ភ្នំពេញ៖ ក្រសួងបរិស្ថានព្រមានអនុវត្ដវិធានការច្បាប់ចំពោះ អង្គការ សមាគម មិនមែនរដ្ឋាភិបាលមួយចំនួន ក្រោយពីពិនិត្យឃើញធ្វើសកម្មភាពអនាធិបតេយ្យ ផ្ទុយនឹងច្បាប់កំណត់នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងចេតនាទុច្ចរិតធ្វើវិទ្ធង្សនាប្រឆាំងនឹងរាជរដ្ឋាភិបាលលើការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ។
ក្រសួងបរិស្ថានបានអំពាវនាវឲ្យអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមនានា ដែលបាននិងកំពុងធ្វើសកម្មភាពដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ បញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់ ដើម្បីចៀសវាងការប្រឈមមុខដាក់គ្នាតាមផ្លូវច្បាប់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់មន្ត្រីនាំពាក្យក្រសួងបរិស្ថាន ជុំវិញការធ្វើសកម្មភាពអនាធិបតេយ្យរបស់អង្គការមិនមែនរដ្ឋាភិបាល និងសមាគមមួយចំនួននៅក្នុងតំបន់ការពារធម្មជាតិកាលពីថ្ងៃទី ២៤ ខែមេសា។
សេចក្ដីថ្លែងការណ៍បង្ហាញថា ថ្មីៗនេះក្រសួងបរិស្ថានបានពិនិត្យឃើញថា មានអង្គការមិនមែនរដ្ឋាភិបាល និងសមាគមមួយចំនួន ដែលពុំបានចុះបញ្ជី ឬកិច្ចព្រមព្រៀងត្រឹមត្រូវតាមច្បាប់បាននិងកំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យក្នុងតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ សកម្មភាពបំពានលើច្បាប់យ៉ាងគឃ្លើនបែបនេះ ដោយ ជ្រកក្រោមស្លាកជាអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ គឺជាចេតនាទុច្ចរិតក្នុងការធ្វើវិទ្ធង្សនាប្រឆាំងនឹងរាជរដ្ឋាភិបាល លើការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិតែប៉ុណ្ណោះ។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖ «ចំពោះអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមណា ដែលនៅតែបន្តបំពានធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ និងខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានគ្មានជម្រើសអ្វី ក្រៅពីការអនុវត្តវិធានការច្បាប់។ ជាពិសេស ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីទប់ស្កាត់ និងបញ្ឈប់សកម្មភាព បែបនេះទេ ហើយក្រសួងក៏ស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយតាមដានពិនិត្យ និងចាត់វិធានការតាមច្បាប់ ទៅលើអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមណាដែលធ្វើសកម្មភាពដោយមិនមានច្បាប់ត្រឹមត្រូវ»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបញ្ជាក់ពីម្សិលមិញថា អង្គការក្រៅរដ្ឋាភិបាល សមាគម និងក្រុមបុគ្គលមួយចំនួនបានប្រព្រឹត្តអំពើខុសច្បាប់ដូចជាបន្លំខ្លួនធ្វើជាមន្ត្រីក្រសួងបរិស្ថាន ឬលួចយកឈ្មោះមន្ត្រីឧទ្យានុរក្សទៅប្រើប្រាស់ ដើម្បីជំរិតទារប្រាក់ពីប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍ផ្សេងទៀត។ ចំណែកក្រុមខ្លះទៀតជ្រកក្រោមស្លាកសកម្មជនបរិស្ថានបានធ្វើសកម្មភាពក្នុងតំបន់ធម្មជាតិដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបស្ថានដោយបំពានច្បាប់។ មន្ត្រីនាំពាក្យរូបនេះ បន្តថាអង្គការ និងសមាគមខ្លះមិនទាន់បានចុះបញ្ជីត្រឹមត្រូវតាមច្បាប់បានធ្វើសកម្មភាពដោយគ្មានកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន ដែលជាស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រង និងអភិរក្សតំបន់ទាំងនោះ និងក៏ជាការកំណត់ក្នុងច្បាប់កម្ពុជាផងដែរ។
លោកថ្លែងថា៖ «សកម្មភាពទាំងអស់នេះជាសកម្មភាពអនាធិបតេយ្យ បង្កដោយរបៀបវារៈនយោបាយពិតប្រាកដ និងមិនធ្វើដើម្បីបម្រើឱ្យបុព្វហេតុការពារ និងគ្រប់គ្រងធនធានធម្មជាតិនោះទេ ប៉ុន្តែគ្រាន់តែជាសកម្មភាពគ្មានប្រយោជន៍។ ប្រសិនបើអង្គការក្រៅរដ្ឋាភិបាលសមាគម និងក្រុមបុគ្គលមួយចំនួននោះនៅតែបន្តសកម្មភាពអនាធិបតេយ្យទៀត ក្រសួងនឹងចាត់វិធានការដូចអ្វីដែលក្រសួងបានជូនដំណឹង»។
ក្រសួងបរិស្ថានអះអាងថា គ្មានផលប្រយោជន៍អ្វីទៅប្រឆាំងនឹងអ្នកស្រឡាញ់ និងចូលរួមការពារធនធានធម្មជាតិឡើយ ប៉ុន្តែតម្រូវឲ្យទាំងអស់គ្នាគោរពច្បាប់ជាធរមាន និងធ្វើសកម្មភាពស្របតាមច្បាប់កំណត់ និងដោយក្តីស្មោះត្រង់ក្នុងភាពជាដៃគូ ដើម្បីរួមកម្លាំងគ្នាថែរក្សាធនធានធម្មជាតិកម្ពុជាឲ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។
ក្រសួងបរិស្ថានបញ្ជាក់ជាថ្មីថា ក្រសួងស្វាគមន៍អង្គការ ឬសមាគម ដែលបានចុះបញ្ជីនិងកិច្ចព្រមព្រៀងត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ ឲ្យចូលរួមក្នុងការងារ ការពារ និងអភិរក្សធនធានធម្មជាតិ ជីវចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងការងារលើកស្ទួយជីវភាពរស់នៅរបស់ប្រជាសហគមន៍ ដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ ដើម្បីបុព្វហេតុសម្បត្តិធម្មជាតិ របស់យើងទាំងអស់គ្នា។
កញ្ញា ឈាង លី តំណាងសហគមន៍ព្រៃឡង់ប្រចាំខេត្តស្ទឹងត្រែងឱ្យដឹងថា ថ្មីៗនេះមានបុគ្គលមួយចំនួនតាំងខ្លួនជាមន្រ្ដីឧទ្យានុរក្សដើរទារប្រាក់ពីពលរដ្ឋដឹកឈើ។ ប៉ុន្ដែសកម្មភាពនេះបានស្ងប់ស្ងាត់ទៅវិញអំឡុងពេល ២-៣ ថ្ងៃកន្លងទៅនេះ។
កញ្ញាថា៖ «តាមព័ត៌មានខ្ញុំទទួលបានពីពលរដ្ឋនៅក្នុងសហគមន៍ ក្រុមនេះពេលទារប្រាក់ពលរដ្ឋនៅពេលដឹកឈើ ១ គោយន្ត ឬ ១ ទូក ១០ ម៉ឺនរៀល។ ក្រុមទារប្រាក់នេះមិនមែនជាក្រុមការងារបណ្ដាញព្រៃឡង់ទេ ប៉ុន្ដែគេមានឈ្មោះជាអង្គការ ហើយធ្វើសកម្មភាពដើរទារប្រាក់ពីពលរដ្ឋ»៕