The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ព្រឹកនេះ អាជ្ញាធរ ​ពិភាក្សាការរុះរើ​ស្នាក់ការ​សហគមន៍​​ស្ទឹង​​អារ៉ែង ដើម្បី​យក​ធ្វើ​ជា​សាលាឃុំ​ជំនាប់

ព្រឹកនេះ អាជ្ញាធរ ​ពិភាក្សាការរុះរើ​ស្នាក់ការ​សហគមន៍​​ស្ទឹង​​អារ៉ែង ដើម្បី​យក​ធ្វើ​ជា​សាលាឃុំ​ជំនាប់

Content image - Phnom Penh Post
ពលរដ្ឋ​នៅ​អារ៉ែង តែង​ជួប​ប្រជុំ​នៅ​ស្នាក់ការសហគមន៍ តែ​ពេលនេះអាជ្ញាធរ​ តម្រូវ​ឲ្យ​រុះរើ។

ព្រឹកនេះ អាជ្ញាធរ ​ពិភាក្សាការរុះរើ​ស្នាក់ការ​សហគមន៍​​ស្ទឹង​​អារ៉ែង ដើម្បី​យក​ធ្វើ​ជា​សាលាឃុំ​ជំនាប់

កោះកុងៈ អាជ្ញាធរ​កំពុង​ពិភាក្សាជាមួ​យ​ពលរដ្ឋ​ពី​ការ​រុះរើ​ទីតាំង​ស្នាក់​ការ​សហគមន៍​អារ៉ែង ក្រោយ​បាន​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​រុះរើ​ស្នាក់​ការ​ក្នុង​រយៈពេល​មួយ​ខែ​នេះ​​ ដើម្បី​យកទីតាំង​​ មក​សាងសង់​ ជា​សាលា​ឃុំស្តង់​ដារ​​វិញ ក្រោម​មូលហេតុ​ «បម្រើសេវាជូន​​ ប្រជាពលរដ្ឋក្នុង​ឃុំ»។

ស្នាក់​ការ​សហគមន៍​ស្ទឹង​អារ៉ែង​សព្វថ្ងៃ​ ដែល​ស្ថិត​នៅ​ភូមិច្រក​ឫស្សី ឃុំជំនាប់ ធា្លប់​ជា​បញ្ហា​នៃ​ករណីចាប់​តំណាង​សហគមន៍​លោក វ៉ែន វ៉ន នៅខែ​តុលា ២០១៥​ ​ និង​​ចោទ​ពីបទ​ប្រមូល​ផល​អនុផល​ព្រៃឈើ «ដោយ​គ្មាន​លិខិតអនុញ្ញាត» និង​បទ «លុប​បំបាត់​វត្ថុតាង»។

នៅ​ខែ​មីនា ២០១៦ តុលាការ​ខេត្ត​កោះកុង បាន​ផ្តន្ទាទោស​ រយៈពេល​ ១ ឆ្នាំ តែ​​​ព្យួរ​ទោស​ទាំង​អស់វិញ​ ហើយ​​លោក​ក៏​ត្រូវ​បាន​ដោះលែងឲ្យ​នៅ​ក្រៅ​ឃុំ ។

តាម​សេចក្តីជូនដំណឹង​របស់​សាលាឃុំ​ជំនាប់ ចុះ​ថ្ងៃទី ២១ ខែមីនា​នេះ បានតម្រូវ​ឲ្យ​សហគមន៍​ រុះរើ​ទីស្នាក់ការ​ចេញ​មុន​ ថ្ងៃ​ ២៥ ខែ​មេសា «បើមិន​ដូច្នោះ​ទេ រដ្ឋបាល​ឃុំ​នឹង​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់»។

សហគមន៍​ស្ទឹង​អា​រ៉ែ​ង ដែល​បង្កើតឡើង​ដោយ​ប្រជាពលរដ្ឋ​ដើម្បី​ការពារ​សត្វ និង ព្រៃ​ឈើ​នៅក្នុង​ស្រុក​ថ្មបាំង​នេះ ធ្លាប់បាន​ចេញ​មុខ​តវ៉ា​បន្ត​បន្ទាប់ ប្រឆាំង​គម្រោង​រដ្ឋា​ភិបាល​រៀបចំ​អភិ​វឌ្ឍន៍​ទំនប់​វា​រី​អគ្គិ​សនី​នៅ​តំបន់​នោះ។ ស្នាក់ការ​សហ​មន៍​អា​រ៉ែ​ង ស្ថិតនៅ​ភូមិ​ច្រក​ឫស្សី ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្តកោះកុង ដែល​ប្រជាពលរដ្ឋ​បាន​សន្សំ​ប្រាក់​ទិញ​ឈើ​ធ្វើ​រួច​រាល់កាល​ឆ្នាំ២០១៥ ។

លោក វ៉ែន វ៉ន ដែលជា​សកម្មជន​បរិ​ស្ថាន​នៅ​តំបន់​អា​រ៉ែ​ង និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សាឃុំ​ជំនាប់ មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​ក្នុងស្រុក​ថ្មបាំង​ដែល​ជា​អ្នក​ផ្ដើម​គំនិត​ទិញ​ឈើ​មក​សាងសង​ស្នាក់ការ​នេះ ​មិនទាន់​អាច​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ។

ទោះយ៉ាង​ណា​ អ្នកស្រី ម៉ន សុម៉ុន ភរិយា​របស់​លោក វ៉ែន វ៉ន បាន​ឲ្យ​ដឹង​ថា​ អ្នកស្រី​ពិត​ជា​មាន​អារម្មណ៍​សោក​ស្ដាយ​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ស្វាមី​អ្នកស្រី​ដែល​បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​សាងសង់​ស្នាក់​ការរ​ដែល​ជា​សេចក្ដី​ត្រូវការ​​សម្រាប់​បម្រើ​ផល​ប្រយោជន៍​រួម​ក្នុង​សហគមន៍ ប៉ុន្ដែ​បែរ​ជា​អាជ្ញាធរ​បង្គាប់​ឲ្យ​រើ​ចេញ​ទៅ​វិញ។

អ្នកស្រី​បន្ត​ថា​ ៖ «គេ​ប្រាប់​ឲ្យ​យើង​រុះ​រើ​ទៅ​ គេ​យក​កន្លែង​ហ្នឹង​ធ្វើ​ជា​កន្លែង​សាលា​ឃុំ​ម្ដង​ ព្រោះ​កន្លែង​តូច​ចង្អៀត​មិន​អាច​ធ្វើ​ក្បែរ​គ្នា​បាន​ទេ​ ប៉ុន្ដែ​ជាក់​ស្ដែង​ ខ្ញុំ​ឃើញ​វា​មិន​មាន​អ្វី​ដែល​ចង្អៀត​ទេ​ កន្លែង​ធំ​ទូលាយ​ណាស់​ ហើយ​មិន​ដឹង​ជា​គេ​មាន​ចេតនា​ដូច​ម្ដេច​ទេ​ ខ្ញុំ​អត់​យល់​ដែរ​ ពេល​នេះ​ យើង​ក៏​កំពុង​ពិភាក្សា​គ្នា​ ដើម្បី​រើ​ទៅ​ទីតាំង​កន្លែង​ផ្សេង​ទៀត​»។

លោក អន សុភារិទ្ធ អភិបាល​ស្រុកថ្មបាំង មាន​ប្រសាសន៍​ថា នៅ​ព្រឹកនេះអាជ្ញាធរ​កំពុង​ជួប​ប្រជុំដើម្បី​ពិភាក្សា​ពី​ការ​រើ​ទីតាំង​ស្នាក់​ការ​សហគមន៍​ ៕

អត្ថបទគួរចាប់អារម្មណ៍