ភ្នំពេញ៖ ព្រះករុណា​ ​សម្តេច​ព្រះបរមនាថ​ ​នរោត្តម​ សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ញើ​ព្រះរាជសារ ​១ ​ច្បាប់ ​ជូន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ​លោក ​Donald​ Trump​ ​ដើម្បី​អបអរ​សាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​សហរដ្ឋ​អាមេរិក ​៤ ​កក្កដា​។​

ក្នុង​ព្រះរាជសារ​ចុះ​ថ្ងៃទី ​២​ ខែ​កក្កដា​ ព្រះអង្គ​មាន​ព្រះរាជបន្ទូល​ថា៖​ ​«​ក្នុង​ឱកាស​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​សហរដ្ឋ​អាមេរិក​ ខ្ញុំ​សូម​សម្ដែង​នូវ​ការ​អបអរ​សាទរ​ដ៏​ស្មោះ​ស្ម័គ្រ​ និង​​ប្រសិទ្ធពរ​ជ័យ​ដ៏​កក់ក្តៅ​ជា​ទីបំផុត​ចំពោះ​​ប្រជាជន​សហរដ្ឋ​អាមេរិក​ប្រកប​ដោយ​សុខុមាលភាព​ ​សេចក្តីសុខ​ និង​ភាព​រុងរឿង ព្រម​ទាំង​សុខុមាលភាព​ផ្ទាល់​ខ្លួន​របស់​ឯកឧត្តម​ផង​ដែរ​»​។​

នៅ​​ក្នុង​ព្រះរាជសារ​នេះ ​ព្រះអង្គ​ក៏​បាន​សម្ដែង​នូវ​ការ​សព្វ​ព្រះរាជ​ហឫទ័យ​ចំពោះ​មិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិការ ​ដែល​បាន​បង្កើត​ឡើង​ជា​យូរ​មក​ហើយ​រវាង​សហរដ្ឋ​អាមេរិក​ ​និង​ប្រទេស​កម្ពុជា​ ដែល​បាន​រីក​ចម្រើន​ទៅ​មុខ​​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​។​

ហ្វេសប៊ុក​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​កាល​ពី​ថ្ងៃ​អាទិត្យ​បញ្ជាក់​ថា​ ពិធី​ទី៣ ​និង​ក្រោយ​គេ​នៃ​ការ​រំឭក​ដល់​បុណ្យ​ឯករាជ្យ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ ​ត្រូវ​បាន​ធ្វើ​នៅ​ទីតាំង​ប្រវត្តិសាស្រ្ត​ ​គឺ​នៅ​សណ្ឋាគារ​ ​Raffles Hotel Le Royal ​ជា​ទី​ដែល ​លោក ​ឯកអគ្គ​រដ្ឋទូត ​Donald R. Heath បាន​បង្កើត​ទំនាក់ទំនង​ការ​ទូត​ជា​លើក​ដំបូង​ ​រវាង​ប្រទេស​កម្ពុជា ​និង​អាមេរិក ​កាល​ពី ៧០ ​ឆ្នាំ​មុន​។​ ​

ហ្វេសប៊ុក​ស្ថានទូត​ដដែល​បញ្ជាក់​ថា៖​ «​ដូច​កាល​ពី​ក្នុង​ទសវត្សរ៍ឆ្នាំ ១៩៥០ ដែរ​ ​ពេល​នេះ​​សហរដ្ឋ​អាមេរិក​នៅ​តែ​ប្តេជ្ញា​ចង់​ឃើញ​ប្រទេស​កម្ពុជា ​មាន​សន្តិសុខ​ ​វិបុលភាព​ ​និង​ប្រជាជន​មាន​សុខភាព​ល្អ​។ ​រីករាយ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ! ​ជនជាតិ​អាមេរិក​គ្រប់​ទីកន្លែង​ប្រារព្ធ​ ​“​ថ្ងៃ​ខួប​កំណើត​”​ ​របស់​ប្រទេស​យើង​ដែល​ជា​ខួប​នៃ​ការ​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ប្រកាស​ឯករាជ្យ​នៅ ​ឆ្នាំ ​១៧៧៦។​ ​នេះ​ជា​ការ​ក្រឡេក​មើល​ពី​របៀប​ដែល​ជនជាតិ​អាមេរិក​ប្រារព្ធ​ថ្ងៃ​ឈប់​សម្រាក​ដ៏​សំខាន់​នេះ​»​។​

ហ្វេសប៊ុក​ស្ថានទូត​អាមេរិក​​បញ្ជាក់​កាល​ពី​ថ្ងៃទី ​៤ ​ខែ​កក្កដា​ ថា​៖​ ​«នៅ​ភ្នំពេញ​ ​យើង​រីក​រាយ​នឹង​អបអរ​ទិវា​ឯករាជ្យ​​ជាតិ​អាមេរិក​ជាមួយ​ដៃគូ​ជា​ច្រើន​របស់​យើង​ ​ដែល​ធ្វើ​ការ​ទាក់ទង​នឹង​វប្បធម៌​ ​ការ​អប់រំ​ ​និង​យុវជន! ពិធី​ដ៏​សប្បាយ​ ​និង​ពោរពេញ​ដោយ​ភាព​ស្វាហាប់​ ​នៅ​និវេសនដ្ឋាន​របស់​លោក​ឯកអគ្គ​រដ្ឋទូត​ ​W. Patrick Murphy​ ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទំនាក់ទំនង​រឹងមាំ​​ ​រវាង​ប្រជាជន​ និង​ប្រជាជន​ ​ដែល​ជា​គ្រឹះ​​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​ ​និង​ប្រទេស​កម្ពុជា​»​។ ​លោក​ ​Patrick ថ្លែង​​ថា​៖​ ​«​ពិត​ជា​សប្បាយ​មែន​ដោយ​យើង​រៀបចំ​ពិធី​ជាមួយ​អង្គការ​ហ្វារពន្លឺ​សិល្បៈ»​៕​