កំពតៈ ប្រជាសហគមន៍​ក្នុងភូមិ​ចង្ហោន​បាន​ឲ្យ​ដឹងថា ព្រៃកោងកាង​ជាច្រើន​ហិកតា​នៅ​តំបន់ឆ្នេរ​ក្នុងភូមិ​ចង្ហោន ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្ដ​កំពត កំពុង​រង​ការកាប់​ទន្ទ្រាន​វាទ​យក​ដី​ដើម្បី​ធ្វើជា​កម្មសិទ្ធិ ដោយ​មិនទាន់​មាន​អាជ្ញាធរ​មាន​វិធានការ​ទប់ស្កាត់​។

ប្រជាសហគមន៍​ដដែល​នេះ​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ជនល្មើស​មិន​ស្គាល់​អត្តសញ្ញាណ​មាន​គ្នា​ពី​ ៥ ​ទៅ​ ១០ ​នាក់​តែងតែ​ចូល​លួច​ទៅ​កាប់​ព្រៃកោងកាង​ធម្មជាតិ នៅពេល​យប់​ដែល​មាន​សភាព​ស្ងប់ស្ងាត់ អស់​ជាច្រើន​ហិកតា​នៅតាម​បណ្ដោយ​មាត់សមុទ្រ​ថែមទាំង​លួច​ធ្វើ​ព្រំដី​ដោយ​មិន​មាន​មន្ត្រី​ណា​ម្នាក់​ដឹងឮ​នាពេល​ថ្មីៗ​កន្លងមកនេះ​។

ប្រជាសហគមន៍​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ការកាប់បំផ្លាញ​ព្រៃកោងកាង ហើយ​រំលោភ​យក​ដី​នេះ​ជនល្មើស​បាន​ធ្វើឡើង​ក្នុងអំឡុង​ប្រមាណ​ ១ ​ខែ​កន្លង​មក​នេះ ( តាំងពី​អំឡុង​ខែសីហា​) ដោយ​គ្មាន​អាជ្ញាធរ​ ឬ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ណា​បាន​ដឹង​ឡើយ ក្រៅពី​ប្រជាសហគមន៍​កោងកាង​ប៉ុន្មាន​គ្រួសារ​នៅ​ជិត​តំបន់​ដែល​ត្រូវគេ​ទន្ទ្រាន​នោះ​។ ព្រោះ​ទីតាំង​ដែល​ពួក​ជនល្មើស​កាប់បំផ្លាញ​នោះ គេ​បាន​ធ្វើ​សកម្មភាព​នាពេល​យប់​មាន​ភាពស្ងប់ស្ងាត់​»​។

លោក យន់ ផល្លី មន្ដ្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ដ​កំពត​បាន​ឲ្យ​ដឹងថា ដី​នៅ​តំបន់ឆ្នេរ​សមុទ្រ ដី​ព្រៃកោងកាង​ជាច្រើន​កន្លែង​នៅក្នុង​ខេត្ដ​កំពត​កំពុង​រង​ការទន្ទ្រាន​ពី​ជនខិលខូច ដោយ​អាជ្ញាធរ​ខេត្ត​មិនទាន់​មាន​វិធានការ​គ្រប់គ្រាន់​នៅឡើយ​ទេ​។

លោក ផល្លី ថ្លែងថា​៖ «​រូបភាព​នៃ​ការកាប់​ទន្ទ្រាន​ដី​ព្រៃកោងកាង​រំលោភ​យក​ដី​ចំណី​ឆ្នេរសមុទ្រ​នៅ​តំបន់ឆ្នេរ​ចង្ហោន​នេះ គឺជា​ករណី​ខុសច្បាប់​សុទ្ធសាធ​។ អាជ្ញាធរ​ខេត្ដ​ត្រូវ​មាន​វិធានការ​បន្ទាន់​ដើម្បី​ចុះ​ស៊ើបអង្កេត​លើ​ករណីនេះ ដើម្បី​រកមុខ​ជនល្មើស​មក​ផ្ដន្ទាទោស​តាមច្បាប់​»​។

ទោះជា​យ៉ាងណា​ក៏ដោយ​លោក ស៊ុយ ធា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​កំពត​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​​មិនទាន់​ទទួលបាន​ព័ត៌មាន​ជុំវិញ​ការទន្ទ្រាន​នេះ​នៅឡើយ​ទេ​។

លោក​ ស៊ុយ ធា ថ្លែងថា​៖ «​ខ្ញុំ​អត់​ទាន់​ទទួលបាន​ព័ត៌មាន​ទេ ខ្ញុំ​អត់​មាន​មន្ដ្រី​នៅ​ប្រចាំ​នៅ​តំបន់​នោះទេ បើ​មាន​ព័ត៌មាន​អ្វី​យើង​នឹង​ចុះទៅ​ពិនិត្យមើល ព្រោះ​មន្ទីរ​បរិស្ថាន​យើង​មាន​មន្ដ្រី​តែ​ ២ ​នាក់​។ ក្រោយ​បាន​ព័ត៌មាន​ពី​រឿងនេះ ខ្ញុំ​នឹង​ចុះទៅពិនិត្យ​មើល​ហើយ​។ នៅ​តំបន់ឆ្នេរ​ចង្ហោន​នេះ​ជា​ដី​ឆ្នេរ​របស់​រដ្ឋ ស្ថិត​ក្រោម​ការគ្រប់គ្រង​រួម​របស់​រដ្ឋបាល​ខេត្ដ​កំពត​តែម្ដង​»​។

លោក ស សារិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពត និង​លោក នាក់ សុវណ្ណារី អភិបាលស្រុក​ទឹកឈូ​កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​ដោយ​ចុច​បិទ​ទូរស័ព្ទ​នៅពេល​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ណែនាំ​ខ្លួន​។

លោក ជាវ តាយ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កំពត​បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន​ដោយ​អះអាង​ថា​បាន​បញ្ជា​ឲ្យ​ក្រុមការងារ​ចុះទៅពិនិត្យ​រួចហើយ​។

លោក​ថ្លែង​ថា​៖ «​ពាក់ព័ន្ធ​រឿងនេះ​យើង​បាន​ឲ្យ​រុះរើ (​ដូចជា​ខ្ទម របង​) ​ចេញ​ជាបន្ទាន់ យើង​មិនអាច​ទុក​បានទេ​»​។

លោក ឈួន ឆាន មេភូមិ​ចង្ហោន ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ បាន​ថ្លែងថា ដី​ព្រៃកោងកាង​នៅ​តំបន់ឆ្នេរ​ចង្ហោន​នេះ​តែងតែ​មាន​ការចូល​ទន្ទ្រាន​ជា​បន្តបន្ទាប់ ក្នុង​នោះ​ក៏មាន​ពលរដ្ឋ​នៅ​មូលដ្ឋាន​ក្នុងភូមិ​ឃុំ​នោះ​ផងដែរ​។

លោក​ថ្លែងថា​៖ «​កន្លងមក​មាន​ពលរដ្ឋ​មួយចំនួន​គាត់​ចូលទៅ​ធ្វើ​ផ្ទះ​ដោយ​ទន្ទ្រាន​យក​ដី​នៅ​តំបន់ឆ្នេរ​ចង្ហោន​នេះ​។ ប៉ុន្ដែ​មិនជា​លក្ខណៈ​ធំធេង​ទេ​។ ចំពោះ​ករណី​មាន​អ្នក​មក​កាប់​កោងកាង​ទន្ទ្រាន​យក​ដី​ជាច្រើន​ហិកតា​ខ្ញុំ​មិនទាន់​ដឹង​ទេ​»​។

លោក សុខ ជា ប្រធាន​សហគមន៍​​នេសាទ​ចង្ហោន​ក្នុង​ភូមិ​ចង្ហោន​បាន​ថ្លែងថា ក្រៅពី​ពលរដ្ឋ​មួយចំនួន​ដែល​ធ្លាប់បាន​ទៅ​ទន្ទ្រាន​ធ្វើ​ផ្ទះ​លើដី​ឆ្នេរ​ចង្ហោន​កាលពី​ប្រហែល​ ២ ​ខែ​មុន​រហូត​ដល់​បច្ចុប្បន្ន​មិនទាន់​មាន​ករណី​កាប់​ទន្ទ្រាន​ថ្មី​នោះទេ​។ លោក​ថ្លែង​ថា​៖ «​មាន​ប្រធាន​សហគមន៍​នៅ​ប្រចាំការ​ចូល​កាប់​ទន្ទ្រាន​មិន​បាន​ទេ​»៕