សៀមរាបៈ អាជ្ញាធរ​ក្រុង​សៀមរាប​កំពុង​រួមដៃគ្នា​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​តំបន់​វាល​ក្រោម​ស្ថិត​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ដោយ​ប្រើប្រាស់​កម្លាំង​មនុស្ស​សរុប​ជិត​ ១០០ ​នាក់ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ ៥ ​គ្រឿង​ ព្រមទាំង​គ្រឿង​ចក្រ​មួយចំនួន​ទៀត​។ តាម​ការប៉ាន់ប្រមាណរ​បស់​សមត្ថកិច្ច​មូលដ្ឋាន​ព្រៃ​លិច​ទឹក​ប្រមាណ​ជិត​ ១០ ​ហិកតា​​ បាន​រង​ផលប៉ះពាល់​ដោយ​ភ្លើង​ឆេះ​ព្រៃ​នេះ​។

លោក ណុប សារ៉ាក់ អធិការ​ក្រុង​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ចន្ទ​ថា ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​វាល​ក្រោម​នោះ​បាន​កើតឡើង​តាំងពី​ថ្ងៃទី​ ២៥ ខែ មីនា ឆ្នាំ​ ២០២០​។ ដោយសារ​តំបន់​នោះ​គ្មាន​ផ្លូវ​សម្រាប់​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​អាច​បើកបរ​ចូលទៅ​បាន អាជ្ញាធរ​ភូមិ-ឃុំ រួមទាំង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៦០ ​នាក់ ​បាន​នាំគ្នា​ប្រើ​មែកឈើ​ជា​មធ្យោបាយ វាយ​ពន្លត់ ប៉ុន្តែមធ្យោបាយ​ទាំងនោះ​មិនអាច​ពន្លត់​ភ្លើងព្រៃ​ដ៏ក្រាស់​នោះបាន​ឡើយ​។

លោក សារ៉ាក់ បាន​បន្តថា​កាលពី​ថ្ងៃអាទិត្យ រដ្ឋបាល​ខេត្តសៀមរាប​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​រួម​កម្លាំង​គ្នា​ជាមួយ​រដ្ឋបាល​ក្រុង​សៀមរាប​ចុះ​អន្តរាគមន៍​ពន្លត់ភ្លើង​ព្រៃ​នោះ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដោយ​ប្រើប្រាស់​កម្លាំង​មនុស្ស​ជាង​ ១០០ ​នាក់ និង​រថយន្ត​បាញ់​ទឹក​ចំនួន​ ៥ ​គ្រឿង ព្រមទាំង​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ ១ ​គ្រឿង ប៊ុលដូស័រ​ ២ ​គ្រឿង និង​ត្រាក់ទ័រ​ ៥ ​គ្រឿង​។

លោក សារ៉ាក់ បាន​បញ្ជាក់ថា​៖ «​នៅពេលនេះ [​ម៉ោង​ ៣:១៥ ​នាទី ​រសៀល​ថ្ងៃទី​ ៣០ ​ខែ​ មីនា ឆ្នាំ​ ២០២០] សមត្ថកិច្ច​បាន​គ្រប់គ្រង​ភ្លើង​ឆេះ​ព្រៃ​នោះបាន​ប្រមាណ​ ៨០ ​ភាគរយ​ហើយ​។ យ៉ាងណាក៏ដោយ សមត្ថកិច្ច​យើង​នឹង​បន្ត​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នេះ​ឲ្យ​រលត់​អស់ទាំង​ស្រុង​នៅក្នុង​យប់​ថ្ងៃ​ចន្ទ​នេះ​តែម្ដង​»​។

លោក ចាន់ តុង នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ជាទូទៅ​ភ្លើង​ឆេះ​ព្រៃ​នៅ​កម្ពុជា​បង្កឡើង​ដោយ​កត្តា​មនុស្ស ប្រើប្រាស់​ភ្លើង​ក្នុង​ការដុត​យក​ឃ្មុំ ឬ​ដុត​ស្ទាក់ចាប់​សត្វព្រៃ​ដោយ​ខុសច្បាប់ ហើយ​ភ្លើង​ឆេះ​ព្រៃ​លិចទឹក​ក្នុង​តំបន់​វាល​ក្រោម​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​នេះ​ គឺ​ពិតជា​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ណា​ម្នាក់​លួច​ដុត​ដើម្បី​ផលប្រយោជន៍​អ្វីមួយ​ហើយ​ទើប​បណ្ដាល​ឲ្យ​ឆេះ​យ៉ាង​ដូច្នេះ​។

លោក តុង បាន​បញ្ជាក់ថា​៖ «​តាម​ការប៉ាន់ប្រមាណ​ក្នុង​ជំហាន​បឋម​នេះ ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់​វាល​ក្រោម​ក្នុង​រយៈពេល​ ៥ ​ថ្ងៃនេះ​បាន​បង្ក​ការឆេះ​ខូចខាត ព្រៃ​លិចទឹក​អស់​ប្រមាណ​ជិត​ ១០ ​ហិកតា​» ។

លោក តុង ថ្លែងថា​កន្លងមក​ក្រុមការងារ​របស់​លោក​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ជារឿយៗ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​អំពី​សារាចរ​ណែនាំ​របស់​ក្រសួង​ពាក់ព័ន្ធ​ស្ដីពី​ការហាមឃាត់​ការប្រើប្រាស់​ភ្លើង ដើម្បី​ដុត​យក​ឃ្មុំ ស្ទាក់ចាប់​សត្វព្រៃ និង​ការដុត​រុករាន​យក​ដីព្រៃ​របស់​រដ្ឋ​ដោយ​ខុសច្បាប់ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយចំនួន​តូច​នៅតែ​បន្ត​លួច​ធ្វើ​សកម្មភាព​ល្មើសច្បាប់​ដែល​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​នេះ​កើតឡើង​។

លោក តុង បាន​បន្ថែមថា​៖ «​នៅពេលនេះ​កម្លាំង​សមត្ថកិច្ច​យើង​បាន​គ្រប់គ្រង​ភ្លើង មិន​ឲ្យ​បង្ក​ការឆេះ​រាលដាល​បន្តទៀត​បាន​ដោយ​ជោគជ័យ​ហើយ ពោលគឺ​ក្នុង​យប់​ថ្ងៃ​ចន្ទ​នេះ​យើង​នឹង​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នេះ​ឲ្យ​រលត់​អស់ទាំង​ស្រុង​តែម្ដង​»​។

លោក​ តុង ថ្លែងថា​កាលពី​ថ្ងៃទី​ ២០-២២ ខែ មីនា ឆ្នាំ​ ២០២០ ​កន្លង​ទៅ​នេះ ព្រៃ​លិចទឹក​របស់​សហគមន៍​នេសាទ​ថ្នល់​ដាច់​ក្នុង​ឃុំ​ដានរុន និង​ព្រៃ​លិចទឹក​របស់​សហគមន៍​នេសាទ​ព្រែកស្រមោច​ក្នុង​ឃុំ​កំពង់ឃ្លាំង ស្រុក​សូត្រនិគម សរុប ១១ ​ហិកតា ​ក៏ត្រូវ​ភ្លើង​ឆេះ​ខូចខាត​អស់​ផងដែរ​។ ក្នុង​ការពន្លត់​ភ្លើងព្រៃ​ក្នុង​តំបន់​សហគមន៍​នេសាទ​ទាំង​ ២ ​នោះ​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ប្រើប្រាស់​វិធានការ​ដូចគ្នា​នឹង​ពេលនេះ​ផងដែរ​គឺ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៣ ​គ្រឿង និង​ត្រាក់ទ័រ​ចំនួន​ ៥ ​គ្រឿង​៕