ភ្នំពេញៈ ព្រឹទ្ធសភាបានអនុម័តសេចក្តីព្រាងវិសោធនកម្មមាត្រាចំនួន ១០ នៃច្បាប់ស្តីពីសហជីពកាលពីថ្ងៃចន្ទក្នុងសម័យប្រជុំលើកទី ៤ នីតិកាលទី ៤ ដោយសំឡេង ៥៨ លើ ៥៨ ដោយឥតកែប្រែ បន្ទាប់ពីបានឆ្លងរដ្ឋសភាកាលពីខែមុន។
មាត្រាទាំង ១០ នោះរួមមាន មាត្រា ៣ មាត្រា ១៧ មាត្រា ២០ មាត្រា ២១ មាត្រា ២៧ មាត្រា ២៨ មាត្រា ២៩ មាត្រា ៥៤ មាត្រា ៥៥ និងមាត្រា ៥៩ នៃច្បាប់ស្តីពីសហជីពដែលត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីឆ្នាំ ២០១៦។ សេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកាលពីថ្ងៃចន្ទបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះរៀបចំឡើងដើម្បីកែសម្រួលបញ្ញត្តិមាត្រាចំនួន ១០ នៃច្បាប់ស្តីពីសហជីព ដើម្បីធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈដែលជាចំណុចស្នូលក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃការផ្សារភ្ជាប់ពាណិជ្ជកម្មអន្តរជាតិទៅនឹងលក្ខខណ្ឌការងារដែលបានលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាក្នុងការប្រកួតប្រជែងទាក់ទាញវិនិយោគ និងបង្កើតការងារជូនកម្មករ និយោជិត និងបង្ហាញអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សិទ្ធិការងាររបស់កម្មករនិយោជិត ស្របតាមបទដ្ឋានអន្តរជាតិ។
កាលពីថ្ងៃទី ២៦ ខែវិច្ចិកា រដ្ឋសភាបានអនុម័តលើសេចក្តីព្រាងវិសោធនកម្មច្បាប់នេះដោយសំឡេង ១០៧ លើ ១០៧ ដែលមន្ត្រីរដ្ឋាភិបាលអះអាងថា ការធ្វើវិសោធនកម្មមាត្រាច្បាប់ទាំងនេះគឺផ្អែកតាមសំណូមពររបស់ភាគីពាក់ព័ន្ធ ហើយមានលក្ខណៈល្អប្រសើរជាងមុន។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមិនអាចទាក់ទងដើម្បីសុំការបញ្ជាក់បានទេពីថ្ងៃចន្ទ។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជាថ្លែងពីថ្ងៃចន្ទថា បើមើលពីទម្លាប់ វាមិនមានរឿងអ្វីថ្មីនោះទេ។ លោកថា ការអនុម័តសេចក្តីព្រាងវិសោធនកម្មមាត្រានៃច្បាប់ស្តីពីអង្គការវិជ្ជាជីវៈដែលហៅថា អង្គការសហជីពនេះមិនមានអ្វីដែលជាចំណុចល្អប្រសើរ ហើយជាអ្វីដែលស្ថាប័នសហជីពចង់បាននោះទេ ព្រោះស្ថាប័នលោកបានផ្តល់យោបល់ជាហូរហែតាំងពីមុនច្បាប់នេះត្រូវបានអនុម័តកាលពីឆ្នាំ ២០១៦។ សម្រាប់ការធ្វើវិសោធនកម្មចុងក្រោយនេះ យោបល់របស់ក្រុមការងាររបស់លោកមិនត្រូវបានយកទៅដាក់បញ្ចូលនោះទេ។
លោក ប៉ាវ ស៊ីណា ថ្លែងថា៖ «ខ្ញុំគិតថា គេគ្រាន់តែកែប្រែខ្លឹមសារបន្តិចបន្តួចតែប៉ុណ្ណោះ។ ដូច្នេះការអនុវត្តវានៅតែជាបញ្ហាដដែល។ ដូចយើងឃើញជាក់ស្តែងហើយរហូតមកដល់ម៉ោងនេះ សិទ្ធិអំណាចរបស់អង្គការសហជីពដែលតំណាងឱ្យកម្មករវាបាត់បង់ដោយសារតែច្បាប់នេះ ត្រូវបានហាមឃាត់ដោយសារតែច្បាប់នេះតម្រូវឱ្យយើងជាអង្គការសហជីពគ្រាន់តែជាអ្នកអមទៅលើកម្មករ។ ដូច្នេះយើងអត់មានសិទ្ធិតំណាងឱ្យពួកគេផ្ទាល់ទេ»។
បើតាមលោក ប៉ាវ ស៊ីណា ចំណុចនេះធ្វើឱ្យអង្គការសហជីពបាត់បង់នូវអំណាចរបស់ខ្លួនក្នុងការការពារកម្មករក៏ដូចជាកម្មករខ្លួនឯង បាត់បង់សិទ្ធិក្នុងការជ្រើសរើសតំណាងរបស់ខ្លួនដែលខ្លួនជឿជាក់ និងទុកចិត្ត។
លោកមើលឃើញថា ការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុ និងការបង្កើតក្រុមសវនកម្មឯករាជ្យ ដើម្បីធ្វើការត្រួតពិនិត្យផ្សេងៗគឺជាការជ្រៀតជ្រែកទៅលើកិច្ចការផ្ទៃក្នុងសហជីពហើយការតាក់តែងលក្ខន្តិកៈរបស់សហជីពភាគច្រើនធ្វើទៅតាមការណែនាំរបស់ក្រសួងការងារ។
លោក ប៉ាវ ស៊ីណា ថ្លែងថា៖ «កម្មករយើងបើទោះបីជាអត់មានបង្កើតសហជីពក៏ដោយ អត់មានតំណាងកម្មករក៏ដោយ ប៉ុន្តែគាត់មានសិទ្ធិជាមូលដ្ឋានរបស់គាត់ នៅក្នុងការទាមទារនូវចំណុចទាំងឡាយណាដែលគាត់យល់ថា និយោជកបំពាន និយោជកកេងប្រវ័ញ្ច និយោជករំលោភសិទ្ធិរបស់គាត់។ អ៊ីចឹងគាត់មានសិទ្ធិទាមទារជាបឋមហើយ។ ដល់ពេលច្បាប់នេះ គឺទាល់តែសហជីពហ្នឹងចុះបញ្ជិកាទទួលស្គាល់ដោយក្រសួង ទើបសហជីពហ្នឹងអាចធ្វើសកម្មភាពនានាបានដើម្បីជួយការពារកម្មករ។ អ៊ីចឹងទាំងអស់ហ្នឹងធ្វើឱ្យបាត់បង់សិទ្ធិជាមូលដ្ឋានអំណាចរបស់គាត់ (កម្មករ)»៕