កំពង់ចាមៈ ផ្ទះ​ជិត ៥០០ ​ខ្នង និង​ឪពុក​កូន​ ២ ​នាក់​ត្រូវ​បាន​បំផ្លាញ និង​រងរបួស​នៅក្នុង​ឧប្បត្តិហេតុ​ខ្យល់ព្យុះ​មួយ​នៅ​ក្នុង​ស្រុក​បាធាយ​កាលពី​ថ្ងៃ​សៅរ៍ ហើយ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ កម្លាំង​អាជ្ញាធរ​ប្រមាណ​ជា​ ២០០ ​នាក់​បាន​ចុះ​ជួយ​ជនរងគ្រោះ​។

លោក ដួង ញ៉ា អធិការរង​នគរបាល​ស្រុក​បាធាយ​បាន​ឲ្យ​ដឹង​ថា ខ្យល់​កន្ទ្រាក់ និង​ភ្លៀង​ខ្លាំង​នោះ​បាន​បណ្តាល​ឲ្យ​ផ្ទះ​ពលរដ្ឋ​សរុប​ចំនួន​ ៤៩៦ ​ខ្នង​ទទួល​រង​ខូចខាត​នៅ​ក្នុង​ឃុំ​សណ្តែក និង​ឃុំ​ត្រប់​។ ក្នុង​នោះ​ផ្ទះ​ចំនួន​ ២០ ​ខ្នង​បាន​ដួលរលំ​ដល់​ដី ហើយ​ក្រៅពី​នោះ​ខូចខាត​ដោយ​អន្លើៗ ដូចជា​ប៉ើង​ដំបូល និង​ជញ្ជាំង​ជាដើម​។

លោក​បាន​បន្ត​ថា​ក្រៅពី​នោះ​មនុស្ស​ចំនួន​ ២ ​នាក់​ជា​ឪពុក​ និង​កូន​បាន​រងរបួស​នៅក្នុង​ឧប្បត្តិហេតុ​នោះ តែ​មិន​បណ្តាល​ឲ្យ​ស្លាប់​នោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «២០ ​ខ្នង​ធ្ងន់ធ្ងរ​ជាង​គេ​គឺ​រលំ​ដល់​ដី​។ មនុស្ស​ ២ ​នាក់​របួស​ក្បាល​ធ្ងន់​ដែរ​។ គ្មាន​ការស្លាប់​សត្វ ឬ​មនុស្ស​ទេ​»​។

លោក​បាន​ឲ្យ​ដឹង​ថា​ក្រោយ​ពី​មាន​ហេតុការណ៍​នោះ​ឡើង កម្លាំង​អាជ្ញាធរ​ប្រមាណ​ជា​ ២០០ ​នាក់​បាន​និង​កំពុង​តែ​ចុះ​ទៅ​អន្តរាគមន៍​ជួយ​ជនរងគ្រោះ​ដូចជា​ជួយ​រុះរើ​ផ្ទះ​ដែល​បាក់បែក និង​ចែក​អំណោយ​ជា​ជំហាន​ដំបូង​សិន​។

លោក​បន្ត​ថា​ពលរដ្ឋ​ដែល​រលំ​ផ្ទះ​កំពុង​តែ​សុំ​ជ្រក​ផ្ទះ​អ្នក​ជិតខាង ឬ​ផ្ទះ​សាច់ញាតិ​ជាដើម​។

លោក សំ ណាល់ អធិការ​ស្រុក​បាធាយ​កំពុង​តែ​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​នៅ​កន្លែង​កើតហេតុ ហើយ​មិន​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ពី​ការខូចខាត​នោះ​ទេ​។

លោក កែវ វី អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា​សម្រាប់​ ៥ ​ខែ​ដើម​ឆ្នាំ​ ២០១៨ ​នេះ​ឧប្បត្តិហេតុ​ខ្យល់​កន្ទ្រាក់​នៅ​ទូទាំង​ប្រទេស​បាន​កើត​មាន​ឡើង​ចំនួន​ ១០៧ ​លើក​ដែល​រួមទាំង​ខេត្ត​កំពង់ចាម​នេះ​ផងដែរ​។ ក្នុង​នោះ​បាន​បណ្តាល​ឲ្យ​រលំ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ផ្ទះ​ចំនួន​ ៤៧១ ​ខ្នង ប៉ើង​ដំបូល និង​ខូចខាត​មធ្យម​ចំនួន​ ១៨០៧ ​ខ្នង​ដំបូល​សាលារៀន​ ១៧ និង​អគារ​ផ្សេង​ចំនួន​ ៩​។ លើស​ពី​នោះ​មនុស្ស​ចំនួន​ ៣ ​នាក់​ស្លាប់ និង​របួស​ ២៩ ​នាក់​។ ដោយឡែក​ចំពោះ​ឧប្បត្តិហេតុ​រន្ទះបាញ់​វិញ​បាន​សម្លាប់​មនុស្ស​ចំនួន​ ៦៥ ​នាក់​របួស​ ៤៦ ​នាក់ និង​ងាប់​គោ ក្របី​ ៦៩ ​ក្បាល និង​ខូចខាត​ផ្ទះ​ ១១ ​ខ្នង​ផង​ដែរ​។

លោក​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​សប្តាហ៍​មុន​ថា ​ឆ្នាំ​ ២០១៨ ​នេះ​រដ្ឋាភិបាល​បាន​ត្រៀម​បម្រុង​ជាស្រេច​នូវ​អង្ករ​ចំនួន​ ១០ ០០០ ​តោន ស្រូវពូជ​ ២០០០ តោន និង​គ្រាប់​បន្លែ​ចម្រុះ​ប្រភេទ​ ៥ តោន ដើម្បី​ផ្គត់ផ្គង់​ដល់​គ្រួសារ​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ខាង​លើ​នេះ​៕