ភ្នំពេញៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នកប្រើប្រាស់​គេហទំព័រ បណ្តាញ​ទំនាក់ទំនង​សង្គម និង​អ្នកនិពន្ធ ដែល​ផ្សព្វផ្សាយ​គ្រប់​រូបភាព​សារ​ជា​អក្សរ សំឡេង វីដេអូ​មាន​ចរិតលក្ខណៈ​អាសអាភាស ស្រើបស្រាល អុជអាល បំបែកបំបាក់ និង​ប្រកាន់​ពូជសាសន៍​ដែល​មាន​ផលប៉ះពាល់​ដល់​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណីជាតិ​។

តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កាលពី​ថ្ងៃទី​ ៨ ឧសភា បញ្ជាក់ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​តែង​សង្កេតឃើញ​អ្នកប្រើប្រាស់​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយចំនួន ជាពិសេស​អាជីវករ​តាម​ប្រព័ន្ធ​អនឡាញ​ (Online) ​អ្នកនិពន្ធ​បទ​ភ្លេង ទំនុកច្រៀង និង​អ្នក​សម្ដែង​ក្រៅ​ប្រព័ន្ធ​បាន​ផ្សព្វផ្សាយ​រូបភាព សារ​ជា​អក្សរ សំឡេង និង​វីដេអូ ប្រកបដោយ​អសីលញ្ញាណ​។ ប្រាសចាក​ពី​ក្រមសីលធម៌​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ និង​កិត្យានុភាព​ជាតិ​ជារឿយៗ​។

លិខិត​បន្តថា ដើម្បី​បញ្ចៀស​បាន​នូវ​ផលប៉ះពាល់ និង​រក្សា​បាន​សេចក្តី​ថ្លៃថ្នូរ ព្រមទាំង​គុណតម្លៃ​ក្នុង​នាម​ជា​ពលរដ្ឋ​កម្ពុជា «​ព្រះរាជាណាចក្រ​នៃ​វប្បធម៌​» ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ណែនាំ​ដល់​អ្នកប្រើប្រាស់​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់​បញ្ឈប់​នូវ​ការផ្សព្វផ្សាយ​គ្រប់​រូបភាព សារ​ជា​អក្សរ សំឡេង និង​វីដេអូ​ដែល​មាន​ចរិតលក្ខណៈ អាសអាភាស ស្រើបស្រាល អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា សេចក្តី​ថ្លៃថ្នូរ និង​កិត្យានុភាព​របស់​សង្គម​ជាតិ​ចាប់ពី​ថ្ងៃ​ចេញ​សេចក្តី​ណែនាំ នេះ​តទៅ​ជា​កំហិត​។

លិខិត​បន្ថែមថា​៖ «​ក្នុងករណី​ដែល​បុគ្គល ឬ​ក្រុម​ណាមួយ​នៅ​បន្ត​ប្រព្រឹត្ត​សកម្មភាព​អវិជ្ជមាន​ខាងលើ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​នឹង​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ ក្រសួង​ព័ត៌មាន ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ចាត់វិធានការ​ដោយ​អនុលោម​តាម​ក្រមសីលធម៌​នៃ​អ្នក​សិល្បៈ​»​។

លើស​ពី​នេះ​លិខិត​បញ្ជាក់ថា​៖ «​នឹងដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ដោយ​អនុលោម​ទៅតាម​ក្រមព្រហ្មទណ្ឌ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ អាស្រ័យ​ទៅតាម​ស្ថាន​បទល្មើស​ដែល​អ្នកប្រើប្រាស់​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​បាន​ប្រព្រឹត្ត​»​។

លោក​ ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ថ្លែង​កាលពី​ថ្ងៃទី​ ១០ ឧសភា ថា​មន្ត្រី​ជំនាញ​នៃ​ក្រសួង​វប្បធម៌​កំពុងធ្វើការ​តាម​នីតិវិធី​។ ជំហាន​ដំបូង​បានធ្វើ​ការអប់រំ ណែនាំ​ចំពោះ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស ឬ​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​វប្បធម៌ ទំនៀមទម្លាប់ និង​ប្រពៃណី​។ ជំហាន​បន្ទាប់​ទៀត កោះហៅ​សាមីខ្លួន និង​អ្នកពាក់ព័ន្ធ​មក​ធ្វើការ​បំភ្លឺ​នៅ​ទីស្ដីការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្ទាល់ ព្រមទាំង​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ទាំងឡាយ​ណា​ដែល​ក្រសួង​បាន​ណែនាំ​កន្លងមក​។

លោក​បន្តថា ចំពោះ​ជំហាន​ចុងក្រោយ​នេះ​ក្រសួង​វប្បធម៌​នឹង​សហការ​ជាមួយ​ក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ព្រមាន​សាមីខ្លួន​បន្ថែម​ទៀត និង​តម្រូវ​ឲ្យ​លុប​រូបភាព ឬ​វីដេអូ​ទាំងអស់​ដែល​ប៉ះពាល់​ទំនៀមទម្លាប់​ចេញ​វិញ​។ ប៉ុន្ដែ​ករណី​មិន​ព្រម​អនុវត្ត ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នឹង​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ដោយ​អនុលោម​ទៅតាម​ក្រមព្រហ្មទណ្ឌ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​បទល្មើស​។

លោក​បញ្ជាក់ថា​៖ «​យើង​ធ្លាប់​ចាត់វិធានការ​រដ្ឋបាល​គឺ​យើង​បាន​អញ្ជើញ​គាត់​មក​ទីស្ដីការក្រសួង​វប្បធម៌ ដើម្បី​ធ្វើការ​អប់រំ ណែនាំ​បន្ថែមទៀត​ជុំវិញ​សកម្មភាព​មិនប្រក្រតី​របស់​គាត់​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​។ ប៉ុន្ដែ​ខ្ញុំ​មិន​ចាំ​ចំនួន​ប៉ុន្មាន​នាក់​ទេ​ដែល​យើង​ធ្លាប់​ហៅ​មក​អប់រំ​ផ្ទាល់​កន្លងមកនេះ​»​។

លោកស្រី​ ចន ច័ន្ទលក្ខិណា ប្រធាន​សមាគម​សិល្បករ​ខ្មែរ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បានទេ ដោយ​ទូរស័ព្ទ​លោកស្រី​គ្មាន​អ្នកទទួល​។ ចំណែក​លោក​ ព្រឿង ប្រណិត ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ​ក៏​មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​ជុំវិញ​សេចក្ដី​ណែនាំ និង​ការព្រមាន​នេះ​បានដែរ ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​។

ដោយឡែក​លោក​ ឡឹក ជំនោរ អនុប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ​កាលពី​ថ្ងៃទី​ ១០ ឧសភា បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ដោយ​លោក​បញ្ជាក់ថា លោក​មិន​សូវ​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​ពី​ការណែនាំ​នេះ​ទេ​៕