ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសពីម្សិលមិញថា មនុស្សចំនួន ៤៣ នាក់ ដែលភាគច្រើនជាជនជាតិចិនមានវិជ្ជមានកូវីដ ១៩ ដែលបានឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ដែលព្រឹត្តិការណ៍ឆ្លងចូលក្នុងសហគមន៍ជាលើកទី៣ នេះត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថាជា «ស្ថានភាពដ៏អាក្រក់»។
កាលពីថ្ងៃទី ២០ ខែកុម្ភៈ លោក ហ៊ុន សែន បានថ្លែងសារពិសេសជាបន្ទាន់មួយទៅកាន់ជនរួមជាតិអំពីព្រឹត្តិការណ៍សហគមន៍ថ្មីនេះ ដោយលោកលើកឡើងថា សភាពការណ៍បានឈានដល់ដំណាក់កាលថ្មីមួយដែលលោកក៏ដូចជាមន្ត្រីពាក់ព័ន្ធបានធ្វើការសន្និដ្ឋានច្បាស់ថា នេះជាការឆ្លងក្នុងសហគមន៍លើកទី៣ បន្ទាប់ពីសហគមន៍ ៣ វិច្ឆិកា និងសហគមន៍ ២៨ វិច្ឆិកា កាលពីឆ្នាំ ២០២០។
លោកមានប្រសាសន៍ថា៖ «នេះជាស្ថានភាពដ៏អាក្រក់សម្រាប់យើងក្នុងពេលដែលយើងកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ដែលនាំចូលពីប្រទេសថៃ និងវៀតណាម ខណៈដែលយើងបានធ្វើល្អហើយ នៅតាមព្រំដែននៃប្រទេសទាំង ២ នេះ»។
ក្នុងដំណាក់កាលនេះ លោក ហ៊ុន សែន បានចេញនូវបទបញ្ជាដោយអំពាវនាវចំពោះជនរួមជាតិទាំងអស់ដោយលោកបានស្នើសុំនូវការយោគយល់ពីអ្នកធុរកិច្ច និងការស្នាក់នៅរបស់ពលរដ្ឋដែលតម្រូវឱ្យមានការបិទអគារ ក្លិបកម្សាន្តអិនប្រាំបី (N8) និងតំបន់មួយចំនួន ដែលផ្ទុះករណីកូវីដ ១៩ ជាចាំបាច់។
លោកមានប្រសាសន៍ថា៖ «អ្នកដែលនៅក្នុងតំបន់នោះ អាចនឹងមានការប៉ះពាល់ ប៉ុន្តែយើងមិនមានជម្រើសទេ ដោយសារពួកគាត់ មានហានិភ័យខ្ពស់ក្នុងការឆ្លង។ មនុស្សទាំងអស់នោះ មិនត្រូវអនុញ្ញាតឱ្យចូល លើកលែងតែម្ចាស់ផ្ទះ ប៉ុន្តែមិនអនុញ្ញាតឱ្យចេញពីតំបន់នោះ»។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យស្ថាប័ន និងអាជ្ញាធរទាំងអស់ត្រូវស្វែងរកអ្នកពាក់ព័ន្ធនឹងក្លិប N8 ទោះទៅដល់ទីណាក៏ដោយ ដើម្បីស្វែងរកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។
យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា នៅថ្ងៃទី ២១ ខែកុម្ភៈ មានមនុស្សចំនួន ៤៣ នាក់បានឆ្លងកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ក្នុងរយៈពេល ២ ថ្ងៃគឺពីថ្ងៃទី ១៩ និងទី ២០ ខែកុម្ភៈ ដែលក្នុងនោះ មានជនជាតិចិនចំនួន ៤១ នាក់ និងជនជាតិវៀតណាមចំនួន ២ នាក់។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងថា ដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ ១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំ ប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តវិធានការការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ២០ ខែកុម្ភៈ។
លោកស្រីថា៖ «សូមបងប្អូនប្រជាពលរដ្ឋយើងត្រូវអនុវត្តវិធានការសុខាភិបាលដែលមាន ៣ ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី ១ ម៉ែត្រកន្លះឡើង) និង ៣ កុំ (កុំទៅកន្លែងដែលមានមនុស្សកកកុញច្រើន កុំទៅកន្លែងដែលបិទជិតមិនមានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា...»។
លោកស្រី ឱ វណ្ណឌីន បន្តថា ត្រូវចូលរួមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ១៤ ថ្ងៃ ហើយបុគ្គលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬដឹងថាខ្លួនជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ១៩ ត្រូវស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគកូវីដ១៩នៅមណ្ឌលសុខភាពចាក់អង្រែ។
ទន្ទឹមនឹងនេះដែរ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃទី ២០ ខែកុម្ភៈ បានដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យា QR Code ទប់ស្កាត់កូវីដ១៩ (Stop Covid-19) ដើម្បីបង្កើននូវប្រសិទ្ធភាព និងល្បឿនក្នុងការបង្ការ និងទប់ស្កាត់ហានិភ័យនៃការរីករាលដាលជំងឺកូវីដ១៩។
លោកឱ្យដឹងថា ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍បានរៀបចំនូវប្រព័ន្ធ QR Code ទប់ស្កាត់កូវីដដែលសាធារណជនចាំបាច់ត្រូវស្កេន QR Code នៅពេលធ្វើដំណើរចេញ-ចូលទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកម្សាន្ត អគារស្នាក់នៅរួម (ខុនដូ) ក្រុមហ៊ុន រោងចក្រ សហគ្រាសជាដើម ដែលមានមនុស្សចេញ-ចូលច្រើន។
លោក ម៉ម ប៊ុនហេង បញ្ជាក់ថា៖ «ប្រព័ន្ធហ្នឹងកត់ត្រាទុកទីតាំងរបស់បុគ្គលដែលបានចេញ-ចូល (ជាប្រព័ន្ធដែលមិនមានការតាមដានឯកជនភាពរបស់បុគ្គល) និងផ្តល់ភាពងាយស្រួលក្នុងការតាមដានស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធ ឬប៉ះពាល់ ប្រសិនបើទីតាំងនោះមានរកឃើញករណីវិជ្ជមានកូវីដ១៩»។
ដោយឡែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃម្សិលមិញបានសម្រេចផ្តល់ជំនួយជាសម្ភារ និងស្បៀងបន្ថែមទៅដល់ខេត្តចំនួន ៥ នៅជាប់ព្រំដែនដើម្បីបន្តរៀបចំធ្វើចត្តាឡីស័កសម្រាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១។
ខេត្តទាំងនោះមាន ខេត្តបាត់ដំបងទទួលបាននូវសម្ភារប្រើប្រាស់ (កន្ទេល មុង ភួយ ខ្នើយ..) ចំនួន ២០០០ កញ្ចប់ ទឹកសុទ្ធ ២ ០០០ កេស និងមីកញ្ចប់ ៥០០ កេស, ខេត្តបន្ទាយមានជ័យ ទទួលបានចំនួន ៣ ០០០ កញ្ចប់ និងមី ៥០០ កេស,ខេត្តឧត្តរមានជ័យទទួលបានចំនួន ២ ០០០ កញ្ចប់ ទឹកសុទ្ធ ២ ៥០០ កេស និងមី ៥០០ កេស, ខេត្តប៉ៃលិនទទួលបានទឹកសុទ្ធ ១ ០០០ កេស និងខេត្តកោះកុង ទទួលបានចំនួន ១០០ កញ្ចប់។
នៅក្នុងសន្និសីទព័ត៌មានជុំវិញការកែសម្រួល អនុក្រឹត្យ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតប ការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូល លោក ម៉ម ប៊ុនហេង ថ្លែងថា រហូតមកដល់ពេលនេះប្រមុខរាជរដ្ឋាភិបាលបានផ្តល់ថវិកាអស់ចំនួន ៩ ៤៨៥ លានរៀល ឬស្មើនឹងជាង ២,៣ លានដុល្លារសហរដ្ឋអាមេរិក រួមនឹងសម្ភារប្រើប្រាស់មួយចំនួនទៀត សម្រាប់ផ្គត់ផ្គង់ទៅបណ្តាខេត្តទាំង ៧ នៅជាប់ព្រំដែនកម្ពុជា-ថៃសម្រាប់ផ្គត់ផ្គង់ការធ្វើចត្តាឡីស័កដល់ពលករខ្មែរមកពីប្រទេសថៃ។
គិតត្រឹមថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ មានពលករខ្មែរប្រមាណ ៣៨ ៩៤៤ នាក់ បានធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងនោះអ្នកដែលកំពុងធ្វើចត្តាឡីស័កមានចំនួន ១១ ៧៩២ នាក់ ចំណែកអ្នកកំពុងធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមមានចំនួន ២៤២ នាក់។
បើតាមក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ ១៩ ចំនួន ៥៣៣ នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយ ៤៧៣ នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៦០ នាក់៕
វីដេអូ៖