្រឹងសន្តិសុខដើម្បីការពារសុវត្ថិភាពប្រជាជននៅទូទាំងប្រទេស»។
លោកបណ្ឌិត កែម ឡី កាលពីពេលថ្មីៗនេះបានចុះធ្វើការសិក្សាស្រាវជ្រាវអំពីបង្ហាញជនអន្តោប្រវេសន៍វៀតណាម និងទីកន្លែងផ្តល់ដីសម្បទានទៅឲ្យក្រុមហ៊ុនវៀតណាមនៅក្នុងខេត្តមួយចំនួន។
ថ្មីៗនេះលោកបានប្រាប់វិទ្យុក្នុងស្រុកមួយថាអ្នកវិភាគត្រូវមានវីសាចំនួន ៣ សម្រាប់ធ្វើដំណើរ «ទី ១ បើសិនគេមិនសប្បាយចិត្តគេឲ្យយើងទៅមន្ទីរពេទ្យយើងទៅៗគេឲ្យយើងទៅព្រៃសយើងទៅៗ។ បើសិនគេមិនសប្បាយចិត្តគេឲ្យយើងទៅវត្តព្រះពុទ្ធយើងទៅៗ។ អាហ្នឹងបានយើងវិភាគទៅយើងបញ្ចេញយោបល់ទៅវាត្រូវជ្រុង។ តែបើសិនជាយើងខ្លាចវីសាទាំង ៣ ហ្នឹងខ្ញុំគិតថាពិបាកនឹងផ្តល់ផលទៅដល់សង្គម»។

ភរិយាលោក កែម ឡី អង្គុយយំមើលសពប្តីតាមកញ្ចក់នៅខាងក្រៅស្តារម៉ាតកាល់តិច។ហុង មិនា
កាលពីយប់ថ្ងៃសុក្រលោក កែម ឡីបានចូលរួមធ្វើជាវាគ្មិនក្នុងវេទិកាអ្នកស្តាប់របស់វិទ្យុអាស៊ីសេរី និងបានធ្វើការអត្ថាធិប្បាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀតអំពីរបាយការណ៍របស់អង្គការ Global Witness ដែលរៀបរាប់អំពីអាណាចក្រជំនួញរបស់ក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុនរកស៊ីចំនួន ១១៤។
តាមការផ្សាយរបស់វិទ្យុអាស៊ីសេរីលោកបានវិភាគដោយប្រៀបធៀបការរកឃើញរបស់អង្គការ Global Witness អំពីម្ចាស់ភាគហ៊ុនក្រុមហ៊ុនធំៗនៅកម្ពុជាថាគ្រាន់តែជាត្រីផ្ទក់ដែលគេអាចមើលឃើញសើៗប៉ុណ្ណោះហើយលោកថាមានអ្វីៗជាច្រើនទៀតដែលមិនត្រូវបានគេរកឃើញ។

ទិដ្ឋភាពពេលដង្ហែសពចេញពីកន្លែងកើតហេតុកាលពីម្សិលមិញ។ផា លីណា
លោកនិយាយថា៖ «Global Witness មិនមែននៅក្នុងប្រទេសហើយខ្ញុំគិតថាបើសិនអ្នកសរសេររបាយការណ៍របៀបនេះនៅក្នុងប្រទេសប្រហែលជាជាប់គុក ២៤ ម៉ោងបាត់ទៅហើយ»។
អង្គការ Global Witness កាលពីម្សិលមិញក៏បានចេញសេចក្តីថ្លែងការណ៍ធ្វើការថ្កោលទោសលើការបាញ់ប្រហារនេះផងដែរហើយបានស្នើឲ្យមានការស៊ើបអង្កេតឯករាជ្យមួយដើម្បីនាំយកជនល្មើសពិតប្រាកដមកកាត់ទោស «ជាជាងយកតែអ្នកដែលត្រូវបានជួលឲ្យបាញ់ប្រហារ»។

ព្រះសង្ឃនាំមុខពិធីហែសពតាមផ្លូវព្រះមុនីវង្ស។ រូបថត ហេង ជីវ័ន
ហេង ជីវ័ន
ក្រោយពេលចាប់ខ្លួនជនសង្ស័យឈ្មោះ ជួប សម្លាប់ និយាយថាលោក កែម ឡី ត្រូវបានសម្លាប់ដោយសារជំពាក់លុយខ្លួន ៣ ពាន់ដុល្លារ។ ប៉ុន្តែពលរដ្ឋជាច្រើនមិនជឿចំពោះការនិយាយរបស់ជនដៃដល់នេះទេដោយបានស្រែកខ្លាំងៗនៅកន្លែងដែលគេបាញ់សម្លាប់ថានេះគ្រាន់តែជាលេសមួយរបស់អ្នករៀបចំជួលឃាតករប៉ុណ្ណោះ។
នៅវេលាថ្ងៃត្រង់នៅឯផ្ទះរបស់លោក កែម ឡី ក្បែរផ្សារបឹងកេងកងមានពលរដ្ឋជាច្រើនបានប្រមូលផ្តុំគ្នាជជែកអំពីអំពើល្អ និងភាពរួសរាយរាក់ទាក់របស់លោក កែម ឡី ហើយពួកគេមិនជឿថាលោក កែម ឡី មានបញ្ហាជំពាក់លុយដូចជនសង្ស័យនិយាយឡើយ។

ផ្ទះវីឡាលោក កែម ឡី នៅទីរួមខេត្តតាកែវ។ហុង មិនា
អ្នកស្រី ឃឹម សុភ័ក្រ អាជីវកររស់នៅជិតផ្ទះលោក កែម ឡី និយាយថា៖ «គាត់មិនដែលមានរឿងអីជាមួយអ្នកណាទេ។ គាត់ជាមនុស្សល្អណាស់អ្នកក្នុងផ្សារចូលចិត្តស្រឡាញ់គាត់ណាស់។ ខ្ញុំស្តាយគាត់ណាស់ គាត់តែងញញឹមដាក់ពួកយើងពេលជួបយើងហើយពេលគាត់ជួបអ្នករត់ម៉ូតូឌុបគាត់និយាយលេងហើយឲ្យលុយចាយខ្លះទៀតផង»។

ទិដ្ឋភាពនៅស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោកាលពីម្សិលមិញ។ហេង ជីវ័ន
ចំណែកអ្នកស្រី ចាន់ សាវី ដែលនៅជាប់នឹងផ្ទះលោក កែម ឡី និយាយថា៖ «ខ្ញុំនៅជិតគាត់ ៥ ឆ្នាំហើយខ្ញុំតែងសង្កេតឃើញគាត់សួរសុខទុក្ខអ្នកជិតខាង អ្នករត់ម៉ូតូឌុប។ គាត់មិនដែលមានរឿងជាមួយណាអ្នកទេឮតែគេនិយាយល្អពីគាត់។ ខ្ញុំអត់ជឿថាគាត់ជំពាក់លុយគេដូចគេនិយាយទេ។ វាជាការបំភាន់។ ខ្ញុំគិតថាជាល្បិចរបស់គេហើយគេប្រហារគាត់ចោល»។
អ្នកស្រីបានបន្តថា កាលពីប៉ុន្មានខែមុនលោក កែម ឡី ធ្លាប់បានទូរស័ព្ទមកសួរប្រពន្ធគាត់ថាមានគេតាមគាត់ហើយគាត់សួរប្រពន្ធថានៅផ្ទះមានអ្នកណាមកឃ្លាំមើល ឬចម្លែកអីទេ? តែគាត់ធ្លាប់ប្រាប់ខ្ញុំថាគាត់អត់ខ្លាចទេព្រោះគាត់អត់បានធ្វើបាបអ្នកណាទេ»។

ការដង្ហែសពទៅដល់ស្ពានជ្រោយចង្វារពីម្សិលមិញ។ រូបថត ហ្វេសប៊ុក
អ្នកស្រី លី តា ដែលជាប្អូនថ្លៃរបស់លោក កែម ឡី រស់នៅភូមិអង្គតាកុក ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវបាននិយាយប្រាប់ភ្នំពេញប៉ុស្តិ៍ដែលចុះទៅដល់ទីនោះកាលពីម្សិលមិញថាបងប្រុសរបស់អ្នកស្រីមិនដែលមានបញ្ហាជាមួយអ្នកណាទេ។
អ្នកស្រីថាលោក កែម ឡី មិនដែលជំពាក់លុយអ្នកណាទេហើយគាត់មានដី និងវិឡាតឿធំមួយនៅតាកែវ។ អ្នកស្រីថាជនសង្ស័យកំពុងនិយាយកុហក «សម្លាប់គាត់ហើយឆ្លើយកុហកទៀត»។

សពលោក កែម ឡី នៅវត្តចាស់។ផា លីណា
នៅឯខេត្តតាកែវអ្នកជិតខាងរបស់គាត់ជាច្រើននិយាយថាលោក កែម ឡី មានជីវភាពធូរធារហើយមិនមានជំពាក់លុយអ្នកណាទេ។ ពលរដ្ឋម្នាក់ឈ្មោះ រតនៈ នាង អាយុ ៣៥ ឆ្នាំនិយាយថា៖ «គាត់មានការរាប់អានគ្រប់ៗគ្នានៅក្នុងភូមិ។ ខ្ញុំសោកស្តាយដែលបាត់បង់អ្នកចេះដឹងមួយរូបដូច្នេះ។ ខ្ញុំមិនជឿថាគាត់ជំពាក់លុយគេរហូតដល់មានការបាញ់សម្លាប់នេះទេ»។
បងប្អូនសាច់ញាតិរបស់លោក កែម ឡី និងអ្នកជិតខាងដែលគោរពស្រឡាញ់គាត់ជាច្រើនបានឡើងមកភ្នំពេញដើម្បីចូលរួមបុណ្យសពគាត់។

ក្រុមអ្នកគាំទ្រដែលមានកំហឹងនៅកាល់តិចម្សិលមិញ។ផា លីណា
រហូតមកដល់ម៉ោងប្រមាណជា ៩ យប់មិញក្រុមគ្រួសារមិនទាន់សម្រេចថាតើសពលោក កែម ឡី ដែលត្រូវបានយកទៅតម្កល់នៅវត្តចាស់នឹងត្រូវបូជានៅពេលណានោះទេដោយថ្លែងថាត្រូវតម្កល់ ១០ ថ្ងៃសិនខណៈដែលអ្នកគាំទ្រគាត់រាប់រយនាក់នៅបន្តប្រមូលផ្តុំកាន់ទុក្ខនៅទីនោះ។
សម្រាប់អ្នកគាំទ្របើទោះបីជាលោក កែម ឡី បានលាចាកលោកនេះទៅជារៀងរហូតក៏ដោយក៏មនសិការ និងឧត្តមគតិរបស់អ្នកវិភាគឯករាជ្យដ៏ល្បីល្បាញរូបនេះនៅតែរស់រវើក និងដក់ជាប់ជានិច្ចនៅក្នុងចិត្តរបស់ពួកគេ៕

លោក កែម ឡី អ្នកវិភាគឯករាជ្យដ៏ល្បីល្បាញ។ រូបថត ហ្វេសប៊ុក កែម ឡី