ភ្នំពេញៈ ការបន្ធូរបន្ថយ​ទោស​ និង​លើកលែងទោស​ត្រូវ​បាន​កំណត់​យក​ពិធីបុណ្យ​ចំនួន​ ៥ ​ដែល​អាច​ស្នើសុំ​លើកលែង​ទោស​សម្រាប់​ទណ្ឌិត​បាន​ក្នុង​ ១ ​ឆ្នាំ​។ ព្រះរាជក្រឹត្យ​មាន​វិសាលភាព​ចំពោះ​ទណ្ឌិត​ទាំងអស់​ដែល​ត្រូវបាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ដោយ​សាលក្រម ឬ​សាលដីកា​ស្ថាពរ​របស់​តុលាការ​កម្ពុជា និង​ចំពោះ​ទណ្ឌិត​ដែល​ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ដោយ​តុលាការ​នៃ​រដ្ឋ​បរទេស​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​ ១២ ខែមករា​។

យោងតាម​ព្រះរាជក្រឹត្យ​ដែល​មាន​ ៦ ​ជំពូក​ និង​ ១៩ ​មាត្រា ឡាយ​ព្រះហស្ត​លេខា​ដោយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ពិធីបុណ្យ​ដែល​អាច​ស្នើសុំ​ការបន្ធូរបន្ថយ​ទោស​ និង​លើកលែងទោស​ចំពោះ​ទណ្ឌិត​ត្រូវ​បានកំណត់​ ៥ ​ដង​ក្នុង ​១ ​ឆ្នាំ​។ ពិធីបុណ្យ​ទាំងនោះ​មានដូចជា ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ពិធីបុណ្យ​វិសាខបូជា ពិធីបុណ្យ​ឯករាជ្យជាតិ និង​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប​ និង ​សំពះ​ព្រះខែ អកអំបុក​។

ព្រះរាជក្រឹត្យ​បានចែង​ទៀតថា ការបន្ធូរបន្ថយ​ទោស និង​ការលើកលែង​ទោស ក៏​អាចធ្វើ​ផងដែរ​ក្នុង​ពិធីបុណ្យ ឬ​ព្រឹត្តិការណ៍​ធំៗ​របស់​ជាតិ ហើយ​អាច​ធ្វើ​សម្រាប់​ពិធីបុណ្យ​នីមួយៗ​ដាច់ដោយឡែក​ពីគ្នា ឬ​រួមគ្នា​។

ព្រះរាជក្រឹត្យ​បញ្ជាក់ថា​៖ «​ការបន្ធូរ​បន្ថយទោស និង​ការលើកលែង​ទោស​ចំពោះ​ទណ្ឌិត​ក្នុង​គោលបំណង​ដើម្បី​ធ្វើ​សមាហរណកម្ម​ទណ្ឌិត​នោះ​ឱ្យ​ចូលទៅ​រួមរស់​ក្នុង​សង្គម​វិញ ឬ​ក្នុង​គោលបំណង​ផ្នែក​មនុស្សធម៌ ហើយ​អាចអនុវត្ត​បាន​តែ​ចំពោះ​ទណ្ឌិត​ដែល​ត្រូវបាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ដោយ​សាលក្រម​ ឬ​សាលដីកា​ស្ថាពរ​ប៉ុណ្ណោះ​»​។

ការបន្ធូរបន្ថយ និង​ការលើកលែង​ទោស​អាចអនុវត្ត​ចំពោះ​ទណ្ឌិត​ដែល​បាន​បំពេញ​លក្ខខណ្ឌ​មួយចំនួន​ដូចជា​ភ្ញាក់រឭក​ខិតខំ​កែប្រែ​គំនិត​មាយាទ​ឱ្យ​ក្លាយជា​ពលរដ្ឋ​សុចរិត​។ គោរព​តាម​បទបញ្ជា​ផ្ទៃក្នុង​របស់​ពន្ធនាគារ ចូលរួម​កម្មវិធី​អប់រំ​កែប្រែ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​គោរព​បាន​យ៉ាង​ត្រឹមត្រូវ​តាម​ការណែនាំ​ផ្សេងទៀត​របស់​ពន្ធនាគារ​។

ក្នុង​មាត្រា​ ៦ ​បាន​ចែង​ដែរ​ថា ការបន្ធូរបន្ថយ និង​លើកលែង​ទោស​អាចអនុវត្ត​ផងដែរ​ក្នុង​ហេតុផល​មនុស្សធម៌​ចំពោះ​ទណ្ឌិត​ដែល​មាន​វ័យចាស់​ជរា ស្ត្រី​មានគភ៌ ឬ​មាន​ជំងឺ​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ វិបល្លាស​ស្មារតី ឬ​ពិការភាព ដោយមាន​លិខិតបញ្ជាក់​ពី​គ្រូពេទ្យ​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​មាន​សមត្ថកិច្ច​។ ទណ្ឌិត​ដែល​អាច​ទទួល​បាន​ការបន្ធូរបន្ថយ​ទោស​បាន លុះត្រាតែ​ទណ្ឌិត​នោះបាន​ទទួលរង​ទោស​ ១/៣ នៃ​ទោស​ដាក់ពន្ធនាគារ​ដែល​តុលាការ​បានកំណត់​។ ចំពោះ​ទោស​ដាក់ពន្ធនាគារ​ ១ ​ជីវិត ទណ្ឌិត​ត្រូវ​ទទួលរង​ទោស​ ១០ ​ឆ្នាំ​ជាមុនសិន​។

បើ​តាម​អនុក្រឹត្យ​ដដែល​គឺ​រយៈពេល​នៃ​ការបន្ធូរបន្ថយ​ទោស​ត្រូវ​កំណត់​៖ ទោស​ដាក់​ពន្ធនាគារ​កំណត់​ពី​ ១ ​ឆ្នាំ​ ដល់​ក្រោម​ ៥ ​ឆ្នាំ​ អាច​នឹង​បន្ថយ​រយៈពេល​ជាប់​ពន្ធនាគារ​ចំនួន​ ៣ ​ខែ​។ ទោស​ដាក់ពន្ធនាគារ​កំណត់​ ៥ ​ឆ្នាំ​ ដល់​ក្រោម​ ១០ ​ឆ្នាំ​អាច​នឹង​បន្ថយ​រយៈពេល​ជាប់ពន្ធនាគារ​ចំនួន​ ៦ ​ខែ ឬ​ ៣ ​ខែ​។ ទោស​ដាក់​ពន្ធនាគារ​កំណត់​ពី​ ១០ ​ឆ្នាំ​ ដល់​ក្រោម​ ២០ ​ឆ្នាំ​ អាច​នឹង​បន្ថយ​រយៈពេល​ជាប់ពន្ធនាគារ​ចំនួន​ ៩ ​ខែ ឬ​ ៦ ​ខែ ឬ​ ៣ ​ខែ​។ ទោស​ដាក់ពន្ធនាគារ​កំណត់​ពី​ ២០ ​ឆ្នាំ​ដល់​ ៣០ ​ឆ្នាំ​អាច​នឹង​បន្ថយ​រយៈពេល​ជាប់ពន្ធនាគារ​ចំនួន​ ១២ ​ខែ ឬ​ ៩ ​ខែ ឬ ៦ ​ខែ ឬ​ ៣ ​ខែ​។ ទោស​ដាក់ពន្ធនាគារ​មួយជីវិត​អាច​នឹង​បន្ថយទោស​លើក​ទី​ ១ មក​នៅត្រឹម​ ៣០ ​ឆ្នាំ​។

ព្រះរាជក្រឹត្យ​បន្តថា ទណ្ឌិត​អាច​ទទួលបាន​ការបន្ធូរបន្ថយ​ទោស​បានតែ​ម្តងគត់​ក្នុង​រយៈពេល​ ១២ ​ខែ​។ ទណ្ឌិត​អាច​ទទួល​ការបន្ធូរបន្ថយ និង​លើកលែង​ទោស​ច្រើន​ដង​បាន លុះត្រាតែ​ទណ្ឌិត​នោះ​បាន​ទទួល​រងទោស​ពាក់កណ្តាល​នៃ​ទោស​ដាក់ពន្ធនាគារ​ដែល​តុលាការ​បានកំណត់​។ ចំពោះ​ទណ្ឌិត​ដែល​ត្រូវ​បានកំណត់​ទោស​ដាក់​ពន្ធនាគារ​ ១ ​ជីវិត ក្រោយពី​បាន​បន្ថយ​មក​នៅ​ត្រឹម ​៣០ ​ឆ្នាំ​អាច​នឹង​បានទទួល​ការ​បន្ធូរបន្ថយ​ទោស​ច្រើនដង​ទៀត ប៉ុន្តែ​ទោះជា​ទណ្ឌិត​នោះបាន​ទទួល​ការបន្ធូរបន្ថយ​ទោស​ច្រើន​ដង​ក៏ដោយ ក៏​រយៈពេល​នៃ​ការទទួលរង​ទោស​ទាំងអស់​ត្រូវ​ឱ្យ​បាន​យ៉ាងតិច​ ២០ ​ឆ្នាំ​។

គួរ​បញ្ជាក់ថា ការស្នើសុំ​ការបន្ធូរ​បន្ថយទោស និង​លើកលែង​ទោស​ចំពោះ​ទណ្ឌិត​មុនពេល​មាន​ព្រះរាជក្រឹត្យ​នេះ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពិធីបុណ្យ​ធំៗ​របស់​ជាតិ​ចំនួន​ ៤ ​គឺ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ពិធីបុណ្យ​វិសាខបូជា ពិធីបុណ្យ​ឯករាជ្យ និង​ពិធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក​។

ទាក់ទង​នឹង​ការបន្ថែម​នូវ​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍​ (៧ ​មករា​) ​សម្រាប់​ការបន្ធូរបន្ថយ និង​លើកលែងទោស​លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​សុំ​មិន​ធ្វើការ​ពន្យល់​នោះទេ ប៉ុន្តែ​លោក​លើកឡើង​ថា ៧ ​មក​រាជា​ថ្ងៃ​មួយ​ដែលមាន​តម្លៃ​ខ្ពស់​ណាស់ ហើយ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​។ ថ្ងៃនោះ​ជា​ការរស់​ឡើងវិញ មិនមែន​តែ​ជីវិត​ប្រជាពលរដ្ឋ​ទេ សូម្បីតែ​ប្រជាជាតិ វប្បធម៌ សីលធម៌ និង​របប​ដទៃទៀត​គឺ​បានចាប់ផ្តើម​ពី​ទិវា​នេះ​។

លោក​ថ្លែងថា​៖ «​គេ​តែងតែ​និយាយថា វា​ជា​ជីវិត​ទី ​២ ហើយ​អ្វីៗ​ដែលមាន​សព្វថ្ងៃនេះ​គឺជា​ភោគផល​ដែល​កើត​ចេញ​ពី​ ៧ ​មករា ហើយ​វា​មាន​តម្លៃ​ជា​មនុស្សជាតិ​ដ៏បវរ​របស់​យើង​ពី​ការ​រស់​ឡើងវិញ​របស់​មនុស្ស​លោក​នេះឯង​»​។

លោកប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​សាទរ​ចំពោះ​ការបន្ថែម​ចំនួន​ពេលវេលា​សម្រាប់​បន្ធូរបន្ថយ​​ និង​លើកលែងទោស​ទណ្ឌិត​ណា​មួយ​ដែល​បាន​ឆ្លងកាត់​ការវាយតម្លៃ​ថា​សម​នឹង​ទទួល​បាន​ការបន្ធូរបន្ថយ​ ឬ​លើកលែង​ទោស​។

លោក​ថ្លែងថា ការអនុវត្ត​បែប​នេះ​គឺជា​ការ​ផ្តល់​ឱកាស​រស់រាន​មានជីវិត និង​ផ្តល់​សម្បទា​ឡើងវិញ​សម្រាប់​ទណ្ឌិត​ណា​ដែល​គាត់​ខិតខំ​ប្រឹងប្រែង​កែខ្លួន​ដើម្បី​ប៉ះប៉ូវ​នូវ​កំហុស​ដែល​គាត់​បាន​ប្រព្រឹត្ត​ពី​អតីតកាល​។ មួយ​វិញទៀត វា​ក៏​ជា​ផ្នែក​មួយ​ដើម្បី​ជួយ​សម្រាល​ដល់​ការកកស្ទះ​ដល់​ទណ្ឌិត និង​ជន​ដែល​រងគ្រោះ​ដោយ​អយុត្តិធម៌ ហើយ​កំពុង​តែ​កកស្ទះ​នៅក្នុង​ពន្ធនាគារ​។

លោកប៉ា ចន្ទរឿន ​ថ្លែង​ថា​៖ «​ប៉ុន្តែ​ខ្ញុំ​សុំ​ស្នើឱ្យ​មាន​ការជ្រើសរើស​ទណ្ឌិត​ដែល​នឹងត្រូវ​បន្ធូរបន្ថយ​ និង​លើកលែងទោស​ត្រូវធ្វើ​ឱ្យបាន​ត្រឹមត្រូវ មាន​តម្លាភាព និង​ប្រកាន់​យុត្តិធម៌​ជា​គោល ដើម្បី​កុំឱ្យ​ដំណើរការ​នៃ​ការជ្រើសរើស​ទណ្ឌិត​ដែល​យក​មក​ទទួល​ការបន្ធូរបន្ថយ​ ឬ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​បង្កើត​នូវ​ភាពអយុត្តិធម៌​បន្ថែមទៀត​សម្រាប់​ទណ្ឌិត​ណា​ដែល​ខិតខំ​ប្រឹងប្រែង​ធ្វើ​ល្អ និង​កែប្រែ​ខ្លួន​»​។

មន្ត្រី​នាំពាក្យ​ក្រសួងយុត្តិធម៌​លោក​ ជិន ម៉ាលីន បដិសេធ​ធ្វើ​អត្ថាធិប្បាយ ដោយ​បង្វែរ​សំណួរ​ឱ្យទៅ​សួរ​លោក​ គឹម សន្តិភាព អ្នកនាំពាក្យ​ ១ ​រូប​ទៀត ដែល​មិន​អាច​ទាក់ទង​បាន​ពី​ម្សិលមិញ​៕

វីដេអូ៖