ភ្នំពេញៈ ព្រឹទ្ធសភា​កាលពី​ថ្ងៃ​អង្គារ​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​បរធនបាលកិច្ច​ដែល​នឹង​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​អាច​ពិនិត្យ​លំហូរ​ហិរញ្ញវត្ថុ​លើ​គ្រប់​វិស័យ​ក្នុង​នោះ​មាន​ទាំង​អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ផង​ដែរ ដើម្បី​ទប់ស្កាត់​បទល្មើស​នានា​រួមមាន​អំពើ​ភេរវកម្ម ឬ ការលាង​លុយ​កខ្វក់​ជាដើម​។ នេះ​បើ​តាម​លោក ម៉ម ប៊ុននាង អ្នក​នាំពាក្យ​ព្រឹទ្ធសភា​។

លោក ម៉ម ប៊ុននាង បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ព្រឹទ្ធសភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ដោយ​សំឡេង​ ៥៦ ​លើ​ ៦២ ​សំឡេង​ថា ច្បាប់​ស្តីពី​បរធនបាលកិច្ច​នេះ​នឹង​អនុញ្ញាត​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ ក្រសួង​មហាផ្ទៃ​ និង​ធនាគារជាតិ​ពិនិត្យ​មើល​លំហូរ​ហិរញ្ញវត្ថុ​លើ​គ្រប់​វិស័យ​ពិសេស​អង្គការ​សង្គម​ស៊ីវិល ធានារ៉ាប់រង និង​សោធន វិស័យ​អចលនទ្រព្យ មូលបត្រ និង​បុគ្គល​។

លោក​បាន​បន្ត​ថា​ក្រៅពី​នេះ​ច្បាប់​ស្តីពី​បរធនបាលកិច្ច​ក៏​ទាមទារ​ឲ្យ​បុគ្គល និង​ស្ថាប័ន​ដែល​ផ្តល់​ហិរញ្ញវត្ថុ​ ឬ​ទទួល​ហិរញ្ញវត្ថុ​ពី​បរទេស និង​ក្នុង​ស្រុក​ត្រូវ​ចុះបញ្ជី​ផង​ដែរ ដើម្បី​ទប់ស្កាត់​ការលាង​លុយ​ខុស​ច្បាប់ និង​ទប់ស្កាត់​ការប្រើប្រាស់​ហិរញ្ញវត្ថុ​ដើម្បី​ប្រព្រឹត្ត​អំពើ​ភេរវកម្ម និង​បដិវត្តន៍​ពណ៌​ ឬ​បង្កចលាចល​ក្នុង​សង្គម​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖ «​ពេល​ដែល​កើត​ច្បាប់​មក សង្គម​ស៊ីវិល​ដែល​ធ្លាប់តែ​ធ្វើ​សេរី ការផ្ទេរ​ថវិកា​គឺ​គាត់​មិន​ចង់​បង់​​ពន្ធ​ទេ តែ​ច្បាប់​នេះ​គឺ​យើង​កំណត់​ច្បាស់ ពួកគាត់​ត្រូវ​តែ​បង់ពន្ធ​ត្រូវ​តែ​ចុះបញ្ជី ទោះបី​ជា​អំណោយ​ប៉ុនណា​ក៏ដោយ​។ តែ​បើ​អំណោយ​ពី​សាច់ញាតិ​ពី​ឪពុកម្តាយ​ជីដូន​ជីតា​ទៅ​បុគ្គល ថវិកា​តិចតួច​គឺ​មិន​ជាប់​ពន្ធ​ទេ​។ តែ​លំហូរ​សាច់ប្រាក់​រាប់លាន ឬ​សែន​ត្រូវ​តែ​ចុះ​បញ្ជី​» ។

លោក​បាន​បន្ថែម​ថា​៖ «​សាច់ប្រាក់​មិន​ល្អ​មិន​បាន​បង់ពន្ធ ហើយ​ការលំហូរ​សាច់​ប្រាក់​គឺជា​ការលាង​លុយខ្មៅ ឬ​មិន​ស្រប​ច្បាប់​តាមរយៈ​រកស៊ី​តាម​ការជួញដូរ​ ឬ​ក៏​ជំនួយ​ពី​ពួក​ភេរវករ​ដើម្បី​ធ្វើឲ្យ​មាន​បដិវត្តន៍​ពណ៌​ ឬ​​ភេរវកម្ម​នៅក្នុង​ប្រទេស​យើង​។ ដូច្នេះ​ច្បាប់​ធ្វើឲ្យ​មាន​ការ​គ្រប់គ្រង​ឲ្យ​ហ្មត់ចត់ និង​បង្កើន​ចំណូល​រដ្ឋ និង​ជួយ​ដល់​សង្គម​ជាតិ​យើង​»​។

បើ​តាម​លោក ម៉ម ប៊ុននាង ក្រសួង​មហាផ្ទៃ ក្រសួង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​គឺជា​សមត្ថកិច្ច​ដែល​តាមដាន និង​ពិនិត្យ​មើល​លើ​ការផ្ទេរ និង​លំហូរ​សាច់​ប្រាក់​មកពី​ប្រទេស​ណា​ហើយ​ផ្តល់​​ឲ្យ​ជូន​បុគ្គល​ណា ហើយ​បន្ទាប់ពី​ចុះ​បញ្ជី​មន្ត្រី​មាន​សមត្ថកិច្ច​នឹង​ដឹង​ច្បាស់​។

លោក​បាន​ពន្យល់​ថា​៖ «​ច្បាប់​នេះ​មាន​សារៈសំខាន់​ដោយសារ​ដើម្បី​ធានា​បាន​ថា ការ​លំហូរ​ចូល​សាច់ប្រាក់​ឲ្យ​ស្រប​តាម​ច្បាប់ និង​ដើម្បី​គ្រប់គ្រង​ទាំង​មីក្រូហិរញ្ញវត្ថុ​សាធាណៈ​ ឬ​ក៏​អង្គការ​សង្គម​ស៊ីវិល​ ឬ​ក៏​ក្រុមហ៊ុន​ផ្សេងៗ​​ដែល​ធ្វើ​លំហូរ​សាច់ប្រាក់​ ឬ​ក៏​ផ្ទេរ​សាច់ប្រាក់​ដើម្បី​ជួយ​អង្គការ​ណា​មួយ​ ឬ​ក៏​ក្រុមហ៊ុន​ណា​មួយ ឬ​ក៏​ជួយ​ដល់​គ្រួសារ​ណា​មួយ​ ឬ​ក៏​ដើម្បី​ធ្វើការ​អភិវឌ្ឍ​អ្វី​មួយ​ ឬ​ជួយ​អ្វី​ ឬ​ជួយ​វិនិយោគ​អ្វី​មួយ​...​កន្លងមក​យើង​មិន​ទាន់​មាន​ច្បាប់​នេះ​​គឺ​យើង​មិន​អាច​ត្រួតពិនិត្យ​តាមដាន​​ទៅ​លើ​ការ​លំហូរ​សាច់ប្រាក់​បាន​ទេ​។ វា​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នកវិនិយោគ​មួយ​ចំនួន​ការលំបាក​ក្នុង​ការប្រើប្រាស់​ធនធាន​របស់​ខ្លួន និង​ការផ្ទេរ​ថវិកា​ ឬ​ក៏​ទុន​មកពី​ក្រៅ​ប្រទេស​»​។

ដោយឡែក​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា​កាលពី​ថ្ងៃទី ​២៥ ​ធ្នូ បាន​ឲ្យ​ដឹង​ថា​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បរធនបាលកិច្ច​នេះ​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​សង្គម​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាពជឿនលឿន ពិពិធកម្ម ឆ្លើយតប​ទៅ​នឹង​បរិបទ​ថ្មីៗ​នៃ​វិស័យ​ហិរញ្ញវត្ថុ​សកល​ដើម្បី​ជា​ការធានា និង​ទាក់ទាញ​នូវ​ភាពជឿ​ទុកចិត្ត​ពី​ដៃគូ​អភិវឌ្ឍន៍​។

សេចក្តី​ប្រកាស​បន្ថែម​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​គ្រប់គ្រង​មូលនិធិ​ហិរញ្ញប្បទាន​ឥត​សំណង ឬ អនុ​បំណុល​ដែល​ផ្តល់​ដោយ​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​គាំទ្រ​ដល់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ ខណៈ​បច្ចុប្បន្ន​មូលនិធិ​ហិរញ្ញវត្ថុ​ទាំង​នោះ​កំពុង​គ្រប់គ្រង និង​ចាត់ចែង​ប្រើប្រាស់​ដោយ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​។

សេចក្តី​ប្រកាស​បញ្ជាក់​ថា​៖ «​គុណប្រយោជន៍​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​រួមមាន​៖ ​បង្កើន​ការវិនិយោគ​ក្នុង​ស្រុក​ដែល​ជា​ប្រភព​នៃ​ការបន្ថែម​ចំណូល​ពន្ធ​ជាតិ ជំរុញ​ការធ្វើ​ពិពិធកម្មហិរញ្ញវត្ថុ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​ផ្តល់​លទ្ធភាព​ដល់​ការតាមដាន និង​គ្រប់គ្រង​នូវ​លំហូរ​ទុន និង​ប្រភព​ទុន​លើ​គ្រប់​វិស័យ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សំដៅ​ទាក់ទាញ​ទំនុក​ចិត្ត​បន្ថែម​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​»​។

អ្នក​នាំពាក្យ​សមាគម​អាដហុក​លោក ស៊ឹង សែនករុណា បាន​ស្វាគមន៍​ការអនុម័ត​សេចក្ដី​ព្រាងច្បាប់​ស្តីពី​​បរធនបាលកិច្ច​នេះ​ប្រសិន​បើ​ត្រូវ​បាន​អនុវត្ត​ដោយ​តម្លាភាព និង​ត្រឹមត្រូវ តែ​វា​អាច​នឹង​ប៉ះពាល់​ដល់​អង្គការ​សង្គម​ស៊ីវិល ឬ​ស្ថាប័ន​ផ្សេង​ដែល​មិន​មាន​ហិរញ្ញវត្ថុ​ច្បាស់លាស់​។

លោក​បញ្ជាក់​ថា​៖ «​វា​ជា​ការល្អ​ប្រសិន​បើ​ច្បាប់​នេះ​អនុវត្ត​ដោយ​ត្រឹមត្រូវ​ និង​តម្លាភាព​ចៀសវាង​ការធ្វើ​ច្បាប់​នេះ​ឡើង​ដើម្បី​ផ្តោត​ទៅ​លើ​ក្រុម​ណា​​មួយ​។ ចំពោះ​អង្គការ​សង្គម​ស៊ីវិល​លំហូរ​លុយ​ចូល​ធនាគារ​ធ្វើ​តាម​លំដាប់​លំដោយ ហើយ​យើង​បាន​ដាក់​របាយការណ៍​ហិរញ្ញវត្ថុ និង​សកម្មភាព​ជូន​ក្រសួង​មហាផ្ទៃ​ប្រចាំ​ឆ្នាំ​។ ​វា​អាច​នឹង​ធ្វើ​​ឲ្យ​ប៉ះ​ដល់​អង្គការ​សង្គម​ស៊ីវិល​ដែល​មិនមាន​ប្រភព​ហិរញ្ញវត្ថុ​ច្បាស់លាស់​»​។

លោក ឯក សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​បាន​មើល​ឃើញ​ថា ច្បាប់​នេះ​អាច​កំណត់​ថា តើ​ប្រភព​ថវិកា​នេះ​បាន​មកពី​ណា ហើយ​ប្រើប្រាស់​យក​ទៅ​ធ្វើ​អី បើ​ជា​គណបក្ស​​នយោបាយ​គឺ​គាត់​ត្រូវ​ចុះបញ្ជី ហើយ​បើ​គេ​ជួយ​យក​ទៅ​ប្រើប្រាស់​ផ្នែក​នយោបាយ ឃោសនា​ ឬ​ផ្នែក​ណា​មួយ​ជួយ​ទៅ​ដល់​សង្គម​គឺ​មិន​អី​ទេ​។

លោក​បាន​បន្ដ​ថា​៖ «​គេ​គិត​តាំងពី​ខាង​ក្រុមហ៊ុន​ធានារ៉ាប់រង ក្រុមហ៊ុន​អាជីវកម្ម​ផ្សេងៗ​ទៀត​ចំពោះ​ការផ្ទេរ​ប្រាក់​នេះ ព្រោះ​កន្លង​មក​យើង​គ្រប់គ្រង​អត់​បាន ប្រជាជន​ជា​អ្នក​រងគ្រោះ​ពួកគាត់​ទៅ​ចងការ​ប្រាក់​ទៅ ការប្រាក់​ឡើង​ទៅ​...​ឡើង​រហូត​ដល់ ២៨ ទៅ​ ៣០ ​ភាគរយ​អី​ណា​នោះ​»​។

លោក​បន្ថែម​ថា​៖ «​អ៊ីចឹង​ការបង្កើត​ច្បាប់​នេះ​រដ្ឋាភិបាល​មាន​គម្រោង​គ្រប់គ្រង​លំហូរ​ហិរញ្ញវត្ថុ​ឲ្យ​បាន​ច្បាស់លាស់​ចំពោះ​អង្គការ និង​មីក្រូហិរញ្ញវត្ថុ​ដែល​ទទួល​បាន​ជំនួយ​ទាំង​នោះ​»​។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ​លោក វង្សី វិស្សុត និង​លោក​​ គិត សុវណ្ណារិទ្ធ អគ្គនាយករង​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​កម្ពុជា​មិន​អាច​​សុំ​អត្ថាធិប្បាយ​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​ទេ​ពី​ម្សិលមិញ​៕