ខេត្ត​ឧ​ត្ត​រ​មានជ័យ: សត្វព្រៃ​គ្រប់​ប្រភេទ​ ក្នុង​តំបន់​សហគមន៍​ការពារ​ព្រៃឈើ​សង្ឃ​រុក្ខាវ័​ន្ត កំពុង​រង​ការគំរាមកំហែង​ពី​ក្រុម​អ្នក​បរបាញ់​សត្វ​នាពេល​យប់ ប៉ុន្ដែ​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​មាន​អត្រា​ធ្លាក់ចុះ ខណៈ​ព្រះសង្ឃ មន្ត្រី​បរិស្ថាន មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ និង​ប្រជាពលរដ្ឋ​សហការគ្នា​ការពារ​ព្រៃ​ឈើ​។ នេះ​បើ​តាម​ព្រះ​តេជគុណ ប៊ុន សា​លួត ប្រធាន​សង្ឃ​សហគមន៍​រុក្ខា​វ័ន បាន​​មាន​សង្ឃដីកា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​​នៅ​ថ្ងៃ​ទី ៣ខែ​កញ្ញា។

តំបន់​សហគមន៍​ការពារ​ព្រៃឈើ​ សង្ឃ​រុក្ខា​វ័​ន្ត មាន​ផ្ទៃដី​សរុប​ជិត ៣ ម៉ឺន​ហិកតា ស្ថិតនៅ​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។ តំបន់​ព្រៃឈើ​សង្ឃ​រុក្ខា​វ័​ន្ត ត្រូវបាន​គំរាមកំហែង​ខ្លាំង​ ចំពោះ​ការ​បរបាញ់​សត្វព្រៃ ការកាប់បំផ្លាញ​ព្រៃឈើ និង​ការកាប់​រុករាន​យក​ដី​ខុសច្បាប់ មុនពេល​តំបន់​នេះ​ ក្លាយជា​ទីតាំង​សម្រាប់​អភិរក្ស។

ព្រះ​តេជគុណ ប៊ុន សា​លួត ប្រធាន​សង្ឃ​សហគមន៍​រុក្ខា​វ័​ន្ដ​ បាន​មាន​សង្ឃដីកា​ថា សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​មាន​​អត្រា​ធ្លាក់ចុះ​ត្រឹម ៥ ភាគរយ ប៉ុន្ដែ​ការ​បរបាញ់​សត្វព្រៃ​គ្រប់​ប្រភេទ​ នៅក្នុង​តំបន់​នេះ មានការ​កើនឡើង​គួរ​ឲ្យ​កត់​សម្គាល់ ព្រោះ​ក្រុម​អ្នក​លួច​បាញ់​សត្វ​ ប្រើ​ឧបករណ៍​ឆក់​នាពេល​យប់ ព្រោះ​វា​មាន​ការលំបាក​ចំពោះ​អ្នក​ចុះ​ល្បាត។

ព្រះ​​តេជគុណ​បន្តថា ដោយមាន​ការចូលរួម​យ៉ាងសកម្ម​ ពី​មន្ត្រី និង​ប្រជា​សហគមន៍ បានធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​ធ្លាប់តែ​កាប់​ព្រៃឈើ និង​បរបាញ់​សត្វព្រៃ​ មានការ​យល់ដឹង​ច្រើន​ពី​សារៈប្រយោជន៍​របស់​ធ​ន​ធាន​ធម្មជាតិ និង​គ្រោះមហន្តរាយ​នៃ​ការ​បាត់​បង់​ធនធានធម្មជាតិ ព្រមទាំង​ចូលរួម​ការពារ​ព្រៃឈើ និង​អភិរក្ស​សត្វព្រៃ ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ និង​ពិភព​លោក​។

ព្រះ​តេជគុណ សា​លួត​បញ្ជាក់ថា៖«សព្វថ្ងៃនេះ គឺ​យើង​បានការ​ពារ​បាន​ច្រើនជាង​មុន ប៉ុន្ដែ​ការ​បរបាញ់​សត្វព្រៃ​នេះ គឺ​នៅតែ​បន្ត​កើតមាន​ឡើងជា​បន្ដបន្ទាប់ ព្រោះ​ក្រុម​អ្នក​បរបាញ់​បាន​ប្រើប្រាស់​អន្ទាក់​ឆក់​ពេលយប់ ហើយ​វា​ក៏​ជា​ហា​និ​ភ័យ​ចំពោះ​អ្នក​ចុះ​ល្បាត​ពេលយប់​ដែរ»។

លោក ភួង លី​ណា ប្រធាន​មន្ទី​របរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បាន​លើកឡើងថា បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​នាពេលនេះ មិនទាន់​អាច​លុបបំបាត់​ទាំងស្រុង​បានទេ ព្រោះ​ក្រុម​ជនល្មើស​មួយចំនួន​ បានធ្វើ​សកម្មភាព​លួចលាក់​តែ​ពេលយប់ ដែល​មាន​ការលំបាក​ ចំពោះ​ប្រជា​សហគមន៍ និង​មន្ត្រី​ចុះ​ល្បាត​ក្នុងព្រៃ។

លោក​បន្តថា សកម្មភាព​បទល្មើស​នៅមាន​បន្ដិចបន្ដួច​តាម​តំបន់ ប៉ុន្ដែ​មន្ត្រី និង​ប្រជា​សហគមន៍​បាន​ទប់ស្កាត់​ជាច្រើន​ករណី​នៅក្នុង​តំបន់​នោះដែរ។ «យើង​បានធ្វើការ​ផ្សព្វផ្សាយ​ពី​ច្បាប់ និង​ផល​វិបាក​​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ និង​សត្វព្រៃ ហើយ​ខ្ញុំ​បាន​ចុះទៅ​ជួប​ជាមួយ​សហគមន៍​ការពារ​តំបន់​នោះ ឲ្យ​ពួកគាត់​និយាយ​ពី​ការលំបាក​ពី​ការងារ​នេះ ពួកគាត់​ប្រាប់​ខ្ញុំ​ថា ឥឡូវនេះ​ ពេល​ថ្ងៃ​មិនមាន​បទល្មើស​ទេ គឺ​មានតែ​ពេលយប់ ហើយ​ពេលយប់​ហ្នឹង​ មានការ​លំបាក​ក្នុង​ការចុះ​ល្បាត ទើប​យើង​ធ្វើ​ឲ្យ​មានការ​ខ្វះចន្លោះ»។

លោក ស្រី ណា​រ៉េ​ន អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ឲ្យ​ដឹង​ថា សកម្មភាព​បទល្មើស​ព្រៃឈើ​នេះ វា​នៅតែមាន​ជា​ហូរហែរ ប៉ុន្ដែ​មាន​ថ្ងៃ​ខ្លះ​ច្រើន​ករណី និង​ថ្ងៃ​ខ្លះទៀត​មាន​តិច​ករណី​។ លោកចោទ​សួរ​​ថា នៅក្នុង​តំបន់​នោះ មាន​អ្នកការពារ​ជាច្រើន​ស្ថាប័ន រួមទាំង​ប្រជា​សហ​ម​គន៍ ហេតុអ្វី​បានជា​វា​នៅ​តែ​បន្ត​​មាន​បទ​ល្មើស​កើតឡើង​បែបនេះ។

លោក​បញ្ជាក់ថា៖«មានការ​ទប់ស្កាត់​បណ្ដើ​រ និង​មានការ​កាប់បំផ្លាញ​បណ្ដើរ ខ្ញុំ​អត់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ទេ ប៉ុន្ដែ​ខ្ញុំ​គិតថា បើ​ខ្មោច​ស្រុក​មិន​បើកដៃ ខ្មោច​ព្រៃ​ក៏​មិន​ហ៊ាន​ចូលមក​ដែរ។ អ៊ីចឹង​អាច​នឹងមាន​ការឃុបឃិត​គ្នា​រវាង​ឈ្មួញ និង​មន្ត្រី​ពាក់ព័ន្ធ ហើយ​អ្នក​គ្រប់គ្រង​តំបន់​នោះ គួរ​ពិនិត្យ​តាមដាន​ករណីនេះ​ឲ្យ​បាន​ច្បាស់ ព្រោះ​យើង​មិន​ចង់​ឲ្យ​មាន​អ្នក​យាម ហើយ​មាន​អ្នក​ចាំ​បំផ្លាញ​អ៊ីចឹង​ទេ»៕