ភ្នំពេញៈ សមាជិក​ព្រឹទ្ធសភា​គ្រោង​ជួប​ប្រជុំ​នៅ​ថ្ងៃ​នេះ​ដើម្បី​ពិភាក្សា ​និង​អនុម័ត​លើ​សេចក្ដី​ស្នើ​ច្បាប់​វិសោធនកម្ម​មាត្រា ៤៥ ថ្មី (​ស្ទួន​) នៃ​ច្បាប់​គណបក្ស​នយោបាយ​ដែល​រដ្ឋសភា​បាន​អនុម័ត​កាលពី​ថ្ងៃទី​ ១៣ ខែ​ធ្នូ​កន្លង​មក​នេះ​ហើយ​ក៏​ជា​សញ្ញា​នៃ​ការបើក​ផ្លូវ​ដល់​អ្នក​នយោបាយ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ហាមឃាត់​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​មាន​ឱកាស​ស្នើសុំ​នីតិសម្បទា​ឡើង​វិញ​។

ការសម្រេច​បើក​ប្រជុំ​ពិភាក្សា​លើ​សេចក្ដីស្នើ​វិសោធនកម្ម​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម្សិលមិញ​ក្រោយ​ពី​សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ៍​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដី​ស្នើ​ច្បាប់​នេះ​។

លោក​ ម៉ម ប៊ុននាង អ្នក​នាំពាក្យ​ព្រឹទ្ធសភា​បាន​ថ្លែង​ក្រោយ​កិច្ចប្រជុំ​អចិន្រៃ្តយ៍​ថា​វិសោធនកម្ម​ត្រង់​មាត្រា ៤៥ ថ្មី (​ស្ទួន​) នៃ​ច្បាប់​គណបក្ស​នយោបាយ​នឹង​បើក​ផ្លូវ​ឲ្យ​អ្នក​នយោបាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ដែល​បាន​អនុវត្តតាម​សាលក្រម​តុលាការ​កំពូល​ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ហើយ​បន្ទាប់មក​គណៈកម្មាធិការ​នីតិកម្ម​បាន​ពិនិត្យ​ឃើញ​ថា ខ្លឹមសារ​ច្បាប់​នៃ​ការធ្វើ​វិសោធនកម្ម​នេះ​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​។

លោក ម៉ម ប៊ុននាង ថ្លែង​ថា​ការវិសោធនកម្ម​នេះ​គឺ​បើក​ផ្លូវ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អាច​ដាក់​សំណើ​ទៅ​នាយករដ្ឋមន្ត្រី ហើយ​នាយករដ្ឋមន្ត្រី​ដាក់​សំណើ​នេះ​បន្ត​ថ្វាយ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ស្នើសុំ​ដក​បម្រាម​នយោបាយ​ពី​អ្នកនយោបាយ​ណា​ម្នាក់​ដែល​បាន​គោរព​សាលក្រម​ដោយ​មិន​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ និង​ប៉ះពាល់​គោលការណ៍​នីតិរដ្ឋ និង​សន្តិសុខ​ជាតិ​។

លោក ប៊ុននាង បាន​ថ្លែង​ថា​៖ «​វិសោធនកម្ម​ច្បាប់​នេះ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ និង​លើក​កម្ពស់​ការបង្រួបបង្រួម​ជាតិ​។ យើង​បាន​ពិនិត្យ​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ហើយ​គឺ វា​ស្រប​តាម​មាត្រា​ទី​ ៨ នៃ​រដ្ឋធម្មនុញ្ញ ហើយ​យើង​បាន​ពិនិត្យ​លើ​ទម្រង់​ច្បាប់ និង​គតិ​ច្បាប់​ហើយ​និង​ខ្លឹមសារ​ច្បាប់ វា​ប្រទាក់​ក្រឡា​គ្នា​ហើយ​គឺ​មិន​មាន​អ្វី​ដែល​ប៉ះពាល់​ដល់​ច្បាប់ រដ្ឋធម្មនុញ្ញ​នោះ​ទេ​»​។

លោក​ថ្លែង​ថា​៖ «​យើង​នឹង​ប្រជុំពិភាក្សា​ និង​អនុម័ត​តែម្តង​ដើម្បី​ដាក់​ជូន​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ទៅ​ព្រះមហាក្សត្រ ដើម្បី​លោក​ឡាយ​ព្រះហស្តលេខា​។ ក្រុមប្រឹក្សា​ធម្មនុញ្ញ​នឹង​ពិនិត្យ​ថា តើ​ច្បាប់​នេះ​ធម្មនុញ្ញភាព​ដែរ​ឬ​អត់​ហើយ បើ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មើល​ឃើញ​ថា​ស្រប​ដូច​គណៈកម្មាធិការ​នីតិកម្ម​បាន​លើក​ឡើង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នឹង​អនុម័ត​ហើយ និង​បញ្ជូន​ទៅ​ព្រះមហាក្សត្រ​»​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក ម៉ម ប៊ុននាង បាន​បដិសេធ​ទៅ​លើ​ការធ្វើ​អត្ថាធិប្បាយ​នានា​ដែល​ក្រុម​ប្រឆាំង​ចោទ​ថា​ច្បាប់​នេះ​ធ្វើ​ឡើង​ដើម្បី​បំបែក​ក្រុម​អ្នកនយោបាយ​នៃ​អតីត​គណបក្ស​ប្រឆាំង​។

លោក ប៊ុននាង ថ្លែង​ថា​៖ «​អ្វី​ដែល​យើង​បាន​ធ្វើ​គឺ​យើង​អត់​ចាប់​អារម្មណ៍​ពី​អ្នក​ដែល​ចេះ​តែ​និយាយ​ហើយ​មិន​បាន​ធ្វើ​។ អ្វី​ដែល​យើង​បាន​ធ្វើ​គឺ​គិត​អំពី​ច្បាប់​ និង​នីតិរដ្ឋ​ និង​ការផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​ដូច្នេះ​ចំពោះ​បុគ្គល​មួយ​ចំនួន​ដែល​យល់​យ៉ាង​នេះ​គឺជា​បុគ្គល​ដែល​មិន​គោរព​ច្បាប់​ហើយ​គាត់​ចេះតែ​ប្រឆាំង​ទោះ​យើង​ខិតខំ​ធ្វើ​ល្អ​យ៉ាង​ម៉េច​ក៏​គាត់​នៅ​តែ​មិន​ទទួល​យក ហើយ​ថា​មិន​ត្រូវ​ដែរ ដោយ​ពួកគេ​មាន​ទស្សនៈ​ប្រឆាំង​ហើយ​ជា​អ្នកប្រឆាំង​ស្រាប់​»​។

បច្ចុប្បន្ន​មាន​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១១៨ នាក់​ត្រូវ​បាន​តុលាការ​កំពូល​ដាក់​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​ ៥ ​ឆ្នាំ​ជាមួយ​នឹង​ការរំលាយ​គណបក្ស​ចោល​កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ និង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចាប់​ខ្លួន​លើ​សំណុំរឿង «​ក្បត់ជាតិ​»​។

លោក​ សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​ដោយ​ខ្លួនឯង​ហើយ​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​ស្ដីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​ក្នុង​លិខិត​ជា​ភាសា​អង់គ្លេស​កាលពី​ថ្ងៃទី ​២១ ខែ​ធ្នូ​ដោយ​បាន​ហៅ​រាជរដ្ឋាភិបាល​ថា​ជា​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​កំពុង​តែ​ព្យាយាម​បង្ហាញ​ពី​សញ្ញា​នៃ​ការផ្លាស់ប្ដូរ​គោលនយោបាយ​ផ្ដាច់ការ​ដោយសារ​តែ​សម្ពាធ​អន្តរជាតិ​។

លោក រង្ស៊ី សរសេរ​ថា​៖ «​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ដូច​យើង​ទាំងអស់​គ្នា​ដឹង​ច្បាស់​ថា ការផ្ដល់​នីតិសម្បទា​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ ១១៨ ​រូប​នៅ​ក្នុង​លក្ខខណ្ឌ​បច្ចុប្បន្ន​មិន​មាន​អត្ថន័យ​អ្វី​ទាល់តែ​សោះ​នៅ​ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ស្ថិត​ក្នុង​បម្រាម​ហើយ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក​ កឹម សុខា ក៏​កំពុង​ជាប់ឃុំ​ក្នុង​ផ្ទះ​ហើយ​សិទ្ធិ​សេរីភាព​របស់​លោក​ក៏​ត្រូវ​បាន​ដកចេញ​ផងដែរ​នោះ​។ ប្រសិន​បើ​ពួកគេ​ចង់​បង្ហាញ​ភាពស្មោះត្រង់​ចំពោះ​ពួកគេ​ផ្ទាល់​នោះ តើ​មន្ត្រី​ទាំង​ ១១៨ ​រូប​ដែល​ជា​សហការី​របស់​លោក​ កឹម សុខា អាច​ទទួល​យក​សិទ្ធិ​នយោបាយ​របស់​ពួកគេ​វិញ ទាំង​ដោយ​គ្មាន​គណបក្ស និង​ប្រធាន​គណបក្ស​ឬ​?»​។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​លោក រង្ស៊ី សរសេរ​ថា​សញ្ញា​ទាំង​នេះ​អាច​គ្រាន់​តែ​ជា​ការ​បំភាន់​ភ្នែក​ដូចជា​ក្នុង​សេចក្ដី​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​ការផ្ដល់​នីតិសម្បទា​ជូន​ដល់​អតីត​សមាជិក​គណបក្ស​ប្រឆាំង​មួយ​ចំនួន​។ តាមពិត បើ​តាមរយៈ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មីៗ​នេះ មន្ត្រី​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ ១១៨ ​រូប​ដែល​ជាប់​បម្រាម​នយោបាយ​ ខណៈ​ពេល​ដែល​គណបក្ស​របស់​ពួកគេ​ត្រូវ​បាន​សម្រេច​រំលាយ​កាលពី​ថ្ងៃទី​ ១៦ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ អាច​ទទួល​បាន​សិទ្ធិ​នយោបាយ​វិញ​ប្រសិន​បើ​ពួកគេ​ធ្វើ​សំណើ​ទៅ​កាន់​រដ្ឋាភិបាល​។

លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្វាគមន៍​ចំពោះ​ព្រឹទ្ធសភា​កម្ពុជា​ដែល​នឹង​អនុម័ត​មាត្រា​ ៤៥ ថ្មី (​ស្ទួន​) នៃ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ដែល​អនុញ្ញាត​ឲ្យ​រូបលោក និង​​ គង់ បូរ៉ា ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ​អាច​ទទួល​បាន​នូវ​សិទ្ធិ​ដើម្បី​ធ្វើ​នយោបាយ​ឡើង​វិញ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​រីករាយ​ណាស់​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ដោយសារ​ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​ធ្វើ​នយោបាយ​ឡើងវិញ​។ ខ្ញុំ​ហើយ​និង​​ គង់ បូរ៉ា ​នឹង​ដាក់​ពាក្យ​ស្នើសុំ​ទៅ​សម្តេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ភ្លាមៗ​នៅពេល​ពេល​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​លើ​ច្បាប់ និង​ពេល​ដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន​»​។

លោក​ គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្វាគមន៍​ចំពោះ​ព្រឹទ្ធសភា​កម្ពុជា​ដែល​នឹង​អនុម័ត​មាត្រា ៤៥ ថ្មី (​ស្ទួន​) នៃ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ដែល​អនុញ្ញាត​ឲ្យ​រូបលោក និង​កូនប្រុស​របស់​លោក​គឺ​ គង់ បូរ៉ា ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ​អាច​ទទួល​បាន​នូវ​សិទ្ធិ ដើម្បី​ធ្វើ​នយោបាយ​ឡើង​វិញ​។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​លោក​ មាស នី លោក​ អ៊ូ វីរៈ និង​លោក​ ឯម សុវណ្ណារ៉ា អ្នក​វិភាគ​ដែល​តែងតែ​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​បញ្ហានយោបាយ និង​បញ្ហា​សង្គម​នៅក្នុង​ប្រទេស​មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​៕