រតនគិរីៈ អធិការនគរបាល​ស្រុក​តាវែង លោក សម្បត្តិកុសល ត្រូវ​បាន​លោក​ស្នងការ​នគរបាល​ខេត្តរតនគិរី​សម្រេច​ដាក់ពិន័យ​ដោយ​ព្យួរការងារ​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​លោក​​រង​បណ្ដឹង​ពី​មន្ត្រី​ក្រោមឱវាទ​ចោទ​ពី​បទ​ «​ជេរប្រមាថ និង​ប្រើ​អំពើហិង្សា​បាញ់​គំរាម​ដោយ​អាវុធ​»​។ ​នេះ​បើតាម​លោក​ស្នងការរង​នគរបាល​ខេត្ត​ម្នាក់​កាលពី​ម្សិលមិញ​។

លោក ចៅ នាង ស្នងការរង​ខេត្តរតនគិរី​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា បន្ទាប់ពី​ពិនិត្យ​ពាក្យបណ្ដឹង​របស់​មន្ត្រី​នគរបាល​ស្រុក​តាវែង​រួចមក​នៅ​ថ្ងៃទី​ ៤ ខែ ​មេសា ឆ្នាំ​ ២០២០ ក្រុម​គណៈកម្មការ​វិន័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​បាន​សម្រេច​ដាក់ពិន័យ​រដ្ឋបាល​ទៅលើ​លោក សម្បត្តិ កុសល អធិការ​ស្រុក​តាវែង​ដោយ​ព្យួរការងារ​​ជា​បណ្ដោះអាសន្ន និង​តម្រូវ​ឲ្យ​ចូល​បង្ហាញខ្លួន​នៅ​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​រៀងរាល់​ម៉ោង​ធ្វើការ​ដើម្បី​រង់ចាំ​បទបញ្ជា​ថ្មី​។

លោក នាង បាន​ថ្លែងថា​លោក សម្បត្តិ កុសល ត្រូវបាន​មន្ត្រី​ក្រោម​ឱវាទ​ ១៩ ​នាក់ ​ដែល​ភាគច្រើន​ជា​អ្នកមាន​ឋានន្តរស័ក្តិ​ជា​នាយរង​ផ្នែក នាយផ្នែក និង​អធិការរង​បាន​ប្ដឹង​ចោទប្រកាន់​ពីបទ «​ជេរប្រមាថ និង​ប្រើ​អំពើ​ហិង្សា​បាញ់​គំរាម​ដោយ​អាវុធ​មកលើ​កងកម្លាំង​នគរបាលជាតិ​» ​ដែល​ជា​មន្ត្រី​ក្រោម​ឱវាទ​របស់ខ្លួន ដែល​ករណី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​ ២៧ ខែ ​មីនា ​ឆ្នាំ​ ២០២០​។ ក្នុង​បណ្ដឹង​នោះ​មន្ត្រីនគរបាល​ស្រុក​តា​វែង​បាន​សំណូមពរ​ឲ្យ​ថ្នាក់ដឹកនាំ​ផ្លាស់ប្ដូរ​ការងារ លោក សម្បត្តិ កុសល​ចេញ​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​តាវែង​ផង​ដែរ​។

លោក​ថ្លែងថា​៖ «​នៅពេល​នេះ​ក្រុម​គណៈកម្មការ​វិន័យ​កំពុង​បន្ត​ស៊ើបអង្កេត​លើ​សំណុំរឿង​ដ៏អាស្រូវ​នេះ ដោយ​បាន​ព្យួរការងារ​លោក​ សម្បត្តិ កុសល ជា​បណ្ដោះអាសន្ន និង​តម្រូវ​ឲ្យ​មក​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​រៀងរាល់​ម៉ោង​ធ្វើការ​ដើម្បី​រង់ចាំ​ទទួល​បទបញ្ជា​ថ្មី​»​។

ក្នុង​ពាក្យបណ្ដឹង​របស់​មន្ត្រី​នគរបាល​ស្រុក​តាវែង​ដែល​បាន​ប្តឹង​សុំ​កិច្ចអន្តរាគមន៍​ទៅ​លោកស្នងការ​នគរបាល​ខេត្ត​រតនគិរី​ជួយ​រក​យុត្តិធម៌​ដល់​ពួកគេ​នោះ​បាន​រៀបរាប់​ថា ក្រៅពី​​ជេរប្រមាថ និង​បាញ់​គំរាម​ដល់​មន្ត្រីនគរបាល​ក្រោម​ឱវាទ​ជាង​ ១០ ​គ្រាប់ លោក​ សម្បត្តិ កុសល បាន​អួត​ក្អេងក្អាង​ថា គ្មាន​អ្នកណា​ធ្វើ​អី​គាត់​បាន​ទេ ព្រោះ​គាត់​មាន​ខ្នងបង្អែក​ជា​អ្នកធំ ហើយ​ថា​កាល​ដែល​គាត់​បាន​ឡើង​តំណែង​ជា​អធិការ​ស្រុក​តាវែង​នេះ​គឺ​គាត់​បាន​ចំណាយលុយ​អស់​ចំនួន ៥ ​ទៅ ៦ ​ម៉ឺន​ដុល្លារ​។

ទោះ​ជា​យ៉ាងណា​ករណី​នេះ​លោក​សម្បត្តិ កុសល បាន​ច្រានចោល​ចំពោះ​ការចោទប្រកាន់​នេះ ហើយ​ថា​ «​វា​ជា​រឿង​មិន​ពិត​»​។ លោក​បាន​បន្ថែមថា​៖ «​វា​ជា​រឿង​យល់ ឬ​ស្ដាប់​ច្រឡំ​ [​របស់​ពួកគេ​] ​តែ​ប៉ុណ្ណោះ​»​។

ក៏ប៉ុន្តែ​កាលពី​ម្សិលមិញ​លោក​ ហុស រឹម អធិការ​ស្ដីទី​ស្រុក​តាវែង​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ប្រសិន​បើ​រឿង​យល់​ ឬ​ស្ដាប់​ច្រឡំ​នោះ គ្មាន​មន្ត្រី​ក្រោម​ឱវាទ​ណា​ម្នាក់​ប្ដឹង​គាត់​ [​លោក​ សម្បត្តិ កុសល​] ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ដើម្បី​ស្នើសុំ​ជួយ​រក​យុត្តិធម៌​នោះទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​វា​ជា​រឿង​ពិត​។ គាត់​បាន​ជេរប្រមាថ​ និង​បាន​បាញ់​គំរាម​ពួកយើង​​ជា​មន្ត្រី​ក្រោម​ឱវាទ​ចំនួន ១១ ​គ្រាប់​កាលពី​ថ្ងៃទី​ ២៧ ខែ​ មីនា​ ឆ្នាំ​ ២០២០ ដែល​សកម្មភាព​នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​ត្រូវ​ប្រឈម​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​ ២០៧ នៃ​ក្រមព្រហ្មទណ្ឌ​»​។

បើ​យោង​មាត្រា​ ២០៧ នៃ​ក្រមព្រហ្មទណ្ឌ​លោក សម្បត្តិកុសល អាច​ប្រឈម​ការផ្ដន្ទាទោស​ជាប់ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​ទៅ​ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ២ ​លាន​រៀល​ទៅ​ ៥ ​លាន​រៀល​ ប្រសិនបើ​ក្រុម​គណៈកម្មការ​វិន័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​រកឃើញ​កំហុស​នេះ ហើយ​បញ្ជូនទៅ​តុលាការ​ដើម្បី​សម្រេច​ក្ដី​នោះ​៕