ភ្នំពេញៈ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ដំឡើង​ឋានន្ដរស័ក្ដិ​ដល់​នាយនគរបាល​ថ្នាក់​ឧត្តមសេនីយ៍ និង​នាយនគរបាល​ជាន់ខ្ពស់​ចំនួន​ ១៦ ​រូប​ដែល​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​អះអាង​ថា ពួកគាត់​បាន​កសាង​ស្នាដៃ​ល្អ​ដែល​ស័ក្តិសម​នឹង​ទទួល​បាន​ឋានៈ​នេះ​។

យោងតាម​ព្រះរាជក្រឹត្យ​ដែល​ទើប​​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា នាយនគរបាល​ដែល​ត្រូវបាន​ដំឡើង​ឋានន្ដរស័ក្ដិ​នោះ​រួមមាន ឋានៈ​ឧត្តមសេនីយ៍ឯក​ (​ផ្កាយ​ ៣) ​ចំនួន ១ ​រូប និង​ឋានៈ​ជា​ឧត្តមសេនីយ៍ទោ​ (​ផ្កាយ​២) ​ចំនួន ៧ ​រូប ព្រមទាំង​ឋានៈ​ជា​ឧត្តមសេនីយ៍ត្រី​ (​ផ្កាយ​ ១) ​ចំនួន​ ៨ ​រូប​។

ព្រះរាជក្រឹត្យ​នោះ​បន្តថា​៖ «​សម្តេច អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ​ចាប់ពី​ថ្ងៃ​ឡាយ​ព្រះហស្តលេខា​តទៅ​»​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ដល់​ព្រះមហាក្សត្រ ដើម្បី​ដំឡើង​ឋានន្ដរស័ក្ដិ​ដល់​មន្ត្រី​គឺ​លុះត្រា​មន្ត្រី​ទាំងនោះ​បាន​បំពេញ​តួនាទី និង​ភារកិច្ច​បាន​ល្អ​ត្រឹមត្រូវ​។ ជាង​នេះ​ទៅ​ទៀត​លោក​ថា ពួកគាត់​ក៏​បាន​បំពេញ​ការងារ​យូរ ដែល​សមស្រប​នឹង​ទទួល​បាន​ការដំឡើង​តំណែង​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ប្រសិន​បើ​ព្រះមហាក្សត្រ​ដំឡើង​ឋានៈ​ហើយ បើ​មន្ត្រី​ទាំងនោះ​មិន​ល្អ មិន​ពូកែ មិន​មាន​ស្នាដៃ​នោះទេ គេ​មិន​ដំឡើង​ឲ្យ​ទេ​។ ម្យ៉ាងទៀត ប្រសិន​បើ​ពួកគាត់​មាន​អតីតភាព​យូរ ក៏​ជា​ឱកាស​ដែល​រដ្ឋាភិបាល​ត្រូវ​ដំឡើង​ឋានៈ​ឲ្យ​ដែរ ព្រោះ​បើ​ពួកគាត់​មិនមាន​អតីតភាព​យូរ ក៏​គេ​មិន​ដំឡើង​ឲ្យ​ដែរ​»​។

បើ​តាម​លោក ឆាយ គឹមខឿន ការដំឡើង​ឋានៈ​ដល់​មន្ត្រី​គឺ​រដ្ឋាភិបាល​តែង​សម្លឹង​លើ​ចំណុច​សំខាន់ៗ​ចំនួន​ ៣ គឺ​អតីតភាព​ការងារ សមត្ថភាព និង​ស្នាដៃ ហើយ​ករណី​ខ្លះ​ក៏​ផ្អែក​តាម​តម្រូវការ​ដើម្បី​ជំនួស​តំណែង​មន្ត្រី​ចាស់ ដែល​ចូលនិវត្តន៍​ផងដែរ​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​លើកឡើង​ថា ប្រសិន​បើ​ច្បាប់​កម្ពុជា​បាន​ចែង​អំពី​ការដំឡើង​ឋានន្ដរស័ក្ដិ នោះ​ការដំឡើង​ឋានន្ដរស័ក្ដិ​ទៅ​ដល់​មន្ត្រី​ទាំង​ ១៦ ​រូប​នេះ​គឺ​មិនមាន​អ្វី​ខុសឆ្គង​ទេ​។ ប៉ុន្តែ​លោក រំពឹង​ថា​រាល់​ការដំឡើង​តំណែង និង​តួនាទី​ដល់​មន្ត្រីរាជការ​គឺ​មិន​មាន​ការរើសអើង ឬ​មាន​អំពើ​ពុករលួយ​ដែល​បង្ក​ឲ្យ​មាន​ភាពអយុត្តិធម៌​ដល់​កងកម្លាំង​​ប្រដាប់​អាវុធ​ដទៃទៀត​ទេ​។

លោក​បន្ថែមថា​៖ «​កងកម្លាំង​ប្រដាប់​អាវុធ​នៅក្នុង​សង្គម​ហ្នឹង​ដូចជា មាន​ច្រើន​ដែរ​ហើយ ផ្កាយ​ចេះតែ​មាន​ច្រើន​ទៅៗ ប៉ុន្តែ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​យើង​ហាក់បី​ដូចជា មិនសូវ​ប្រសើរ​តាម​ពន្លឺ​ផ្កាយ​ដែល​កាន់តែ​មាន​ច្រើន​នៅក្នុង​សង្គម​ហ្នឹង​សោះ​។ ដូច្នេះ​សុំ​អំពាវនាវ​​ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់ សុំឲ្យ​កងកម្លាំង​​ប្រដាប់អាវុធ​យើង​ដែល​ទទួលបាន​លើកទឹកចិត្ត និង​ការដំឡើង​ឋានន្ដរស័ក្ដិ​ហ្នឹង​ខិតខំ​បន្ត​បំពេញ​កិច្ចការងារ​របស់​ខ្លួន ប្រកប​ដោយ​ប្រសិទ្ធភាព ប្រសិទ្ធផល និង​ប្រកបដោយ​ក្រមសីលធម៌ ដើម្បី​លើកកម្ពស់​សន្តិសុខ​សណ្តាប់ធ្នាប់​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​»៕