ព្រះសីហនុៈ អភិបាលខេត្ដ​ព្រះសីហនុ​លោក​ គួច ចំរើន ក្នុង​កិច្ចប្រជុំ​រក​ដំណោះស្រាយ​លើ​ការផ្គត់ផ្គង់​ទឹកស្អាត​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃនប់​កាលពី​ថ្ងៃទី​ ១៤ មេសា បាន​ណែនាំ​ក្រុមហ៊ុន​ផលិត​ទឹកស្អាត​ឱ្យ​ពង្រីក​អាង​ស្តុក​ទឹក​ឱ្យ​បាន​ធំ​ដោយ​សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ​នានា​ដើម្បី​ផ្គត់ផ្គង់​ទឹក​ដល់​ពលរដ្ឋ​កុំឱ្យ​ខ្វះខាត ដោយ​ថែមទាំង​ព្រមាន​ដក​អាជ្ញាប័ណ្ណ​បញ្ឈប់​អាជីវកម្ម​នៅ​ឆ្នាំក្រោយ បើ​មិនអាច​ធ្វើបាន​។

ក្រោយ​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ទឹក​សម្រាប់​ពលរដ្ឋ​ក្នុង​ឃុំ​សំរុង និង​ឃុំ​វាលរេញ​នៃ​ស្រុក​ព្រៃនប់ លោក​អភិបាលខេត្ដ​ព្រះសីហនុ​ប្រាប់​ក្រុមហ៊ុន​ឲ្យ​ពង្រីក​អាង​ស្តុក​ទឹក​ឲ្យ​ធំ​ និង​ជ្រៅ​ជាង​មុន ដើម្បី​រក្សា​ទឹកបាន​ច្រើន និង​ធានា​ការប្រើប្រាស់​គ្រប់គ្រាន់​ដល់​ពលរដ្ឋ​។ លោក​ក៏បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ មន្ទីរ​សិប្បកម្ម និង​ឧស្សាហកម្ម និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ដើម្បី​ធ្វើ​កិច្ចការ​នេះ​ឱ្យ​ទទួល​បាន​ប្រសិទ្ធភាព​។

លោក​អភិបាល​ព្រមាន​ថា​៖ «​នឹង​រុះរើ​លែង​ឱ្យធ្វើ​អាជីវកម្ម ប្រសិន​ណា​ឆ្នាំក្រោយ​នៅតែ​មាន​បញ្ហា​ខ្វះខាត​ដដែលៗ​ដូច្នេះ​ទៀត បើទោះ​ជា​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ក៏ដោយ​»​។

លោក​ ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​សាលា​ខេត្ដ​ព្រះសីហនុ​បញ្ជាក់​ពី​ម្សិលមិញ​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​ទឹកស្អាត​ដែល​ផ្គត់ផ្គង់​នៅ​ភូមិសាស្ដ្រ​ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ​គឺ​ពិតជា​មាន​បញ្ហា​កង្វះ​ទឹក​ក្នុង​ការប្រើប្រាស់​សម្រាប់​ពលរដ្ឋ​។ បញ្ហា​បង្ក​ឡើង​ដោយសារ​អាកាសធាតុ​ផង និង​បញ្ហា​អាង​ស្ដុក​ទឹក​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ផងដែរ​។

លោក​ថ្លែងថា​៖ «​ជា​វិធានការ ឯកឧត្ដម​អភិបាលខេត្ត​បាន​ណែនាំ​ទៅ​សេវាករ ផ្គត់ផ្គង់​ទឹកស្អាត​នៅលើ​ភូមិសាស្ដ្រ​ឃុំ​ទាំង​ ២ ​នេះ​ឱ្យធ្វើ​ការពង្រីក និង​ស្ដារ​អាង​ឡើងវិញ ដើម្បី​ធ្វើ​ម៉េច​ធានា​ឱ្យបាន​នូវ​ការផ្គត់ផ្គង់​ទឹក​គ្រប់​តម្រូវការ​ដល់​ប្រជាពលរដ្ឋ​»​។

លោក​បន្ថែមថា​៖ «​នៅក្នុង​នោះ​ឯកឧត្ដម​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ទៅ​មន្ទីរ​ពាក់ព័ន្ធ​ដើម្បី​ជួយ​សម្របសម្រួល​ក្នុង​ការសហការ​ផ្ដល់​បច្ចេកទេស​បន្ថែម​ទៅខាង​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​នោះ​ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ឱ្យបាន​នូវ​ការផ្គត់ផ្គង់​ទឹក​គ្រប់​តម្រូវការ​។ ករណី​បើសិន​ជា​ក្រុមហ៊ុន​មិនអាច​ផ្គត់ផ្គង់​បាន​សម្រាប់​ឆ្នាំក្រោយ​គឺ​នឹង​មាន​ការរុះរើ​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​»​។

លោក​ ខូវ ថានិត មេឃុំ​វាលរេញ​ឱ្យ​ដឹងថា ប្រជាជន​ក្នុង​ឃុំ​បាន​ជួប​បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើ​តាំងពី​សប្តាហ៍​ទី​ ១ ខែមីនា មក​ម្ល៉េះ​។ កន្លងមក​លោក​អភិបាលខេត្ត​ព្រះសីហនុ​ធ្លាប់បាន​ចុះ​សម្របសម្រួល​ដោយ​តម្រូវឱ្យ​ក្រុមហ៊ុន​ចែករំលែក​ទឹក​ឱ្យ​ប្រជាជន​បាន​ប្រើប្រាស់​សិន​។ ស្រុក​ព្រៃនប់​មាន​ក្រុមហ៊ុន​ផលិត​ទឹកស្អាត​ចំនួន​ ២ ក្នុងនោះ​ក្រុមហ៊ុន​ ១ ​កំពុង​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទីប្រជុំជន​ក្នុង​ឃុំ​វាលរេញ​ និង​ឃុំ​សំរុង ដែល​ជា​ទីកន្លែង​កំពុង​ប្រឈម​កង្វះ​ទឹកស្អាត​ប្រើ​ខ្លាំងជាងគេ​។

លោក​ថា​៖ «​បញ្ហា​ខ្វះខាត​ទឹក​នេះ ព្រោះតែ​អាងទឹក​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​មាន​ទំហំ​តូច ហើយ​មិនមាន​ប្រភព​សម្រាប់​ផ្គត់ផ្គង់​ទឹក ក្រៅពី​បូមទឹក​ចេញពី​អណ្ដូង​។ ពលរដ្ឋ​នៅក្នុង​ឃុំ​វាលរេញ​មាន​ជាង​ ២ ​ពាន់​គ្រួសារ​ដែល​ជា​ចំនួន​ច្រើន​ធ្វើឱ្យ​ការផ្គត់ផ្គង់​ទឹក​មាន​ការខ្វះខាត​ខ្លាំង​ចាប់តាំងពី​រដូវក្ដៅ​កាលពី​ដើម​ខែមីនា​រហូត​មក​។ ក្នុងនាម​អាជ្ញា​ឃុំ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដោយ​ទទួល​បានការ​អន្តរាគមន៍​ពី​ឯកឧត្ដម​អភិបាលខេត្ដ​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ​»​។

លោក​ អ៊ួង វុទ្ធី ពលរដ្ឋ​នៅ​ឃុំ​វាលរេញ​សម្ដែង​ក្តីរីករាយ​ក្រោយ​មាន​កិច្ចអន្តរាគមន៍​ក្នុង​ការស្វែងរក​ដំណោះស្រាយ​បញ្ហា​កង្វះខាត​ទឹកស្អាត​ប្រើ បន្ទាប់ពី​បញ្ហា​នេះ​បាន​កើតឡើង​ជាង​ ១ ​ខែ​។

លោក​ថា​៖ «​ពេលនេះ​បាន​មេឃ ធ្លាក់ភ្លៀង​យើង​អាច​ត្រង​ទឹកភ្លៀង​គ្រាន់​នឹង​ប្រើប្រាស់​ខ្លះ​។ តាំងពី​ដើម​ខែមីនា​រហូត​មក​មាន​ការលំបាក​ណាស់ ទឹក​ទាល់តែ​ពេលយប់​ទើប​បើក​ចេញ ហើយ​ចេញ​តិច​ពិបាក​ក្នុង​ការប្រើប្រាស់​ណាស់​»៕