ភ្នំពេញ៖ ទីបំផុត​លោក​ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជ​ក្រឹត្យ​ដក​ហូត​ស័ក្ដិ និង​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​កងទ័ព ក្រោយ​ពាក់ព័ន្ធ​ការ​រត់​ពន្ធ​មនុស្ស។ នេះ​បើ​យោង​តាម​​ព្រះរាជ​ក្រឹត្យ​ដែល ភ្នំពេញ ប៉ុស្តិ៍ ទើប​ទទួល​បាន​មុន​នេះ​បន្តិច។

នៅ​ក្នុង​មាត្រា ១ នៃ​ព្រះរាជ​ក្រឹត្យ​នោះ ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់​ត្រាស់​បង្គាប់​យ៉ាង​ដូច្នេះ​ថា៖ «ដក​ហូត​ឋានន្ដរស័ក្ដិ​នាយ​ទាហាន​ថ្នាក់​ឧត្តមសេនីយ៍ និង​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ចំពោះ​ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ អត្តលេខ ០២៣៦៣២ នាយ​ទាហាន​ថ្នាក់​ឧត្តម​សេនីយ៍​នៃ​កង​យោធពល​ខេមរភូមិន្ទ»។

លោក នេត សារឿន ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ខេត្ត​ស្វាយរៀង​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោក ស៊ុំ ពៅ អនុ​ប្រធាន​ក្រុម​ការងារ​ស្រាវជ្រាវ​យុទ្ធសាស្ដ្រ​យោធា​នៃ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក រួម​ទាំង​មន្ត្រី​យោធា ៥ នាក់​ទៀត ដែល​ជា​បក្ខពួក​របស់​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​យប់​ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២១ ពាក់ព័ន្ធ​ករណី​រត់​ពន្ធ​មនុស្ស (ជនជាតិ​ចិន) ២៨ នាក់ ពី​ភ្នំពេញ​ទៅ​ខេត្ត​ស្វាយរៀង។

លោក​បាន​បញ្ជាក់​ថា៖ "ក្រុម​ជនសង្ស័យ​ទាំង ៦ នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ហើយ​កាល​ពី​រសៀល​ថ្ងៃទី ២៣ មេសា​នេះ"៕