ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញព្រមានផាកពិន័យទៅតាមស្ថានទម្ងន់ទោសចំពោះអង្គភាព ស្ថាប័នឯកជន វិទ្យាស្ថានអប់រំ និងក្រុមហ៊ុននានាដែលដើរបិទ ឬចែកបណ្ណព័ត៌មានផ្សេងៗ ការចងផ្ទាំងផ្សាយអនាធិបតេយ្យ និងប្រើឧបករណ៍បំពងសំឡេងផ្សាយពាណិជ្ជកម្មនៅតាមទីសាធារណៈ។ អាជ្ញាធរជំរុញឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់ ដើម្បីរក្សាសោភណភាព និងសណ្ដាប់ធ្នាប់សាធារណៈក្នុងរាជធានី។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី ៦ កក្កដា ដែលភ្នំពេញប៉ុស្ដិ៍ទទួលបានពីម្សិលមិញឲ្យដឹងថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានណែនាំឲ្យបញ្ឈប់ការបិទផ្សាយបណ្ណព័ត៌មាន ការចងផ្ទាំងផ្សាយអនាធិបតេយ្យ ការចែកខិត្តប័ណ្ណផ្សេងៗ និងប្រើឧបករណ៍បំពងសំឡេងផ្សព្វផ្សាយពាណិជ្ជកម្មនៅទីសាធារណៈជាច្រើនលើក។ ប៉ុន្តែបច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញនៅតែឃើញសកម្មភាពទាំងនេះបន្តកើតមានដដែល។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថានអប់រំ ក្រុមហ៊ុននានាបន្តធ្វើការចងផ្ទាំងផ្សាយអនាធិបតេយ្យ ចែកខិត្តប័ណ្ណ តាមភ្លើងស្តុប បិទ បណ្ណផ្សាយពាណិជ្ជកម្ម នៅតាមបង្គោលភ្លើង ដើមឈើ របងអគារសាធារណៈ របងការដ្ឋាន រមណីយដ្ឋាន គូរគំនូរអាហ្វីស។
ការប្រើប្រាស់ឧបករណ៍បំពងសំឡេងផ្សព្វផ្សាយពាណិជ្ជកម្ម ការដង្ហែក្បួនផ្សព្វផ្សាយផលិតផលផ្សេងៗនៅតាមរថយន្ត ម៉ូតូ រ៉ឺម៉ក និងការដាក់ឆត្រតាមដងផ្លូវសាធារណៈ។ ក្រៅពីនេះក៏មានចែកស៊ីមកាតព្រមទាំងចែកខិត្តប័ណ្ណផ្សេងៗ ដែលបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភណភាព សណ្ដាប់ធ្នាប់សាធារណៈ អនាម័យ និងបរិស្ថានក្នុងរាជធានីភ្នំពេញ។
ដើម្បីរួមចំណែកលើកកម្ពស់សោភណភាព និងកិត្យានុភាពរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងជាថ្មីម្ដងទៀតដល់គ្រប់ស្ថាប័នឯកជន វិទ្យាស្ថានអប់រំ អង្គការ សមាគម និងក្រុមហ៊ុននានាត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នេះ។
រដ្ឋបាលរាជធានីភ្នំពេញស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងរាជធានីភ្នំពេញ រួមទាំងរដ្ឋបាលខណ្ឌ សាលាសង្កាត់ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ ត្រូវយកចិត្តទុកដាក់ សហការឃ្លាំមើល និងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះជនដែលប្រព្រឹត្តនូវសកម្មភាពអវិជ្ជមានទាំងនេះ។ អាជ្ញាធរត្រូវធ្វើការអប់រំ ឬតម្រូវឲ្យចុះកិច្ចសន្យាចំពោះមុខសមត្ថកិច្ចឲ្យបានច្បាស់លាស់ព្រមទាំងតម្រូវឲ្យចុះប្រមូលឲ្យបានស្អាតនូវសម្ភារដែលបានបង្កឲ្យបាត់បង់សោភណភាព និងរបៀបរៀបរយសង្គម។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា៖ «ក្នុងករណីមិនរាងចាលត្រូវធ្វើការផាកពិន័យទៅតាមស្ថានទម្ងន់ទោសដែលសាមីជនបានប្រព្រឹត្ត ឬផ្អាកអាជីវកម្មក្នុងករណីធ្ងន់ធ្ងរត្រូវបញ្ជូនខ្លួនទៅតុលាការ»។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញម្សិលមិញមិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ ដោយទូរស័ព្ទគ្មានអ្នកទទួល។
លោក ណាង គឿន ម្ចាស់ក្រុមហ៊ុន «បូមលូ ២៤ ម៉ោង» បាននិយាយកាលពីម្សិលមិញថា បុគ្គលិកក្រុមហ៊ុនរបស់លោកធ្លាប់បានដើរចែកខិត្តប័ណ្ណតាមភ្លើងស្តុប បិទផ្សាយបណ្ណព័ត៌មាន បណ្ណផ្សាយពាណិជ្ជកម្មនៅតាមបង្គោលភ្លើង ដើមឈើ និងរបងអគារសាធារណៈនានាដែរ។ ប៉ុន្ដែលោកមិនទាន់បានទទួលព័ត៌មានហាមឃាត់ពីសាលារាជធានីភ្នំពេញនៅឡើយទេ។
លោកថា ប្រសិនបើមានការហាមឃាត់ពីសាលារាជធានីភ្នំពេញបែបនេះ លោកនឹងប្រាប់បុគ្គលិកក្រុមហ៊ុនលោកមិនឲ្យដើរបិទ ឬដើរចែកខិត្តប័ណ្ណបន្តទៀតទេ។ កន្លងមក បុគ្គលិកក្រុមហ៊ុនបានដើរចែក និងបិទខិត្តប័ណ្ណអស់ចំនួនជិត ២០០ សន្លឹកក្នុង ១ ថ្ងៃ។ ទោះជាយ៉ាងណាក្នុងនាមក្រុមហ៊ុនឯកជន លោកត្រូវតែស្ដាប់តាមការណែនាំរបស់សាលារាជធានីភ្នំពេញ។
លោក ណាង គឿន បានបញ្ជាក់ថា៖ «រឿងគេហាមហ្នឹង វាប៉ះពាល់ច្រើនដែរ ព្រោះយើងជាក្រុមហ៊ុនតូចតាច គ្មានលុយទៅជួលទូរទស្សន៍ ឬវិទ្យុផ្សាយពាណិជ្ជកម្មដូចក្រុមហ៊ុនគេធំៗទេ។ គឺយើងរំពឹងតែការដើរបិទខិត្តប័ណ្ណតាមផ្លូវសាធារណៈ ដើមឈើ និងរបងផ្ទះប្រជាពលរដ្ឋប៉ុណ្ណោះ។ បើពលរដ្ឋត្រូវការបូមលូ គាត់មើលតែស្ទីកឃ័របិទនៅរបងផ្ទះគាត់ទៅ គាត់អាចខលមកយើង តែឥឡូវគេហាមហើយ។ ទោះយ៉ាងណា ខ្ញុំនៅតែគោរពតាមការណែនាំនេះ ព្រោះជាការចូលរួមគោរពច្បាប់»៕
វីដេអូ៖