គណៈ​កម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្តឹង​ និង​អង្កេត​នៃ​ព្រឹទ្ធសភា ​និង​ក្រុមមេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោសែន​ ចុះហត្ថ​លេ​ខា​លើ​អនុស្សរណៈ​នៃ​ការយោគ​យល់​ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​រួមគ្នា ​ក្នុង​គោល​បំណង​អនុវត្ត​ច្បាប់​ការពារ​សិទ្ធិ ​និង​ផល​ប្រ​យោជន៍​ជូន​ពលរដ្ឋ​កម្ពុជា ​ជាពិសេស​ការពារ​ដល់​ស្រ្តី​ទន់ខ្សោយ ​ដែល​ងាយ​រងគ្រោះ​ ពុំមាន​លទ្ធភាព​ទទួល​បាន​ការការពារ​តាម​ផ្លួវ​ច្បាប់។

ក្នុង​ពិធី​ចុះ​ហត្ថលេខា ​នៅ​ព្រឹទ្ធសភា​ថ្ងៃនេះ ​លោក ​យ៉ង់ សែម ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ​និង​ជា​ប្រធាន​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យបណ្តឹង ​និង​អង្កេត​នៃ​ព្រឹទ្ធសភា ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហ​ប្រតិបត្តិការ​រវាង​គូ​ភាគី​ទាំង​២​ ដើម្បី​គាំទ្រ​លើក​ស្ទួយ ​និង​ការពារ​សិទ្ធិ​ជន​គ្រប់រូប ​ជាពិសេសស្រ្តី​រងគ្រោះ​ឱ្យមាន​សិទ្ធិ​សេរីភាព​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់។

បើ​តាម​លោក​ យ៉ង់​ សែម ​ផ្អែក​តាម​អនុស្សរណៈនៃ​ការយោគ​យល់​នេះ ​ភាគី​ទាំង ២​ នឹង​ធ្វើ​ជាស្ពាន​តភ្ជាប់​ទំនាក់​ទំនង​ទ្វេភាគី​ទៅ​កាន់​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ ​និង​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ​ផ្តល់​ព័ត៌មាន​ឱ្យគ្នា​ទៅវិញ​ទៅមក​ទាំង​ថ្នាក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិ ​និង​ផ្តល់​មេធាវី​ការពារក្តី​នៅ​សាលា​ជម្រះក្តី​គ្រប់​ជាន់​ថ្នាក់ ​និង​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជាដើម។

លោក​ថ្លែងថា​៖ «នៅពេល​មាន​បញ្ហា​កើត​ឡើង ​ជាពិសេស​មាន​នារី​ងាយ​រងគ្រោះ ​ឬ​អ្នក​រងគ្រោះ​ខ្វះខាត​[ថវិកា]​តស៊ូ​តាម​ផ្លូវ​ច្បាប់ ​គឺ​យើង​នឹង​ផ្តល់​ព័ត៌មាន​នេះ​ទៅ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ​សែន ​ហើយ​បើ​តាម​ឯកឧត្តម​ គី តិច ​មាន​ប្រសាសន៍​គឺ​ថា​មិន​យក​លុយ​ទេ។ យើង​ទាំង​អស់​គ្នា​ដឹង​ហើយ​នៅពេល​ចុះ​មូលដ្ឋាន​ម្តងៗ​មាន​នារី​រងគ្រោះ​ខ្វះ​លទ្ធ​ភាព​ស្វែង​រក​ផ្លូវ​ច្បាប់​ការពារ​ខ្លួន ​មិនដឹង​ពឹង​ពាក់​អ្នក​ណា ​ដូច្នេះ​ការចុះ​ MOU​ នេះ​សំខាន់​ណាស់»។

ទោះយ៉ាង​ណាលោក​បញ្ជាក់ថា ​ចំពោះ​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្តឹង​និង​អង្កេត ​មិនមែន​ជួយ​ដោះ​ស្រាយ​តែ​បញ្ហា​នារី​ងាយ​រងគ្រោះ​ទេ ​ពោល​គឺ​ជួយ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​មាន​គេ​រំលោភ​សិទ្ធិ​សេរី​ភាព​តាម​គ្រប់​រូប​ភាព។

ប្រធាន​មេធាវី​រាជរដ្ឋាភិបាល ​និង​ជាប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ​សែន ​លោក ​គី​ តិច ​ថ្លែងថា ​ក្រោយ​ទទួល​បាន​នូវ​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្តឹង​នៃ​ព្រឹទ្ធសភា ​លោក​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ​ការ​អនុវត្ត​ច្បាប់ ​សេវា​គាំពារ ​និង​យុត្តិធម៌​ក្នុង​សង្គម ​នឹង​ត្រូវ​បាន​លើក​កម្ពស់​នៅ​កម្ពុជា។

លោក​បញ្ជាក់ថា ​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​សែន ​ជាក្រុម​មេធាវី​ដែល​ស្ម័គ្រចិត្ត​បំពេញ​ភារកិច្ច​ដោយ​ពុំទទួល​យក​ប្រាក់​កម្រៃ​ពី​ប្រជាពលរដ្ឋ​ឡើយ។

លោក​ គី តិច ​ថ្លែងថា​៖ «ជាទូទៅ​ពាក្យ​ថា​មេធាវី​ គឺ​ទទួល​កម្រៃ​ពី​អតិថិជន ​ទើប​គាត់​ការពារ​ ប៉ុន្តែ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​នេះ​អត់​យក​កម្រៃ​ទេ។ សួរថា​ កម្រៃ​ធ្វើការ​បានមក​ពីណា ​ខ្ញុំ​សូមបញ្ជាក់​ជូនថា ​សម្តេច​តេជោ​ [ហ៊ុន សែន] ​និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ [ប៊ុន រ៉ានី] ​គឺជា​អ្នកផ្តួច​ផ្តើម​បង្កើត​ក្រុម​មេធាវី​នេះ​ឡើង»។

លោក​បន្ថែមថា​៖ «ហើយ​សម្តេច​ទាំងទ្វេ ​គឺ​បានផ្តល់​ថវិកា​ផ្ទាល់​ខ្លួន​របស់​សម្តេច ​មិនមែន​យក​ថវិកា​របស់​រដ្ឋ​ទេ ​ហើយ​ថវិកា​នោះ​មិនមែន​សម្រាប់​បង់​សេវា​ឱ្យ​មេធាវី​ទេ ​គឺជា​ប្រាក់​សម្រាប់​មធ្យោបាយ​ការងារ​ប្រាក់​បេសក​កម្ម»។

ទោះយ៉ាង​ណា ​លោក​មេធាវី​ ​គី តិច ​អះអាងថា ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ​សែន ការពារ​តែ​ស្រ្តី​ងាយ​រងគ្រោះ ​ប៉ុន្តែ​ពុំ​ការពារ​ដល់​ជន​ឧក្រិដ្ឋ​ជាស្រ្តី​ឡើយ។

«បើ​ស្រី្តជាជន​ល្មើស​ក្នុង​បទ​ឧក្រិដ្ឋ​ផ្សេង ​ឧទាហរណ៍គាត់​ធ្វើ​សកម្ម​ភាព​ជួញ​ដូរ​គ្រឿងញៀន ​ឬ​ប្រព្រឹត្ត​បទល្មើស​សម្លាប់​មនុស្ស ​បទល្មើស​ឧក្រិដ្ឋ​ធំៗ​បែបនេះ ​ក្រុម​មេធាវី​យើង​មិនជួយ​ទេ ​ព្រោះ​បើសិនជា​ជួយហាក់​បីដូច​លើក​ទឹក​ចិត្ត​ទៅដល់​ជន​ល្មើស​ដែលជា​ស្រ្តី ​អ៊ីចឹង​ក្រុម​មេធាវី​ជួយ​ចំពោះ​ស្រ្តី​ដែល​រង​គ្រោះ»។ នេះ​ជា​ការបញ្ជាក់​របស់​លោក​​ គី តិច។

ប៉ុន្តែ​លោក​ថា ​ដោយសារ​ច្បាប់​កម្ពុជា​បានកំណត់​ថា ​ទាំង​ជនល្មើស ​និង​ជនរងគ្រោះ​ត្រូវតែ​មាន​មេធាវី​ការពារ​តាម​ផ្លូវ​ច្បាប់​ ដូច្នេះ​ខាង​គណៈ​មេធាវី​កម្ពុជា ​មាន​ក្រុម​ការងារ​របស់​គាត់​ដើម្បី​ជួយដល់​ប្រជាពល​រដ្ឋ​ក្រីក្រ ​ក៏ដូចជា​ជន​ល្មើស ​ដើម្បី​បំពេញ​តាម​ផ្លូវ​ច្បាប់»។

ថ្មីៗ​នេះ​ដែរ​គណៈ​មេធាវី​កម្ពុជា ​បានប្តេជ្ញា​បន្ត​ពង្រីក​វិសាលភាព​នៃ​គោលន​យោបាយ​ស្តីពី​ការពិគ្រោះ​យោ​បល់​និង​ការការពារ​ក្តី​ជូន​ជន​ក្រីក្រ​ដោយ​ឥត​គិត​កម្រៃ​ឱ្យ​កាន់តែ​ទូលំ​ទូលាយ​ជាង​មុន។ គោល​នយោបាយ​នេះ ​គណៈ​មេធាវី​កម្ពុជា ​នឹងផ្តល់​ការ​ពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ដល់​ជន​រងគ្រោះ ​ជន​សង្ស័យ​ត្រូវចោទ ​ឬ​ជនជាប់​ចោទ ​ជា​ជនក្រីក្រ​ហើយ​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​ ឬ​ជន​ជាប់ចោទ​ ជា​អនីតិជន ​ហើយ​ជាប់ចោទ​ពី​បទឧក្រិដ្ឋ ​ឬ​មជ្ឈឹម ​ជន​រងគ្រោះ​ក្នុង​បទឧក្រិដ្ឋ ​និង​បទមជ្ឈឹម ​គ្មាន​លទ្ធភាព​រក​មេធាវី​ការពារ​ខ្លួន ​កម្មករ​-កម្មការិនី ​ស្រ្តី​និង​កុមារ​ដែល​ជាជន​សង្ស័យ​ឬ​ជនរង​គ្រោះ​ជាដើម។

បើ​តាម​លោក​ គី តិច ​សំណុំរឿង​ដែល​ក្រុម​មេធាវី​ជួប​ប្រទះ​នាពេល​កន្លង​មក​ គឺ​ស្រី្ត​រង​គ្រោះ​ដោយសារ​បញ្ហា​ដីធ្លី​ជា​មួយ​អ្នក​មាន​អំណាច។ លោក​ថា​៖ «ជាង ​១ ឆ្នាំ​មក​នេះ ​ស្រ្តី​ភាគច្រើន​រងគ្រោះ​ទៅលើ​បញ្ហា​ដីធ្លី ​មាន​ការរំលោភ​ពីសំណាក់​អ្នក​មាន​អំ​ណាច​ មាន​ឥទ្ធិពល ​ហើយ​ភាគច្រើន​ស្រ្តី​រងគ្រោះ​ដោយសារ​ដីធ្លី​គាត់​ខ្វះ​ការយល់​ដឹង​ផ្នែក​ផ្លូវ​ច្បាប់។ កត្តា​នេះ​ធ្វើ​ឱ្យ​មានវិវាទ​កើត​ឡើង ​ធ្វើឱ្យ​អ្នក​មាន​ល្បិច ​គាត់​មាន​ឱកាស។ ដូច្នះ​ហើយ​ក្រុម​មេធាវី​យើង​បំពេញ​បន្ថែម ​ដើម្បី​ឱ្យ​គាត់​មាន​សិទ្ធិ​ស្មើភាព​គ្នា ​ហើយ​ទទួលបាន​ការការពារ​ពី​មេធាវី​របស់​យើង»។

បច្ចុប្បន្ន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ​សែន ​មាន​សមាជិក​សរុប​ចំនួន ​១៣៧ រូប ​និង​មាន​វត្តមាន​នៅ​គ្រប់​បណ្តា​រាជធានី​-ខេត្ត ​នៅ​ទូទាំង​ប្រទេស។ ក្នុង​នោះ​សមាជិក​ចំនួន​ ១០ រូប ​ជាក្រុម​ការងារ​ស្រាវជ្រាវ​ច្បាប់ ​និង​ពិគ្រោះ​យោបល់ ​មាន​ភារកិច្ច​ពិគ្រោះ​ផ្តល់​យោបល់​ដល់​ប្រជាពលរដ្ឋ ​ខណៈ​សមាជិក ​២០ រូប​ទៀត ​ជាក្រុម​ការងារ​អន្តរាគមន៍ ​មាន​ភារកិច្ច​ទទួល​អនុវត្ត​លើ​កិច្ចការ​បន្ទាន់​ជួយ​មេធាវី​តាម​បណ្តា​រាជធានី​-ខេត្ត ​ក្នុង​ករណី​ចាំបាច់ ​និង​ទទួល​ជួយ​ការពារ​លើ​សំណូមពរ​របស់​ប្រជា​ពល​រដ្ឋ​ ដែល​បានធ្វើ​សំណើ​សុំ​អន្តរាគមន៍​ពី​លោក​ ហ៊ុន សែន ​តាម​ទំព័រ​ហ្វេសប៊ុក ​និង​តាម​ការប្រមូល​ផ្តុំ​តវ៉ា​នានា។ ចំណែក​សមា​ជិក​ ៩៦ រូប​ផ្សេង​ទៀត ​ជាក្រុម​ការងារ​ប្រចាំ​រាជធានី​-ខេត្ត ​មាន​ភារកិច្ច​ពិគ្រោះ​ផ្តល់​យោបល់ ​និង​ទទួល​ពាក្យ​ការពារ​ក្តី​ជូន​ពលរដ្ឋ​នៅ​ក្នុង​រាជធានី​-ខេត្ត ​ដែល​ត្រូវ​ចាត់តាំង​ឱ្យ​ទទួល​បន្ទុក៕