ភ្នំពេញៈ ព្រលានយន្តហោះអន្តរជាតិទាំង ៣ នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានក្រុមប្រឹក្សាព្រលានយន្តហោះអន្តរជាតិ (ACI) ទទួលស្គាល់ថាបានអនុវត្តតាមឧត្តមានុវត្តន៍របស់ឧស្សាហកម្មព្រលានយន្តហោះលើផ្នែកសុខភាពនៅតាមព្រលានយន្តហោះពាក់ព័ន្ធនឹងវិធានការអនាម័យ និងសុខភាពក្នុងបរិបទជំងឺកូវីដ-១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airports។
ព្រលានយន្តហោះអន្តរជាតិទាំង ៣ រួមមានព្រលានយន្តហោះអន្តរជាតិភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុទទួលបាននូវការទទួលស្គាល់នេះ បន្ទាប់ពីមានការធ្វើសវនកម្មកាលពីខែវិច្ឆិកា ដែលសវនកម្មនោះផ្ដោតទៅលើវិធានការអនាម័យ និងសុខភាព។ វិធានការទាំងនោះរួមមានការលាងសម្អាត និងការបាញ់ថ្នាំសម្លាប់មេរោគ ការរក្សាគម្លាតសុវត្ថិភាព ការការពារបុគ្គលិក ការកំណត់ទីតាំងឈរ ទំនាក់ទំនងរវាងអ្នកដំណើរ និងកន្លែងសម្រាប់អ្នកដំណើរ។
សវនកម្មនោះក៏ផ្ដោតផងដែរទៅលើដំណើរការការពារអ្នកដំណើរ និងបុគ្គលិកបម្រើការនៅព្រលាន នៅពេលពួកគេធ្វើការទំនាក់ទំនងជាមួយគ្នាដូចជាពេលចុះឈ្មោះ ពេលឡើងជិះយន្តហោះ ឬពេលចុះពីយន្តហោះ។ សវនកម្មក៏វាយតម្លៃលើទំនាក់ទំនងរវាងភ្ញៀវជាមួយនឹងអ្នកបម្រើការនៅតាមហាងលក់ទំនិញមិនជាប់ពន្ធ កន្លែងលក់អាហារ និងភេសជ្ជៈ និងបន្ទប់សម្រាប់អ្នកជំនួញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។
ក្រុមហ៊ុន VINCI Airports ដែលជាក្រុមហ៊ុនគ្រប់គ្រងលើក្រុមហ៊ុន Cambodia Airports បានបង្កើតយុទ្ធនាការមួយឈ្មោះថា «ការពារគ្នាទៅវិញទៅមក» ដើម្បីឱ្យព្រលានយន្តហោះអន្តរជាតិដែលស្ថិតក្នុងបណ្ដាញរបស់ខ្លួននៅលើពិភពលោកអនុវត្តតាម។ វិធានការទាំងនោះត្រូវបានធ្វើឡើងដោយផ្អែកលើអនុសាសន៍អនាម័យរបស់អង្គការសុខភាពពិភពលោក WHO និងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិហៅកាត់ថា ICAO។
លោក Stefano Baronci អគ្គនាយកក្រុមប្រឹក្សាព្រលានយន្តហោះអន្តរជាតិ (ACI) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក បានថ្លែងថា៖ «យើងសូមអបអរសាទរព្រលានយន្តហោះដែលដំណើរការដោយក្រុមហ៊ុន Cambodia Airports នៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលទទួលបាននូវការវាយតម្លៃទទួលស្គាល់ផ្នែកសុខភាពតាមព្រលានយន្តហោះពី ACI ដើម្បីជាការបញ្ជាក់ប្រាប់ទៅពិភពលោក និងសហគមន៍នានា ដែលក្រុមហ៊ុនបម្រើសេវាកម្ម ថាវិធានការផ្នែកសុខភាពប្រកបដោយប្រសិទ្ធភាពត្រូវបានដាក់ឱ្យអនុវត្តស្របទៅតាមស្តង់ដាខ្ពស់បំផុតតាមការណែនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)»។
ព្រលានយន្តហោះទាំង ៣ ស្ថិតនៅក្នុងចំណោមព្រលានយន្តហោះនានាក្នុងតំបន់អាស៊ានដែលទទួលបាននូវការទទួលស្គាល់ដូចគ្នានៅក្នុងចង្កោមព្រលានយន្តហោះធំៗក្នុងតំបន់ដូចជានៅប្រទេសសិង្ហបុរី ទីក្រុងហ្សាការតា និងទីក្រុងម៉ានីល។ ប៉ុន្តែបើប្រៀបធៀបទៅនឹងព្រលានយន្តហោះខ្នាតតូចដែលមានអ្នកដំណើរក្រោម ១៥ លាននាក់ក្នុង ១ ឆ្នាំវិញ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ស្ថិតនៅចំណាត់ថ្នាក់កំពូល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
លោក Alain BRUN ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Cambodia Airports និយាយថា ក្រុមហ៊ុនរបស់លោកនៅតែរក្សាភាពស្មោះត្រង់ចំពោះខ្លួនឯងក្នុងនាមជាក្រុមហ៊ុនផ្ដល់សេវាសាធារណៈដ៏សំខាន់មួយនៅព្រះរាជាណាចក្រកម្ពុជាតាមរយៈការផ្ដល់អាទិភាពជាចម្បងទៅលើសុវត្ថិភាពផ្នែកសុខភាពរបស់អ្នកដំណើរ និងសម្រាប់អ្នកប្រើប្រាស់ព្រលានយន្តហោះ។
លោក ថ្លែងដូច្នេះថា៖ «ខ្ញុំសូមកោតសរសើរដល់កិច្ចសហប្រតិបត្តិការយ៉ាងលេចធ្លោរវាងអាជ្ញាធរសុខាភិបាលកម្ពុជា និងក្រុមការងាររបស់យើង។ ការមានប្រព័ន្ធសុខាភិបាលដែលអាចទុកចិត្តបាននៅតាមព្រលានយន្តហោះធានាបានថាកម្ពុជានឹងត្រូវគេសម្លឹងមើលឃើញថាជាកន្លែងល្អ»។
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជាថ្លែងថា ការទទួលបាននូវវាយតម្លៃនេះគឺជាការលើកតម្កើងមុខមាត់អាកាសយានដ្ឋានអន្តរជាតិទាំង ៣ ថាជាអាកាសយានដ្ឋានមានសុវត្ថិភាព៕