
ផ្លេកបន្ទោរបង្កជារន្ទះគួរឲ្យព្រឺព្រួចមួយ កើតឡើងកាលពីចុងរដូវវស្សាឆ្នាំកន្លងទៅ។ រូបថត ម៉េង គឹមឡុង
ភ្នំពេញៈ លំនៅឋានពលរដ្ឋប្រហែល៦០០ខ្នងត្រូវបានបំផ្លាញ មនុស្ស៦នាក់ស្លាប់និងច្រើននាក់ទៀតបានរងរបួស ដោយសារព្យុះភ្លៀងកាលពីចុងសប្តាហ៍មុននៅតាមបណ្តាខេត្ត មួយចំនួនខណៈដែលក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសជូនដំណឹងអំពីបាតុភូតធម្មជាតិដែលនឹងកើតមានលើប្រទេសកម្ពុជាអាចធ្វើ ឲ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ របស់មនុស្សសត្វ និង រុក្ខជាតិ។
លោក ឌៀប ឈុន អភិបាលស្រុកថ្មពួក ក្នុងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ព្យុះភ្លៀងបានបំផ្លាញផ្ទះពលរដ្ឋនៅស្រុកពីរគឺ ស្រុកស្វាយចេក និងស្រុកថ្មពួក ពីព្រលប់ថ្ងៃព្រហស្បតិ៍អស់រាប់រយខ្នង និងបង្កឲ្យមនុស្សម្នាក់ស្លាប់ និងពីរនាក់ រងរបួស។
លោកបញ្ជាក់ថា៖«ផ្ទះ២៩៦ខ្នង បានរងការខូចខាត ក្នុងនោះមាន២៨ខ្នង បាក់រាបដល់ដី»។
លោក បន្តទៀតថា មានភ្លៀងព្យុះនេះ ក៏មានរន្ទះបាញ់សម្លាប់ស្រ្តីវ័យ៣១ឆ្នាំម្នាក់ និងបណ្តាលឲ្យផ្ទះរដួលរលំសង្កត់ឪពុកនិងកូនប្រុសវ័យ១៣ឆ្នាំម្នាក់ រងរបួសជាទម្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាបផងដែរ។
លោក បន្តឲ្យដឹងថា នៅស្រុកស្វាយចេក ក៏មានផ្ទះ៤៦ខ្នងដួលរលំ និងមានមនុស្សពីរនាក់បានរងរបួសដែរ។ លោក ឌៀប ឈុន ថ្លែងថា៖«ខ្ញុំបានណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្ន ដោយត្រៀមទីជម្រកសមរម្យទុកការពារព្យុះ ព្រោះផ្ទះគាត់ភាគច្រើនសង់មិនសូវធានាសុវត្ថិភាពប៉ុន្មានទេ។ ឆ្នាំមុនមានផ្ទះតែ២៤ ត្រូវបានបំផ្លាញ ដោយព្យុះភ្លៀងដែរ»។
លោក ម៉ែន វណ្ណា អភិបាលស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ព្យុះភ្លៀងពីយប់ថ្ងៃព្រហស្បតិ៍បានបំផ្លាញផ្ទះជាង៤០ខ្នងនៅក្នុង ស្រុកនេះដែរ។
លោកថ្លែងថា៖ «ផ្ទះ៤៤ខ្នងរងការបំផ្លាញ ក្នុងនោះមួយចំនួនបានដួលរលំខ្ទេចតែម្តង ហើយបុរសម្នាក់វ័យ៤០ឆ្នាំ បានស្លាប់ដោយផ្ទះបាក់សង្កត់ និង៣នាក់ទៀតបានរងរបួសធ្ងន់»។
ព្យុះភ្លៀងបានកើតមាននៅស្រុក រតនមណ្ឌល និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបងដែរ ដែលបង្កឲ្យមនុស្សម្នាក់ស្លាប់ដោយត្រូវដើមឈើបាក់សង្កត់ និងដួលរលំផ្ទះជាង៤០ខ្នង។
ផ្ទះជាច្រើនខ្នងទៀតក៏រងការ បំផ្លាញនៅខេត្តព្រះវិហារ ហើយមានមនុស្ស២នាក់បានស្លាប់ ខេត្តកំពង់ចាម ម្នាក់បានស្លាប់ ខេត្តក្រចេះ និងខេត្តប៉ៃលិន។
កាលពីថ្ងៃសុក្រ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងដល់សាធារណជនឲ្យមានការប្រុងប្រយ័ត្នចំពោះព្យុះភ្លៀង ដែលនឹងអាចកើតមានចាប់ពីពាក់កណ្តាលខែមីនា រហូតដល់ខែមិថុនា។
ប្រទេស កម្ពុជានឹងអាចមានបាតុភូតធម្មជាតិគ្រោះថ្នាក់មួយចំនួនដូចជា ផ្គរ រន្ទះ ខ្យល់កន្រ្តាក់កើតឡើង។ ក្នុងសេចក្តីប្រកាសនេះបញ្ជាក់ថា បាតុភូតធម្មជាតិទាំងនេះអាចធ្វើឲ្យមានការប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិរបស់មនុស្ស សត្វ រុក្ខជាតិ។
ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ជូនសាធារណជនឲ្យជ្រាបថា ជាទូទៅបាតុភូតទាំងអស់នេះ ច្រើនកើតនៅតំបន់មានអាកាសធាតុក្តៅខ្លាំង និងមានការកកើត ជាបណ្តុំពពក មានរាងដូចជាផ្សិត និងបន្ទាប់មកពពកនេះ បានវិវត្តទៅជាពណ៌ខ្មៅ រកកលភ្លៀង ស្របពេលនោះផ្គររន្ទះខ្យល់កន្ត្រាក់ ក៏កើតមានឡើងផងដែរ៕