ភ្នំពេញៈ ព្រឹត្ដិការណ៍​ពិព័រណ៍​សៀវភៅ​លំដាប់​ពិភពលោក «Big Bad Wolf Book Sale» បាន​នាំយក​សៀវភៅ​ជា​ភាសា​អង់គ្លេស​ច្បាប់​ដើម​ពី​ក្រៅ​ប្រទេស​ជាង ១ ​លាន​ក្បាល​​ មក​លក់​បញ្ចុះតម្លៃ​ចាប់ពី​ ៥០ ​ដល់​ ៩០ ​ភាគរយ​ ជា​លើកដំបូង​នៅ​កម្ពុជា និង​បានប្រកាស​បរិច្ចាគ​ចំនួន​ ៥០០ ​ក្បាល ​ដល់​បណ្ណាល័យ​មួយ​ចំនួន​ព្រមទាំង​លើកទឹកចិត្ត​ឲ្យ​អ្នកចូលរួម​បរិច្ចាគ​បន្ថែម​ដើម្បី​ផ្ដល់ឱកាស​ឱ្យ​អ្នកមាន​ជីវភាព​ខ្វះខាត​អាច​អាន​បាន​ផងដែរ​។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ Big Bad Wolf Book Sale ក្នុងពេល​បើកសម្ពោធ​ពិព័រណ៍​សៀវភៅ​នេះ​ជា​ផ្លូវការ​កាលពី​​ម្សិលមិញ​បានលើកឡើង​ថា​ការបរិច្ចាគ​សៀវភៅ​នេះ គឺ​ស្របតាម​ការជឿជាក់​ថា មនុស្ស​គ្រប់រូប​គួរតែមាន​លទ្ធភាព​ទទួល​បាន​សៀវភៅ​ភាសា​អង់គ្លេស​ដែល​មាន​គុណភាព​មិន​ថា​ពួកគេ​ស្ថិតក្នុង​ស្ថានភាព​ណា​ឡើយ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បង្ហាញថា Big Bad Wolf Book Sale បាន​សហការ​ជាមួយ​បណ្ណាល័យ​បញ្ញវន្ត និង​បណ្ណាល័យ​កណ្តាល​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ធ្វើ​ជា​ដៃគូ​សម្រាប់​កម្មវិធី​ទទួល​ខុសត្រូវ​ចំពោះ​សង្គម​ (CSR) ​របស់​ខ្លួន​ដែលមាន​ឈ្មោះថា Red Readerhood ដើម្បី​បរិច្ចាគ​សៀវភៅ​ឲ្យ​ទៅ​អ្នក​ដែល​ខ្វះខាត​នៅ​កម្ពុជា​។

សេចក្ដី​ប្រកាស​នេះ​បញ្ជាក់ថា​៖ «​អ្នកចូលរួម​ត្រូវបាន​លើក​​ទឹកចិត្ត​ឱ្យ​បរិច្ចាគ​សៀវភៅ​នៅ​បញ្ជរ Red Readerhood ដែលមាន​ទីតាំង​បន្ទាប់ពី​បញ្ជរ​គិតលុយ​នៅក្នុង​សាល​ពិព័រណ៍​។ សម្រាប់​គំនិត​ផ្តួចផ្តើម​នៅក្នុង​កម្មវិធី​ Red Readerhood នេះ Big Bad Wolf Book Sale ​សន្យាថា នឹង​បរិច្ចាគ​សៀវភៅ​​ចំនួន ៥០០ ​ក្បាល​ពីលើ​ការបរិច្ចាគ​ដែល​ប្រមូល​បាន​នៅក្នុង​កម្មវិធី​ពិព័រណ៍​នេះ​ថែមទៀត​»​។

លោក អ៊ុក ចាន់ដារ៉ា អ្នក​នាំពាក្យ​ពិព័រណ៍​សៀវភៅ​នេះ​បាន​បញ្ជាក់ថា ការនាំយក​សៀវភៅ​ជា​ភាសា​អង់គ្លេស​ច្បាប់​ដើមពី​ក្រៅប្រទេស​មក​លក់​ជូន​សិស្សានុសិស្ស យុវវ័យ និង​ពលរដ្ឋ​ខ្មែរ​នេះ​គឺ​ដើម្បី​បង្កើត​ឱកាស​ឲ្យ​បាន​អាន​សៀវភៅ​ល្អ ច្បាប់ដើម និង​បង្កើន​ជំនាញ​ភាសា​អង់គ្លេស​របស់ខ្លួន​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការតាំង​ពិព័រណ៍​សៀវភៅ​នេះ​ក៏​ដើម្បី​ចូលរួម​ជួយ​ដល់​សង្គម​កម្ពុជា​ផងដែរ មាន​ន័យ​ថា​យើង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស​ដែល​បាន​មក​ចូលរួម និង​បាន​ទិញ​សៀវភៅ​អាច​ចូលរួម​បរិច្ចាគ​សៀវភៅ​ ១ ​ក្បាល​តាមរយៈ​សកម្មភាព Red Readerhood ដែល​សកម្មភាព​នេះ​ជា​ការសហការ​ឧបត្ថម្ភ​សៀវភៅ​ដល់​បណ្ណាល័យ សម្ដេច ហ៊ុន សែន និង​បណ្ណាល័យ​បញ្ញវន្ត​នៅ​រាជធានី-ភ្នំពេញ​ផងដែរ​»​។

លោក ចាន់ដារ៉ា បានបង្ហាញ​ជំនឿ​ថា ព្រឹត្ដិការណ៍​ពិព័រណ៍​សៀវភៅ​លំដាប់​ពិភពលោក​​ដែល​ចាប់ពី​ថ្ងៃទី​ ៩ ​ដល់​ថ្ងៃទី ២០ ខែ​មករា ​នៅ​ផ្សារ​រុងរឿង​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​នេះ​នឹង​មាន​មនុស្ស​ប្រមាណ ៥០ ​ម៉ឺន​នាក់​ ចូលរួម​ទស្សនា​។

លោក សុខ ឡាក់ ​សហស្ថាបនិក​បណ្ណាល័យ​បញ្ញវន្ត​បាន​ចាត់ទុក​ពិព័រណ៍​សៀវភៅ​នេះ​ថា​ជា​ឱកាស​ដ៏កម្រ​មួយ​សម្រាប់​អ្នក​ចូលចិត្ដ​អាន​សៀវភៅ​អាច​ទិញ​សៀវភៅ​ច្បាប់ដើម​ល្អៗ​ជា​ភាសា​អង់គ្លេស​នៅក្នុង​ប្រទេស​កម្ពុជា​បាន​។

លោក​ថ្លែងថា​៖ «​សៀវភៅ​ដែល​ដាក់លក់​នេះ​មាន​តម្លៃទាប​ខ្លាំង បើ​ប្រៀបធៀប​នឹង​ការដាក់លក់​ក្នុង​ទីផ្សារ​ជាតិ និង​អន្តរជាតិ​ដែល​អាច​ផ្ដល់​ឱកាស​ដល់​អ្នកមាន​លទ្ធភាព​តិចតួច និង​មធ្យម​អាច​ទទួល​បាន​សៀវភៅ​ល្អ មាន​គុណភាព​ខ្ពស់​សម្រាប់​អាន​ទុកជា​ចំណេះដឹង​របស់ខ្លួន​»​។

លោក សុខ ឡាក់ សង្ឃឹមថា ពិព័រណ៍​នេះ​ក៏​នឹង​ផ្ដល់ឱកាស​ដល់​ពលរដ្ឋ និង​យុវជន​ខ្មែរ​នៅតាម​បណ្ដា​ខេត្ដ​នានា​ឲ្យ​អាច​ទទួល​បាន​សៀវភៅ​ល្អៗ​បែបនេះ​យកទៅ​ទុក​អាន​ផងដែរ​ដែល​ស្រប​តាម​គោលដៅ​កំណត់​​នៃ​ពិព័រណ៍​នេះ​ថា មនុស្ស​ទាំងអស់​គួរតែ​មាន​លទ្ធភាព​ទទួល​បាន​សៀវភៅ​ល្អៗ​បែបនេះ​ទាំងអស់គ្នា​។

គួរ​បញ្ជាក់ថា សៀវភៅ​ដែល​​នាំមក​លក់​បញ្ចុះតម្លៃ​ក្នុង​ពិព័រណ៍​សៀវភៅ​ Big Bad WolfBook ​នេះ​មាន​ច្រើន​ប្រភេទ​ដូចជា សៀវភៅ​សម្រាប់​កុមារ​សៀវភៅ​ប្រលោមលោក​សៀវភៅ​រឿង​ពិត សៀវភៅ​លក់ដាច់​បំផុត សៀវភៅ​ប្រលោមលោក​បែប​វិទ្យាសាស្ត្រ សៀវភៅ​ស្នេហា សៀវភៅ​អភិវឌ្ឍន៍​ខ្លួនឯង សៀវភៅ​ក្រាហ្វិក សៀវភៅ​អាជីវកម្ម សៀវភៅ​ស្ថាបត្យកម្ម​​សៀវភៅ​រចនា និង​សៀវភៅ​ជាច្រើន​ប្រភេទ​ទៀត ៕