ភ្នំពេញៈ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​ ២៤ ខែ​មិថុនា ឆ្នាំ​ ២០២០ ​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​របស់​ក្រុមប្រឹក្សា​អ្នកច្បាប់​ប្រចាំ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដោយ​មន្ត្រី​បញ្ជាក់ថា ការចេញ​ព្រះរាជក្រឹត្យ​នេះ​គឺ​ដើម្បី​កំណត់​ការងារ​របស់​ក្រុមប្រឹក្សា​អ្នកច្បាប់​ជា​លាយលក្ខណ៍​អក្សរ​ឱ្យ​បាន​ច្បាស់​។

នៅក្នុង​ព្រះរាជក្រឹត្យ​នេះ​គឺ​បាន​សម្រេច​បង្កើត​ក្រុមប្រឹក្សា​អ្នកច្បាប់​ជា​អង្គភាព​អម​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ក្នុង​ការសម្របសម្រួល​ការងារ​តាក់តែង និង​ក្នុង​ការពិនិត្យ​ផ្ដល់យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេង​ទៀត​ជូន​រដ្ឋាភិបាល​។

ស្ថាប័ន​នេះ​មាន​តួនាទី​ជាង ​១០ ដូចជា សិក្សា​លើ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ដែល​មិន​សមស្រប​នឹង​វឌ្ឍនភាព​សង្គម​ដើម្បី​លើក​យោបល់​ដាក់​ឱ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ការរៀបចំ​សេចក្ដី​ព្រាង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ដែល​ចាំបាច់​សម្រាប់​បម្រើ​ឱ្យ​គោលនយោបាយ​របស់​រដ្ឋាភិបាល ការធ្វើ​ទំនាក់ទំនង​ជាមួយ​អង្គការ​ជាតិ និង​អន្តរជាតិ ដើម្បី​សិក្សា​ធ្វើ​កិច្ចសហប្រតិបត្តិការ​ការងារ ការជួយ​ធ្វើលិខិត​ឆ្លើយ​បំភ្លឺ​ឱ្យ​រដ្ឋាភិបាល​ទៅកាន់​រដ្ឋសភា និង​ការរៀបចំ​បែបបទ​ជូន​នាយករដ្ឋមន្ត្រី​ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​ឱ្យ​ប្រើប្រាស់​ច្បាប់​ដែល​ទទួល​បាន​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាដើម​។

ចំពោះ​ការប្រព្រឹត្ត​ទៅ​របស់​ស្ថាប័ន​ក្រុមប្រឹក្សា​អ្នកច្បាប់​នេះ​មាន​ដូចជា ការចាត់ចែង​ការងារ និង​ជ្រើសរើស​មន្ត្រី​មក​បំពេញ​ការងារ​ជាដើម​ក្នុង​នោះ ដូចជា ត្រូវ​ប្រជុំ​សាមញ្ញ​យ៉ាងតិច​ ២ ​ដង​ក្នុង​ ១ ​ឆ្នាំ និង​មាន​សិទ្ធិ​អាច​អញ្ជើញ​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មន្ត្រី​ជំនាញ ចូលរួម​ប្រជុំ​ពិគ្រោះ​យោបល់ និង​បំភ្លឺ​លើ​រាល់​បញ្ហា​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ក្របខ័ណ្ឌ​ការងារ​របស់​ក្រសួង​ស្ថាប័ន​ទាំងនោះ ហើយ​អាច​តម្រូវ​ឱ្យ​ក្រសួង​ស្ថាប័ន ផ្ដល់​ឯកសារ​ទិន្នន័យ និង​ព័ត៌មាន​នានា​ដែល​ទាក់ទង​នឹង​ការកសាង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​។

លើសពី​នេះ​ក្រុមប្រឹក្សា​អ្នកច្បាប់​ត្រូវ​មាន​តំណាង​ចូលរួម​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី និង​កិច្ចប្រជុំ​នានា​ដែល​រៀបចំ​ដោយ​ទីស្ដីការគណៈរដ្ឋមន្ត្រី រួមទាំង​មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដើម្បី​ដំណើរការ​ការងារ​ប្រចាំថ្ងៃ​ជាដើម​។

លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​យ៉ាងខ្លី​នៅ​ថ្ងៃទី​ ២៩ មិថុនា ​ថា ការចេញ​ព្រះរាជក្រឹត្យ​នេះ គឺ​ដើម្បី​ចាត់ចែង​ការងារ​របស់​ក្រុមប្រឹក្សា​នេះ​ឲ្យ​បាន​ច្បាស់លាស់ និង​ឱ្យ​​ទៅ​ជា​ច្បាប់​។ លោក​ថា​៖ «​កាលពី​ពេល​​មុន យើង​អត់​មាន​ការចង្អុល​បង្ហាញ​អំពី​ដំណើរការ និង​អង្គ​ប្រព្រឹត្ត​របស់​ក្រុមប្រឹក្សា​អ្នកច្បាប់​ហ្នឹង​ទេ​។ ​យើង​ (​ក្រុមប្រឹក្សា​អ្នកច្បាប់​) ​បំពេញ​ការងារ​តាំងពី​​ដើម​មក ក៏ប៉ុន្តែ​ម្ដងនេះ គឺ​យើង​បំពេញ​ការងារ​ទៅ​តាម​ច្បាប់​ដែល​មាន​លាយលក្ខណ៍​អក្សរ​»​។

នៅក្នុង​ព្រះរាជក្រឹត្យ​បញ្ជាក់ថា អនុក្រឹត្យ​ចុះ​ថ្ងៃទី​ ២៨ ខែកក្កដា ឆ្នាំ​ ២០០៤ ស្ដីពី​ការបង្កើត​ក្រុមប្រឹក្សា​អ្នកច្បាប់ និង​បទប្បញ្ញត្តិ​ទាំងឡាយ​ណា​ដែល​ផ្ទុយ​នឹង​ព្រះរាជក្រឹត្យ​នេះ​គឺ​ទុក​ជា​និរាករណ៍​៕