ភ្នំពេញៈ ព្រះចៅអធិការស្ដីទីវត្តសាមគ្គីរង្សីបានបដិសេធមិនចូលព្រះកាយតាមការបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញនាពេលនេះឡើយទាក់ទងនឹងរឿងបណ្ដឹងបរិហារកេរ្តិ៍ខណៈព្រះអង្គមិនទាន់បានដឹងដើមបណ្តឹងជានរណា និងថាជាប់រវល់រៀបចំពិធីបុណ្យភ្ជុំបិណ្ឌ។
ព្រះតេជគុណ ថាច់ ហាសំអាង បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាសាលាដំបូងបានកោះហៅព្រះអង្គឱ្យចូលបំភ្លឺនៅថ្ងៃ ២៦ ខែកញ្ញាឆ្នាំ ២០១៦ ពីបទបរិហារកេរ្តិ៍ជាសាធារណៈកាលពីខែកុម្ភៈឆ្នាំ ២០១៥ តែក្នុងដីកាមិនបានប្រាប់ពីដើមបណ្តឹងឡើយ។ ទោះយ៉ាងនេះក្តីព្រះអង្គមានសង្ឃដីកាថាបានស្នើទៅតុលាការសុំពន្យារពេលចូលបំភ្លឺហើយដោយរង់ចាំពេលវេលាសមស្រប។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា ថ្លែងតាម Telegram ថាលោក គុជ គឹមឡុង ជាព្រះរាជអាជ្ញារងកំពុងពិនិត្យ និងចាត់ការរឿងក្តីដែលប្តឹងចៅអធិការវត្តស្តីទី។ តែ លោក គុជ គឹមឡុង ថា៖ «លោក លី សុផាណា ប្រហែលច្រឡំថាខ្ញុំដែរតែខ្ញុំថាអត់ទេខ្ញុំអត់មានពាក់ព័ន្ធនិមន្តព្រះសង្ឃមកសួរ...ទេ»។
ព្រះតេជគុណ ថាច់ ហាសំអាង មានសង្ឃដីកាថា៖ «អាត្មាបានសុំពន្យារពេលហើយដោយសារជារដូវបុណ្យភ្ជុំបិណ្ឌផង និងកំពុងកាន់បិណ្ឌហើយពុទ្ធបរិស័ទមកវត្តច្រើនកុះករ..ការចោទប្រកាន់អាត្មាអត់មានដើមបណ្តឹងអ៊ីចឹងមិនដឹងជាអាត្មាទៅតតាំងជាមួយអ្នកណា»។ ព្រះអង្គមានសង្ឃដីកាថាការចេញដីកានិមន្តព្រះសង្ឃមិនសមហេតុផលទេលើកលែងតែព្រះសង្ឃប្រព្រឹត្តបទឧក្រិដ្ឋ...ហើយហៅព្រះសង្ឃទៅតុលាការក៏គួរចាប់ផ្សឹកមុនដែរមិនមែនឱ្យចូលទាំងភេទជាសង្ឃទេ»។
ប៉ុន្តែលោកមេធាវី សុក សំអឿន ថ្លែងថាតុលាការមានសិទ្ធិមិនដាក់ឈ្មោះដើមចោទក្នុងដីកាបានក្នុងដំណាក់កាលស៊ើបសួរ។ លោកថា៖ «តុលាការគ្រាន់តែកោះអញ្ជើញសួរព្រះអង្គថាពិតមែនឬអត់? អ៊ីចឹងការកោះហៅអត់បង្ហាញដើមបណ្តឹងគឺធ្វើបាន...»៕