ភ្នំពេញៈ សមាជិកព្រឹទ្ធសភាចំនួន ៥៩ កាលពីម្សិលមិញបានបោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិបំណងរឹតបន្ដឹងចំពោះជនបរទេសដែលចង់បានសញ្ជាតិកម្ពុជា ទន្ទឹមនឹងមានការរិះគន់ពីក្រុមអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន និងអ្នកឃ្លាំមើលបញ្ហាសង្គមដោយចាត់ទុកថា ច្បាប់នេះបង្កភាពងាយស្រួលក្នុងការផ្ដល់សញ្ជាតិខ្មែរ។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ព្រឹទ្ធសភាបានអនុម័តសេចក្តីព្រាងច្បាប់ទាំងស្រុងនៅព្រឹកមិញនេះដោយសំឡេង ៥៩ លើសំឡេង ៥៩ ។
លោកបានថ្លែងថាច្បាប់នេះគឺមានការរឹតបន្តឹងទៅចំពោះជនបរទេសដែលមករស់នៅស្រុកខ្មែរនេះមុននឹងចូលសញ្ជាតិបានលុះត្រាតែគោរពគ្រប់លក្ខខណ្ឌ ជាពិសេសទាក់ទងនឹងរឿងជួយវិភាគទានដល់រាជរដ្ឋាភិបាល។ កាលពីឆ្នាំ ១៩៩៦ រដ្ឋាភិបាលបានកំណត់ ៣០ ម៉ឺនដុល្លារជាងអាចឲ្យគាត់ចូលបាន ប៉ុន្តែច្បាប់នេះគឺបង្កើនរហូតដល់ជិត ១ លានដុល្លារដូច្នេះការរឹតបន្តឹងថវិកាដែលជួយដល់រដ្ឋាភិបាល និងជួយដល់ប្រទេសជាតិ។
លោក ប៊ុននាង ថ្លែងថា៖ «វាមិនមែនដូចអ្វីដែលគេចេះតែស្រែកចេះតែនិយាយថាយើងបន្ថូរបន្ថយដើម្បីឲ្យប្រទេសជិតខាងចូលមករស់នៅហើយឲ្យស្របច្បាប់ មិនមែនទេ»។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃសុក្រថាក្នុងច្បាប់គួរកំណត់ទឹកប្រាក់ដែលមានសមាមាត្រទៅនឹងតម្លៃទីផ្សារបច្ចុប្បន្ន និងថាជនបរទេសដែលជាប្រទេសជាប់ព្រំដែន ដែលស្នើសុំសញ្ជាតិខ្មែរត្រូវតែបោះបង់សញ្ជាតិដើមខ្លួនឯងចោល។
លោកបានគូសបញ្ជាក់ដូច្នេះថា៖ «បើជ្រុលជាដាក់ទឹកប្រាក់ ជាថ្នូរនឹងសញ្ជាតិគួរតែថ្លៃសមរម្យ ព្រោះខ្មែរយើងបច្ចុប្បន្នគួរមានតម្លៃខ្ពស់ជាងឆ្នាំ ១៩៩៦ ៣ ដងយ៉ាងតិច។ បើដាក់តម្លៃទាប បរទេសជាពិសេសចិន និងវៀតណាម សប្បាយចិត្តមួយទំហឹងមិនខានទេប្រទេសជាប់ព្រំដែនដែលស្នើសុំសញ្ជាតិខ្មែរត្រូវតែបោះបង់សញ្ជាតិដើមខ្លួនឯងចោល។ យើងការពារទំនាស់ផលប្រយោជន៍ទាក់ទងនឹងបញ្ហាព្រំដែន) និងនយោបាយ»។
លោក សន ជ័យ ជាប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានមានប្រសាសន៍ថា៖ «ខ្ញុំយល់ថាជាច្បាប់មួយដែលចិត្តងាយមួយដែលធ្វើឲ្យជនបរទេសទំនងមានលទ្ធភាពងាយស្រួលខ្លាំងក្នុងការទទួលបានសញ្ជាតិកម្ពុជា។ យើងមានការបារម្ភពិសេសជនជាតិវៀតណាមនៅកម្ពុជា»៕