ភ្នំពេញៈ ព្រឹទ្ធសភា​នៃ​សហរដ្ឋ​អាមេរិក កាលពីដើម​ខែ​មករា បាន​ច្រាន​ចោល​សេចក្ដី​ស្នើ​របស់​រដ្ឋាភិបាល​អាមេរិក​ដែល​បាន​ស្នើ​តែង​តាំង​លោក Patrick Murphy ជា​ឯកអគ្គ​រដ្ឋទូត​ប្រចាំ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៨ ជំនួស​លោក William A Heidt។ យោង​តាម​គេហទំព័រ​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​សហរដ្ឋ​អាមេរិក។

គេហទំព័រ​ដដែល​នេះ​បាន​ឲ្យ​ដឹងថា ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បាន​សម្រេច​ធ្វើការ​បញ្ជូន​ត្រឡប់​វិញ​នូវ​បេក្ខភាព​លោក Murphy ដោយ​សារ​តែ​រូប​លោក​មិន​ត្រូវ​បាន​ព្រឹទ្ធសភា​នីតិកាល​ទី ១១៥ អនុម័ត​យល់​ព្រម​តែង​តាំង​ធ្វើ​ជា​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​នោះ​ទេ។

ព្រឹទ្ធសភា​អាមេរិក បាន​អនុម័ត​សំណើ​តែង​តាំង​បេក្ខជន​ជាច្រើន​រូប​ជា ឯកអគ្គ​រដ្ឋទូត​អាមេរិក​នៅ​ក្រៅ​ប្រទេស​ដែល​ស្នើ​ដោយ​លោក ប្រធានា​ធិបតី ដូណាល់ ត្រាំ មុន​បញ្ចប់​នីតិកាល​ទី ១១៥។ ទន្ទឹមគ្នា​នោះ​ដែរ​បេក្ខភាព​មួយ​ចំនួន​ផ្សេង​ទៀត ក៏​មិន​ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​ផង​ដែរ ក្នុង​នោះ​ក៏មាន លោក Patrick Murphy ដែល​ជា​បេក្ខភាព​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ហើយ ព្រឹទ្ធ​សភា​បាន​សម្រេច​បង្វិល​បេក្ខភាព​ទាំង​នោះ​ទៅ​ឲ្យ​ប្រធានា​ធិបតី វិញ។

សេចក្តីប្រកាស​បញ្ជាក់​ដូច្នេះ​ថា៖ «(Patrick Murphy) ត្រូវ​បញ្ជូនទៅ​ឲ្យ​ប្រធានា​ធិបតី​អាមេរិក​វិញ គឺជា​ការ​អនុវត្ត​តាម​កថា​ខណ្ឌ ៦ មាត្រា ៣១ នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ព្រឹទ្ធសភា​អាមេរិក»។

បើ​យោងតាម​កថាខណ្ឌ​នេះ​បាន​ឲ្យ​ដឹងថា ក្នុងករណី​ព្រឹទ្ធសភា​ផ្អាក ឬ​ស្ថិត​ក្នុង​វិស្សមកាល​ច្រើន​ជាង ៣០ ថ្ងៃ សំណើ​តែង​តាំង ទាំង​អស់​ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរការ ហើយ​មិន​ទាន់​បញ្ចប់​អំឡុង​ពេល​នេះ នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រធានា​ធិបតី​តាមរយៈ​រដ្ឋមន្ត្រី​ការបរទេស ហើយ​សំណើ​ទាំង​នេះ នឹង​មិន​ត្រូវ​បាន​ពិចារណា​ឡើយ​រហូត​ដល់​មាន​ការ​ស្នើ​ឡើង​វិញ​ពី​សំណាក់​ប្រធានា​ធិបតី។

លោក Arend C Zwartjes អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​សុំ​មិន​ធ្វើការ​បក​ស្រាយ ទាក់​ទង​នឹង​បញ្ហា​នេះ​ដោយសារ​តែ ការ​បិទ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

លោក Murphy គឺជា​ឧបការី​រងរដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ហើយ លោក​ត្រូវ​បាន​លោក ដូណាល់ ត្រាំ ជ្រើស​រើស​ជា​បេក្ខភាព​ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​អាមេរិក ប្រចាំ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​កាល​​ពី​ថ្ងៃ​ទី ១០ ខែ​សីហា ជំនួស​តំណែង​ឯកអគ្គ​រដ្ឋទូត​ផុត​អាណត្តិ លោក វីលៀម ហេដត៍ (William A Heidt)។

សំណើ​តែងតាំង​លោក ត្រូវបញ្ជូន​ទៅដល់​ព្រឹទ្ធសភា​នៅ​ថ្ងៃទី ១៦ ខែ​សីហា ឆ្នាំ ២០១៨ ហើយ​គណៈ​កម្មាធិការ​ទំនាក់​ទំនង​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក បាន​បើក​វេទិកា​ដេញ​ដោល​រូប​លោក​កាល​ពី​ថ្ងៃ​ទី ០៤ ខែ​ធ្នូ ឆ្នាំ ២០១៨។

កាលពី​ខែសីហា ឆ្នាំ ២០១៨ បើ​យោងតាម លោក វីលៀម ហេដត៍​ដែល​បាន​ចុះ​ផ្សាយ​តាម​គណនី Instagram ផ្លូវការ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ឲ្យ​ដឹង​ថា លោក Murphy ជា​បេក្ខជន​ស័ក្តិសម​បំផុត​សម្រាប់​តំណែង​ឯកអគ្គ​រដ្ឋទូត​អាមេរិក​នៅ​កម្ពុជា​នេះ​ដែរ​ព្រោះ​តែ​លោក​មាន​បទពិសោធ​ខ្ពស់ និង​យល់​ដឹង​រាក់​ជ្រៅ​ពី​ការងារ​ការទូត​ក្នុង​តំបន់។

លោក វីលៀម ហេ​ដ​ត៍ បានបញ្ជាក់​ដូច្នេះ​ថា៖ «លោក Murphy មាន​ការ​ពិសោធ​ដ៏​ចំណាន​ក្នុង​ការងារ​ការទូត ហើយ​លោក​ស្គាល់​តំបន់​អាស៊ី​អាគ្នេយ៍​ច្បាស់ ហើយ​ក៏​យល់​ដឹង​ពី​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​ច្បាស់​លាស់​ខ្លាំង​ដូច​គ្នា​ដែរ»។

លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា សេចក្ដី​សម្រេច​នោះ​ជា​ជម្រើស​ព្រឹទ្ធសភា​របស់​សហរដ្ឋ​អាមេរិក។

លោក​បាន​ថ្លែងថា៖ «យើង​មិនមាន​យោបល់​អ្វី​ទេ។ អ្វីដែល​យើង​សង្ឃឹម ឯកអគ្គ​រដ្ឋទូត ដែល​នឹង​អញ្ជើញ​មក​ធ្វើការ​នៅ​ស្រុក​ខ្មែរ​គឺ​តំណាង​ផល​ប្រយោជន៍​ទាំង ២ ពិសេស​គឺ​ទំនាក់​ទំនង​ល្អ និង​កិច្ច​សហ​ប្រតិបត្តិការ។

សង្ឃឹមថា ឯកអគ្គ​រដ្ឋ​ថ្មី​ដែល​នឹងត្រូវ​បានតែងតាំង​នាពេល​ឆាប់ៗ​នេះ​មិន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​កម្ពុជា យើង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​មិន​ជ្រៀត​ជ្រែក​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​នីមួយៗ»៕