ភ្នំពេញៈ ព្រះមហាក្សត្រ​បាន​កែសម្រួល​ និង​តែងតាំង​សមាសភាព​រដ្ឋមន្ត្រី​ចំនួន​ ៥ ​រូប និង​ទេសរដ្ឋមន្ត្រី​ ៥ ​រូប បន្ទាប់ពី​រដ្ឋសភា​បាន​បោះឆ្នោត​គាំទ្រ​តាម​សំណើ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការដឹកនាំ​រដ្ឋាភិបាល​។

ព្រះមហាក្សត្រ និង​រដ្ឋសភា​ កាលពី​ម្សិលមិញ​បាន​ត្រាស់បង្គាប់ និង​ប្រកាស​តែងតាំង សមាសភាព​រដ្ឋមន្ត្រី​ថ្មី​ ៥ រូប រួមមាន​លោក ចម ប្រសិទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​លោក​ កើត រិទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក ជា វ៉ាន់ដេត ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ឈិត សុខុន ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា និង​លោក ព្រុំ សុខា ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​។ នេះ​បើ​តាម​ព្រះរាជក្រឹត្យ និង​សេចក្ដីប្រកាស​របស់​រដ្ឋសភា​កាលពី​ម្សិលមិញ​។

ចំណែក​អតីតរដ្ឋមន្ត្រី​ទាំង​ ៤ រូប រួមមាន​លោក ហ៊ឹម ឆែម លោក អង្គ វង្សវឌ្ឍានា លោក ត្រាំ អ៊ីវតឹក និង​លោក​ ពេជ្រ ប៊ុនធិន ត្រូវបាន​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស ហើយ​លោក​ ចម ប្រសិទ្ធ ​ក៏ត្រូវ​បាន​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី​ផងដែរ​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​នៅ​រដ្ឋសភា លោក ហ៊ុន សែន បាន​លើកឡើង​ថា ការកែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល​នាពេលនេះ ធ្វើ​ឡើង​តម្រូវ​តាម​ការចាំបាច់ ដើម្បី​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។ លោក​ថា រដ្ឋមន្ត្រី​ដែល​បាន​ចាកចេញ គឺ​មាន​វ័យ​ចំណាស់​ដោយ​លោក​ប្រើពាក្យ​ថា U90 និង U80 ដែល​មានន័យថា ពួកគាត់​មាន​អាយុ​ជិត​​ ៩០ ​និង​ជិត ៨០ ​ឆ្នាំ​ហើយ​។

លោក​ថ្លែងថា​៖ «​ឯកឧត្តម ហ៊ឹម ឆែម ពេជ្រ ប៊ុនធិន អង្គ វង្សវឌ្ឍានា ត្រាំ អ៊ីវតឹក និយាយ​រួម​អ្នក​ទាំងអស់​នេះ​សុទ្ធតែ​អ្នកមាន​សមត្ថភាព ក៏ប៉ុន្តែ​យើង​ត្រូវ​មើលឃើញ​វ័យ​របស់​ពួកគាត់​។ ដល់​ដំណាក់​កាលដែល​គាត់​ជួប​ការលំបាក​ហើយ​។ យើង​មិនអាច​ចេះតែ​បង្ខំ​គាត់​ឲ្យ​ធ្វើៗ​ៗ​ៗ​ដោយ​មិន​គិតគូរ​ពី​សុខភាព​របស់​ពួកគាត់​ទេ​»​។

លោក​ថ្លែងថា កំណែ​ទម្រង់រដ្ឋបាល​សាធារណៈ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​ និង​តុលាការ កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ គឺជា​កំណែទម្រង់​មុតស្រួច​ដែល​លោក​បាន​ដាក់ចេញ​។ ភាពចាំបាច់​ក្នុងការ​ធ្វើកំណែទម្រង់​មុតស្រួច​នេះ គឺ​ការប្ដូរ​រដ្ឋមន្ត្រី​ ២ ​រូប​រួមមាន​រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។

លោក​ថ្លែងថា​៖ «​ចំណែក​ក្រសួង​ទូរគមនាគមន៍​អស់​លោក​បានដឹង​ហើយ​ថា ដំណាក់កាល​នេះ​ជា​ដំណាក់កាល​ឌីជីថល​តម្រូវ​ឲ្យ​រដ្ឋមន្ត្រី​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ជា​រដ្ឋមន្ត្រី​ដែលមាន​ភាពរហ័សរហួន និង​មានគំនិត​ផ្ដួចផ្ដើម​ឲ្យ​ទាន់ពេលវេលា​។ យើង​កំពុង​ឈាន​ទៅ​ដល់​ដំណាក់កាល​ពី​ការប្ដូរ​ប្រព័ន្ធ​ពី Analog ទៅ​ឌីជីថល​»​។ លោក​បន្តថា ការដូរ​រដ្ឋមន្ត្រីក្រសួង​ធម្មការ​គឺ​ផ្លាស់ប្ដូរ​ដោយសារ​កត្តា​សុខភាព​។

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​ខេត្តតាកែវ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មើលឃើញ​ភាពវិជ្ជមាន​ខ្លះ​លើ​ការផ្លាស់ប្ដូរ​នេះ គឺ​វិជ្ជមាន​ត្រង់​ថា យ៉ាងហោចណាស់​ក៏មាន​ការប្ដូរ​មនុស្ស​ដែល​មាន​លក្ខណៈ​ខុសគ្នា ដូចជា​ភាពរហ័សរហួន​ក្នុង​ការងារ​។

ប៉ុន្តែ​លោក​ថ្លែងថា អ្វីដែល​សំខាន់ គឺ​គោលនយោបាយ និង​ការដឹកនាំ​របស់​គណបក្ស​កាន់​អំណាច​។ លោក​ថ្លែងថា​៖ «​តែ​ការផ្លាស់ប្ដូរ​មួយ​ចំនួន​ផ្សេងទៀត​មិន​បាន​បញ្ចប់​តួនាទី​ទេ តែ​បន្ត​ជា​ទេសរដ្ឋមន្ត្រី​ជា​អី​ក្ដី ហាក់​ដូចជា​បន្ត​វប្បធម៌​មួយ​ ឬ​ប្រពៃណី​មួយ​ដែល​ហាក់ដូចជា​មិន​ព្រម​លះបង់​អំណាច​សោះ​រហូត​ដល់​ជរា​ហើយ​នៅតែ​ចង់​បន្តទៀត​។ ដូច្នេះ​វា​ធ្វើឲ្យ​បាត់បង់​ឱកាស​ដល់​អ្នក​ដែលមាន​សក្ដានុពល ប៉ះពាល់​ដល់​បញ្ញវន្ត​ដែលមាន​សមត្ថភាព​ខ្ពង់ខ្ពស់​»​។

លោក​បន្តថា​៖ «​កន្លងមក ខ្ញុំ​ឃើញ​ផ្លាស់ប្ដូរ​បុគ្គល​ពី​ក្រសួង​មួយ​ទៅ​ក្រសួង​មួយ​។ ការផ្លាស់ប្ដូរ​បែបនេះ វា​មិនមាន​ប្រសិទ្ធភាព​នោះទេ ពីព្រោះ​បើ​បុគ្គល​គ្មាន​សមត្ថភាព ទោះបី​ផ្លាស់​ទៅដល់​ទីណា​ក៏​នៅតែ​គ្មាន​សមត្ថភាព​ដែរ​។ ប៉ុន្តែ​ឃើញ​លើក​នេះ​ភាគច្រើន​ឡើងជា​រដ្ឋលេខាធិការ​ទៅ​ជំនួស​កន្លែង​រដ្ឋមន្ត្រី​។ តែ​មិនដឹង​លោក​មាន​សក្ដានុពល ហើយ​លោក​មាន​ប្រសិទ្ធភាព​ប៉ុន​ណា​ទេ​។ តែ​ប្រសិទ្ធភាព​មិន​អាស្រ័យ​ទៅលើ​តែ​បុគ្គល​ដែលមាន​សមត្ថភាព​ទេ ប៉ុន្តែ​អាស្រ័យទៅលើ​គោល​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​។ បើ​បុគ្គល​ធ្វើ​ខុស​ហើយ នៅតែ​មិន​ចាត់វិធានការ​នៅតែ​មាន​ការលើកលែង និង​អនុគ្រោះ​ជា​របៀប​គ្រួសារ អាហ្នឹង​វា​ក៏​នៅតែ​ប៉ុណ្ណឹង​ដែរ​»​។

លោក​លើកឡើង​ថា ក្រសួងយុត្តិធម៌​បាន​រង​ការ​ត្អូញត្អែរ​ពី​ពលរដ្ឋ សហគមន៍ជាតិ និង​អន្តរជាតិ​កាលពី​រាប់​ឆ្នាំ​មកហើយ​ជា​ក្រសួង​ដែល​មិនគួរ​ទុកចិត្តបាន​ និង​មាន​បញ្ហា​ក្នុង​ការផ្ដល់​យុត្តិធម៌​សង្គម និង​រឿង​សិទ្ធិ​មនុស្ស​។ លោក​សង្ឃឹមថា​ក្រសួង​នេះ​នឹងមាន​ការកែប្រែ​ច្រើន ក្រោម​ការដឹកនាំ​របស់​រដ្ឋមន្ត្រី​ថ្មី​នេះ​។ តែ​លោក​បញ្ជាក់ថា អ្វីៗ​គឺ​អាស្រ័យ​លើ​គោលនយោបាយ​បក្ស​កាន់​អំណាច​ដដែល​៕